គណៈកម្មាធិការរដ្ឋសភាអាមេរិក ដែលស៊ើបអង្កេតលើករណីកុបកម្មវាយប្រហារវិមានសភាអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានស្តាប់សក្ខីកម្មកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់សម្ពាធឥតឈប់ឈរឱ្យអតីតអនុប្រធានាធិបតី លោក Mike Pence បញ្ឈប់មិនឱ្យសភាអាមេរិកផ្តល់សច្ចាប័នថា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យគឺលោក Joe Biden បានឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ។
លោក Pence ពេលនោះកំពុងធ្វើជាអធិបតីនៅក្នុងពិធីផ្តល់សច្ចាប័នរបស់សភាអាមេរិក នៅក្នុងដំណាក់កាលដំបូងដែលរដ្ឋនីមួយៗរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោត Electoral College ដើម្បីបញ្ជាក់ជ័យជម្នះរបស់លោក Bidenនៅក្នុងការបោះឆ្នោត ខណៈដែលអ្នកគាំទ្ររបស់លោក Trump ប្រមាណ ២.០០០នាក់ បានវាយសម្រុកចូលទៅក្នុងវិមានសភាអាមេរិក ដើម្បីបង្អាក់ដំណើរការផ្តល់សច្ចាប័ននោះ។
នៅក្នុងការជួបជុំមួយជាឯកជននិងជាសាធារណៈជាមួយអ្នកគាំទ្ររបស់លោកនៅជិតសេតវិមាន មិនយូរប៉ុន្មានមុនសភាបើកដំណើរការកិច្ចប្រជុំនៅថ្ងៃនោះ លោក Trump បានស្នើឱ្យលោក Pence បដិសេធការរាប់សន្លឹកឆ្នោតតំណាងរបស់រដ្ឋនីមួយៗ ដែលលោក Biden នាំមុខលោក Trump បន្តិចបន្តួច ហើយឱ្យបញ្ជូនលទ្ធផលនោះត្រឡប់ទៅតាមរដ្ឋនីមួយៗវិញ ដែលនៅទីនោះអង្គនីតិបញ្ញត្តិគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ អាចបញ្ជាឱ្យមានការបោះឆ្នោតសាឡើងវិញ ឬបញ្ជូនឈ្មោះអង្គបោះឆ្នោតថ្មីរបស់លោក Trump ទៅជំនួសអ្នកដែលបានបោះឆ្នោតគាំទ្រលោក Biden។
នៅក្នុងសវនាការថ្ងៃព្រហស្បតិ៍ លោក Greg Jacob ទីប្រឹក្សាលោក Pence បានពិពណ៌នាអំពីរបៀបដែលលោក John Eastman មេធាវីអភិរក្សនិយមរបស់លោក Trump បានព្យាយាមបញ្ចុះបញ្ចូលលោក Pence ថា លោកអនុប្រធានាធិបតីមានអំណាចផ្លូវច្បាប់ដើម្បីបដិសេធការបោះឆ្នោតនោះជាឯកតោភាគី។ ប៉ុន្តែលោក Jacob បាននិយាយថា លោក Eastman នៅទីបំផុតបានសារភាពថា លោក Eastman គិតថា តុលាការកំពូលសហរដ្ឋអាមេរិកទំនងនឹងបដិសេធទ្រឹស្តីច្បាប់របស់លោកជាឯកច្ឆន្ទ។
លោក Eastman ក្រោយមកបានព្យាយាមសុំការលើកលែងទោសពីលោក Trump ប៉ុន្តែលោកមិនបានទទួលទេ។ លោក Eastman បានបដិសេធមិនឆ្លើយនឹងសំណួរប្រមាណ១០០ នៅពេលលោកផ្តល់សក្ខីកម្មនៅមុខគណៈកម្មាធិការស៊ើបអង្កេតនោះ ព្រោះខ្លាចចម្លើយរបស់លោកធ្វើឱ្យលោកជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់នានា។
លោក Pence ដែលមានភក្ដីភាពចំពោះលោកអតីតប្រធានាធិបតី Trump អំឡុងពេលអាណត្តិ៤ឆ្នាំនៅសេតវិមាននោះ បានបដិសេធមិនធ្វើតាមការទាមទាររបស់លោក Trump ដោយលោកនិយាយថា រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានកំណត់តួនាទីលោកជាអនុប្រធានាធិបតីបានត្រឹមតែបើកសំបុត្រដែលមានសន្លឹកឆ្នោតរបស់អង្គបោះឆ្នោត Electoral College ពីរដ្ឋនិមួយៗតែប៉ុណ្ណោះ។
នៅក្នុងសវនាការថ្ងៃព្រហស្បតិ៍នោះ ទីប្រឹក្សាផ្នែកច្បាប់របស់លោក Pence គឺលោក Michael Luttig ដែលជាចៅក្រមអភិរក្សនិយមដែលចូលនិវត្តន៍នៃសាលាឧទ្ធរណ៍សហព័ន្ធ បានផ្តល់សក្ខីកម្មថា លោកបានផ្តល់ប្រឹក្សាដល់លោក Pence ថា លោកអនុប្រធានាធិបតីមិនមានអំណាចផ្លូវច្បាប់ដើម្បីបដិសេធលទ្ធផលការបោះឆ្នោតទេ។
សវនាការកាលពីថ្ងៃព្រហស្បតិ៍នេះជាសវនាការទី៣នៃសវនាការបន្តបន្ទាប់ទៀតនៅខែនេះដែលលាតត្រដាងថា តើកុបកម្មបះបោរនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នោះបានកើតឡើងយ៉ាងដូចម្តេច និងពិនិត្យមើលតួនាទីរបស់លោក Trump ក្នុងកុបកម្ម ក្នុងការហៅអ្នកគាំទ្ររបស់លោកមករដ្ឋធានីវ៉ាស៊ីនតោន ហើយធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឱ្យលោកបន្តកាន់តំណែង។
ពួកគេប្រមាណ៨០០នាក់ត្រូវបានចាប់ខ្លួនតាមការចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងៗ មានតាំងពីដើរចូលកន្លែងហាមឃាត់ រហូតដល់បំផ្លាញវិមានសភា និងវាយប្រហារប៉ូលិស។ មេដឹកនាំក្រុមខ្លះត្រូវបានចោទប្រកាន់ពីបទរួមគំនិតញុះញង់ប្រឆាំងរដ្ឋ៕
ប្រែសម្រួលដោយ សឹង សុផាត