អត្ថបទដកស្រង់ចេញពីសៀវភៅថ្មីមួយដែលរៀបរាប់អំពីការបំពេញការងារជាប្រធានាធិបតីរបស់លោកDonald Trump ដែលសរសេរដោយអ្នកកាសែតដែលធ្លាប់បានសរសេរអំពីអតីតប្រធានាធិបតី Richard Nixon នោះបានពិពណ៌នាអំពីរដ្ឋបាលបច្ចុប្បន្នថាទទួលរង «រដ្ឋប្រហាររដ្ឋបាល» និង «ភាពភ័យខ្លាច» ក្នុងអំឡុងរយៈពេល ១៩ខែដំបូងនៃការឡើងកាន់តំណែងជាប្រធានាធិបតី។
សៀវភៅដែលមានចំណងជើងថា«ការភ័យខ្លាច: លោក Trump នៅក្នុងសេតវិមាន» ដែលមានកម្រាស់ ៤៤៨ ទំព័រសរសេរដោយលោក Bob Woodward នឹងផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ។ សៀវភៅនេះរៀបរាប់ពីការលួចឯកសាររបស់ប្រធានាធិបតីដោយជំនួយការនិងអំពីវិធានការណ៍នានាទប់ទល់និងចេតនារបស់មេដឹកនាំ។ សៀវភៅនេះក៏រៀបរាប់អំពីគ្រោះថ្នាក់នៃការព្រងើយកន្តើយរបស់លោក Trump នៅក្នុងកិច្ចការពិភពលោក និងនៅក្នុងសេតវិមានរបស់លោកថាគ្មានប្រសិទ្ធភាព និងមានការបែកបាក់ផ្ទៃក្នុង។
ទោះបីជាមានការបើកកកាយពីមុនៗដោយអ្នកសារព័ត៌មាន និងដោយអតីតពួកបុគ្គលិកសេតវិមានអំពីភាពចលាចលនៅក្នុងសេតវិមានចាប់តាំងពីការឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមករាមក សៀវភៅរបស់លោក Woodward
រៀបរាប់ពីការរំខានជាច្រើនផ្សេងទៀតនៅក្នុងរដ្ឋបាលរបស់លោក Trump។
សារព័ត៌មាន CNN និងកាសែត The Washington Post បានដកស្រង់អំពីអត្ថបទនៅក្នុងសៀវភៅនេះកាលពីថ្ងៃអង្គារម្សិលមិញ។
សៀវភៅនេះបានដកស្រង់អំពីការរៀបរាប់របស់នាយខុទ្ទការល័យសេតវិមានលោក
John Kelly ចំពោះលោកប្រធានាធិបតីថាជាមនុស្សឆ្កួត។
លោក Kelly ត្រូវបានដកស្រង់សម្តីនៅក្នុងកិច្ចប្រជុំជាមួយបុគ្គលិកថា៖ «ដោយសារតែលោកប្រធានាធិបតីជាមនុស្សល្ងីល្ងើ ដូច្នេះហើយវាគ្មានប្រយោជន៏អ្វីដើម្បីបញ្ចុះបញ្ចូលលោកនៅក្នុងការងារអ្វីមួយនោះទេ។ លោកធ្វើតាមតែចិត្តខ្លួនឯង។ យើងរស់ក្នុងស្ថានភាពច្របូកច្របល់»៕