ប៉ូលិសនៅរដ្ឋTexas ដែលស្ថិតនៅប៉ែកខាងត្បូងនៃសហរដ្ឋអាមេរិកនិយាយថា មនុស្សចំនួន៨នាក់ត្រូវបានរកឃើញថាស្លាប់នៅក្នុងឃ្លុបខាងក្រោយនៃរថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង នៅក្នុងហេតុការណ៍មួយដែលប៉ូលិសហៅថា ជាករណីជួញដូរជនអន្តោប្រវេសន៍ដ៏គួរឲ្យតក់ស្លុត។ ជនរង់គ្រោះម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។
លោក William McManus ស្នងការប៉ូលិសក្នុងទីក្រុង San Antonio បានឲ្យដឹងថា អ្នកនៅរស់រានមានជីវិតយ៉ាងហោចណាស់២៨នាក់ដោយក្នុងនោះក៏រួមមានទាំងកុមារតូច២នាក់ផងនោះ ត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃអាទិត្យ ហើយ២០នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត។ លោក McManus បានហៅហេតុការណ៍នេះ «ថាជាឧក្រិដ្ឋកម្មជួញដូរមនុស្ស»។
លោក Charles Hood ប្រធានផ្នែកពន្លត់អគ្គីភ័យនៃទីក្រុង San Antonio បានថ្លែងថា អ្នកនៅរស់រានមានជីវិតទាំងនេះអាចនឹងត្រូវបាត់បង់ជីវិតប្រសិនបើពួកគេនៅតែស្នាក់នៅក្នុងឃ្លុបរថយន្តនោះមួយយប់ទៀត ដោយសីតុណ្ហភាពនៅក្នុងទីក្រុងនេះកាលពីថ្ងៃសៅរ៍បានឡើងដល់៣៨អង្សាសេ។
លោក Hood បានមានប្រសាសន៍ទៀតថា អ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់នោះ ត្រូវបានចាប់ខ្លួន ប៉ុន្តែប៉ូលិសនៅមិនទាន់បញ្ចេញអត្តសញ្ញាណរបស់ជននោះនៅឡើយទេ។ ប៉ូលិសក៏មិនទាន់បានបញ្ចេញសញ្ជាតិរបស់ជនរងគ្រោះនៅឡើយដែរ៕