ក្រុមសកម្មជនបរិស្ថានបានពឹងផ្អែកទៅលើការដាក់សម្ពាធសាធារណ: ការធ្វើពហិការ និងការប្រឈមមុខគ្នា ដើម្បីជំរុញបុព្វហេតុរបស់ពួកគេនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។ ឥឡូវនេះ ក្រុមអ្នកចម្បាំងបរិស្ថានជំនាន់ថ្មីមួយបានបង្កើតវិធីសាស្រ្តផ្ទាល់ខ្លួនដើម្បីឱ្យបានសម្រេចនូវគោលដៅទាំងឡាយរបស់ពួកគេ។
ខណៈពេលដែលនាងធ្វើដំណើរជុំវិញពិភពលោក ដើម្បីធ្វើយុទ្ធនាការប្រឆាំងនឹងការនេសាទត្រីបាឡែន អិមីលី ហិនទ័រ (Emily Hunter) បានជួបមនុស្សវ័យក្មេងៗផ្សេងទៀតជាច្រើនដែលនាងនិយាយថា កំពុងតែធ្វើបដិវត្តន៍ចលនាសកម្មនិយមផ្នែកបរិស្ថាន។
«មានមនុស្សដូចជា ជែមមី ហែនន៍ (Jamie Henn) ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ដែលមានឈ្មោះជាភាសាអង់គ្លេសថា 350.org ដើម្បីប្រមូលផ្តុំនិងតភ្ជាប់ចលនាប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុសាកល ដើម្បីឱ្យក្លាយទៅជាក្រុមមួយ។ ប្រជាពលរដ្ឋដូចជា តាញ៉ា ហ្វៀល (Tania Field) ដែលជាស្រ្តីជនជាតិអាមេរិកាំងដើមកំណើតអាហ្រ្វិក និងជាម្តាយដែលអត់មានប្តី ដែលកំពុងរស់នៅក្នុងតំបន់ ប្រង់ស៍ (Bronx) ក្នុងទីក្រុង ញូវយ៉ក (New York) បានប្រើប្រាស់វិធីសាស្រ្តធ្វើចំការក្នុងទីក្រុង ជាឧបករណ៍មួយសម្រាប់ការផ្លាស់ប្តូរ។ នាងបានយកទីធ្លាមួយក្នុងតំបន់ ប្រង់ស៍ មកវិញ គឺមិនត្រឹមតែដើម្បីបង្កើតទីធ្លាធម្មជាតិមួយសម្រាប់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីឱ្យមានទីធ្លាមួយ សម្រាប់សហគមន៍ចូលរួមជាមួយគ្នា និងកសាងជាគម្រោងមួយ ដើម្បីទទួលបាននូវម្ហូបអាហារ និងទីកន្លែងមួយ ដែលស្រ្តីផ្សេងៗទៀតដូចជារូបនាង អាចទទួលបានការបណ្តុះបណ្តាលនិងសិក្ខាសាលាទាំងឡាយ ហើយដែលពិតជាផ្តល់អំណាចដល់ពួកគេ»។
នាង ហិនទ័រ បានធំដឹងក្តីឡើងជាមួយនឹងក្រុមសកម្មជនបរិស្ថាន។ ឪពុកម្តាយរបស់នាងគឺជាសហស្ថាបនិកនៃអង្គការសន្តិភាពបៃតង ឬហៅជាភាសាអង់គ្លេសថា Greenpeace។ ឪពុករបស់នាង លោក រ៉ូបឺត ហិនទ័រ (Robert Hunter) បានដឹកនាំការតវ៉ានៅលើផ្ទៃសមុទ្រលើកទីមួយ ប្រឆាំងទៅនឹងការនេសាទត្រីបាឡែន និងបានធ្វើយុទ្ធនាការប្រឆាំងទៅនឹងការសាកល្បងអាវុធនុយក្លេអ៊ែរ និងការប្រែរប្រួលអាកាសធាតុ។ ទស្សនាវដ្តី ថែម (Time Magazine) បានដាក់ឈ្មោះលោកថាជាវីរបុរសមួយរូប នៅក្នុងចំណោមវីរបុរសផ្នែកបរិស្ថាន នៃសតវត្សរ៍ទី២០។ កូនស្រីរបស់លោកនិយាយថា ចលនាបរិស្ថាននៃសតវត្សរ៍ទី២១ គឺមានលក្ខណៈខុសប្លែកគ្នា។
«មានភាពផ្សេងៗគ្នាច្រើនជាងមុន ដែលកំពុងតែកើតឡើង។ ខ្ញុំមានអារម្មណ៍ថា មុខមាត់និងសម្លេងទាំងឡាយ មិនមែនត្រឹមតែជាជនជាតិស្បែកស និងអ្នកមានទ្រព្យធនប៉ុណ្ណោះទេ។ គឺមានប្រជាពលរដ្ឋមកពីគ្រប់ភិនភាគ ហើយតាមពិតទៅមកពីគ្រប់ទីកន្លែងនៃពិភពលោក»។
នាង ហិនទ័រ បានសុំមនុស្ស២២នាក់នៅក្នុងចំណោមអ្នកទាំងនោះឱ្យសរសេរពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់សៀវភៅថ្មីមួយ។ នៅក្នុងជំពូកមួយដែលមានចំណងជើងថាក្រុមអ្នកចម្បាំងបរិស្ថានបន្ទាប់ ឬជាភាសាអង់គ្លេសថា (The Next Eco-warriors) បុរសជនជាតិ កេនយ៉ា វ័យ២៤ឆ្នាំលោក ខេវិន អូចៀង (Kevin Ochieng) បានរៀបរាប់អំពីការដឹកនាំមនុស្សវ័យក្មេងចំនួន៥ពាន់នាក់ នៅក្នុងការដើរក្បួនតវ៉ាមួយនៅលើកំពូលភ្នំ កេនយ៉ា ដើម្បីទាញការចាប់អារម្មណ៍ទៅលើបញ្ហានៃការប្រែប្រួលអាកាសធាតុ និងទាមទារឱ្យរដ្ឋាភិបាលមានសកម្មភាពប្រឆាំងទៅនឹងការឡើងកំដៅនៃភពផែនដី។ នាង ហិនទ័រ និយាយថានៅក្នុងជំពូកមួយទៀតដែលមានចំណងជើងថា អ្នកចម្បាំងតែម្នាក់ឯងនៃប្រទេសចិន ឬជាភាសាអង់គ្លេសថាThe Lone Warrior of China លោក វែន បូ (Wen Bo) សរសេរអំពីការលើកកំពស់ការយល់ដឹងអំពីការការពារបរិស្ថាន។
«លោកបានប្រមូលផ្តុំនិស្សិតដើម្បីពិភាក្សាអំពីបញ្ហាបរិស្ថាន។ ការជួបប្រជុំនេះគឺទើបតែកើតមានឡើង បន្ទាប់ពីព្រឹត្តការណ៍នៅទីធ្លាទៀនអានមេន (Tiananmen) បានកើតឡើង។ ដូច្នេះនេះគឺជារឿងយ៉ាងគ្រោះថ្នាក់មួយដែលគេបានធ្វើនៅក្នុងរយៈពេលនេះ។ ពួកគេគ្រាន់តែធ្វើដំណើរទស្សនកិច្ចប្រកបដោយសន្តិវិធីមួយ ទៅកាន់តំបន់ទីរហោឋានមួយ នៅក្នុងខេត្ត យូណាន (Yunan) ដែលជាតំបន់មិនមានការការពារមួយ។ តំបន់នេះកំពុងត្រូវបានហែកហួរនិងកាប់បំផ្លាញទៅរកភាពវិនាសកម្ម ដោយបានសម្លាប់ប្រព័ន្ធជីវចំរុះជាច្រើននៅក្នុងតំបន់នេះ និងបានបំផ្លាញវប្បធម៌នៅទីនោះផងដែរ។ ដូច្នេះ ដោយគ្រាន់តែធ្វើដំណើរទស្សនកិច្ចមួយរបស់ក្រុមយុវជន និងនាំយកក្រុមសារព័ត៌មានបន្តិចបន្តួចទៅកាន់ទីនោះ ហើយធ្វើការគូសបញ្ជាក់អំពីបញ្ហានេះ ពួកគេតាមពិតទៅអាចបង្ហាញបញ្ហានេះជាសាធារណគ្រប់គ្រាន់ ដែលក្រោយមករដ្ឋាភិបាលចិនបានដាក់ច្បាប់ ដើម្បីការពារតំបន់ទីរហោឋាននៅក្នុងខេត្តយូណាន»។
ហិនទ័រ និយាយថា ខណៈពេលដែលស្ត្រីតែងតែជាផ្នែកមួយនៃចលនាបរិស្ថាន មានស្ត្រីជាច្រើនថែមទៀតដែលកំពុងតែទទួលយកតួនាទីដឹកនាំនាពេលបច្ចុប្បន្ននេះ។
«ឧទាហរណ៍មួយគឺ អីលីស្សាបែត រែដម៉ុនដ៍ (Elizabeth Redmond) ដែលប្រើប្រាស់ការច្នៃប្រឌិត ដើម្បីបង្កើតប្រព័ន្ធកម្រាលមួយ ដែលអ្នកអាចដើរពីលើ ដើម្បីបង្កើតថាមពល»។
«អស់រយៈពេលជាយូរមកហើយ ខ្ញុំពិតជាបានបញ្ចេញគំនិតនោះជាសាធារណ: និងបានទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីសារព័ត៌មាន និងស្វែងរកការលើកទឹកចិត្តនិងអប់រំប្រជាពលរដ្ឋអំពីលទ្ធភាពនៃការយកប្រព័ន្ធកម្រាលនេះ ធ្វើជាអនាគតនៃថាមពល»។
ផ្ទៃខាងលើដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរបស់នាង រែដម៉ុន ឈ្មោះជាភាសាអង់គ្លេសថា PowerLeap ប្រើប្រាស់ប្រព័ន្ធអគ្គីសនីម្យ៉ាងដើម្បីប្តូរកម្លាំងរំញ័រពីការដើរ ការរាំ ឬរត់ឲ្យទៅជាថាមពល ដែលអាចត្រូវបានរក្សាទុកសម្រាប់ប្រើប្រាស់នាពេលអនាគត។
«កាលពីរដូវរងាមុន ខ្ញុំបានវិលត្រឡប់មកពីការងារមួយ ដែលខ្ញុំបានតំឡើងប្រព័ន្ធនេះនៅក្នុងប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត (Saudi Arabia) សម្រាប់ទីក្រុងអាតូមិកនិងថាមពលដែលអាចផលិតឡើងវិញបាន (City of Atomic and Renewable Energy) របស់ព្រះមហាក្សត្រ អាប់ឌុឡាហ៍ (Abdullah)។ យើងមានការដំឡើងមួយចំនួនជាមួយនឹងក្រុមហ៊ុនដៃគូធ្វើកម្រាលរបស់យើងនៅក្នុងទីតាំងធំរបស់ពួកគេ។ ហើយមានការដំឡើងដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលយើងកំពុងតែរៀបចំផែនការនាពេលឥឡូវនេះសម្រាប់ព្រលានយន្តហោះនិងស្ថានីយរថភ្លើងទាំងឡាយនៅតាម
ទីក្រុង»។
នៅក្នុងសៀវភៅដែលមានចំណងជើងថា «អ្នកចម្បាំងបរិស្ថានបន្ទាប់» សកម្មជនដែលជាជនជាតិដើមអាមេរិកាំង អែននី ប៊ីហ្គេយ (Enie Begaye) ចែករំលែករឿងរ៉ាវដែលនៅពីក្រោយអង្គការមួយដែលមានឈ្មោះជាភាសាអង់គ្លេសថា Black Mesa Coalition ដែលជាអង្គការអន្តរកុលសម្ព័ន្ធនិងអន្តរជាតិពន្ធុ ដែលត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់ការជីករុករករ៉ែ នៅក្នុងតំបន់ដីអភិរក្ស ណាវ៉ាហូ (Navaho) នៅក្នុងរដ្ឋអារីស្សូណាខាងជើង (Northern Arizona)។
អិមីលី ហិនទ័រ និយាយថា ដើម្បីពិនិត្យមើលលទ្ធភាពទាំងនោះនិងផ្សព្វផ្សាយសាររបស់ពួកគេ អ្នកចម្បាំងបរិស្ថានថ្មីទាំងនេះ កំពុងប្រើប្រាស់បច្ចេកវិជ្ជាថ្មីទាំងអស់ ដែលពួកគេអាចយកទៅប្រើបាន។
«ខ្ញុំគិតថា ឧបករណ៍ចាស់ៗមិនមានប្រសិទ្ធភាពដូចដែលធ្លាប់មានពីមុនមកនោះទេ។ ការចងបដា ឬការបញ្ចុះបញ្ចូលរដ្ឋាភិបាល ឬការចុះហត្ថលេខាទៅលើពាក្យបណ្តឹងមួយ ដែលទាំងនេះអាចនៅតែមានប្រសិទ្ធភាពក៏ដោយ ក៏វាមិនមានប្រសិទ្ធភាពដូចកាលពី៣០ឬ៤០ឆ្នាំមុននោះទេ។ ខ្ញុំគិតថា វាមានប្រសិទ្ធភាពជាង ក្នុងការប្រើប្រាស់ឧបករណ៍ថ្មីៗទាំងឡាយ ដែលរួមមានអ៊ីនធឺណែត បណ្តាញសង្គម ដោយប្រើប្រាស់គេហទំព័រក្នុងការតទំនាក់ទំនងជាមួយប្រជាពលរដ្ឋ លទ្ធភាពក្នុងការបង្កើតទីធ្លាមួយ ដែលប្រជាពលរដ្ឋមកពីគ្រប់ទីកន្លែងទាំងអស់នៃពិភពលោក អាចទាក់ទងគ្នា អាចសិក្សាអំពីព្រឹត្តិការណ៍និងសកម្មភាពទាំងឡាយ អាចចូលរួម និងពិតជាអាចបង្កើតប្រភេទចលនាសាកលមួយបាន»។
ហេតុនេះហើយបានជាសកម្មជនបរិស្ថាន អិមីលី ហិនទ័រ និយាយថា នេះគឺជាពេលវេលាដ៏គួរឱ្យរំភើបមួយ សម្រាប់ចលនាបរិស្ថាន។ នាងបានជំរុញមនុស្សវ័យក្មេងឱ្យក្លាយទៅជាអ្នកធ្វើការផ្លាស់ប្តូរ នៅក្នុងសហគមន៍របស់ពួកគេនិងនៅក្នុងពិភលោករបស់ពួកគេ៕
ប្រែសម្រួលដោយ ឌី ខាំបូលី