ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ក្រោយ​រដ្ឋប្រហារ ប្រឈមនឹង​ការផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត


បុរសម្នាក់ លី​បំពង់​អុកស៊ីសែន​ដើរ​ឆ្លងកាត់​មនុស្ស​ដែល​កំពុង​រង់ចាំ​បំពេញ​អុកស៊ីសែន នៅ​ខាងក្រៅ​រោងចក្រ​ផលិត​អុកស៊ីសែន Naing នៅ​តំបន់​ឧស្សាហកម្ម South Dagon ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។
បុរសម្នាក់ លី​បំពង់​អុកស៊ីសែន​ដើរ​ឆ្លងកាត់​មនុស្ស​ដែល​កំពុង​រង់ចាំ​បំពេញ​អុកស៊ីសែន នៅ​ខាងក្រៅ​រោងចក្រ​ផលិត​អុកស៊ីសែន Naing នៅ​តំបន់​ឧស្សាហកម្ម South Dagon ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

ប្រាំមួយ​ខែ​បន្ទាប់ពី​រដ្ឋប្រហារ ឥឡូវ​នេះ​ប្រទេស​មីយ៉ាន់ម៉ា​ ប្រឈមនឹង​ការរាតត្បាត​ជំងឺ​កូវីដ១៩។ ​

ការ​ស្លាប់​បាន​កើន​ឡើង​យ៉ាងខ្លាំង​ជារៀង​រាល់ថ្ងៃ​ក្នុង​អំឡុង​ការ​ឆ្លង​លើក​ទីបី​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ដែលតា ​(delta) ​ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៥​ ខែ​ឧសភា​ ដោយ​មាន​របាយ​ការណ៍​អំពី​ចំនួន​អ្នក​ស្លាប់​៣២៦ ​នាក់​ នៅថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់៦.៤៥៩ នាក់។ ​

ប្រទេស​មីយ៉ាន់ម៉ា​បាន​រាយ​ការណ៍​ថា ​មាន​ការ​ឆ្លង​ថ្មី​ចំនួន​៥.៥០៦ ​ក្នុង​ចំណោម​ការ​ធ្វើ​តេស្ត​ចំនួន​១៣.៤៨៧​ ដែលជា​អត្រា​ឆ្លង​៤០%។​ តួលេខ​ពិតប្រាកដ​ អាច​ខ្ពស់​ជាង​នេះ ​ព្រោះ​មានអ្នក​ដែល​មិន​បាន​ទៅ​មន្ទីរពេទ្យ។​

កន្លែង​បញ្ចុះ​សព​ព្យាយាម​បោះបង់​សព​ចោល​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្មាន​វិធាន​ការ​សុវត្ថិភាព ​ហើយ​រថយន្តដឹក​សព​ ដឹក​សពបី​ ឬ​ច្រើនជាង​នេះ​ ហើយ​ក៏​មាន​ការ​ដឹកសពតាម​រថយន្ត​តាក់ស៊ី ​និង​រថយន្ត​ផ្ទាល់ខ្លួន​ផង​ដែរ។ វីដេអូ​ និង​រូបថត​នៅ​លើ​បណ្តាញ​សង្គម​បង្ហាញ​គំនរ​សព​រង់ចាំ​បូជា​នៅ​ឯ​កន្លែង​បញ្ចុះ​សព​នៅទីក្រុង​រ៉ង់ហ្គូន។ ​

ចាប់តាំង​ពី​រដ្ឋ​ប្រហារ​មក ​ អ្នក​ស្ម័គ្រចិត្ត ​និង​បុគ្គលិក ​មិន​ពាក់​ឧបករណ៍​ការពារ​ ក្រៅ​ពី​ម៉ាស​ទេ។​

ប្រតិបត្តិករ​បុណ្យសព ​និង​អ្នក​ជួយ​ឥតគិត​ថ្លៃ​នៅ​ទីក្រុង​រ៉ង់ហ្គូន​និយាយ​ថា ​ពួកគេ​មិន​អាច​ចាំ​ចំនួន​អ្នក​ស្លាប់​ទេ តែ​ពួក​គេ​បាន​អះអាង​ថា ​មាន​ប្រហែល​១.០០០​នាក់​ក្នុង​មួយ​ថ្ងៃ។ ​

លោក​ Sein Win Than ​ដែល​អង្គការ​របស់​លោក​ផ្តល់​សេវា​មនុស្ស​ធម៌​ដឹក​សព បាន​ប្រាប់​វីអូអេ​ថា ​ អង្គការ​របស់​លោក ​ត្រូវ​ដឹក​សព​យ៉ាង​តិច​៤០​នាក់​ទៅកាន់​ទី​បញ្ចុះ​សព​ជារៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​មិន​អាច​ផ្តល់​សេវា​ឲ្យ​អ្នក​ស្នើ​សុំ​គ្រប់​គ្នា​បាន​ទេ ព្រោះ​ច្រើន​ពេក។​

លោក​ថា​ «យើង​មិន​អាច​ដឹក​សព​បាន​៥០ ​ក្នុង​មួយ​ថ្ងៃ​ទេ។ ​យើង​ត្រូវ​រង់ចាំ​រាប់​ម៉ោង​នៅ​ឯ​ទីបញ្ចុះ​សព​ដើម្បី​ប្រគល់​សាកសព​ ប៉ុន្តែ​យើង​មិន​អាច​រង់ចាំ​ទៀត​ទេ ដោយសារ​មាន​សំណើ​ច្រើន។​ នៅ​ពេល​យើង​ទៅ​ដល់​ទីបញ្ចុះ​សព​ ​យើង​ត្រូវតែ​ប្រគល់​សព​យ៉ាង លឿន​ ហើយ​មក​ដឹក​សព​ផ្សេង​ទៀត»។​

ស្ថានភាព​នេះ ​មិន​មែន​មាន​នៅ​តែ​ទីក្រុង​រ៉ង់ហ្គូន​ទេ។ ​

នៅ​ទីក្រុង​ Mandalay​ ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ជារៀង​រាល់ថ្ងៃ​ ដោយសារ​ខ្វះ​វេជ្ជបណ្ឌិត​ និង​គិលានុបដ្ឋាក​នៅ​មន្ទីរ​ពេទ្យ។ ​បុគ្គលិក​ជំនួយ​ម្នាក់​បាន​ប្រាប់ ​VOA​ ថា​ «អ្នក​ជំងឺ​ប្រហែល​៦០​នាក់​ បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​យើង​អាច​យក​សាកសព​តែ​៣០​ប៉ុណ្ណោះទៅ​ទីបញ្ចុះ» ។​

ទីក្រុង​ Kalay ​នៅ​ភាគ​ពាយព្យ​ប្រទេស​មីយ៉ាន់ម៉ា​ មានការប្រកាស​ឱ្យ​ពលរដ្ឋ​ស្នាក់​ក្នុង​ផ្ទះ​ជាលើក​ដំបូង​នៅ​ពេល​មាន​ការ​ឆ្លង។ ​បុគ្គលិក​ជំនួយ​ និង​ប្រជាជន​ប៉ាន់ស្មាន​ថា ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ ​បាន​កើន​ដល់​២០​ ទៅ​៣០​នាក់​ ចាប់តាំង​ពី​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​មិថុនា៕

XS
SM
MD
LG