ប្រធានាធិបតីដែលទើបតែជាប់ឆ្នោតថ្មីរបស់ប្រទេសហ្គំប៊ី លោក Adama Barrow នឹងវិលត្រឡប់មកកាន់ប្រទេសហ្គំប៊ីវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានភៀសខ្លួនចេញពីប្រទេសកាលពីដើមឆ្នាំនេះ ដោយលោកបារម្ភពីសុវត្ថិភាពរបស់លោក នេះបើយោងតាមការថ្លែងរបស់ក្រុមមន្ត្រី។
លោក Barrow ឈ្នះឆ្នោតលើមេដឹកនាំដ៏យូរអង្វែងរបស់ប្រទេសហ្គំប៊ីគឺលោក Yahya Jammeh នៅក្នុងការបោះឆ្នោតជាតិកាលពីខែធ្នូ ប៉ុន្តែលោក Jammeh បដិសេធមិនទទួលស្គាល់លទ្ធផលឆ្នោតដោយលើកឡើងពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត រហូតដល់សប្តាហ៍មុនទើបលោកទទួលស្គាល់។
លោក Jammeh បានចាកចេញពីប្រទេសហ្គំប៊ី កាលពីថ្ងៃសៅរ៍ ក្រោយពេលដែលបណ្តានានានៅតំបន់អាហ្វ្រិកខាងលិច គំរាមលូកដៃចូលទៅក្នុងរឿងនេះដោយប្រើប្រាស់កម្លាំងយោធាប្រសិនបើលោកមិនផ្ទេរអំណាចនោះ។ ការចាកចេញរបស់លោក Jammeh គឺជាការបញ្ចប់របបគ្រប់គ្រងរយៈពេល២២ឆ្នាំ ដែលលោកត្រូវបានក្រុមការពារសិទ្ធមនុស្សចោទប្រកាន់ថាបានប្រើប្រាស់ហិង្សាដើម្បីគាបសង្កត់គណបក្សប្រឆាំង។
កងកម្លាំងក្នុងតំបន់បានចូលទៅកាន់ប្រទេសហ្គំប៊ី រយៈពេលប្រហែលមួយសប្តាហ៍ ដោយសារតែលោក Jammeh បដិសេធមិនចុះចេញពីតំណែង ហើយឥឡូវនេះកងកម្លាំងទាំងនោះកំពុងតែការពារសន្តិសុខសម្រាប់ការវិលត្រឡប់របស់លោក Barrow នៅថ្ងៃព្រហស្បតិ៍នេះ។
ប្រធានាធិបតីថ្មីរូបនេះបានស្នើសុំឲ្យកងកម្លាំងសន្តិសុខបរទេសបន្តស្ថិតនៅក្នុងប្រទេសហ្គំប៊ី នៅ៦ខែបន្តទៅទៀត ប៉ុន្តែក្រុមទាំងនេះមិនទាន់បានសម្រេចចិត្តថានឹងបន្តស្ថិតនៅក្នុងប្រទេសនេះទៀតឬយ៉ាងណានោះទេ។
លោក Barrow បានស្បថចូលកាន់តំណែងនៅក្នុងស្ថានទូតហ្គំប៊ី ក្នុងប្រទេសសេណេហ្គាល់កាលពីសប្តាហ៍មុន កន្លែងដែលលោកបានស្នាក់នៅចាប់តាំងពីពេលដែលលោកបានភៀសខ្លួនចេញពីប្រទេសរបស់លោក៕