ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ មាន​ថ្នាំញៀន​ក្នុង​ពន្ធនាគារ


រូបឯកសារ៖ ស្ត្រី​ជាប់​ពន្ធនាគារ​មួយ​រូប​ពរ​កូន​ក្នុង​អំឡុង​ពិធី​មួយ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជាយ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៥។ អ្នក​ទោស​ស្ត្រី​ចំនួន​២២​នាក់​ដែល​មាន​ផ្ទៃ​ពោះ​ឬ​មាន​កូន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដោះលែង​នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា។ (REUTERS/Samrang Pring)

អ្នក​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ជិត​២០០០​នាក់ ​ក្នុង​ចំណោម​ជាង​៥០០០​នាក់ ​ត្រូវ​បាន​សង្ស័យ​ថា ​​មាន​សារធាតុ​​​ញៀន​ក្នុង​ខ្លួន។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​លោក​នុត សវនា​ ​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនា​គារ​នៃ​ក្រសួង​មហា​ផ្ទៃ។​

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ មន្រ្តី​ផ្នែក​គ្រប់គ្រង​ពន្ធនាគារ​ប្រកាស​ពី​ការ​សង្ស័យ​ថា​ ​អ្នក​កំពុង​ជាប់​ឃុំ​ជិត​២០០០នាក់​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អាចមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ​ដែល​នឹង​ត្រូវ​ត្រួត​ពិនិត្យ​ដើម្បី​ព្យាបាល​ និង​ទប់​ស្កាត់​ការ​នាំ​គ្រឿង​ញៀន​ចូល​ក្នុង​ពន្ធនាគារ។​

អ្នក​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ជិត​២០០០​នាក់ ​ក្នុង​ចំណោម​ជាង​៥០០០​នាក់ ​ត្រូវ​បាន​សង្ស័យ​ថា មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក​នុត សវនា​ ​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនា​គារ​នៃ​ក្រសួង​មហា​ផ្ទៃ។​

ក្នុង​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ ដែល​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ​អភិបាល​ខណ្ឌ​ទាំង​១២ ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ ​លោកប៉ា សុជាតិវង្ស ​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើងថា ​ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​នៅ​មន្ទីរ ​ម១ ​(ព្រៃស) ​ប្រមាណ​៥០០០​នាក់ ​មាន​អ្នក​ញៀនថ្នាំ​ជិត​២០០០នាក់ ​ស្មើ​៣៥​ភាគរយ​នៃ​អ្នក​កំពុង​ជាប់​ឃុំ​ទាំងអស់។​

​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​លោកលឹម សុខា ​អគ្គនាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារបញ្ជាក់​ថា ​អ្នក​ជាប់​ឃុំ​ចំនួន​ជិត​២០០០​នាក់​នោះ មិន​មែន​សុទ្ធ​តែ​ជា​អ្នក​ញៀន​ថ្នាំ​ដូច​ការ​លើក​ឡើង​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​នោះ​ទេ។​ លោក​បន្ថែម​ថា ​ក្នុង​ចំណោម​អ្នកទោស​ជិត​២០០០​នាក់​ដែល​ត្រូវ​បាន​សង្ស័យ​ថា ​មាន​សារ​ធាតុ​ញៀននោះ ​រួម​មាន​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ដោយ​សារ​ការ​ជួញ​ដូរ​គ្រឿង​ញៀន ​អ្នកផលិត​ និង​អ្នក​ប្រើ​ប្រាស់​ជា​ដើម។​ ​

លោកនុត សវនា ​អ្នកនាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ ប្រាប់ ​VOA​ ថា​ ក្រោយ​ការ​ស្រាវជ្រាវ​របស់​ផ្នែកជំនាញ​ អគ្គនាយក​ដ្ឋាន​បាន​ប្រមូល​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ជិត​២០០០​នាក់ ​ដែល​សង្ស័យ​ថា​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ មក​ត្រួត​ពិនិត្យ​ទឹក​នោម ដើម្បី​ព្យាបាល​ និងទប់​ស្កាត់ការ​នាំ​ចូល​គ្រឿងញៀន​ចូល​ពន្ធនាគារ។ ​លោក​បន្ថែម​ថា ​វិធានការ​នៃ​ការ​ត្រួត​ពិនិត្យ​នេះ​នឹង​ត្រូវ​ប្រកាស​លទ្ធផល​ក្នុង​រយៈ​ពេល​២០​ថ្ងៃ​ទៀត។​

លោក​បញ្ជាក់​ថា៖​

«វា​ជា​យន្តការ​មួយ​ដែរ​ដើម្បី​ចាប់​យក​ការ​លួច​នាំចូល​គ្រឿង​ញៀន​នៅ​ក្នុង​ពន្ធ​នា​គារ​ ព្រោះ​ថា យើង​ក៏​មាន​វិធានការ​ដើម្បី​ទប់​ស្កាត់​រឿង​អស់​ហ្នឹង។ អីចឹងមុន​នឹង​ដឹង​ថា​ គាត់​កំពុង​ប្រើ​ ឬ​យ៉ាង​ណា​នោះ​ ទាល់​តែ​យើង​តេស្ត (ពិសោធន៍) ​មើល។ ​បើ​គាត់​រក​ឃើញ​ថា មាន​សារធាតុ​ញៀន​មែន​ អា​ហ្នឹង​គាត់​ត្រូវ​ឆ្លើយ​តប​នឹង​ការ​សាកសួរ​របស់​ក្រុម​ជំនាញ​ហើយ»។​

លោកនុត សវនា​មិន​បាន​បញ្ជាក់​លម្អិត​អំពី​វិធានការ​ច្បាប់​ដែល​នឹងត្រូវ​អនុវត្តលើ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុងករណី​ដែល​រក​ឃើញ​ថា​ ជាអ្នក​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​ ឬ​យ៉ាងណា​នោះ»​ទេ ​ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ​អាស្រ័យ​លើ​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ។​

ថ្មីៗ​នេះ​មាន​ការ​រក​ឃើញ​ថា​ មាន​ការ​ប្រើប្រាស់​គ្រឿង​ញៀន ​និង​ការ​បញ្ជា​ទិញ​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារ។​ តួយ៉ាង​កាលពី​ថ្ងៃទី​១៤​ ខែ​មករា​នេះ​ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់ចាម​ បាន​បង្ក្រាប​ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀន​៤​នាក់​ជា​បន្ដ​បន្ទាប់ ​ក្រោយ​ពី​ជន​សង្ស័យ​ម្នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​មួយ​ក្នុង​ខេត្ត​កំពង់​ចាម​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ជា​អ្នក​បញ្ជា​ទិញ​គ្រឿង​ញៀន​ពី​ក្នុង​ពន្ធនាគារ​ទៅ​ខេត្ត​ស្ទឹងត្រែង ​និង​ផ្ញើរ​តាម​រថយន្ត​តាក់ស៊ី​ដើម្បីយក​ទៅឲ្យ​អ្នក​ចែកចាយ​បន្ត។​

លោកអំ​ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​ លីកាដូ​ ​បាន​លើក​ឡើង​ថា ​លោក​សាទរ​ចំពោះ​វិធានការ​ក្នុង​ការ​ពិនិត្យ​រក​សារធាតុ​ញៀន​លើ​អ្នក​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដើម្បី​ព្យាបាល​ពួក​គេ។ ​លោកថ្លែង​ថា ​កន្លង​មក​មាន​ការ​រក​ឃើញ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ និង​ចែក​ចាយ​ក្នុង​ពន្ធនាគារ ​ដោយសារចរាចរណ៍​គ្រឿង​ញៀន​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ហើយថា ​សមត្ថកិច្ចបង្រ្កាប​តែ​អ្នក​ជួញដូរ​តូច​តាច តែ​មិន​អាច​បង្រ្កាប​អ្នក​ជួញដូរ​ធំៗ​បាន។​

លោក​បញ្ជាក់​ថា៖​

«ទី១ ​វា​អាច​ថា​ ​កង្វះ​ឧបករណ៍​ក្នុង​ការ​ឆែក​ឆេរ។​ ទី២ វា​អាច​ថា​ មាន​មន្រ្តី​ខ្លះ​ បុគ្គលខ្លះ​ គាត់​អាច​ពាក់ព័ន្ធ​ជាមួយនឹង​ចរាចរណ៍គ្រឿង​ញៀន​ចូល​ក្នុង​ហ្នឹង។ ​ ហើយ​បញ្ហា​ទី​៣ ​អ្នក​ទោស​ទាំងអស់​ហ្នឹង​ ​គាត់​អាច​ប្រើ​ប្រាស់​អ្នក​ទោស​ផ្សេង​ទៀត​ដែល​ចេញ​ទៅ​ហ្នឹង ​ទាក់ទង​នឹង​បញ្ហា​ចរាចរណ៍គ្រឿង​ញៀន​ហ្នឹង​ផង​ដែរ»។​

លោកអំ សំអាត​បន្ថែម​ថា ​ការ​ប្រើប្រាស់​ និង​ចែក​ចាយ​គ្រឿង​ញៀន​ជា​គ្រោះ​ថ្នាក់​សង្គម​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ ​ជាពិសេស​ការ​ប្រើប្រាស់ ​និង​ចែក​ចាយ​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារ។​ ដូច្នេះរដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​តឹង​រ៉ឹង​ដើម្បីដោះ​ស្រាយបញ្ហា​នេះ ​តាម​រយៈការពង្រឹង​ការ​អនុវត្ត​ច្បាប់ជា​ចម្បង​លើ​មន្រ្តី​ពន្ធនាគារ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ទី១ ​ពង្រឹង​ទៅ​លើ​មន្រ្តី​ពន្ធនាគារ​ខ្លួន​ឯងជាមុន​សិន។ ​ត្រូវ​តែពិនិត្យទៅលើមន្រ្តី​ទាំងអស់​ហ្នឹង​មុន​គេ ​ទៅ​លើ​បញ្ហា​នៃ​សារធាតុ​ញៀន។ ទី២​ ត្រូវតែដាក់​ពិន័យ​ ឬ​ក៏​អនុវត្ត​តាម​ច្បាប់​បើ​មន្រ្តី​ណា​ឃុបឃិត​ឲ្យ​មាន​ចរាចរណ៍​ក្នុង​ពន្ធនាគារ​ហ្នឹង។​ ហើយ​ទី៣​ ត្រូវ​តែមាន​យន្តការ​ក្នុង​ការ​ឆែកឆេរ​ និង​ការ​ទប់​ស្កាត់ ​ព្រោះ​ខ្លះ​យក​ពន្ធនាគារ​ធ្វើ​ជា​ទីបញ្ជាការដ្ឋាន​ ហើយ​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​អ្នក​ជួញ​ដូរ​ធំៗ​ទៀត។​ អានេះ​ដែល​យើង​ត្រូវ​ធ្វើការ​ទប់​ស្កាត់»។​

រដ្ឋាភិបាលបាន​ប្រកាស​បើក​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី១​ ដែល​មាន​រយៈ​ពេល​៦​ខែ ​ចាប់​ពី​ថ្ងៃទី​១​ ខែ​មករា​ដល់​ថ្ងៃទី៣០ ​ខែមិថុនា​ ឆ្នាំ​២០១៧ ​ហើយ​គ្រោង​នឹង​នាំ​ខ្លួន​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន​ជាង​៥​ពាន់​នាក់​ទូទាំង​ប្រទេស​ដាក់​ក្នុង​មណ្ឌល​កែ​ប្រែ​បន្សាប​គ្រឿង​ញៀន។​

ក្នុង​ឆ្នាំ​២០១៦ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនបាន​បង្ក្រាប​បទល្មើស​គ្រឿងញៀនជាង​៤​ពាន់​ករណី ​ចាប់​ជន​សង្ស័យ​បាន​ជិត​១ម៉ឺន​នាក់ ​និង​រឹបអូស​គ្រឿងញៀន​បាន​ជាង​១៧៥​គីឡូ​ក្រាម។ មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ឲ្យដឹង​ថា​ ក្នុងយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ដំបូង​រយៈពេល​១៥​ថ្ងៃ​នៅ​ដើម​ឆ្នាំ​២០១៧​ សមត្ថកិច្ច​បង្រ្កាប​បទល្មើស​គ្រឿង​ញៀន​បាន​ចំនួន​៥០៦​ករណី ​ឃាត់​ខ្លួន​ជន​សង្ស័យបាន​ជាង១៣០០​នាក់។​

គេ​សង្កេត​ឃើញ​ថា​ ក្រោយ​ការ​ប្រកាស​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​នេះ ​ចំនួន​អ្នក​ទោស​ពាក់ព័ន្ធ​គ្រឿង​ញៀន​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​ពន្ធនាគារ។​ ​ប៉ុន្តែ​សមត្ថកិច្ចចាប់​បាន​តែ​អ្នក​ជួញដូរ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​តូចតាច​ប៉ុណ្ណោះ៕

XS
SM
MD
LG