រូបភាពតាមផ្កាយរណបថ្មីដែលទីភ្នាក់ងារព័ត៌មានវីអូអេ(VOA News)បានឃើញ បង្ហាញថាប្រទេសកូរ៉េខាងជើងបានធ្វើបង្ហើយប៉មបង្ហោះមួយ នៅមជ្ឈមណ្ឌលបង្ហោះកាំជ្រួចផ្លោងទីពីររបស់ខ្លួន នៅភាគពាយ័ព្យនៃប្រទេស។ ក្រុមអ្នកវិភាគការណ៍សម្ងាត់នៅក្នុងស.រ.អា.និងកូរ៉េខាងត្បូងកំពុងឃ្លាំមើលមជ្ឈមណ្ឌលនេះយ៉ាងដិតដល់ នៅក្បែរទីក្រុងតូច តុងចាំង-ដុង(Tongchangdong)។ មជ្ឈមណ្ឌលនេះត្រូវគេចាត់ទុកថាជាកត្តាសំខាន់មួយនៅក្នុងការប្រឹងប្រែងរបស់ក្រុងព្យុងយាំង (Pyongyang) ដើម្បីស្ថាបនាកាំជ្រួចផ្លោងមួយគ្រឿងដែលអាចបញ្ជូនអាវុធនុយគ្លេអ៊ែរ (Nuclear) មួយ ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកបាន។
រូបភាពដែលទីភ្នាក់ងារព័ត៌មានវីអូអេបានទទួលបង្ហាញឲ្យឃើញមជ្ឈមណ្ឌលបង្ហោះកាំជ្រួចផ្លោងនិងអវកាសមួយ ដែលធ្វើហើយនៅក្នុងប្រទេសកូរ៉េខាងជើង។ រូបភាពតាមផ្កាយរណបទាំងនេះត្រូវបានថតក្នុងពេលមួយខែមុននេះ។
សំខាន់បំផុតរូបថតទាំងនេះបង្ហាញឲ្យឃើញប៉មបង្ហោះដែលធ្វើហើយ ដោយមានខ្សែកាប នៅមជ្ឈមណ្ឌល តុងចាំងដុង។
លោក ធិម ប្រោន(Tim Brown) អ្នកវិភាគរូបភាពម្នាក់ដែលជាអ្នកស្រាវជ្រាវជើងចាស់នៅអង្គការ Global Security-dot-org និយាយថាប្រទេសកូរ៉េខាងជើងបានប្រើពេលប្រហែលមួយទសវត្សរ៍ដើម្បីសង់មជ្ឈមណ្ឌលនេះឲ្យហើយ។
«បន្តិចម្តងៗ ពួកគេបានធ្វើបង្ហើយកន្លែងមួយ ដែលអាចប្រើការបាន។យើងអាចនិយាយបានដោយសេចក្តីទុកចិត្តថាប៉មបង្ហោះនិងទ្រនាប់បង្ហោះបានធ្វើរួចរាល់អស់ហើយ។ ឥឡូវសំណួរគឺថា តើពួកគេមានយានមួយដើម្បីបាញ់បង្ហោះទេ? យើងមិនអាចដឹងបានទេ»។
លោកប្រោននិងសហការីម្នាក់បានមើលឃើញមជ្ឈមណ្ឌលនេះក្នុងឆ្នាំ ២០០៨ នៅពេលកំពុងចាប់សង់។ លោកទាំងពីរជាអ្នកប្រកាសមុនគេឲ្យដឹងជាសាធារណៈអំពីមជ្ឈមណ្ឌលនេះ។
លោក ប្រោន និយាយថាមជ្ឈមណ្ឌលនេះជាកន្លែងបង្ហោះទំនើបជាងកន្លែងបង្ហោះទីមួយរបស់កូរ៉េខាងជើង នៅមូស៊ូដាន-រី (Musudan-ri) ពីព្រោះវាមានវេទិកាមួយសម្រាប់ធ្វើតេសម៉ាស៊ីនរ៉ុក្កែត អាគារតម្លើងនិងធ្វើតេសកាំជ្រួចផ្លោង រណ្តៅបង្ហោះមួយ និងប៉មសង្កេតមើលមួយ។
«កន្លែងបង្ហោះដ៏ទំនើបបែបនេះមួយជាការអស្ចារ្យណាស់ បើប្រៀបធៀបទៅនឹងកន្លែងចាស់ ដែលគេអាចបង្ហោះកាំជ្រួចផ្លោងបាន តែនៅពេលណាដែលមានធាតុអាកាសល្អប៉ុណ្ណោះ។ កន្លែងនេះគឺពិតជាមជ្ឈមណ្ឌលបង្ហោះមួយ ដែលគេបានយកចិត្តទុកដាក់យ៉ាងដិតដល់»។
លោក ដាន្ញែល ពិងស្តុន (Daniel Pinkston) ជាអ្នកវិភាគជើងចាស់ម្នាក់របស់ក្រុមវិបត្តិអន្តរជាតិ International Crisis Group នៅក្រុង សេអ៊ូល។ លោកថ្លែងថា មជ្ឈមណ្ឌលនេះជាជំហានសំខាន់មួយនៅក្នុងការស្វះស្វែងរបស់កូរ៉េខាងជើងដើម្បីឲ្យមានកាំជ្រួចផ្លោងអន្តរទ្វីបមួយដែលអាចបាញ់ដល់ស.រ.អា.។
«វត្ថុទាំងពីរនេះមិនអាចបំបែកគ្នាបានទេ។ បើលោកអ្នកមានសមត្ថភាពអាចបង្ហោះអវកាសបានហើយ ចាប់ពីចំណុចនេះទៅគឺ លោកអ្នកអាចយកសមត្ថភាពទៅផលិតកាំជ្រួចផ្លោងអន្តរទ្វីបមួយបានយ៉ាងងាយ»។
លោករដ្ឋមន្រ្តីការពារប្រទេសស.រ.អា. រ៉ូបឺត ហ្កេតស៍ (Robert Gates) បានព្រមានកាលពីខែមុនថា ក្នុងពេលប្រាំឆ្នាំខាងមុខកូរ៉េខាងជើងនឹងមានសមត្ថភាពអាចបាញ់កាំជ្រួចផ្លោងមួយបានមកដល់ទ្វីបអាមេរិកខាងជើង។
ក្រុង ព្យុងយាំង បានសាកល្បងអាវុធនុយគ្លេអ៊ែរពីរ ហើយបាននិយាយថាពួកគេបានប្តូរជាតិព្លុយទោន្ញោម(plutonium)ខ្លះរបស់ខ្លួនឲ្យទៅជាសម្ភារៈគ្រាប់បែក។ គេព្រួយបារម្ភថា កូរ៉េខាងជើងមានគោលបំណងចង់ស្ថាបនាគ្រាប់បែកនុយគ្លេអ៊ែរមួយដែលអាចដាក់ផ្អោបនៅលើកាំជ្រួចផ្លោងបាន។
ដោយមកពីកន្លែងបង្ហោះថ្មីនេះស្ថិតនៅជិតប្រទេសចិន នៅតាមដងទន្លេលឿង ប្រទេសដទៃទៀតនឹងមានការលំបាកក្នុងការតាមដានការសាកល្បងមុនការបង្ហោះ និងការបង្ហោះពិតៗ។
កូរ៉េខាងជើងមិនដែលបាននិយាយយោងជាសាធារណៈអំពីកន្លែងបង្ហោះថ្មីនេះទេ។ តែករណីនេះអាចផ្លាស់ប្តូរ នៅពេលដែលមេដឹកនាំ គិម ចុង អ៊ិល (Kim Jong Il) រៀបចំផ្ទេរអំណាចទៅឲ្យកូនប្រុសលោក គិម ចុង អ៊ុន (Kim Jong Un) កាន់កាប់បន្ត។
ប្រទេសកូរ៉េខាងជើងដែលជាប្រទេសក្រីក្រមួយបានសន្យាថានឹងក្លាយទៅជាប្រទេស «រុងរឿងដ៏ខ្លាំងមួយ» នៅឆ្នាំក្រោយនេះ។ អ្នកវិភាគក្នុងតំបន់ខ្លះនិយាយថា ផ្នែកមួយនៃយុទ្ធនាការនេះអាចរួមបញ្ចូលការព្យាយាមបាញ់បង្ហោះកាំជ្រួចបីដំណាក់មួយគ្រឿងទៀត។ ការខំខ្នះខ្នែងពីមុនៗបានទទួលបរាជ័យ។
ការបង្ហោះចុងក្រោយ រួមជាមួយការសាកល្បងនុយគ្លេអ៊ែរមួយ បានធ្វើក្នុងឆ្នាំ ២០០៩ ដែលបានជំរុញឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីបន្ថែមយ៉ាងតឹងរ៉ឹងលើក្រុងព្យុងយ៉ាំង៕
ប្រែសម្រួលដោយ កែរ យ៉ាន