ប្រព័ន្ធផ្លូវអយស្ម័យានដឹកអ្នកដំណើររស់នៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា បានក្លាយទៅជាបណ្ដាញ ផ្លូវអយស្ម័យានទីមួយនៃពិភពលោក ដែលនឹងទទួលវិញ្ញាបនប័ត្ររបស់អ.ស.ប. ស្ដីពីការកាត់ទទួលវិញ្ញាបនប័ត្របន្ថយឧស្ម័ន ការបោនឌីអុកស៊ីដ (carbone dioxide) សម្រាប់ការជួយកាត់បន្ថយការបញ្ចេញឧស្ម័នធ្វើឲ្យផែនដីឡើងក្ដៅ។ អ្វី ដែលគេហៅថា រថភ្លើងក្រោមដី ដេលី (Delhi Metro) បានក្លាយទៅជាប្រព័ន្ធដឹកជញ្ជូនមានប្រជាប្រិយភាព នៅក្នុងដំណើរប្រតិបត្ដិការរបស់ខ្លួនចំនួន៩ឆ្នាំ។
សេចក្ដីថ្លែងការណ៍របស់អ.ស.ប.មួយឲ្យដឹងថា ប្រព័ន្ធផ្លូវអយស្ម័យានលឿននៃទីក្រុងញូដេលី (New Delhi) បានកាត់បន្ថយការបញ្ចេញឧស្ម័ន អាក្រក់ហើយនឹងកម្រិតខ្យល់កខ្វក់ ធ្វើឲ្យមានគ្រោះថ្នាក់ នៅក្នុងទីក្រុងនេះ ដល់ទៅចំនួន ៦៣ម៉ឺនតោនក្នុងមួយឆ្នាំ។
នេះបណ្ដាលមកពីការប្រើហ្វ្រាំង ដែលជួយ សន្សំថាមពលជិតដល់ទៅ៣០ភាគរយ ដោយធ្វើឲ្យរថភ្លើងបន្ថយល្បឿន ហើយរក្សាទុកថាមពលសម្រាប់ប្រើលើកក្រោយឬភ្លាមៗបើត្រូវការ។
រថភ្លើងក្រោមដី ដេលីបានត្រូវបង្កើតឡើងនៅឆ្នាំ២០០២ នៅក្នុងទីក្រុងដែលមានពលរដ្ឋប្រមាណ ១៤ លាននាក់។ រថភ្លើងក្រោមដី មួយផ្នែកបើកបរនៅក្រោមដីហើយមួយផ្នែកទៀត បើកបរនៅលើផ្លូវដែកលើដីខ្ពស់ កាត់តាមតំបន់មានមនុស្សកុះករជាងគេនៃទីក្រុងនោះ។ រថភ្លើងក្រោមដីនេះដឹកនាំអ្នកដំណើរប្រមាណពីរលាននាក់ក្នុងមួយថ្ងៃ។
វិញ្ញាបនប័ត្រស្ដីពីការកាត់បន្ថយ ជាតិការបោនឌីអុកស៊ីដដែលបណ្ដាញផ្លូវអយស្ម័យាននេះបានទទួលនឹងផ្ដល់ប្រាក់៩លានកន្លះដុល្លារក្នុងមួយឆ្នាំៗសម្រាប់រយ:ពេលប្រាំពីរឆ្នាំខាងមុខនេះ។
មានតែប្រព័ន្ធដឹកជញ្ជូនសាធារណ:មួយចំនួនតូចប៉ុណ្ណោះទេ ដែលបានទទួល វិញ្ញាបនប័ត្រស្ដីពីការកាត់បន្ថយជាតិការបោនឌីអុកស៊ីដនេះ។ រថភ្លើងក្រោមដីដេលីជាបណ្ដាញផ្លូវអយស្ម័យានទីមួយ ដែលមានលក្ខណ:ជាចាំបាច់នឹងបានទទួលវិញ្ញាបនប័ត្រនេះ។
លោកស្រីអានូមីតា រ៉យឈូឌូរី (Anumita Roy Choudhury) ធ្វើការនៅមជ្ឈមណ្ឌលវិទ្យាសាស្ដ្រនិងបរិស្ថាន នៅទីក្រុង ញូដេលី ។ លោកស្រីហៅរឿងនេះថាជាជំហានយ៉ាងសំខាន់មួយនៅក្នុងការប្រយុទ្ធរបស់សកលលោកក្នុងការកាត់បន្ថយឧស្ម័នដែលធ្វើឲ្យផែនដីឡើងក្ដៅ។
«នេះជាសារមួយ ហើយនឹងជំហានមួយដ៏សំខាន់ទៅមុខ។ វាមិនមែនជាការប្រមើលមើលរថភ្លើងក្រោមដីតែប៉ណ្ណោះទេ ប៉ុន្ដែបើយើងនិយាយថានៅពេលអនាគតទីក្រុងនានាដែលក្លាយទៅជាទីក្រុងប្រើរថយន្ដកាន់តែច្រើនឡើងៗ ការកាត់បន្ថយបញ្ហាផែនដីឡើងកំដៅ នឹងក្លាយទៅជារឿងលំបាកណាស់ លុះត្រាណាតែយើងអាចធ្វើឲ្យប្រព័ន្ធដឹកជញ្ជូនសាធារណ:មានសភាពល្អប្រសើរជាងមុន»។
ក្រុមអ្នកថែរក្សាបរិស្ថាន បានផ្ដោតការយកចិត្ដទុកដាក់ជាយូរយាមកហើយទៅលើសេចក្ដីត្រូវការកាត់បន្ថយការប្រើរថយន្ដ ហើយនឹងយានជំនិះដទៃៗទៀតកុំឲ្យបើកបរលើផ្លូវចង្អៀតនៅក្នុងទីក្រុងធំៗនៃប្រទេសឥណ្ឌា ដើម្បីបន្ថយការបញ្ចេញឧស្ម័នដែលធ្វើឲ្យផែនដីឡើងកំដៅ។ មានការប៉ាន់ស្មានវាយតម្លៃថា រថភ្លើងក្រោមដីដេលី ធ្វើវិភាគទានក្នុងការបន្ថយឧស្ម័ននេះដោយបន្ថយដំណើរតាមរថយន្ដនិងយានជំនិះដទៃៗទៀតចំនួន៩មឺនក្នុងមួយថ្ងៃៗ។
រថភ្លើងក្រោមដី ដេលីបានទទួលវិញ្ញាបនប័ត្ររបស់អ.ស.ប.ស្ដីពីការកាត់បន្ថយជាតិការបោនឌីអុកស៊ីដយោងទៅតាមគម្រោងរបស់អ.ស.ប. ដែលផ្ដល់ហិរញ្ញវត្ថុដើម្បីលើកទឹកចិត្ដទៅឲ្យក្រុមហ៊ុននានា នៅក្នុងប្រទេសកំពុងអភិវឌ្ឃន៍ដើម្បីបន្ថយការបញ្ចេញឧស្ម័នដែលធ្វើឲ្យផែនដីឡើងកំដៅ។ លោកស្រី អានូមីតា រ៉យឈូឌូរី សង្ឃឹមថាប្រព័ន្ធដឹកជញ្ជូនច្រើនថែមទៀតនឹងមានលក្ខណ:ចាំបាច់សម្រាប់ទទួលវិញ្ញាបនប័ត្ររបស់អ.ស.ប.ស្ដីពីការកាត់បន្ថយជាតិការបោនឌីអុកស៊ីដនេះ។
«យើងសង្ឃឹមថា នៅពេលអនាគតគម្រោងដូចគ្នានេះនឹងទទួលការលើកទឹកចិត្ដដែរ ពីព្រោះការលើកទឹកចិត្ដនេះពិតជាមានសារ:សំខាន់ណាស់ដើម្បីធានាថាទីក្រុងនានា ពិតជាផ្ដល់ជម្រើសច្រើនទៀតក្នុងការប្រើប្រព័ន្ធដឹកជញ្ជូនសាធារណ:។ ពីព្រោះនៅទីបញ្ចប់យើងអាចទប់ទល់ឧស្ម័ន ការបោនឌីអុកស៊ីដជាច្រើនបានបើយើងអាចបន្ថយការពឹងពាក់លើរថយន្ដផ្ទាល់ខ្លួនបាន»។
រថភ្លើងក្រោមដីដេលីជារឿងបានសម្រេចជោគជ័យកម្រមានមួយនៅក្នុងប្រទេសមួយដែលគម្រោងរបស់រដ្ឋាភិបាលជាញឹកញាប់ណាស់ត្រូវបានរិះគន់ ថាប្រើសម្ភារ:មានតម្លៃថោកឬយកទៅប្រើប្រាស់មិនត្រឹមត្រូវ។ រថភ្លើងក្រោមដីនេះដែលស្អាត បើកបរដោយទៀងទាត់ពេលវេលា ហើយនឹងថែទាំយ៉ាងដិតដល់អស្ចារ្យ មានសភាពខុសគ្នាស្រឡះពីហេត្ថារចនាសម្ព័ន្ធទ្រុឌទ្រោមនៃទីក្រុងឥណ្ឌានានា៕
ប្រែសម្រួលដោយ កងស៊ីវន