ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជិត​កន្លះ​លាន​នាក់​ភៀស​សឹក​នៅ​​កូតឌីវ័រ


កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០១១ អ្នក​ស្រុក​នៅ​ក្នុង​សង្កាត់​អាបូបូ (Abobo) ជញ្ជូន​របស់​របរ​ផ្ទាល់​ខ្លួន​ខណៈ​ដែល​ពួក​គេ​បាន​ភៀស​ខ្លួន​ចេញ​ពី​​តំបន់​នេះ​ដែល​បាន​ក្លាយ​ជា​កន្លែង​នៃ​ការ​បញ្ចេញ​​អំពើ​ហិង្សា​​ដាក់​គ្នា​នៅ​តាម​ផ្លុវ​ថ្នល់​របស់​ក្រុង​អាប៊ី
កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០១១ អ្នក​ស្រុក​នៅ​ក្នុង​សង្កាត់​អាបូបូ (Abobo) ជញ្ជូន​របស់​របរ​ផ្ទាល់​ខ្លួន​ខណៈ​ដែល​ពួក​គេ​បាន​ភៀស​ខ្លួន​ចេញ​ពី​​តំបន់​នេះ​ដែល​បាន​ក្លាយ​ជា​កន្លែង​នៃ​ការ​បញ្ចេញ​​អំពើ​ហិង្សា​​ដាក់​គ្នា​នៅ​តាម​ផ្លុវ​ថ្នល់​របស់​ក្រុង​អាប៊ី

ទី​ភ្នាក់ងារ​របស់​អ.ស.ប.​ទទួល​បន្ទុក​ខាង​ជនភៀស​ខ្លួន ​(UNHCR) រាយការណ៍​ថា​ មនុស្ស​ជិត​កន្លះ​លាន​នាក់​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ​បាន​គេច​ចេញ​ពី​លំនៅដ្ឋាន​ដោយសារ​តែ​អំពើ​ឃោរឃៅ​កាន់​តែ​កើន​នៅ​ទី​នោះ។​ អង្គការ ​UNHCR ​និយាយ​ថា​ មាន​ការ​យក​ចិត្ដ​ទុក​ដាក់​តិច​តួច​មក​លើ​សោកនាដកម្ម​ដែល​កំពុង​ចេញ​មុខ​នៅ​តំបន់​ភាគ​ខាង​លិច​ប្រទេស​អាហ្វ្រីក​នេះ​ ដោយសារ​តែ​គេ​បាន​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​មក​លើ​ព្រឹត្ដិការណ៍​នៅ​តំបន់​ភាគ​ខាង​ជើង​តំបន់​អាហ្រ្វីក​ទៅ​វិញ។

ទី​ភ្នាក់ងារ​អ.ស.ប.​ខាង​ជន​ភៀសខ្លួន​និយាយ​ថាខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ឆ្លើយ​តប​កម្រិត​ទាប​ទៅ​នឹង​វិបត្ដិ​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ​រហូត​មក​ទល់​ពេល​នេះ។​ អង្គការ​នោះ​និយាយ​ទៀត​ថា​មនុស្ស​ប្រមាណ​៣៧០.០០០​នាក់​ បាន​ត្រូវ​បង្ខំ​ឲ្យ​ទៅ​រក​ទី​កន្លែង​ជ្រក​កោន​ថ្មី​និង​មនុស្ស​ជិត​ ៨០.០០០​នាក់​បាន​រត់​ចូល​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​ជិត​ខាង​ គឺ​ប្រទេស​លីបេរីយ៉ា។

អង្គការ​ UNHCR រាយការណ៍​ថា ​ខ្លួន​បាន​ទទួល​ការ​ឆ្លើយ​តប​ដ៏​ខ្សត់​ខ្សោយ​បំផុត​ទៅ​នឹង​សេចក្ដី​អំពាវនាវ​ចុងក្រោយ​របស់​ខ្លួន​សុំ​ឲ្យ​ជួយ​ថវិកា​៤៦​លាន​ដុល្លារ​ ទោះ​បី​ជា​ចំនួន​មនុស្ស​គ្មាន​ផ្ទះ​សម្បែង​ និង​សេចក្ដី​ត្រូវការ​កាន់​តែ​កើន​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​អ.ស.ប. ​លោក​ស្រី​ មេលិស្សា ហ្វ្លេមិង (Melissa​ Fleming)​ ថ្លែង​ថា ​អង្គការ​ UNHCR​ បាន​ទទួល​ថវិកាត្រឹម​តែ​៥​លាន​ដុល្លារ​ប៉ុណ្ណោះ។​ លោក​ស្រី​ថ្លែង​ទៀត​ថា​ ទី​ភ្នាក់ងារ​កំពុង​ពិចារណា​រៀបចំ​ចេញ​សេចក្ដី​អំពាវនាវ​ធំ​ហើយ​ថ្មី​មូយ​ទៀត។

លោក​ស្រី​អំពាវនាវ​ដល់​ប្រទេស​សប្បរសធម៌​អន្ដរជាតិ​សុំ​ឲ្យ​ឆ្លើយតប​ដ៏​សកម្ម​មក​លើ​វិបត្ដ​មនុស្សជាតិ​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ។

«យើង​បាន​ឃើញ​ការ​ចុះ​អន់​ថយ​នូវ​កិច្ចការ​ការពារ​សន្ដិសុខ​ក្នុង​អាប៊ីហ្សង់​ (Abidjan)។​ ការ​ប៉ះ​ទង្គិច​ថ្មីៗ​នៅ​ក្នុង​សង្កាត់​អាបូបូ​នៅ​ថ្ងៃ​ទី៨​ខែ​មិនា​និង​នៅ​សង្កាត់​កូកូឌី​នៅថ្ងៃ​ទី៧​ខែ​មិនា​ បណ្ដាល​ឲ្យ​មនុស្ស​៣០​នាក់​របួស​និង​មនុស្ស​៣​នាក់​ស្លាប់។​ ចំណុច​ឆែកឆេរ​ដោយ​ប្រដាប់​អាវុធ​បាន​ធ្វើ​ឲ្យ​ដំណើរ​នៅ​ជុំវិញ​ក្រុង​មាន​សភាព​គ្រោះថ្នាក់​ ធ្វើ​ឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ»។

លោក​ស្រី ​Fleming ​ថ្លែង​ទៀត​ថា ​អង្គការ​ UNHCR ​ បាន​បញ្ជាក់​ទី​កន្លែង​២០​នៅ​ជុំវិញ​ក្រុង​អាប៊ីហ្សង់​ពោរពេញ​ទៅ​ដោយ​ជនភៀស​សឹក​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ទីនេះ។ ​លោក​ស្រី​និយាយ​ថា​បុគ្គលិក​របស់​អង្គការ​សង្រ្គោះ​បាន​រាប់​ចំនួន​ជនភៀស​សឹក​ជា​ថ្មី​ឡើង​វិញ​នៅ​ក្នុង​តំបន់​ខ្លះ ​ហើយ​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​សេចក្ដី​ត្រូវការ​របស់​ជន​ទាំង​នោះ។​ ខណះ​ដែល​ការ​រៀបចំ​ដំណើរការ​កំពុង​ធ្វើ​ឡើង​ លោក​ស្រី​កត់​សម្គាល់​ថា​ គេ​មើល​ឃើញ​ច្បាស់​ថា​ជន​ទាំង​នោះ​ត្រូវការ​ជំនួយ​ជា​បន្ទាន់​ខាង​ស្បៀង​អាហារ​និង​ វត្ថុ​សង្រ្គោះ​ជា​ប្រញាប់​រាប់​ទាំង​ថ្នាំ​ពេទ្យ​ផង។

«នៅ​ក្រៅ​ទី​ក្រុង​អាប៊ីហ្សង់​ អំពើ​ឃោរឃៅ​នៅ​តំបន់​ខាង​លិច​ ហាក់​ដូច​ជា​រាលដាល​ដល់​កណ្ដាល​ក្រុង​និង​តំបន់​អាគ្នេយ៍​ប្រទេស។​ មនុស្ស​ជា​ច្រើន​បាន​ត្រូវ​បង្ខំ​ឲ្យ​រត់​ចេញ​ ហើយ​ជន​ទាំង​នោះ​រាយការណ៍​ថា​ គេ​បាន​ព្យាយាម​បញ្ឈប់​ខ្លួន​មិន​ឲ្យ​រត់​ចេញ ​ហើយ​គេ​បាន​រាយការណ៍​អំពី​ការ​រំលោភ​លើ​ប្រាណ​ រាប់​ទាំង​ករណី​ចាប់​រំលោភ​លើ​ស្រ្ដី។ ​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​ក្នុង​សប្ដាហ៍​នេះ​ ជាឧទាហរណ៍​ បុគ្គលិក​របស់​យើង​បាន​និយាយ​ជាមូយ​ជន​ភៀស​ខ្លួន​ស្រ្ដី​កូតឌីវ័រ​អាយុ​២១​ឆ្នាំ​ ដែល​រត់​ចេញ​ជាមួយ​កូន​ប្រុស​អាយុ​២​ឆ្នាំ ​ក្រោយ​ពី​ក្រុម​បះបោរ​បាន​វាយ​ដុំ​ ពីព្រោះ​នាង​បាន​តទល់​នឹង​ការ​រំលោភ​លើ​ប្រាណ​នាង»។

លោក​ស្រី​ Fleming ​ថ្លែង​ថា ​ជន​ភៀស​ខ្លួន​កាន់​តែ​ច្រើន​ ដែល​រត់​ចូល​ទៅ​ក្នុង​ប្រទេស​លីបេរីយ៉ា ​បាននិយាយ​ប្រាប់​អំពី​ការ​បាញ់​ឆ្លង​ឆ្លើយ​គ្នា​នៅ​តាម​ផ្លូវ​ ជួន​កាល​បង្ខំ​ឲ្យ​គេ​រក​ទី​កន្លែង​លាក់​ខ្លួន​និង​ទទួល​ទាន​ដំណេក​សម្រាក​នៅ​ក្នុង​ព្រៃ។

ភាព​ភ័យ​ខ្លាច​ពី​ការ​វិល​ត្រឡប់​មក​វិញ​នូវ​សង្គ្រាម​ស៊ីវិល​កាន់​តែ​កើន​នៅ​ចំ​ពេល​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ក្នុង​ប្រទេស​កូតឌីវ័រ​ មិន​បង្ហាញ​សញ្ញា​នៃ​ការ​ដោះ​ស្រាយ​រួច​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ។

ដោយ​យល់​ឃើញ​ជា​មុន​នូវចំនួន​មនុស្ស​កាន់​តែ​ច្រើន​ដែល​រត់​ចេញ​ពី​ប្រទេស​ អង្គការ​ UNHCR ​កំពុង​ប្រុង​ប្រៀប​បំពេញ​សេចក្ដី​ត្រូវការ​របស់​ជន​ភៀស​ខ្លួន​ចំនួន​១៥០.០០០​នាក់។​ នេះ​ជា​ចំនួន​ លើស​ពីរ​ដង​នៃ​ជន​ភៀស​ខ្លួន​ដែល​មក​ដល់​ទីនេះ​រួច​ទៅ​ហើយ​ក្នុង​ប្រទេស​លីបេរីយ៉ា​នោះ៕

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក

XS
SM
MD
LG