មេដឹកនាំគណបក្សការងារលោក Chris Hipkins បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនូវែលសេឡង់នៅក្នុងពិធីផ្លូវការមួយកាលពីថ្ងៃពុធ បន្ទាប់ពីការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីមុនគឺលោកស្រី Jacinda Ardern កាលពីសប្តាហ៍មុន។
គណបក្សការងារបានជ្រើសរើសអតីតមន្ត្រីទទួលបន្ទុកការឆ្លើយតបនឹងជំងឺកូវីដ១៩ និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក Hipkins អាយុ ៤៤ ឆ្នាំ ដើម្បីដឹកនាំគណបក្ស និងប្រទេសកាលពីថ្ងៃអាទិត្យ។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកស្រី Ardern ដែលមានអាយុ ៤២ ឆ្នាំដែលបានថ្លែងថាលោកស្រី«អស់ថាមពលទៀតហើយ» ក្នុងការដឹកនាំប្រទេស។
មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅបរិវេណនៃសភា ខណៈដែលលោកស្រី Ardern បានចាកចេញជាលើកចុងក្រោយ ដោយឱបសមាជិកសភានីមួយៗ ដោយមនុស្សជាច្រើនមើលទៅមានអារម្មណ៍រំជួលចិត្ត។
បន្ទាប់មក លោកស្រីបានធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាល ជាកន្លែងដែលលោកស្រីបានដាក់លិខិតសុំលាលែងពីតំណែងទៅកាន់អ្នកតំណាងរបស់ព្រះមហាក្សត្រ Charles នៅប្រទេសនូវែលសេឡង់ គឺអគ្គទេសាភិបាលលោកស្រី Cindy Kiro ។
លោក Hipkins និងអនុប្រធានរបស់លោកគឺលោកស្រី Carmel Sepuloni ដែលជាមនុស្សដំបូងគេដែលមានដើមកំណើតជាជនជាតិដែនកោះប៉ាស៊ីហ្វិកដែលកាន់តួនាទីនេះ បានស្បថចូលកាន់តំណែងនៅក្នុងពិធីមួយដែលមានរយៈពេលពីរបីនាទី៕
ទីក្រុងវែលីងតោន —