អ្នកស្រាវជ្រាវនៅប្រទេសចិនបានរកឃើញវីរុសផ្ដាសាយជ្រូកប្រភេទថ្មី ដែលមានសមត្ថភាពអាចបង្កឲ្យមានការឆ្លងរាលដាលនៅលើពិភពលោកបាន។ នេះបើយោងតាមការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ PNAS របស់សហរដ្ឋអាមេរិក។
វីរុសផ្ដាសាយជ្រូកថ្មីនេះមានឈ្មោះថា G4។ វាមានប្រភពចេញមកពីអំបូរវីរុស H1N1។ វីរុស H1N1 នេះបានបង្កឲ្យមានការឆ្លងរាលដាលនៅលើពិភពលោកកាលពីឆ្នាំ ២០០៩។
វីរុសនេះមាន «លក្ខណៈចាំបាច់ទាំងអស់ដែលអាចសម្របខ្លួនបានល្អនៅក្នុងការចម្លងដល់មនុស្សបាន»។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនិពន្ធការសិក្សានេះ និងអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យនានាក្នុងប្រទេសចិន និងអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ប្រទេសចិន។
ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៨ អ្នកស្រាវជ្រាវបានយកសំណាកចំនួន ៣ ម៉ឺន ពីជ្រូកនៅកន្លែងសម្លាប់សត្វ ក្នុងខេត្តចំនួន ១០ នៃប្រទេសចិន និងនៅក្នុងមន្ទីរពេទ្យសត្វមួយកន្លែង។ ពួកគេអាចរកឃើញនូវវីរុសផ្ដាសាយជ្រូកចំនួន ១៧៩ ប្រភេទ។
វីរុស G4 នេះ ត្រូវបានគេតាមដានមើលឃើញថាអាចមានកម្រិតចម្លងខ្ពស់។ ការពិសោធន៍បានបង្ហាញថា ភាពស៊ាំណាមួយដែលមនុស្សទទួលបានពីការឆ្លងជំងឺផ្ដាសាយតាមរដូវកាល មិនបានផ្ដល់ការការពារទប់ទល់នឹងវីរុស G4 នេះទេ៕