ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ចុះ​រុះរើ​ការ​តាំង​ពិព័រណ៍​រូបថត​ពី​សហគមន៍​ក្រីក្រ


អាជ្ញាធរមូលដ្ឋានចុះរុះរើ ទីតាំងពិព័រណ៌រូបថតរបស់សហគមន៍ក្រីក្រស្តីពីផ្ទះនិងជីវិត ក្នុងភោជនីយដ្ឋានចំប៉ី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook/Sahmakum Teang Tnaut)
អាជ្ញាធរមូលដ្ឋានចុះរុះរើ ទីតាំងពិព័រណ៌រូបថតរបស់សហគមន៍ក្រីក្រស្តីពីផ្ទះនិងជីវិត ក្នុងភោជនីយដ្ឋានចំប៉ី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook/Sahmakum Teang Tnaut)

អាជ្ញាធរ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃអាទិត្យ បាន​ចុះ​រុះរើ​កន្លែង​ពិព័រណ៍​រូបថត​សហគមន៍​ក្រីក្រ​ក្នុង​ទី​ក្រុង​ស្ដីពី​ផ្ទះ​និង​ជីវិត ដែល​រៀបចំ​ដោយអង្គការ​សមាគម​ធាង​ត្នោត។ នេះ​បើ​តាម​ការផ្សាយលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​អង្គការ​សមាគម​ធាង​ត្នោត។

អង្គការ​សមាគម​ធាង​ត្នោត​បញ្ជាក់ក្នុងសារ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី ​២៥ ខែកុម្ភៈ ឆ្នាំ ​២០២៤​ ថា៖ «អង្គការ​សមាគម​ធាង​ត្នោត សូម​ជម្រាប​ជូន​ដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា តាម​ការ​បញ្ជាក់​របស់​ម្ចាស់​ទីតាំង​ អាជ្ញាធរ​មូលដ្ឋាន​បាន​តម្រូវ​ឱ្យ​បញ្ឈប់​ការ​ដាក់​តាំង និង​រុះរើ​រូប​ដែល​បាន​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​នៅ​រសៀល​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ ឆ្នាំ ​២០២៤។ ដូច្នេះ​សម្រាប់​សាធារណជន​ដែល​ចង់​ទៅ​ទស្សនា​ផ្ទាល់​នៅ​ភោជនីយដ្ឋាន​សួន​ចំប៉ី នូវ​ពិព័រណ៍​រូបថត​ស្តី​ពី​ផ្ទះនិង​ជីវិត សូម​ផ្អាក​ទៅ​ទស្សនា​សិន រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ថ្មី​នៅ​ពេល​ក្រោយ»។

បើ​តាម​រូប​ថត​ដែល​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​សារ​របស់​អង្គការ​សមាគម​ធាងត្នោត គេ​ឃើញអាជ្ញាធរកំពុង​រើ​រូប​ថត​ដែល​ដាក់​តាំង​បង្ហាញ​នៅ​ភោជនីយដ្ឋាន​ចំប៉ី ក្នុង​សង្កាត់ ​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។

ពិព័រណ៍​រូបថត​ស្តី​ពី​ផ្ទះនិងជីវិត​ មានចំនួន​ ៦០ ​ផ្ទាំង គ្រោង​ដាក់​តាំង​ចាប់ពី​ថ្ងៃទី​ ២៣ ខែ​កុម្ភៈ ដល់​ថ្ងៃទី ៤ ខែមីនា ឆ្នាំ ​២០២៤។ រូបថត​ទាំង​នោះបង្ហាញ​អំពី​សហគមន៍​ក្រីក្រ​រស់នៅ​ក្នុង​ទីក្រុង​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ការអភិវឌ្ឍ​នានា ការលុបបឹង​នៅ​ក្នុងទីក្រុង ការតាំង​ទីលំនៅ​របស់​ពលរដ្ឋ​ចំ​កន្លែង​ដែល​ខ្វះ​សេវា​មូលដ្ឋាន​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ការបណ្តាញ​ចេញ និង​បច្ចុប្បន្នភាព​នៃ​បឹង​ក្នុង​ទីក្រុង រួមទាំង​ផល​ប៉ះពាល់​បរិស្ថាន​ផ្សេងៗ​ទៀត​។​

ប្រធាន​កម្មវិធី​សិទ្ធិ​ក្នុង​ទីក្រុង​នៃ​សមាគម​ធាង​ត្នោត ​លោក ​ស៊ាង មួយឡៃ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សមាគម​ធាង​ត្នោត​មិន​បាន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​នៅ​ពី​ក្រោយ​ការ​រុះរើ​កន្លែង​ដាក់​តាំង​ពិព័រណ៍​រូបថត​នេះ​ទេ ប៉ុន្តែ​លោក​ថា​ ខាង​សមាគម​ធាង​ត្នោត​បាន​ព្យាយាម​សួរ​នាំ​ទៅ​ម្ចាស់​ទីតាំង​ភោជនីយដ្ឋាន​សួន​ចំប៉ី ដោយ​ខាង​ម្ចាស់​ភោជនីយដ្ឋាន​បញ្ជាក់​ថា​ ពួកគេ​ធ្វើ​តាម​ការ​បញ្ជា​របស់​អាជ្ញាធរ​មូលដ្ឋាន​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «បើ​តាម​ព័ត៌មាន​ពី​ខាង​ម្ចាស់​ទីតាំង​ហ្នឹង​ ក្នុង​ពេល​ជាមួយ​គ្នា​ក៏​ខាង​ខណ្ឌ​គេ​មក​ដែរ គឺ​គេ​នៅ​មុខ​ហាង​ហើយ​គេ​ដាក់​សម្ពាធ​ថា​ បើសិន​បើ​ជា​មិន​រុះរើ​ទេ​ គេ​នឹង​បិទ​ទីតាំង​ហ្នឹង​។ អ៊ីចឹង​ក្នុង​នាម​គាត់​ជា​ឯកជន​ ជា​អ្នក​រកស៊ី​គឺ​គាត់​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ហ្នឹង​ បាន​គាត់​ស្នើ​សុំ​អធ្យាស្រ័យ​ពី​យើង​នៅ​ក្នុង​ការ​បិទ ឬ​បញ្ឈប់​សកម្មភាព​ហ្នឹង»។

ផ្ទាំងពិព័រណ៌រូបថតរបស់សហគមន៍ក្រីក្រ ស្តីពីផ្ទះ និងជីវិតរបស់អង្គការសមាគមធាងត្នោត ក្នុងភោជនីយដ្ឋានចំប៉ី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ផ្ទាំងពិព័រណ៌រូបថតរបស់សហគមន៍ក្រីក្រ ស្តីពីផ្ទះ និងជីវិតរបស់អង្គការសមាគមធាងត្នោត ក្នុងភោជនីយដ្ឋានចំប៉ី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ផ្តល់បទសម្ភាសន៍ជាមួយវីអូអេ អំពី​ពិព័រណ៌រូបថតរបស់សហគមន៍ក្រីក្រ ស្តីពីផ្ទះនិងជីវិត ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ផ្តល់បទសម្ភាសន៍ជាមួយវីអូអេ អំពី​ពិព័រណ៌រូបថតរបស់សហគមន៍ក្រីក្រ ស្តីពីផ្ទះនិងជីវិត ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

បើ​តាម​ លោក ស៊ាង មួយឡៃ ពិព័រណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​នាំ​យក​នូវផ្ទាំង​ទស្សនីយភាព​របស់​សហគមន៍​ក្នុង​ទីក្រុង​ដែល​បាន​រង​គ្រោះ​ពី​ការ​អភិវឌ្ឍ អសុវត្ថិភាព​ដីធ្លី ការ​តាំង​ទី​លំនៅ​ថ្មី​ដែល​ខ្វះ​ការ​រៀប​ចំ​សេវា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាមុន និង​ការ​បណ្តេញ​ចេញដោយ​បង្ខំ មក​បង្ហាញ​ដល់​សាធារណជន និង​អ្នក​ពាក់​ព័ន្ធ​ឱ្យ​បាន​ដឹង ដើម្បី​រួម​គ្នាស្វែង​រក​ដំណោះ​ស្រាយ និង​លើក​កម្ពស់​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ​។

ប្រធាន​កម្មវិធី​សិទ្ធិ​ក្នុង​ទីក្រុងរបស់​អង្គការ​សមាគម​ធាង​ត្នោត​រូប​នេះ ក៏​បាន​បង្ហាញ​ការ​សោក​ស្តាយ​ក្រោយ​អាជ្ញាធរ​បញ្ជា​ឱ្យ​រុះរើ​កន្លែង​ពិព័រណ៍​រូបថត​ពី​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ចេញ។ លោក​ថា សកម្មភាព​ទាំង​អស់​នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​សម្រាប់​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ឡើយ តែ​វា​ជា​សកម្មភាព​នៃ​ការ​គេច​វេស​របស់​អាជ្ញាធរ​ដែល​មិន​មាន​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើត​មាន​ក្នុង​សហគមន៍​ក្រីក្រ។

លោក​ ស៊ាង មួយ​ឡៃ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋានឱ្យបញ្ឈប់​ការ​រិតត្បិត​សិទ្ធិ​សេរីភាព និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដោយ​ព្យាយាម​ធ្វើការ និង​ស្វែង​យល់​ពី​គ្នា ដើម្បី​បម្រើ​ជា​ប្រយោជន៍​សម្រាប់​សង្គម​ប្រទេស​ជាតិ​ទាំង​មូល។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សុំ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ​ដែល​ជា​សេនាធិការ​នៅ​ក្នុង​កិច្ចការ​នេះ មេត្តា​បើក​លំហ​សេរីភាព​ ប្រជាធិបតេយ្យ ក៏​ដូចជា​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ សេរីភាព​នៅ​ក្នុង​ការ​ជួប​ជុំ ក៏​ដូចជា​សេរីភាព​នៅ​ក្នុង​ការ​ដាក់​បង្ហាញ​ ដាក់​តាំង​រូបភាព​ផ្សេងៗ​ទៅ​ដល់​សាធារណជន​ឱ្យ​បាន​ទូលំទូលាយ ឱ្យ​បាន​ប្រសើរ​ជាង​ពេល​កន្លងៗ​មក»។​

វីអូអេ​បាន​ទាក់​ទង​ទៅ​ភោជនីយដ្ឋាន​សួន​ចំប៉ី ដោយបុគ្គលិក​ដែលទទួល​ទូរស័ព្ទ​ប្រាប់​វីអូអេ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា អាជ្ញាធរ​បាន​ហៅ​ភាគី​ខាង​ភោជនីយដ្ឋាន​ឱ្យ​ទៅ​ធ្វើ​កិច្ច​សន្យា និង​បញ្ឈប់​ការ​ជួល​ទីតាំង​ឱ្យ​សមាគម​ធាងត្នោត​សម្រាប់ដាក់​តាំង​ពិព័រណ៍​រូបថត​។ បុគ្គលិកភោជនីយដ្ឋាន​រូប​នេះ​បន្ថែម​ថា ខ្លួន​មិន​បាន​ដឹងពី​បញ្ហា​ផ្ទៃ​ក្នុង​រវាង​សមាគម​ធាង​ត្នោត និង​អាជ្ញាធរ​ឡើយ។

នាយ​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់និរោធ លោក ហោ ស៊ីលីហូវ បាន​ចុច​ផ្តាច់​ទូរស័ព្ទ​ភ្លាមៗ​ក្នុង​ពេល​ដែល​វីអូអេ​បាន​ព្យាយាម​សួរ​សំណួរ​ពី​ការ​រុះរើរូបថតពិព័រណ៌​របស់​សមាគម​ធាងត្នោត។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក ចេង មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ផង​ដែរ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ​ទូច សុខៈ ប្រាប់វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃចន្ទ​នេះ​ថា ការរុះរើរូបថត​ទាំង​នោះ គឺដោយសារចំ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ដែល​ជា​ព្រឹត្តការណ៍​នយោបាយ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស។ លោក​បន្ថែម​ថា សកម្មភាព​ទាំង​នេះមិន​មែន​ជា​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​នោះទេ ប៉ុន្តែ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ការពារ​សុវត្ថិភាព​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​តំបន់​នីមួយៗ ដែលត្រូវ​គ្រប់គ្រង​ស្ថានការណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ជៀស​វាង​សកម្មភាព​អវិជ្ជមាន​ណា​មួយ​កើត​មាន​ឡើង​។

លោក​ថ្លែង​ថា៖ «ពាក្យ​ថា​សមត្ថកិច្ច ឬ​អាជ្ញាធរ​នេះ​គឺ​ថា​មាន​តួនាទី​ភារកិច្ច​នៅ​ក្នុង​ការ​គ្រប់​គ្រង​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សង្គម​ ដូច្នេះ​កាល​ណា​គាត់​មើល​ឃើញ​ ហើយ​វិភាគ​ឃើញ​ថា​អំពើ ឬ​សកម្មភាព​ណា​មួយ​អាច​នឹង​ជា​តម្រុយ ឬ​ក៏​ជា​មូលដ្ឋាន​ដែល​អាច​នឹងឈាន​ទៅ​ដល់​ការ​មាន​បញ្ហា​អវិជ្ជមាន​ណា​មួយ​កើត​ឡើង​នោះ គាត់​នឹង​ចូល​ទៅ​អន្តរាគមន៍​លើ​សកម្មភាព​ទាំង​អស់​នោះ តាម​ផ្លូវ​ច្បាប់ តាម​ផ្លូវ​ទម្លាប់​ហើយ»។

លោក​បន្ថែមថា លោក​គាំទ្រ​ចំពោះ​ការ​ដាក់​លិខិត​ស្នើ​សុំ​របស់​សមាគម​ធាង​ត្នោត​មក​កាន់​ក្រសួង​មហាផ្ទៃ​ដើម្បី​ជួប និង​ជជែក​មុន​ការ​រៀប​ចំសកម្មភាព​ផ្សេងៗ ជៀស​វាង​ការ​យល់​ខុស​គ្នា​ដែល​អាច​បង្ក​ឱ្យ​មាន​សកម្មភាព​មិន​ល្អ​ណា​មួយ​កើត​ឡើង។

អាជ្ញាធរមូលដ្ឋានចុះរុះរើ ទីតាំងពិព័រណ៌រូបថតរបស់សហគមន៍ក្រីក្រស្តីពីផ្ទះនិងជីវិត ក្នុងភោជនីយដ្ឋានចំប៉ី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook/Sahmakum Teang Tnaut)
អាជ្ញាធរមូលដ្ឋានចុះរុះរើ ទីតាំងពិព័រណ៌រូបថតរបស់សហគមន៍ក្រីក្រស្តីពីផ្ទះនិងជីវិត ក្នុងភោជនីយដ្ឋានចំប៉ី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook/Sahmakum Teang Tnaut)

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត យល់​ថា ករណី​ដែល​អាជ្ញាធរ​បញ្ជា​ឱ្យ​រុះរើ​ទីតាំង​ពិព័រណ៌​រូបថត​របស់​សមាគម​ធាង​ត្នោត ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ឯកជន​ភាព និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​។ លោក​បន្តថា ការ​ដាក់​តំាង​រូបភាព​នេះ​គឺ​ក្នុង​គោល​បំណង​បង្ហាញ​នូវ​រូបភាព​ជា​សមិទ្ធផល​ដែល​សមាគម​ធាង​ត្នោត​បាន​រក​ឃើញ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «ពីព្រោះ​ការ​តាំង​រូបភាព​នេះ​គឺ​ក្នុង​បំណង​បង្ហាញ​នូវ​សមិទ្ធផល​នូវ​អ្វី​ដែល​គេ​បាន​រក​ឃើញ ហើយ​វា​នៅ​ក្នុង​ទីតាំង​ឯកជន​ទៅ​ទៀត ដែល​វា​មិន​មែន​ជា​ទីតាំង​នៅ​សាធារណៈ​ដែល​ត្រូវ​សុំ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​អី​ទេ។ នេះ​គឺ​ទីតាំង​ឯកជន​គេ​យល់​ព្រម​នៅ​ក្នុង​ការ​ផ្តល់​កន្លែង​ឱ្យ​សមាគម​ធាង​ត្នោត​ក្នុង​ការ​តាំង​ពិព័រណ៌​រូបភាព​ ហើយ​រូបភាព​ទាំង​អស់​នេះ វា​ជា​រូបភាព​មិនមែន​ជា​ការ​ប្រឌិត​ទេ​ ដែល​ជា​រឿង​នៃ​សកម្មភាព​របស់​សមាគម​ធាង​ត្នោត​ដែល​ត្រូវ​ធ្វើ អ៊ីចឹង​ខ្ញុំ​មើល​ទៅ​វា​ហាក់​ដូចជា​រឿង​រំលោភ​សិទ្ធិ​របស់​សមាគម​ធាង​ត្នោត និង​ភោជនីយដ្ឋាន​របស់​គេ»។

បើ​តាម លោក ស៊ាង មួយឡៃ ​រូបថតទាំង​ ៦០ ​ផ្ទាំង​ដែល​ត្រូវបាន​រុះរើ​ទាំង​នោះ​ ស្ថិត​នៅ​ភោជនីយដ្ឋាន​ចំប៉ីនៅ​ឡើយ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពីពេល​វេលា និង​ទីតាំង​នៃ​ការ​ដាក់​តាំង​ពិព័រណ៌​ឡើង​វិញ​បាន​នៅ​ឡើយ​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG