ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ហាម​មិន​ឱ្យ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត Barbie


រូបថត​ពី​ឈុត​មួយ​​​នៃ​ខ្សែភាពយន្ត Barbie ដែល​បាន​បង្ហាញ​ផែនទី​ចម្រូងចម្រាស​មួយ​ និង​ត្រូវ​បាន​ហាម​មិន​ឱ្យ​បញ្ចាំង​នៅ​ប្រទេស​វៀតណាម។​
រូបថត​ពី​ឈុត​មួយ​​​នៃ​ខ្សែភាពយន្ត Barbie ដែល​បាន​បង្ហាញ​ផែនទី​ចម្រូងចម្រាស​មួយ​ និង​ត្រូវ​បាន​ហាម​មិន​ឱ្យ​បញ្ចាំង​នៅ​ប្រទេស​វៀតណាម។​

ខ្សែ​ភាពយន្ត​ពីរ​ផ្សេង​គ្នា​ត្រូវ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២១ ខែ​កក្កដា​នេះ។ រឿង​មួយ​និយាយ​អំពី​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ដំបូង​គេ​លើ​ពិភពលោក និង​រឿង​មួយ​ទៀត​និយាយ​អំពី​កូន​ក្រមុំ​ជ័រ Barbie។

តើ​រឿង​មួយ​ណា​ដែល​មាន​ភាព​ប្រទាញប្រទង់​លើ​ឆាក​អន្តរជាតិ? ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល គឺ​មិន​មែន​រឿង​អំពី​បិតា​ផលិត​គ្រាប់បែក​បរមាណូ​លោក Oppenheimer នោះ​ទេ។

ផ្ទុយ​ទៅ​វិញ ខ្សែ​ភាពយន្ត Barbie ដែល​គេ​រំពឹង​ខ្លាំង គឺ​ជា​រឿង​ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ទាំង​នៅ​ប្រទេស​វៀតណាម​និង​ហ្វីលីពីន​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​វៀតណាម​បាន​ហាម​រឿង​នេះ​មិន​ឲ្យ​ចាក់​បញ្ចាំង​ទាំងស្រុង ហើយ​ហ្វីលីពីន​ក៏​កំពុង​ពិចារណា​ធ្វើ​ដូច​គ្នា​ដែរ។

អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ ក្រុមហ៊ុន Mattel ដែល​ជា​ក្រុមហ៊ុន​ផលិត​កូន​ក្រមុំ​ជ័រ Barbie បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ដោយសារ​បាន​ផលិត​កូន​ក្រមុំ​ជ័រ​ដែល​គ្មាន​ភាព​ចម្រុះ​ហើយ​ដែល​អ្នក​ខ្លះ​បាន​និយាយ​ថា ក្រុមហ៊ុន​នេះ​ផ្សព្វផ្សាយ​ទម្រង់​រាងកាយ​ដែល​មិន​ដូច​រាងកាយ​ពិត​ជាក់ស្ដែង។

ប៉ុន្តែ​ឥឡូវ​នេះ យីហោ​ក្រុមហ៊ុន​នេះ​បាន​ឈាន​ចូល​ទៅ​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ដោយសារ​តែ​ការ​បញ្ចូល​ខ្សែបន្ទាត់​ ៩ ចំណុច​ (nine-dash line) ដ៏​ចម្រូងចម្រាស​របស់​រដ្ឋាភិបាល​ចិន ដែល​ជា​រង្វង់​ដែន​ទឹក​ដែល​ចិន​ទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង ទៅ​លើ​ផែនទី​មួយ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នោះ។

កាលពី​ពេល​ថ្មីៗ​នេះ មន្ត្រី​វៀតណាម​បាន​ហាម​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ ដោយសារ​វា​បង្ហាញ​នូវ​ផែនទី​មួយ​ដែល​មាន​បញ្ចូល​នូវ​ការ​ទាមទារ​របស់​ចិន​នូវ​ដែន​ទឹក​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋាភិបាល​ហ្វីលីពីន​ក៏​កំពុង​ពិចារណា​ធ្វើ​តាម​វៀតណាម​ដែរ។

គំនូស ៩ ចំណុច​នេះ​បង្ហាញ​អំពី​ការ​ទាមទារ​ដែន​ទឹក​របស់​ចិន​ដែល​មាន​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ វៀតណាម រួម​ទាំង​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​តៃវ៉ាន់ សុទ្ធតែ​ជំទាស់​ទៅ​នឹង​គំនូស ៩ ចំណុច​នោះ។

តុលាការ​អន្តរជាតិ​មួយ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ បាន​សម្រេច​កាលពី​ឆ្នាំ ២០១៦ ថា គំនូស ៩ ចំណុច​នោះ​គ្មាន​សុពលភាព​ទេ តែ​រដ្ឋាភិបាល​ចិន​មិន​ទទួល​ស្គាល់​ការ​សម្រេច​របស់​តុលាការ​នោះ​ឡើយ។

អ្នក​ជំនាញ​ខាង​សេរីភាព​បញ្ចេញ​មតិ​និយាយ​ថា ការ​ហាម​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​បែប​នេះ​មិន​អាច​ដោះស្រាយ​ជម្លោះ​ទឹកដី​បាន​ទេ តែ​ប្រហែល​ជា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ត្រួតត្រា​ខ្លឹមសារ​មុន​ចេញ​ផ្សាយ​ទៅ​វិញ។ អ្នក​ខ្លះ​ថា ស្ថានភាព​ទាំង​មូល​មិន​មាន​សមាមាត្រ​ជាមួយ​នឹង​ស្ថានការណ៍​ជាក់​ស្ដែង។

អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ គេ​ឃើញ​មាន​ចម្ងល់​អំពី​វិសាលភាព​ដែល​ក្រុមហ៊ុន​ផលិត​ភាពយន្ត​អាមេរិកាំង​ធ្វើ​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ចិន​ទាំង​ស្ទាក់ស្ទើរ។ សម្រាប់​ក្រុមហ៊ុន Hollywood ទី​ផ្សារ​ចិន​ដែល​មាន​ប្រជាជន ១ ពាន់ ៤ រយ​លាន​នាក់ គឺ​ជា​ទី​ផ្សារ​ដែល​ត្រូវ​ប៉ាន់។

វៀតណាម​និង​ហ្វីលីពីន​ពី​មុន​ក៏​ធ្លាប់​បាន​ហាមប្រាម​ខ្សែ​ភាពយន្ត​ផ្សេង​ទៀត​ផង​ដែរ ដោយសារ​តែ​ការ​បញ្ចូល​គំនូស ៩ ចំណុច​នោះ ដូចជា​ខ្សែ​ភាពយន្ត Uncharted ឆ្នាំ ២០២២ របស់​ក្រុមហ៊ុន Sony និង​ខ្សែ​ភាពយន្ត Abominable ឆ្នាំ ២០១៩ របស់​ក្រុមហ៊ុន DreamWorks ជាដើម។ វៀតណាម​ក៏​បាន​ហាម​ឃាត់​រឿង Pine Gap ដែល​ជា​រឿង​ភាគ​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​អូស្ត្រាលី​ឆ្នាំ ២០១៨ ហើយ​ហ្វីលីពីន​ក៏​បាន​ហាមឃាត់​ភាគ​ខ្លះ​នៃ​រឿង​នោះ​ផង​ដែរ។


ការ​ហាម​ឃាត់​របស់​រដ្ឋាភិបាល​វៀតណាម​នូវ​ខ្សែ​ភាពយន្ត Barbie នេះ​បាន​បង្ហាញ​ថា «‍អ្នក​ត្រួត​ពិនិត្យ​ខ្លឹមសារ​មុន​ផ្សាយ​ចាប់ផ្តើម​កាន់តែ​រសើប​ចំពោះ​ព័ត៌មាន​អំពី​ជម្លោះ​ទឹកដី​រវាង​ចិន​និង​វៀតណាម»។ នេះ​បើ​យោង​តាម​លោក Trinh Huu Long ស្ថាបនិក​ក្រុម​សារព័ត៌មាន​និង​ស្រាវជ្រាវ Legal Initiatives for Vietnam។

លោក Long ដែល​ធំ​ដឹង​ក្តី​នៅ​វៀតណាម តែ​រស់នៅ​តៃវ៉ាន់​នៅ​ពេល​បច្ចុប្បន្ន បាន​បន្ថែម​ថា៖ «‍អ្នក​ត្រួត​ពិនិត្យ​ខ្លឹមសារ​នឹង​ទទួល​បាន​ការ​សរសើរ​ពី​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​និង​សាធារណជន​ចំពោះ​ការ​មាន​ប្រតិកម្ម​ជ្រុល​លើ​បញ្ហា​ផែនទី​ដែល​មិន​ច្បាស់​នោះ ពីព្រោះ​អារម្មណ៍​ប្រឆាំង​នឹង​ចិន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​វប្បធម៌​នយោបាយ​វៀតណាម»។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ជំនាញ​ខ្លះ​ខាង​ប្រទេស​ចិន​គិត​ថា​ការ​បញ្ចូល​គំនូស ៩ ចំណុច​ទៅ​ក្នុង​ខ្សែ​ភាពយន្ត Barbie នោះ​មិន​មែន​ជា​កង្វល់​ធំ​សម្រាប់​ប្រទេស​ណា​មួយ​ទេ។

អ្នកស្រី Rui Zhong អ្នក​ជំនាញ​ខាង​ប្រទេស​ចិន​នៃ​មជ្ឈមណ្ឌលWilson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «‍ខ្ញុំ​គិត​ថា បញ្ហា​នេះ​គ្មាន​អី​ក្រៅពី​គ្រាន់តែ​ជា​រឿង​បន្ទាប់បន្សំ​មួយ​នោះ​ទេ។ ខ្ញុំ​គិត​ថា​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​មិន​ខ្វាយខ្វល់​ខ្លាំង​ដោយសារ​តែ​ខ្សែ​ភាពយន្ត Barbie នេះ​ឡើយ»។

អ្នកស្រី Zhong បាន​ថ្លែង​ប្រាប់ VOA ថា៖ «‍ផែនទី​នោះ​មាន​ការ​គូស​រលក​ខ្លះ​ក្នុង​មហា​សមុទ្រ​និង​ព្រះអាទិត្យ​លើ​ទ្វីប​អាហ្វ្រិក ដូច្នេះ​ខ្ញុំ​មិន​ដឹង​អំពី​ផល​វិបាក​ឬ​ភាព​ត្រឹមត្រូវ​ខាង​ភូមិសាស្ត្រ​នយោបាយ​ធំ​ធេង​ជាង​នេះ​ទេ។ ខ្ញុំ​មិន​ជឿ​ថា​រឿង​នេះ​អាច​ចូល​ជ្រៅ​ទៅ​ដល់​នយោបាយ​អាស៊ី​បូព៌ា​ឬ​អាស៊ី​អាគ្នេយ៍​នោះ​ឡើយ»។

កន្លង​មក ចិន​បាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ច្បាប់​អន្តរជាតិ ហើយ​បាន​សាងសង់​កោះ​សិប្បនិម្មិត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ជួយ​គាំទ្រ​ការ​ទាមទារ​របស់​ខ្លួន​លើ​អធិបតេយ្យ​ដែល​មាន​ជម្លោះ។

ប៉ុន្តែ​ការ​ហាម​ឃាត់​ទាំងស្រុង​លើ​ខ្សែ​ភាពយន្ត​ណា​ដែល​អាច​ធ្វើ​ឲ្យ​ការ​ទាមទារ​នេះ​ត្រឹមត្រូវ​តាម​ច្បាប់​មិន​មែន​ជា​ដំណោះស្រាយ​ល្អ​បំផុត​នោះ​ទេ។ នេះ​បើ​យោង​តាម​លោក Michael Caster ដែល​រាយការណ៍​អំពី​តំបន់​អាស៊ី​ឲ្យ​អង្គការ​សេរីភាព​បញ្ចេញមតិ Article 19។

លោក Caster បាន​ប្រាប់ VOA ថា៖ «ផែនទី​មាន​លក្ខណៈ​នយោបាយ ហើយ​ជារឿយៗ​ព្រំដែន​មាន​របួស​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ជាជាង​ការ​ធានា​នូវ​ការ​ពិភាក្សា​ដោយ​សេរី​និង​បើក​ចំហ ការ​ឆ្លើយតប​ភ្លាមៗ​ដោយ​មិន​បាន​គិត​មុន​ទៅ​នឹង​ការ​ត្រួត​ពិនិត្យ​ខ្លឹមសារ​គឺ​កម្រ​នឹង​គាំទ្រ​ដល់​យុត្តិធម៌​ប្រវត្តិសាស្ត្រ​ឬ​អន្តរកាល​ណាស់»។

ក្រុមហ៊ុន​ផលិត​ភាពយន្ត Warner Bros. ក៏​ចូលរួម​ចំណែក​ការពារ​ផែនទី​នៅ​ក្នុង​ខ្សែ​ភាពយន្ត Barbie នោះ​ដែរ ដែល​ផែនទី​នោះ​បង្ហាញ​ខ្សែ​បន្ទាត់​តែ ៨ ចំណុច​ប៉ុណ្ណោះ។

ក្រុមហ៊ុន Warner Bros. បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ៧ ខែ​កក្កដា​ថា៖ «ផែនទី​ក្នុង​រឿង Barbie Land គឺ​ជា​គំនូរ​ដូច​កូន​ក្មេង​គូស​លេង​បែប​កំប្លុកបំប្លែង។ គំនូរ​រវើរវាយ​នោះ​បង្ហាញ​អំពី​ដំណើរ​ស្រមើស្រមៃ​របស់ Barbie ពី​ពិភព Barbie ទៅ​ពិភព​មនុស្ស​ពិត។ វា​គ្មាន​ចេតនា​ធ្វើ​សេចក្តី​បញ្ជាក់​អះអាង​ណា​មួយ​ឡើយ»។

សម្រាប់​លោក Long ក្តី​បារម្ភ​អំពី​បម្រាម​របស់​វៀតណាម​លើ​ខ្សែ​ភាពយន្ត Barbie នេះ​គឺ​ថា​ការ​ហាម​ប្រាម​ទាំង​នេះ​ដែល​ទាក់ទង​ទៅ​នឹង​អធិបតេយ្យ​ច្រើន​ជាង​ការ​ប្រឆាំង​នយោបាយ​នៅ​ទី​បំផុត​នឹង​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​រដ្ឋាភិបាល​វៀតណាម​នៅ​ក្នុង​ការ​ហាម​ឃាត់​ស្នាដៃ​នានា​ដែល​មាន​លក្ខណៈ​រិះគន់​រដ្ឋាភិបាល។

លោក Long បាន​និយាយ​ដូច្នេះ​ថា៖ «រដ្ឋាភិបាល [វៀតណាម] ប្រាកដ​ជា​កំពុង​ប្រើប្រាស់​មនោសញ្ចេតនា​ជាតិ​និយម​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ខ្លឹមសារ​មុន​ចេញ​ផ្សាយ​របស់​ខ្លួន»៕

ប្រែ​សម្រួល​ដោយ​លោក សាយ មុន្នី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG