លោកប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ាបាននិយាយថា រដ្ឋាភិបាលរបស់លោកនិងក្រុមយោធាដែលបានលះបង់អំណាចកាលពីប្រាំឆ្នាំមុននេះនឹងគោរពលទ្ធផលនៃការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅថ្ងៃអាទិត្យនេះដែលគេរំពឹងថាគណបក្សរបស់លោកស្រីអោងសានស៊ូជី មេដឹកនាំក្រុមប្រឆាំងនឹងឈ្នះ។
លោកប្រធានាធិបតី Thein Sein បានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយដែលបានត្រូវផ្សាយតាមទូរទស្សន៍ជាតិកាលពីយប់ថ្ងៃសុក្រថា «ខ្ញុំបានឮថាមានកង្វល់អំពីថាតើលទ្ធផលនៃការបោះឆ្នោតនេះនឹងត្រូវគោរពតាមឬទេ។រដ្ឋាភិបាលរបស់យើង និងក្រុមយោធាចង់និយាយជាថ្មីទៀតថា យើងនឹងគោរពលទ្ធផលនៃការបោះឆ្នោតដោយសេរី និងដោយយុត្តិធម៌»។
សេចក្តីថ្លែងនេះរបស់លោកប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ាមានគោលដៅបង្ហាញសញ្ញាដល់សហគមន៍អន្តរជាតិថា រដ្ឋាភិបាលមានការស្មោះត្រង់ក្នុងការរៀបចំការបោះឆ្នោតដោយសេរី និងប្រកបដោយការជឿទុកចិត្តបាន ទោះណាជាមានការខ្វល់ខ្វាយអំពីភាពមិនប្រក្រតីនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ការបំភិតបំភ័យ និងការដកសិទ្ធិប្រជារាស្ត្រមួយភាគធំ។ ជនអំបូរ Rohinya ដែលកាន់សាសនាឥស្លាមត្រូវបានបដិសេធមិនឱ្យមានសញ្ជាតិមីយ៉ាន់ម៉ា ហើយគ្មានសិទ្ធិបោះឆ្នោតនោះទេ។ លោក Thein Sein ដែលជាប្រធាននៃគណបក្សសាមគ្គីភាព និងការអភិវឌ្ឍរបស់សហភាពដែលភាសាអង់គ្លេសហៅថា Union Solidarity and Development Party ដែលជាគណបក្សគ្រប់គ្រងប្រទេស និងជាសម្ព័ន្ធមិត្តរបស់ក្រុមយោធាផងនោះបានមានប្រសាសន៍ថា «បើតាមលទ្ធផលនៃការបោះឆ្នោតនេះ យើងនឹងធ្វើការជាមួយគ្នានៅក្នុងមជ្ឈដ្ឋាននយោបាយថ្មីមួយ»៕