ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ព្យាយាម​បន្ត​ការ​បង្ក្រាប​ការ​ចែក​ចាយ​និងការ​​ប្រើ​ប្រាស់​គ្រឿង​ញៀន


រូបឯកសារ៖ មន្ត្រី​ប៉ូលិស​និង​ពលរដ្ឋ​នៅ​ឯ​ពិធី​ដុត​បំផ្លាញ​​គ្រឿង​ញៀន​ដែល​ត្រូវ​​ចាប់​បាន​ នៅ​ឯ​ពិធី​មួយ​នៅរាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២។ ​
រូបឯកសារ៖ មន្ត្រី​ប៉ូលិស​និង​ពលរដ្ឋ​នៅ​ឯ​ពិធី​ដុត​បំផ្លាញ​​គ្រឿង​ញៀន​ដែល​ត្រូវ​​ចាប់​បាន​ នៅ​ឯ​ពិធី​មួយ​នៅរាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២។ ​

អ្នក​ប្រើប្រាស់​​គ្រឿងញៀន​នៅកម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ចំនួន​ប្រមាណ​ជិត​១​ម៉ឺន​៧ពាន់​​នាក់​ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​អជ្ញាធរ​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ប្រាប់ ​VOA នា​រសៀល​ថ្ងៃ​អង្គារ៍​នេះ​។​

ចរាចរណ៍គ្រឿងញៀន ​មាន​ការ​កើន​ឡើងទាំង​នៅក្នុង​តំបន់ ​និង​ពិភព​លោក​ ​ក្នុង​ឆ្នាំ​២០១៦​នេះ​ ជា​ពិសេស​នៅតាមទីប្រជុំ​ជន។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​អ្នក​ប្រើប្រាស់គ្រឿងញៀន​នា​ពេល​បច្ចុប្បន្នមាន​ចំនួន​ប្រមាណ​ ១​ម៉ឺន​៧ពាន់នាក់​។ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ថា​ ៧០% ​នៃ​បទល្មើស​ក្នុង​សង្គម​ដូចជា​ ការ​ឆក់​ប្លន់​ជាដើម​ ​បង្ក​ដោយ​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។

បាតុភាព​នៃ​ចរាចរណ៍គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៦​នេះ​ ​មាន​ការ​កើន​ឡើង​ ទាំង​នៅក្នុង​តំបន់ ​និង​ពិភព​លោក​ ជា​ពិសេស​គឺ​តំបន់​ប្រជុំ​ជន។​ អ្នក​ប្រើប្រាស់គ្រឿងញៀន​នៅកម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ចំនួន​ប្រមាណ​ជិត​១​ម៉ឺន​៧ពាន់​នាក់​ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​អជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ប្រាប់ ​VOA នា​រសៀល​ថ្ងៃ​អង្គារ៍​នេះ​។​

​លោក ​មាស វីរិទ្ធិ​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ឲ្យ​ដឹង​ថា​ ​បញ្ហា​គ្រឿងញៀន​ដែល​ជា​ក្តី​កង្វល់​សកល​នេះ​ ​ត្រូវ​ការ​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​។ ​

«ការងារ​របស់​សមត្ថកិច្ច​ គឺត្រូវ​លុបបំបាត់ ​ទីផ្សារ​ប្រើប្រាស់​គ្រឿងញៀន​ កាត់​ផ្តាច់ការ​ចរាចរណ៍​គ្រឿងញៀន​ពី​តំបន់​ផលិត​មក​រកទីផ្សារ​ការងារ​ រួមជាមួយ​ការ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿង​ញៀន​។ ៣ហ្នឹង​ត្រូវ​ដើរ​ទន្ទឹមគ្នា​»។

លោក​ អះអាង​ថា​ បើ​ទោះ​ជា​កម្ពុជា​មិន​មែន​ជា​ប្រទេស​ផលិត​គ្រៀង​ញៀន​ក្តី​ ក៏​ប៉ុន្តែ​កម្ពុជា​បាន​ធ្វើ​ការ​ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​គ្រឿង​ញៀន ហើយ​ការ​បង្រ្កាប​បទល្មើសគ្រឿង​ញៀន​នៅ​កម្ពុជា រយៈពេល​៨​ខែ​ ​ក្នុង​ឆ្នាំ២០១៦ មាន​ការ​កើន​ឡើង​បើ​ធៀប​ទៅនឹង​ឆ្នាំ​មុនៗ​។​

«យើង​ប្រើប្រាស់យុទ្ធសាស្ត្រ​៥គឺ​ កាត់បន្ថយ​តម្រូវ​ការ​គ្រឿង​ញៀន។ ទី២ កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​គ្រឿង​ញៀន កុំ​ឲ្យ​គ្រឿង​ញៀន​ហូរ​ចូល​ដល់​ដៃ​អ្នក​ប្រើគ្រឿងញៀន​។ ទី៣​ ពង្រឹង​ប្រសិទ្ធិភាព​ ព្យាបាល​ស្តារ​នីតិ​សម្បទា​ និង​ធ្វើសមាហរណកម្ម។​ ទី៤​ ពង្រឹង​ប្រសិទ្ធិភាព​អនុវត្ត​ច្បាប់។ ទី៥ ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​»។​

បើ​តាម​ លោក​ មាស​ វីរិទ្ធិ​ ​ អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា​ភាគ​ច្រើន​ជា​ កម្មករ​ ពលករ​ចំណាក​ស្រុក​ និង​អ្នក​គ្មាន​ការងារ​ធ្វើ ឬ​គ្មាន​មុខ​របរ​ជាក់​លាក់​។​ ហើយ​លោកថា​ ​ប្រមាណ​៧០%​នៃ​ជនល្មើស​ដែល​ប្រព្រឹត្តិបទល្មើស​ក្នុង​សង្គម​ដូចជា​ ឆក់ ប្លន់​ជាដើម​ ​បង្ក​ដោយ​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​។​

កាល​ពី​ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ សរុប​ចំនួន​ជាង​៣ពាន់​ករណី​។ ចំនួន​នេះ​ មាន​ការ​កើន​ឡើង​នេះ​ ប្រហែល១២៨%​ ធៀប​នឹង​ឆ្នាំ​២០១៤​។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​កាត់ទោស​បុរស​ជនជាតិ​នីហ្សេរីយ៉ា​ប្រាំបួន​នាក់​ និង​ស្ត្រី​កម្ពុជា​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​ជួញដូរ​ថ្នាំញៀន​នៅ​ខាង​ក្រៅ​ព្រះវិហារ​គ្រិស្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយអ្នក​ទាំង​នោះ​ ត្រូវ​បាន​តុលាការ​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៥​ឆ្នាំ​ ទៅ​៨​ឆ្នាំ។​

ការ​បង្ក្រាប​ករណី​គ្រឿង​ញៀន​ កាលពីខែមករាឆ្នាំមុន​នេះ​ ធ្វើឡើង​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​រយៈពេល​៦​ខែ ​ហើយ​ ជនជាតិ​នីហ្សេរីយ៉ា​ប្រាំបួន​នាក់​នោះ ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា​នៅ​ពេល​ដោះលែង​វិញ​។

VOA​ មិន​ទាន់​សុំ​ការ​បញ្ជាក់​ពី​ លោក​ លី ​សុផាណា​ អ្នក​នាំ​ពាក្យ​តុលាការ ​ទាក់ទង​នឹង​ចំនួន​ករណី​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀន​នោះទេ​ នៅ​ថ្ងៃ​អង្គារ៍​នេះ​។​ ​

លោក​ ពិន សុខុម ​អ្នក​សម្រប​សម្រួល​កម្មវិធី​សង្គ្រោះ​ជីវិត​នៃ​អង្គការ​មិត្ត​សម្លាញ់​ ឲ្យ​ដឹង​ថា​ កន្លង​មក​មានចំនួនអ្នក​ផ្តាច់គ្រឿង​ញៀន​ហើយ​ ត្រឡប់​ទៅ​ប្រើប្រាស់​វិញ រហូតដល់​៥០%​ បើ​សិន​ជា​ពួក​គេ​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ ក្នុង​អំឡុង​ពេល​ ឬ​ក្រោយការផ្តាច់គ្រឿង​ញៀន​។ ហើយ​លោក​ថា​ កង្វះ​ការ​យល់​ដឹង​ពី​ផល​វិបាក​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ ក្នុង​ចំណោម​យុវវ័យ​ គឺ​ជា​បញ្ហា​សំខាន់​ជាង​គេ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រឿង​ញៀន​នេះ​។

«យើង​ធ្វើ​ការអប់រំ​គាត់ ដើម្បី​អ្នក​មិន​ទាន់​ប្រើប្រាស់ កុំ​ឲ្យ​គាត់ឈាន​ដល់​ប្រើប្រាស់​គ្រឿងញៀន។ ហើយ​អ្នក​កំពុង​ប្រើប្រាស់​ យើង​ធ្វើការជាមួយ​គាត់ ​អប់រំគាត់ ជួយ​លើក​ទឹកចិត្ត​គាត់ ព្យាបាលស្តារនីតិសម្បទា​ ក៏ដូចជា​ទៅ​រៀន​វិជ្ជាជីវៈ និង​រកការងារ​ធ្វើ»។​

យោង​តាម​របាយ​ការណ៍​គ្រឿងញៀន​ពិភពលោក​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​កិច្ចការ​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋកម្ម ​(UNODC) ​ក្នុង​ឆ្នាំ​កន្លង​មក​នេះ ​ការ​ដាំដុះ ​ការ​ផលិត ​ការ​ចរាចរ ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ ពុំ​មាន​ការ​ថយ​ចុះ ​ទាំង​ក្នុង​កម្រិត​ថ្នាក់​តំបន់ ​និង​សាកល​លោក៕

XS
SM
MD
LG