ប្រទេសនានានៅជុំវិញពិភពលោកប្រារព្ធពិធីឆ្លងឆ្នាំសាកលចូលឆ្នាំ២០១៧ ជាមួយនឹងការបាញ់កាំជ្រួច ពិធីជប់លៀង និងសកម្មភាពអបអរផ្សេងៗទៀត បើទោះបីជាមានមនុស្សមួយចំនួនមានភាពស្រងូតស្រងាត់ដោយសារតែបញ្ហានយោបាយកាលពីឆ្នាំកន្លងទៅក៏ដោយ។
ប្រទេសនូវែលសេឡង់ អូស្ត្រាលី និងរុស្ស៊ីស្ថិតក្នុងចំណោមប្រទេសដែលបានឆ្លងចូលឆ្នាំថ្មី ២០១៧ មុនគេ។
ការបាញ់កាំជ្រួចជារៀងរាល់ឆ្នាំនៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានទាក់ទាញ់អ្នកទស្សនាជាងមួយលាននាក់ ដែលឈរតម្រង់ជួរនៅខាងមុខមាត់ទឹក ដើម្បីទស្សនាការសម្តែងដើម្បីរំឭកដល់លោក David Bowie និងលោក Gene Wilder ដែលអ្នកទាំងពីរស្ថិតក្នុងចំណោមតារាល្បីៗដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ២០១៦។
ប្រទេសជាច្រើនផ្តោតទៅលើការការពារសន្តិសុខ ក្នុងខណៈពេលដែលមនុស្សរាប់លាននាក់ចូលរួមអបអរពិធីឆ្លងឆ្នាំនេះ។
ទីក្រុងតូក្យូ ហុងកុង និងព្យុងយ៉ាង សុទ្ធតែបានអបអរឆ្នាំថ្មីជាមួយនឹងការបាញ់កាំជ្រួច។
ប៉ុន្តែប្រទេសជាច្រើនក៏មានភាពស្រងូតស្រងាត់ ដោយសារតែបញ្ហានយោបាយនិងការគំរាមកំហែងសន្តិសុខ។
ពលរដ្ឋទីក្រុងប៊ែកឡាំង ដែលរងការវាយប្រហារកាលពីដើមខែធ្នូ ដោយសារតែអំពើភេរវកម្មនៅឯផ្សារលក់គ្រឿងតុបតែងលំអសម្រាប់បុណ្យណូអែល ព្រួយបារម្ភមិនត្រឹមតែពីបញ្ហាសន្តិសុខប៉ុណ្ណោះនោះទេ ពួកគេថែមទាំងព្រួយបារម្ភអំពីទិសដៅនយោបាយរបស់អឺរ៉ុបដែលបានប្រឈមមុខនឹងការវាយប្រហារនានា។
ផ្នែកជាច្រើននៅក្នុងប្រទេសចិនត្រូវបានយាមការយ៉ាងតឹងតែងនៅល្ងាចថ្ងៃសៅរ៍ ហើយទីភ្នាក់ងារព័ត៌មានរបស់រដ្ឋបានរាយការណ៍មកថា ការលក់កាំជ្រួចនៅក្នុងទីក្រុងសៀងហៃត្រូវបានហាមឃាត់៕