ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របប​យោធា​មីយ៉ាន់ម៉ា​បន្ថែម​បទ​ចោទ​ប្រកាន់​ថ្មី​ចំពោះ​លោកស្រី Aung San Suu Kyi


រូបឯកសារ៖ ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ដើរ​កាត់​ផ្សារ​មួយ​ដោយ​មាន​កាន់​រូប​ថត​របស់​អ្នកស្រី Aung San Suu Kyi នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ដើរ​កាត់​ផ្សារ​មួយ​ដោយ​មាន​កាន់​រូប​ថត​របស់​អ្នកស្រី Aung San Suu Kyi នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។

របប​យោធា​ដែល​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ា​ កាលពី​ថ្ងៃច័ន្ទ​ បាន​បន្ថែម​បទ​ចោទ​ប្រកាន់​ទី​៦​ ប្រឆាំង​នឹង​លោកស្រី Aung San Suu Kyi មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​បាន​ទម្លាក់​ពីតំណែង ​ខណៈ​ការ​ធ្វើ​បាតុកម្ម​នៅតែ​បន្ត​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាល​ពីថ្ងៃ​ទី​១ ខែ​កុម្ភៈ។

លោក​ Min Min Soe​ មេធាវី​របស់​លោកស្រី​ Aung San Suu Kyi បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ កូនក្តី​របស់លោក​ត្រូវបាន​ចោទ​ប្រកាន់​ជាលើក​ទី ២ ​ពីបទ​រំលោភ​លើ​វិធានការ​របស់​ប្រទេស​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​អំឡុងពេល​បង្ហាញ​ខ្លួន​ចំពោះមុខ​តុលាការ​តាម​អនឡាញ។

លោក ​Min Min Soe​ និយាយ​ថា​ លោកស្រី​ Aung San Suu Kyi បាន​ស្នើ​ឲ្យ​តុលាការ​អនុញ្ញាត​ឱ្យលោកស្រី​ជួបជាមួយ​មេធាវី​របស់​លោក​ស្រីដោយ​ផ្ទាល់​ក្នុង​អំឡុង​ពេល​សវនាការ​នៅ​ថ្ងៃ​ច័ន្ទ។​

លោកស្រី Aung San Suu Kyi អាយុ​៧៥​ឆ្នាំ​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​នានា​រួម​មាន​បទចោទ​ដែល​ថា​មាន​វិទ្យុ​ទាក់ទង​ចំនួន​៦​គ្រឿង និង​ការ​ចោទ​ប្រកាន់ធ្ងន់ធ្ងរ​បំផុត​គឺ​បទ​រំលោភ​ច្បាប់​សម្ងាត់​សម័យ​អាណានិគម​របស់​ប្រទេស​នេះ​ដែល​លោក​ស្រីអាច​ជាប់​ពន្ធនាគារ​រហូត​ដល់​រយៈពេល​១៤​ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​សម្រេច​ថាមាន​ទោស។

លោកស្រី Aung San Suu Kyi ​ និង​សមាជិក​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​ជាច្រើនត្រូវបាន​ឃុំខ្លួន​ចាប់តាំង​ពីយោធា​កាន់​អំណាច​ជាង​ពីរខែមក ដោយ​យោធា​ចោទប្រកាន់​ថា មានការ​លួច​បន្លំ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ការ​បោះឆ្នោតសភា​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​ ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​លោកស្រី Aung San Suu Kyi បាន​ឈ្នះ​យ៉ាង​ភ្លូក​ទឹកភ្លូក​ដី។

រដ្ឋប្រហារ​នេះបាន​ធ្វើឱ្យមាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំជារៀង​រាល់ថ្ងៃ​នៅទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បីទាមទារ​ឱ្យ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី​វិល​ត្រឡប់​មកកាន់​អំណាច​វិញ។

របបយោធា​បាន​ឆ្លើយតប​ដោយ​ការ​បង្ក្រាប​ដ៏ឃោរ​ឃៅ​និង​ដ៏សាហាវ​បំផុត​ប្រឆាំង​នឹង​ក្រុម​បាតុករ។

សមាគម​ជំនួយ​សម្រាប់​អ្នកទោស​មនសិការ​ (AAPP) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ប៉ាន់ស្មាន​ថា មាន​មនុស្ស​ជាង ៧០០ នាក់​ហើយ​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​យោធា ចាប់​តាំង​ពីមាន​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្ដិវិធី​មក៕

XS
SM
MD
LG