គិតមកត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ កម្ពុជា មិនមានរបាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ទៀតទេ ហើយអ្នកជំងឺចុងក្រោយដែលបានឆ្លងវីរុសកូរ៉ូណាក៏បានជាសះស្បើយ ដោយធ្វើឲ្យចំនួនអ្នកដែលបានឆ្លងសរុបទាំង ១២២ នាក់ នៅកម្ពុជា បានជាសះស្បើយទាំងអស់។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលបានជាសះស្បើយទាំងអស់នោះ មានសរុបទាំងអស់ ១០ សញ្ជាតិ រួមទាំងខ្មែរផងដែរ។ ចំនួនអ្នកដែលបានជាសះស្បើយនោះរួមមានខ្មែរ ៥១ នាក់ បារាំង ៤០ នាក់ ម៉ាឡេស៊ី ១៣ នាក់ អង់គ្លេស ៥ នាក់ ចិននិងវៀតណាម ៣ នាក់ដូចគ្នា អាមេរិក កាណាដា និងឥណ្ឌូនេស៊ី ២ នាក់ដូចគ្នា និងម្នាក់ទៀតជាជនជាតិប៊ែលហ្សិក។
កម្ពុជា បានធ្វើតេស្តរកវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ នេះ លើសំណាកសរុបទូទាំងប្រទេសមានចំនួន ១៤៦៨៤ នាក់ គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០៕