ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មិត្ត​របស់​ Museveni ប្រែ​ក្លាយ​ជា​អ្នក​ប្រកួត​ជាមួយ​លោក​​ក្នុង​យុទ្ធនាការ​នៅ​​អ៊ូហ្គង់ដា


ប្រធានាធិបតី​របស់​អ៊ូហ្គង់ដា​ លោក Yoweri Museveni (រូប​កណ្តាល) ស្ថិត​នៅ​ក្នុង​ពិធី​ជាតិ​ដើម្បី​ប្រារព្ធ​ថ្ងៃ​ឯករាជ្យ​ជាតិ​របស់​កេនយ៉ា នៅ​ស្ថាត​ Nyayo Studium ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៤។

មិត្តភក្តិ​ជា​យូរ​អង្វែង​ ហើយ​ក៏​ជា​អ្នក​ប្រកួត​ប្រជែង​រយៈពេល​ខ្លី​របស់​លោក​ប្រធានាធិបតី​អ៊ូហ្គង់ដា​ Yoweri Museveni បាន​ប្រកាស​ពី​ការ​ចូល​ប្រកួតប្រជែង​ក្នុង​ការ​ធ្វើ​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ។ លោក Amama Mbabazi និយាយ​ថា ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ជោគវាសនា​របស់​ប្រទេស​នេះ​ ​ត្រូវ​តែ​ស្តារ​ឡើង​វិញ។ លោក​ប្រធានាធិបតី Museveni កំពុង​ធ្វើ​ការ​រិះគន់​តប​ទៅ​លើ​គូ​ប្រកួត​របស់​លោក។

បន្ទាប់​ពី​មាន​ការ​ប៉ាន់ស្មាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ ពលរដ្ឋ​អ៊ូហ្គង់ដា​ទើប​តែ​ដឹង​ព័ត៌មាន​កាលពី​សប្តាហ៍​មុន​ថា​ អតីត​នាយក​រដ្ឋ​មន្រ្តី​ លោក Amama Mbabazi ​នឹង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ២០១៦​ ខាង​មុខ​នេះ។ លោក Mbabazi បាន​ប្រកាស​នៅ​លើ​បណ្តាញ​ YouTube​ ដោយ​និយាយ​ថា ប្រព័ន្ធ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ ត្រូវការ​ពង្រឹង​បន្ថែម​ដើម្បី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ។

ការ​ប្រកាស​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​មួយ​ទៅ​លើ​លោក​ប្រធានាធិបតី Yoweri Museveni ដែល​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​នឹង​លោក​ MbabazI អស់​រយៈពេល​ជិត​៣០ឆ្នាំ​មក​ហើយ។ អ្នក​ទាំង​ពីរ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​បង្កើត​គណបក្ស​កំពុង​កាន់​អំណាច​ដែល​មាន​ឈ្មោះ​ថា​ ចលនា​ជាតិ​តស៊ូ​ប្រឆាំង​ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ National Resistance Movement ​ក៏ដូច​ជាដឹកនាំ​រដ្ឋាភិបាល​ពេល​បច្ចុប្បន្ន​ជាមួយ​គ្នា។

ក៏ប៉ុន្តែ​ ២ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​ទាំង​ពីរ​ចាប់​ផ្តើម​មាន​ជម្លោះ​នឹង​គ្នា។ មនុស្ស​ជា​ច្រើន​បាន​គិត​ទុក​ថា ការ​បែកបាក់គ្នា​នេះ​ គឺ​ដោយសារ​តែ​លោក Mbabazi លូក​ដៃ​ចូល​ជ្រុល​ទៅ​ក្នុង​រឿង​នយោបាយ​ ដោយ​ព្យាយាម​ដណ្តើម​យក​អំណាច​ពី​លោក​ Museveni។

ប្រធានាធិបតី ​Museveni បាន​ឆ្លើយតប​ទៅ​នឹង​ការ​ប្រកាស​របស់​លោក Mbabazi ជាមួយ​នឹង​វីដេអូ​ផ្ទាល់​របស់​លោក​មួយ​ ដោយ​ធ្វើ​ការ​ចោទប្រកាន់​អតីត​នាយក​រដ្ឋ​មន្រ្តី​ថា​ បាន​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ពេល​វេលា​របស់​មនុស្ស​គ្រប់​គ្នា ដោយ​ការ​ប្រកាស​ដ៏​តក់​ក្រហល់​មួយ​បែប​នេះ។ លោក​ក៏​បានសួរ​ថា​តើ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​អស់​រយៈពេល​យ៉ាង​យូរ​មកហើយនោះ អាច​ធ្វើ​ឲ្យ​ខូច​នូវ​ទម្រង់​ដឹកនាំ​ជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ដូចម្តេច។

នៅ​ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​រិះគន់​វីដេអូ​ឆ្លើយតប​នោះ ដោយ​និយាយ​ថា​ លោក Museveni ហាក់​ដូចជា​មាន​ភាព​ភ័យខ្លាច​ និង​មាន​ការ​ការពារ​ខ្ពស់ អ្នក​សរសេរ​ប្លុក​ពី​បញ្ហា​នយោបាយ​ឈ្មោះ Michael Freeman Ojula គិត​ថា វា​ជា​ចលនា​ដ៏​ត្រឹមត្រូវ​មួយ។

«ការ​បង្ហោះ​វីដេអូរបស់​លោក Museveni នៅ​តាម​អ៊ីនធឺណិត នោះ​ជា​អ្វី​ដែល​ប្រធានាធិបតី​អ៊ូហ្គង់ដាគាត់​ចង់​ធ្វើ។ ពួកគេ​ចង់​ឃើញ​ប្រធានាធិបតី​ដែល​មិន​ចេះ​តែ​រត់​គេច​ នៅ​ពេល​អ្វី​មួយ​ខុស​ប្រក្រតី​កើត​ឡើង។ ពួកគេ​ចង់​បាន​ប្រធានាធិបតី​ដែល​ចេះ​ធ្វើ​ការ​ឆ្លើយតប។ វា​បង្ហាញ​ថា លោក​បាន​ផ្តល់​ឲ្យ​លោក ​Mbabazi នូវ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​អ្វី​ដែល​គាត់​ចង់​និយាយ។ ដូច្នេះ វា​ពិត​ជា​ជួយ​ឲ្យ​គាត់​យ៉ាង​ខ្លាំង​នៅ​ក្នុង​បរិបទ​ប្រជាប្រិយភាព​សាធារណៈ​»។

គណៈកម្មាការ​បោះឆ្នោត​បាន​រិះគន់​លោក Mbabazi យ៉ាង​ខ្លាំង​ ចំពោះ​ការ​ប្រកាស​របស់​លោក ដែល​គណៈកម្មការ​នោះ​ និយាយ​ថា​ ​បាន​ធ្វើ​ឡើង​នៅ​មុន​កាលកំណត់​នៃ​កម្មវិធី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។

លោក​ Ofwan Opondo ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល ក៏​មាន​ជំហរ​ប្រឆាំង​នឹង​លោក​ Mbabazi នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ ​ដោយ​និយាយ​ថា ​លោក​ Mbabazi «បាន​ចាប់​ផ្តើម​សង្រ្គាម​មួយ​ដែល​ខ្លួន​លោក​នឹង​មិន​ឈ្នះ»។ ចំណែក​ឯ​អ្នក​គាំទ្រ​លោក Mbabazi ​វិញ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ពី​បទ​ហែក​ផ្ទាំង​ផ្សព្វផ្សាយ​យុទ្ធនាការ​ និង​ចាប់​ខ្លួន​អ្នក​គាំទ្រ​ជា​ច្រើន​នាក់។

ក៏ប៉ុន្តែ​មនុស្ស​ជាច្រើន​មើល​ឃើញ​ថា ការ​ប្រកាស​នេះ​ជា​ការ​ផ្លាស់ប្តូរ​ស្ថានភាព​ដ៏សំខាន់​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​សួរ​ដេញដោល​គ្នា​នៅ​ទូទាំង​ក្រុង Kampala ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ឆ្ងល់​ថា តើ​អ្វី​ទៅ​ជា​ជំហាន​បន្ទាប់​ ដែល​លោក Mbabazi នឹង​យក​អនុវត្ត​សម្រាប់​អនាគត​នៃ​រដ្ឋាភិបាល​ «គណបក្ស​ចលនា​ជាតិ​តស៊ូ​ប្រឆាំង»​ របស់​លោក​ ក៏ដូច​ជា​សម្រាប់ប្រទេស​អ៊ូហ្គង់ដា​ទាំង​មូល៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ​ប៉េងហ៊ុយ

XS
SM
MD
LG