អ្នកស្រី Nikki Haley បានចាញ់ការបោះឆ្នោតបឋមបែបនិមិត្តរូបនៃការជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Nevada កាលពីថ្ងៃអង្គារ នៅពេលដែលអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋមិនបានជ្រើសរើសយកបេក្ខជនណាទាំងអស់ដែលមានឈ្មោះនៅលើសន្លឹកឆ្នោត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលជាបេក្ខជននាំមុខខាងបក្សសាធារណរដ្ឋមិនបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតបឋមនេះទេ ដែលការបោះឆ្នោតនេះគ្រាន់តែធ្វើឡើងបែបនិមិត្តរូបដោយមិនមានការផ្ដល់គណៈប្រតិភូណាដល់បេក្ខជនដែលឈ្នះនោះឡើយ។
ប៉ុន្តែ លោក Trump បានផ្ដោតលើការបោះឆ្នោតបឋមនៅថ្ងៃព្រហស្បតិ៍ស្អែកដែលរៀបចំដោយគណបក្សសាធារណរដ្ឋផ្ទាល់នៅក្នុងរដ្ឋ Nevada នេះ ហើយការបោះឆ្នោតនេះនឹងជួយលោកឱ្យខិតកាន់តែជិតក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
ករណីនេះបានធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារគ្មានន័យអ្វីទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះគឺស្មើនឹងការអាម៉ាស់មុខសម្រាប់អ្នកស្រី Haley ដែលបានប្រឹងប្រែងធ្វើយ៉ាងណាឱ្យខ្លួនបានក្លាយជាបេក្ខជនមួយរូបដែលអាចប្រកួតប្រជែងនឹងលោក Trump បានដោយពិតប្រាកដ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានឈ្នះការបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Nevada នោះដោយងាយស្រួលបំផុត៕
វេទិកាបញ្ចេញមតិ