កាសែតថ្មីមួយ បានចាប់ផ្តើមចេញផ្សាយកាលពីថ្ងៃច័ន្ទសប្តាហ៍មុននៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង។ កាសែតដែលមានឈ្មោះថា «សម័យកាលថ្មី» កាន់កាប់ដោយគ្រួសារមួយដែលត្រូវបានគេនិយាយថា មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រធានាធិបតីអាហ្រ្វិកខាងត្បូង ចាកូប ហ្សូម៉ា (Jacob Zuma) ប៉ុន្តែនិពន្ធនាយកនៃកាសែតនេះនិយាយថា ការចេញផ្សាយប្រចាំថ្ងៃនឹងមានលក្ខណៈឯករាជ្យ។
ការចេញផ្សាយលើកទីមួយនៃកាសែត«សម័យកាលថ្មី» បានលក់ដាច់យ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានម៉ោងដំបូងនៅតាមផ្លូវនានា។ ការចេញផ្សាយក្នុងទម្រង់អេឡិចត្រូនិក ក៏បានចាប់ផ្តើមផងដែរនៅតាមប្រព័ន្ធអ៊ីនធឺណែត។
នាយកប្រតិបត្តិដែលទើបចូលកាន់មុខដំណែង លោក ណាហ្សីម ហូវ៉ា (Nazeem Howa) បានប្រាប់វីអូអេថា ដើម្បីឱ្យកាសែតនេះទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ គឺត្រូវរក្សាគោលការណ៍បោះពុម្ពផ្សាយឯករាជ្យ។
«គោលនយោបាយនៃការបោះពុម្ពផ្សាយរបស់យើងគឺពិតជាការបន្តនិរន្តរភាព ហើយនិរន្តរភាពមានន័យថាយើងត្រូវតែទាក់ទាញអ្នកអាន។ ហើយប្រសិនបើយើងចង់ទាក់ទាញអ្នកអាន យើងត្រូវតែមានលទ្ធភាព ក្នុងការធ្វើឱ្យព័ត៌មានជាប់ទាក់ទងនឹងអ្នកអាន។ យើងត្រូវតែធ្វើឱ្យគេទុកចិត្តយើង។ យើងត្រូវតែឯករាជ្យ»។
កាសែតនេះកាន់កាប់ដោយក្រុមហ៊ុន Gupta Group ដែលដំណើរការរកស៊ីដោយគ្រួសារពាណិជ្ជករមួយ ដែលមានដើមកំណើតមកពីប្រទេសឥណ្ឌា។ គេនិយាយថា ក្រុមនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រធានាធិបតីអាហ្រ្វិកខាងត្បូង ចាកូប ហ្សូម៉ា។ ប្រការនេះ បាននាំទៅដល់ការសង្ស័យថា កាសែតនេះនឹងធ្វើការប្រឆាំងតបទៅនឹងការរិះគន់ចំពោះលោកប្រធានាធិបតី ហ្សូម៉ា និងគណបក្សកាន់អំណាចដែលមានឈ្មោះថា សមាជជាតិអាហ្រ្វិក។
និពន្ធនាយកលោក Henry Jeffreys នៅក្នុងសារមួយទៅកាន់អ្នកអាន និយាយថា កាសែតនេះនឹងមិនលម្អៀងទៅកាន់គណបក្ស ឬក្រុមនយោបាយណាមួយទេ។ លោកនិយាយថាកាសែតនេះ នឹងព្យាយាមធ្វើការរិះគន់ប្រកបដោយការស្ថាបនា ហើយនឹងធ្វើការដាក់បង្ហាញអំពីរដ្ឋាភិបាលអាក្រក់ ពាណិជ្ជកម្មអាក្រក់ និងអំពើពុករលួយនៅកន្លែងណាដែលរឿងទាំងនេះកើតមានឡើង។
លោក ហូវ៉ា និយាយថា ជាប្រវត្តិសាស្រ្ត សារព័ត៌មាននៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសំខាន់ៗមួយចំនួនតូចដែលបង្ករជាបញ្ហាប្រឈមមួយសម្រាប់ការបោះពុម្ពផ្សាយថ្មីៗ។
«ខ្ញុំគិតថាយើងគឺជាជនរងគ្រោះ ចំពោះការកំណត់តួនាទីឱ្យយើងដោយសារកាសែតទាំងអស់នោះ។ អ្វីដែលពួកគេបានព្យាយាមធ្វើ គឺការចាត់ទុកយើង ថាស្និទ្ធជាមួយនឹងគណបក្សសមាជជាតិអាហ្រ្វិក ឬមានការបើកទូលាយខ្លាំងពេកក្នុងការដាក់ឥទ្ធិពល។ ហើយតាមពិតទៅ ខ្ញុំគិតថា យើងផ្ទុយពីនេះទាំងអស់»។
លោកនិយាយថា ភស្តុតាងនៃឯករាជ្យភាពរបស់កាសែតលោក គឺស្ថិតនៅក្នុងខ្លឹមសារនៃការផ្សាយរបស់កាសែតនោះ។
«ខ្ញុំនឹងអញ្ជើញអ្នកណាក៏បានដែរ ឱ្យពិនិត្យមើលកាសែតនាពេលព្រឹកនេះហើយបង្ហាញយើងថា ចំណុចណាដែលយើងបានសង្កត់ធ្ងន់ទៅលើគណបក្សណាមួយ ឬខ្សែបន្ទាត់នយោបាយណាមួយ។ យើងនឹងផលិតកាសែតដ៏ល្អមួយ។ យើងនឹងធ្វើការប្រកបដោយយុត្តិធម៌។ យើងនឹងមិនលម្អៀង»។
កាសែតនេះ គ្រោងចេញផ្សាយនៅក្នុងខែកញ្ញាកន្លងទៅ ប៉ុន្តែត្រូវបានពន្យាពេលមកវិញ។ គម្រោងចេញផ្សាយជាលើកទីពីរដែលគ្រោងធ្វើឡើងនៅក្នុងខែតុលា ក៏ត្រូវបានពន្យាពេលផងដែរ ដោយសារបុគ្គលិកជាន់ខ្ពស់៥រូប ដែលរួមទាំងនិពន្ធនាយកផងបានលាលែងចេញពីដំណែង។ មិនមានហេតុផលណាមួយត្រូវបានផ្តល់ឱ្យនោះទេ។
ការចេញផ្សាយកាលពីថ្ងៃច័ន្ទរួមបញ្ចូលអត្ថបទមួយចំនួន ស្តីអំពីនយោបាយនិងពាណិជ្ជកម្មនៅថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន និងថ្នាក់អន្តរជាតិ គឺមានលក្ខណៈប្រហាក់ប្រហែលទៅនឹងកាសែតប្រចាំថ្ងៃផ្សេងៗទៀតដែរ។ ផ្នែកទស្សនៈ រួមមានអត្ថបទស្តីអំពីជម្ងឺអេដស៍ អំពើហិង្សាប្រឆាំងនឹងស្រ្តី និងការធ្លាក់ចុះនូវសីលធម៌។
លោក ហូវ៉ា បានទទួលស្គាល់ថា កាសែតនេះបានចាប់ផ្តើមចេញផ្សាយ នៅក្នុងបរិយាកាសសេដ្ឋកិច្ចដ៏លំបាកមួយ ដោយសារការធ្លាក់ចុះនៃប្រាក់ចំណូល ដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម តម្រូវឱ្យកាសែតមួយចំនួន ត្រូវកាត់បុគ្គលិកនិងចំនួនទំព័រ។
ប៉ុន្តែ លោកនិយាយថា បញ្ហានេះនឹងតម្រូវឱ្យគណៈគ្រប់គ្រង ដឹកនាំការបោះពុម្ពផ្សាយប្រកបដោយប្រសិទ្ធភាព ដែលលោកនិយាយថា ចុងក្រោយនឹងធានាបាននូវភាពជោគជ័យរបស់ខ្លួន៕
ប្រែសម្រួល ដោយ ឌី ខាំបូលី