ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​ច្រានចោល​ការ​អះអាង​របស់​បក្ស​ភ្លើងទៀន​ថា​បក្ស​កាន់អំណាច​គ្រោង​បើក​វគ្គ​បំពាក់បំប៉ន​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​​​​​


រូប​ឯកសារ៖ ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុងអនុវិទ្យាល័យ សោ ហឺ​ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/វីអូអេ)
រូប​ឯកសារ៖ ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុងអនុវិទ្យាល័យ សោ ហឺ​ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/វីអូអេ)

គ្មាន​ករណី​បើក​វគ្គ​បំពាក់បំប៉ន​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ ដោយ​គណបក្ស​នយោបាយ​ណាមួយ ដូច​ការ​អះអាង​របស់​គណបក្ស​ភ្លើងទៀន​ អំឡុង​ពេល​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទេ។ នេះ​ជា​ការប្រកាសជា​សាធារណៈ​របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ប្រធាន​គណបក្សភ្លើងទៀន​ដែល​សុំ​ឱ្យ​មាន​ការ​ពិនិត្យ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បោះឆ្នោត​នោះ។​

ក្នុង​លិខិតមួយ​ចុះ​ថ្ងៃទី​២៥​ ខែ​ឧសភា​ ​ឆ្នាំ​២០២២ នេះ គ.ជ.ប​បាន​ប្រាប់​លោក​ ទាវ វណ្ណុល​ ប្រធាន​គណបក្ស​ភ្លើងទៀន​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា​ ឆ្នាំ​២០២២​ ពុំ​មាន​ករណី​បើក​វគ្គ​បំពាក់បំប៉ន​មន្រ្តី​ការិយាល័យ​បោះឆ្នោតដោយ​គណបក្ស​នយោបាយ​ណា​មួយ​ ដូច​ការ​លើក​ឡើង​របស់​គណបក្ស​ភ្លើងទៀន​នោះ​ទេ។

លិខិត​ដដែល​របស់​គ.ជ.ប បាន​បន្ថែម​ថា កាល​ពី​ថ្ងៃទី​២២ ខែ​ឧសភា​កន្លង​ទៅ​នោះ​ «គ.ជ.ប​ មិន​ទាន់បាន​ជ្រើសរើស​ និង​តែងតាំង​សមាសភាព​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​ (គ.ក.ប)​ ណាមួយ​នៅឡើយ​ទេ។ ហើយ​ផ្អែក​តាម​ប្រតិទិន​ការងារ​របស់​គ.ជ.ប​ ការ​ប្រឡង​ជ្រើស​រើស​សមាសភាព​គ.ក.ប សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ គឺ​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា​ ឆ្នាំ​២០២២។

លិខិត​បំភ្លឺ​របស់​គ.ជ.បទៅ​នឹង​សំណើ​របស់​គណបក្ស​ភ្លើងទៀន កើតមាន​ឡើង​ ក្រោយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចេញ​លិខិត​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​កាល​ពី​ថ្ងៃទី​១៩ និង​ថ្ងៃ​ទី​២០​ខែ​ឧសភា និង​ដែល​វីអូអេ​ទទួល​បាន​ ដើម្បី​អញ្ជើញ​មន្ត្រី​ដែល​ត្រៀម​បំពេញ​ការងារ​ជា​ ប្រធាន ​អនុប្រធាន ​និង​លេខា​ការិយាល័យ​បោះឆ្នោត​ ដើម្បី​ចូលរួម​វគ្គ​បំប៉ន​ មន្ត្រី​ការិយាល័យ​បោះឆ្នោត​ក្រុមប្រឹក្សា​ ឃុំសង្កាត់​ អាណត្តិ​ទី៥ ឆ្នាំ​២០២២​ ដែល​គ្រោង​រៀប​ចំ​នៅ​ថ្ងៃ​ទី​២២​ ខែ​ឧសភា។

ការ​ចេញ​លិខិត​អញ្ជើញ​យ៉ាង​ដូច្នេះ​ បាន​ធ្វើ​ឱ្យ​គណបក្ស​មួយ​ចំនួន​មាន​ការ​សង្ស័យ​ និង​ព្រួយ​បារម្ភ​ពី​ការ​ទិញ​ទឹក​ចិត្ត នៅពេល​មាន​ការ​រៀបចំ​ការ​បោះឆ្នោត ដែល​អាច​នាំ​ឱ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​មាន​បញ្ហា​ចម្រូងចម្រាស​មួយ​ចំនួន ​ទាក់ទង​នឹង​ភាព​សេរី​ ​ត្រឹមត្រូវ ​និង​យុត្តិធម៌​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ដែល​នឹង​រៀប​ចំឡើង​នៅ​ថ្ងៃទី​៥ ខែ​មិថុនា​ ខាង​មុខ។

អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​លោក​ ហង្ស ពុទ្ធា បាន​ប្រាប់វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​គ.ជ.​ប នឹង​មិន​បើកការស្រាវជ្រាវ​បន្ត​ ​ជុំវិញ​ករណី​ពាក់ព័ន្ធ​នឹង​លិខិត​អញ្ជើញ​នោះ​ទេ ដោយ​ថា​ ស្ថាប័នរៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​គ្មានទំនាក់​ទំនង​ជាមួយ​នឹង​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

លោក​បាន​ថ្លែង​ថា៖ «មិនមាន​ការ​ស៊ើបអង្កេត​នោះ​ទេ ដោយសារ​គ.ជ.ប.​មិនមាន​ទំនាក់ទំនង​អ្វី​ពាក់ព័ន្ធ​នឹង​ខាង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គឺ គ.ជ.ប.​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន ទទួល​ខុសត្រូវ​បម្រើ​សេវា​បោះឆ្នោត​ជូន​ប្រជាពល​រដ្ឋ។ ហើយ​បើ​មាន​ការ​ចោទប្រកាន់​គ.ជ.ប.​មាន​តួនាទី​ក្នុង​ការ​បំភ្លឺ​ និង​ឆ្លើយតប​ទៅ​វិញ​បាទ»។

បើតាម​អ្នកនាំ​ពាក្យ​របស់​គ.ជ.ប​ គណបក្ស​នយោបាយ​គ្មាន​សិទ្ធិ​ណា​មួយ​ក្នុង​ការ​អញ្ជើញ​មន្រ្តី​ការិយាល័យ​បោះឆ្នោត​ទៅ​ចូលរួម​ក្នុង​វគ្គ​បំពាក់​បំប៉ន​ណា​មួយ​នោះ​ទេ។

​មន្រ្តី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល លោក ​កន សាវាង្ស ​និយាយ​ថា លោក​ចង់​ឃើញ​គ.ជ.ប.​ស៊ើបអង្កេត​លម្អិត​បន្ថែម​ទាក់ទិន​ប្រភព​នៃ​លិខិត​អញ្ជើញ​ខាង​លើ​ ដែល​បង្ក​ឱ្យ​មាន​ការ​សង្ស័យ ឬ​មន្ទិល​ផ្សេងៗ​ ដល់​ភាគី​ពាក់​ព័ន្ធ​នៅ​ក្នុង​ដំណើ​រការ​នៃ​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ឆ្នាំ២០២២នេះ។ លោក​បាន​បន្ត​ថា បើ​មិន​ដូច្នេះ​ទេ ​អព្យាក្រឹត្យភាព​របស់​គ.ជ.ប.អាច​បង្ក​ឱ្យ​មានការ​រិះគន់​។

លោក​បាន​ថ្លែង​ថា៖ «សំខាន់​ជាង​គេ​ស្ថាប័ន​គ.ជ.ប.​គួរ​តែ​ធ្វើ​ការ​សិក្សា​វិភាគ​មើល​ ឬ​ក៏​រក​ឱ្យ​ឃើញ​នៅ​ក្នុង​ដំណើរការ​នៃ​រឿង​ហ្នឹង។ ហេតុអី? ដោយសារ​តែ​ការ​បដិសេធ​តែ​មាត់ វា​មិនមែន​ជា​អំណះអំណាង​មួយ​សមស្រប​នៅ​ក្នុង​ការ​កើតឡើង​ទេ។ បើ​សិន​ជា​មាន​ពាក្យ​បណ្តឹង ឬ​ក៏​ការ​មិនសុខចិត្ត​ គួរ​តែ​ពិនិត្យ​មើល​ថា​តើ​ប្រភព​មក​ពី​ខាង​ណា​ឱ្យ​ច្បាស់​លាស់»។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក សុន ឆ័យ បញ្ជាក់​សាជាថ្មីថា គណបក្ស​របស់​លោក​មិន​អាច​ធ្វើ​អ្វី​ច្រើន​ក្រៅ​ពី​ស្នើសុំ​ឱ្យ​គ.ជ.ប.​មាន​ការ​ត្រួតពិនិត្យ ឬ​ស៊ើបអង្កេត​ឱ្យ​ច្បាស់លាស់​ជុំវិញ​ករណី​ខាង​លើនេះ និង​ស្នើ​ឱ្យ​ស្ថាប័ន​ទទួល​បន្ទុក​លើ​ការ​បោះឆ្នោត​នៅ​កម្ពុជា​មួយ​នេះ​កុំ​បញ្ជូន​ភ្នាក់ងារ​របស់​ខ្លួន​ទៅ​ចូល​រួម​ក្នុង​វគ្គ​បំពាក់បំប៉ន​រៀបចំ​ឡើង​ដោយ​គណបក្ស​នយោបាយ​ណាមួយ។

លោក​បាន​ថ្លែង​ថា៖ «អាហ្នឹង​ យើង​ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាងម៉េច​ទេ។ គ្រាន់​តែ​ថា សុំ​ឱ្យ​គ.ជ.ប.​មេត្តា​រំឭក​ទៅ​ដល់​ភ្នាក់ងារ​របស់​ខ្លួន សុំ​កុំ​ឱ្យ​ចូល​ទៅ​ប្រជុំ​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ ទៅ​ស្តាប់​ការ​ណែនាំ​របស់​គេ។ បើ​មាន​ហេតុការណ៍​នោះ​កើត​មាន សុំ​ជួយ​ណែនាំ​ទៅ​ដល់​ភ្នាក់ងារ​ទាំងអស់​ បើ​ទោះ​បី​ជា​គាត់​ជា​សមាជិក​គណបក្ស​ណា​ក៏​ដោយ មិន​ត្រូវ​ទទួល​ណែនាំ​ក្នុង​ការ​បំពេញ​ភារកិច្ច​ជា​ភ្នាក់ងារ​ឯករាជ្យ​នោះ​ទេ។ ការ​ចូលរួម​ស្តាប់​ការ​ណែនាំ​ វា​អាច​ទៅ​ជា​ការ​ចូលរួម​ទៅ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់»។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា​ ខាង​មុខ។ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើសមេដឹកនាំ​មូលដ្ឋាន​ សម្រាប់​អាណត្តិ​ទី​៥​នេះ​ទៀត​សោត គណបក្ស​នយោបាយ​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ជាង​ ៨២.៧០០ នាក់ ​សម្រាប់​ឃុំ​សង្កាត់​ចំនួន ​១.៦៥២​នៅ​ទូទាំង​ប្រទេស។ ការ​ឃោស​នា​របស់​គណបក្ស​នីមួយៗ​នឹង​មាន​រយៈពេល​១៤ថ្ងៃ។ នេះ​បើ​តាម​ស្ថាប័ន​រៀបចំ​បោះឆ្នោត​ជាតិ​គ.ជ.ប៕

XS
SM
MD
LG