នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នៅថ្ងៃព្រហស្បតិ៍នេះ បានមកបំពេញទស្សនកិច្ចមួយថ្ងៃនៅប្រទេសកម្ពុជា ដោយរំពឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អ។
កម្ពុជាគឺជាប្រទេសទី ១ ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន ដែលលោកនាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរមកបំពេញទស្សនកិច្ច ក្រោយលោកក្លាយជានាយករដ្ឋមន្ត្រី កាលពីខែសីហា។
បើតាមការបង្ហោះសារនៅលើទំព័រ Twitter របស់ក្រសួងការបរទេសថៃ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ភាគីទាំងពីរបានព្រមព្រៀងគ្នាជាឯកច្ឆន្ទទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច សន្តិសុខ និងទំនាក់ទំនងប្រជាជន លើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសនោះការបង្ក្រាបបទល្មើសតាមអនឡាញ ឬហៅថា Scam និងបន្តការបោសសម្អាតមីននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។
យោងតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ប្រមុខដឹកនាំទាំងពីរបានពិភាក្សាផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ កិច្ចការទូត ទំនាក់ទំនងធុរកិច្ច ទំនាក់ទំនងប្រជាជននិងប្រជាជន ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស ផ្លូវរថភ្លើង និង ផ្លូវថ្នល់ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និងសហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កាសម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង។ ថ្នាក់ដឹកនាំទាំងពីរមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត»។
ក្រៅពីនេះ លោក សេដ្ឋា ថាវីស៊ីន ក៏បានចូលរួមនៅក្នុងពិធីប្រគល់និងទទួល «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមងាយរងគ្រោះដទៃទៀត» ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕