ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

នូវែលសេឡង់ គាំទ្រ​ដល់​គម្រោង​ប្រើប្រាស់​ដ្រូន​ដើម្បី​តាមដាន​សត្វផ្សោត​ដ៏កម្រ


រូបឯកសារ៖ ក្រុម​អ្នកធ្វើយុទ្ធនាការ​ចូលរួម​តវ៉ា​ដើម្បី​ការពារ​សត្វផ្សោត Maui ដែល​ជិត​ផុតពូជ​នៅមុខ​រដ្ឋសភា​ក្នុងទីក្រុង Wellington ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២។

កាលពី​ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ អ្នកស្រី Jacinda Ardern នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​នូវែលសេឡង់​បាន​និយាយ​ថា រដ្ឋាភិបាល​របស់​អ្នកស្រី កំពុង​គាំទ្រ​ដល់​គម្រោង​ថ្មី​មួយ​ដែល​ប្រើប្រាស់​ដ្រូន​ដើម្បី​តាមដាន និង​ការពារ​សត្វ​ផ្សោត​ប្រភេទ Maui ដែល​ជា​ប្រភេទ​ថនិកសត្វ​ក្នុង​សមុទ្រ​ដ៏​កម្រ​បំផុត​មួយ​នៅក្នុង​ពិភពលោក។

សត្វ​ផ្សោត Maui ត្រូវ​បាន​គេ​រក​ឃើញ​តែ​នៅ​ក្នុង​ដៃ​សមុទ្រ​ដ៏​តូច​មួយ​នៅ​ឆ្នេរ​ខាង​លិច​នៃ​កោះ​ខាង​ជើង​របស់​ប្រទេស​នូវែលសេឡង់​ប៉ុណ្ណោះ ហើយ​តាម​ការ​ប៉ាន់ស្មាន​នៅ​ពេល​បច្ចុប្បន្ន​បង្ហាញ​ថា សត្វ​ផ្សោត​ប្រភេទ​នេះ​ដែល​ពេញ​វ័យ​មាន​នៅ​សល់​តែ​៦៣ក្បាល​ប៉ុណ្ណោះ។

គម្រោង​ដ្រូន Māui ថ្មី គឺជា​ការ​សហការ​រយៈពេល​១ឆ្នាំ​រវាង​ក្រសួង​ឧស្សាហកម្ម​នូវែលសេឡង់ អង្គការ MAUI63 ដែល​ជា​អង្គការ​បច្ចេកវិទ្យា​សត្វ​ព្រៃ​មិន​ស្វែង​រក​ប្រាក់​ចំណេញ និង​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់។

គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រើប្រាស់​យន្តហោះ​តូចៗ​ដែល​មិន​មាន​មនុស្ស​បើក​ (ដ្រូន) ដើម្បី​ស្វែងរក​ និង​តាមដាន​សត្វ​ផ្សោត Maui ដោយ​បើក​ពី​លើ​សត្វ​ផ្សោត​ទាំង​នោះ​ដោយ​មិន​រំខាន​ដល់​ពួកវា និង​ប្រមូល​យក​ទិន្នន័យ​ពី​ជម្រក​ ចំនួន និង​ឥរិយាបថ​របស់​សត្វ​ផ្សោត​ទាំង​នោះ។

អ្នកស្រី Ardern បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ដ្រូន​នឹង​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​រដ្ឋាភិបាល និង​ភាគី​ផ្សេង​ទៀត​ផ្តោត​កិច្ចប្រឹងប្រែង​អភិរក្ស​របស់​ពួកគេ ​នៅ​កន្លែង​ដែល​ត្រូវ​ការ​បំផុត​ដើម្បី​ការពារ​សត្វ​ទាំង​នេះ។ អ្នកស្រី​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា «ជា​គោលការណ៍​គ្រឹះ យើង​បាន​កំណត់​តំបន់​ភូមិសាស្ត្រ​ដែល​យើង​បាន​រឹតត្បិត​មិន​ឱ្យ​មាន​ការ​នេសាទ​តាម​វិធី​មួយ​ចំនួន​ ប៉ុន្តែគម្រោង​នេះ នឹង​ជួយ​យើង​ឱ្យ​ដឹង​ពី​កន្លែង​ដែល​សត្វ​ទាំង​នេះ​នៅ ចលនា​របស់​ពួកវា និង​កន្លែង​ដែល​យើង​ត្រូវ​ការពារ​បន្ថែម​ទៀត»។

សត្វ​ផ្សោត Maui គឺ​ជា​អំបូរ​សត្វ​ផ្សោត​តូច​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​មាន​ប្រវែងខ្លួន​ខ្លី​ជាង​២ម៉ែត្រ និង​អាច​មាន​ទម្ងន់​ត្រឹម​តែ​៥០គីឡូក្រាម​ប៉ុណ្ណោះ។ មិន​ដូច​សត្វ​ផ្សោត​ដទៃ​ទៀត​នោះ​ទេ សត្វ​ផ្សោត Maui មាន​ព្រុយ​ខ្នង​រាង​មូល​ខុស​ពី​គេ និង​មាន​ច្រមុះ​ខ្លី។ សត្វ​ផ្សោត​ប្រភេទ​នេះ ​បង្ក​កំណើត​យឺត ដោយ​អាច​បង្កើត​កូន​បាន​តែ​មួយ​ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ និង​មាន​អាយុ​ខ្លី​បើ​ប្រៀប​ទៅ​នឹង​សត្វ​ផ្សោត​អំបូរ​ផ្សេង។ មូលហេតុ​ទាំង​នេះ អាច​ជា​ការរួមចំណែក​ធ្វើ​ឱ្យ​ចំនួន​របស់​ពួកវា​ធ្លាក់​ចុះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG