តន្ត្រីករដែលបានឈ្នះបានពានរង្វាន់ ហ្ក្រាមមី (Grammy) លោក ហារី ខននីក (Harry Connick Jr.) ត្រូវបានអញ្ជើញទៅកាន់បណ្ណាល័យសភា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននាពេលថ្មីៗនេះ ដើម្បីជួយដល់ការបើកការចេញផ្សាយគេហទំព័រមួយ ដែលផ្តល់ឱ្យនូវបទភ្លេងជាប្រវត្តិសាស្រ្តនិងដ៏កម្រចំនួនមួយម៉ឺន ទៅឱ្យសាធារណជនជាទម្រង់ឌីជីថល ជាលើកទីមួយ។ បណ្តុំឯកសារបទភ្លេងដ៏ធំសម្បើមនេះរួមមានតន្ត្រីប្រជាប្រិយ៍ ភ្លេងល្ខោនអូប៉េរ៉ា និងភ្លេងហ្សាស (Jazz) ពីសម័យដើម ក៏ដូចជាកំណាព្យនិង សុន្ទរកថានយោបាយល្បីៗ។ អាល់ ចូលសុន (Al Jolson), អាតទុរូ តូសកានីនី (Arturo Toscanini), អែនរីកូ ការ៉ូសូ (Enrico Caruso) និង ចច ហ្គឺស្សវីន (George Gershwin) គឺជាអ្នកលេងភ្លេងដ៏ល្បីៗនៅក្នុងបណ្តុំបទភ្លេង ដែលមានសម្រាប់ការសិក្សានិងការកោតសរសើរ។
បណ្ណាល័យសភាបានចេញផ្សាយគេហទំព័រថ្មីមួយ ដែលបានបង្ហាញបទភ្លេងជាប្រវត្តិសាស្រ្តនិងដ៏កម្រចំនួនមួយម៉ឺន ដែលឥឡូវនេះសាធារណជនអាចរកស្តាប់បានជាទម្រង់ឌីជីថល និងជាលើកទីមួយដោយឥតគិតថ្លៃ។
គេហទំព័រនេះត្រូវបានគេហៅថា«ប្រអប់ភ្លេងរបស់ជាតិ»ហើយដែលរួមមានបទភ្លេងពីតន្រ្តីករដ៏អស្ចារ្យដូចជាលោក អាល់ ចូលសុន (Al Jolson), អេឌី កងទ័រ (Eddie Cantor), អែនរីកូ ការ៉ូសូ (Enrico Caruso) អាតទុរូ តូសកានីនី (Arturo Toscanini), និង ចច ហ្គឺស្សវីន (George Gershwin)។
វាគឺជាគម្រោងសហការមួយរវាងបណ្ណាល័យសភា និងក្រុមហ៊ុនតន្រ្តីកំសាន្តសូនី (Sony Music Entertainment)។ គេហទំព័រនេះផ្តល់ឱ្យនូវលទ្ធភាពនៃការអាចចូលទៅមើលឬស្តាប់បានតាមប្រព័ន្ធអ៊ីនធឺណិតនូវតន្រ្តីនិងការថតសំឡេងនិយាយជម្រើសៗយ៉ាងច្រើនដែលផលិតនៅក្នុងសហរដ្ឋអាមេរិក រវាងឆ្នាំ១៩០១និងឆ្នាំ១៩២៥។
លោក ជេមស៍ ប៊ីលលីងតុន (James Billington) បណ្ណារក្សនៃបណ្ណាល័យសភា បានបង្ហាញគម្រោងប្រអប់ភ្លេងជាតិ នៅឯសន្និសីទសារព័ត៌មានមួយ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី (Washington DC)។
លោកមានប្រសាសន៍ថា៖ «វារួមមានបទភ្លេងហ្សាសពីដើម សុន្ទរកថាល្បីៗ កំណាព្យ រឿងកំប្លែង ល្ខោនអូប៉េរ៉ា បទភ្លេងរាំ ជាមួយនឹងព័ត៌មានផលិតកម្មផ្លូវការ សម្រាប់បទភ្លេងនីមួយៗ»។
បណ្ណាល័យសភាផ្ទុកបណ្តុំបទភ្លេងដែលត្រូវបានថតទុកជាប្រវត្តិសាស្រ្ត ដ៏ធំជាងគេបង្អស់មួយនៅក្នុងសហរដ្ឋអាមេរិក។ បទភ្លេងទាំងនេះត្រូវបានរក្សាទុកជាប្រព័ន្ធឌីជីថលនៅឯកន្លែងរក្សាទុកពិសេសមួយ នៅក្នុងរដ្ឋ Virginia។
បទភ្លេងផ្សេងៗនៃគម្រោងប្រអប់ភ្លេងរបស់ជាតិ គឺចេញមកពីកន្លែងរក្សាទុកនេះ។
លោករីឆាត ស្ទ័រី (Richard Story) គឺជាប្រធានក្រុមហ៊ុនក្រុមតន្រ្តីពាណិជ្ជកម្ម (Commercial Music Group) នៃក្រុមហ៊ុនតន្រ្តីកំសាន្តសូនី។
«បញ្ជីរាយបទភ្លេងទាំងនេះផ្ទុកទៅដោយបណ្តុំបទភ្លេងដ៏គួរឱ្យចាប់អារម្មណ៍មួយនៃរតនៈវត្ថុដែលត្រូវបានថតទុក ហើយដែលបានបង្ហាញអំពីប្រភពនិងការវិវត្តន៍នៃតន្រ្តីអាមេរិកាំង។ ទាំងនេះគឺជាបទភ្លេងរបស់សិល្បករ ដែលមានឥទ្ធិពលនិងសារៈសំខាន់ជាងគេបំផុត»។
លោក អឺប៊ី ប្លែក (Eubie Blake) គឺជាមនុស្សម្នាក់ក្នុងចំណោមសិល្បៈករទាំងនោះ។
នៅក្នុងវគ្គវីដេអូខ្លីមួយ ដែលមាននៅក្នុងគម្រោងបទភ្លេងរបស់ជាតិ លោកបានសម្តែងនៅក្នុងបទចម្រៀងដែលមានចំណងជើងថា «ខ្ញុំស្រលាញ់ ហារី (Harry) ខ្លាំងណាស់» ដែលលោកបានតែងនៅក្នុងឆ្នាំ១៩២១។
យោងតាម ឌឺអាណា (DeAnna) គម្រោងប្រអប់ភ្លេងរបស់ជាតិ បានចេញផ្សាយតែមួយផ្នែកនៃអ្វីដែលនឹងត្រូវដាក់ចេញតែប៉ុណ្ណោះ។
«យើងគិតថា គម្រោងប្រអប់ភ្លេងរបស់ជាតិគឺមានថាមពលណាស់។ វាគឺជាបណ្ណសារនៃសំឡេងជាប្រវត្តិសាស្រ្តដែលវិវត្តន៍ទៅមុខមួយ ហើយយើងចង់ធ្វើឱ្យវារីកចម្រើនឡើង ដើម្បីបញ្ចូលបទភ្លេងចំនួនរាប់ម៉ឺនបន្ថែមទៀត នៅក្នុងប៉ុន្មានឆ្នាំបន្ទាប់ទៅទៀត»។
មានបទភ្លេងចំនួនប្រហែលមួយសែន នៅឯកន្លែងរក្សាទុកបទភ្លេងក្នុងរដ្ឋVirgina។ អ្នកទស្សនាគេហទំព័ររបស់ប្រអប់ភ្លេងជាតិ ឥឡូវនេះអាចបើកស្តាប់បទភ្លេងចំនួនមួយម៉ឺនក្នុងចំណោមបទភ្លេងទាំងអស់ ដោយគ្រាន់តែអាចទាញយកសម្លេងមកស្តាប់តែប៉ុណ្ណោះ។ ហើយពួកគេក៏អាចបើកមើលរូបភាពស្លាកសញ្ញា និងជីវប្រវត្តិរបស់អ្នកសម្តែងរាប់ពាន់នាក់ផងដែរ។
គេហទំព័ររបស់គម្រោងប្រអប់ភ្លេងរបស់ជាតិ គឺ www.loc.gov/jukebox/។
ប្រែសម្រួលដោយ ឌី ខាំបូលី