រដ្ឋាភិបាលឯកភាពជាតិគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានបង្កើតឡើងនៅក្នុងខែនេះដោយសមាជិកសភាដែលយោធាបានធ្វើរដ្ឋប្រហារបណ្តេញចេញពីតំណែង បានប្រាប់សមាគមអាស៊ានថា ខ្លួននឹងមិនចូលរួមក្នុងការចរចានោះទេ លុះត្រាតែរបបយោធាដោះលែងអ្នកទោសនយោបាយទាំងអស់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សមាគមអាស៊ានបានព្យាយាមស្វែងរកដំណោះស្រាយសម្រាប់វិបត្តិបង្ហូរឈាមនៅមីយ៉ាន់ម៉ា ហើយបានអំពាវនាវឲ្យមានការបញ្ចប់អំពើហិង្សានិងការចរចារវាងភាគីទាំងអស់។
រដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ា ដែលជាក្រុមប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា អាស៊ានគួរតែធ្វើការទាក់ទងជាមួយខ្លួនដោយចាត់ទុកខ្លួនជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។
លោក Mahn Winn Khaing Thann ដែលជានាយករដ្ឋមន្ត្រីរបស់រដ្ឋាភិបាលឯកភាពជាតិនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មុនពេលមានការចរចាប្រកបដោយផ្លែផ្កាណាមួយអាចធ្វើឡើងបាន ចាំបាច់ត្រូវតែមានការដោះលែងដោយគ្មានលក្ខខណ្ឌនូវអ្នកទោសនយោបាយនានា ដោយក្នុងនោះរួមមានទាំងលោកប្រធានាធិបតី U Win Myint និងទីប្រឹក្សារដ្ឋអ្នកស្រី Aung San Suu Kyi ផងដែរ»។
គេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយភ្លាមៗពីមន្ត្រីជាន់ខ្ពស់ណាម្នាក់នៅក្នុងសមាគមអាស៊ាននៅឡើយទេ៕