ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេហ្ស៊ីប​បន្ត​កាត់ទោស​អតីត​ប្រធានាធិបតី


បាតុករ​ប្រឆាំង​​អតីត​​ប្រធានាធិតី​ Hosni​ Mubarak​ យក​ស្បែក​​ជើង​វាយ​​លើ​រូបថត​​អតីត​​ប្រធានាធិបតី​ Mubarak​ហើយ​នឹង​​កូនប្រុស​របស់​​គាត់​២​នាក់​ទៀត​ Gamal និង​​​ Alaa ​និង​​អតីត​​រដ្ឋមន្រ្តី​​ក្រសួង​​មហាផ្ទៃ​ Habib​ al-Adli, ​នៅខាង​មុខ​​បណ្ឌិតសភា​​ប៉ូលីស​
បាតុករ​ប្រឆាំង​​អតីត​​ប្រធានាធិតី​ Hosni​ Mubarak​ យក​ស្បែក​​ជើង​វាយ​​លើ​រូបថត​​អតីត​​ប្រធានាធិបតី​ Mubarak​ហើយ​នឹង​​កូនប្រុស​របស់​​គាត់​២​នាក់​ទៀត​ Gamal និង​​​ Alaa ​និង​​អតីត​​រដ្ឋមន្រ្តី​​ក្រសួង​​មហាផ្ទៃ​ Habib​ al-Adli, ​នៅខាង​មុខ​​បណ្ឌិតសភា​​ប៉ូលីស​

ប្រធានាធិបតី​ ហ៊ូស្នី មូបារ៉ាក់ (Hosni ​Mubarak) ​ដែល​គេ​បណ្តេញ​ចេញ​ពី​តំណែង​បាន​វិល​ត្រឡប់​មក​តុលាការ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចូលរួម​សវនាការ​លើក​ទីបី​នៅ​ក្នុង​ការកាត់ទោស​លោក​លើបទ​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ​និង​ការឃុបឃិត​ក្នុង​ការ​សម្លាប់​ពួក​បាតុករ​ក្នុង​អំឡុងពេល​នៃ​ការងើប​បះបោរ​អស់រយៈ​ពេល​១៨​ថ្ងៃ​ដែល​បាន​ទម្លាក់​លោក​ចេញ​ពី​តំណែង។

ពួក​អ្នកប្រឆាំង​លោក​ Hosni ​Mubarak​ បាន​ចោល​ដុំថ្ម​ដាក់​ប៉ូលិស​ប្រឆាំង​កុប្បកម្ម​និង​ហែក​របង​លួស​បន្លា​នៅ​ខាងក្រៅ​បណ្ឌិត​សភា​ប៉ូលិស​ដែល​ការកាត់​ទោស​អតីត​ប្រធានាធិបតី​បាន​ធ្វើ​ឡើង។ ក្រោយមក​ ប៉ូលិស​បាន​វាយ​សម្រុក​ចូល​ក្នុង​ហ្វូង​មនុស្ស​ដែល​ភាគ​ច្រើន​ជា​យុវជន​ក្មេង​ៗ​ដើម្បី​រុញ​ពួកគេ​ចេញពី​អាគារ។

លោក ​Mubarak បាន​ត្រូវ​គេ​ដាក់​លើ​គ្រែប្រង់ការ​រុញ​ចូល​ក្នុង​បន្ទប់​តុលាការ​ដូច​ដែល​លោក​បានធ្វើ​ក្នុង​អំឡុងពេល​សវនាការពីរ​លើក​កាលពីពេល​មុន។ ការកាត់​ទោស​នោះ​ មិន​បាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ទេ​ហើយ​ពួក​អ្នក​កាសែត​នៅ​តុលាការ​ និយាយ​ថា​ពួក​គេ​មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​យក​ទូរស័ព្ទ​ដៃ​ចូល​ខាង​ក្នុង​ទេ។

ក្នុង​បន្ទប់​តុលាការ ​សាច់ញាតិ​របស់​មនុស្ស​ដែល​គេ​សម្លាប់​ក្នុង​អំឡុង​ពេល​បដិវត្តន៍​ខែ​មករា ​បាន​និយាយ​ឡកឡឺយ​ឲ្យ​ពួក​មេធាវី​របស់​លោក ​Mubarak ​ដោយ​ការហួច​សម្តែង​ការមិនពេញចិត្ត​ហើយ​ជួនកាល​បាន​វាយ​ប្រហារ​ពួកគេ​នឹង​ដប​ទឹក។ មូហាម៉េដ បាគ្រី (Mohammed ​Bakri)​ ដែល​បាន​ចូល​ស្តាប់​សវនាការ ​បាន​ពណ៌នា​អំពី​ទិដ្ឋភាពនោះ​ថា៖

«មាន​ការប្រយុទ្ធ​វាយ​គ្នា​នឹង​ដៃ​ហើយ​ពួកបាតុករ​ បាន​ចោល​ដប​ទឹក​ដាក់គ្នា​ទៅវិញ​ទៅមក។ លោក​និយាយ​ទៀត​ថា​ មាន​មនុស្ស​យ៉ាង​ច្រើន ​ដែល​នាំ​ឲ្យ​ពួក​មេធាវី​ត្រូវ​ចាកចេញ​ពី​បន្ទប់​តុលាការ​ព្រោះតែ​ការភ័យ​ខ្លាច​រង​របួស។ លោក​និយាយ​ថា​ប៉ូលិស​មិន​អាច​បញ្ឈប់​ការវាយ​ប្រតប់​គ្នា​នោះ​បាន​ទេ​ ហើយ​លោក​ឆ្ងល់​ថា​តើ​ពួក​អ្នក​បង្កើត​បញ្ហា​នោះ​ចូល​ក្នុង​បន្ទប់​តុលាការ​យ៉ាង​ដូចម្តេច​ដោយសារតែ​គេ​បាន​ឆែកឆេរ​ដ៏​តឹងរ៉ឹង​បំផុត​រួចហើយ»។

លោក ​ហ៊ីស្ហាម កាសេម(Hisham​ Kassem)​ ជា​បណ្ណាធិការ​និងអ្នកបោះ​ពុម្ភ​ផ្សាយ​ជើង​ចាស់​របស់​កាសែតអេហ្ស៊ីប ​និយាយ​ថា ​ទោះបី​មាន​ឆាកល្ខោន​ដូច​នេះ​នៅ​តុលាការ​ក៏ដោយ​ដំណើរ​ការកាត់​ទោស​បន្ត​ទៅមុខ។

«ខ្ញុំ​គិត​ថា​ គេ​មាន​អារម្មណ៍​រីករាយ​ម្តងទៀត។ មាន​ការភ័យខ្លាច​កាលពីពេល​មុន​ដែរ​ថា​ Mubarack ​ប្រហែល​ជា​មិន​បង្ហាញ​ខ្លួន​ពេល​អត់​ Cameras​ ថត​ទេ។ ប៉ុន្តែ ​ការណ៍​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា​វា​លែង​ជា​បញ្ហាទៀត​ហើយ។ លោក ​Mubarak​ បាន​ស្ថិត​នៅ​ក្នុងទ្រុង​ហើយ​ចៅក្រម​ កំពុង​ខិតខំ​យ៉ា​ង​សម្បើម​ដើម្បី​អនុវត្ត​តាម​នីតិវិធី​តុលាការ។ ដូច្នេះ ​ខ្ញុំ​គិត​ថា​ការកាត់ទោស​នេះ ​កំពុង​ធ្វើ​ឡើងរហូត​ដល់​ទីបញ្ចប់»។

អតីត​ប្រធានាធិបតី ​មិន​បាន​សារភាព​ទទួល​កំហុស​លើ​បទចោទប្រកាន់​ថា​លោក​បាន​បញ្ចារ​ឲ្យ​សម្លាប់​ពួកបាតុករ​ជិត​៨៥០​នាក់​ក្នុង​អំឡុង​ពេល​នៃ​ការបះបោរ​ដែល​បាន​បង្ខំ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​កាលពី​ខែ​កុម្ភៈ​បន្ទាប់ពី​បាន​កាន់​អំណាច​ជិត​៣០​ឆ្នាំ។

លោក ​Mubarak​ និង​កូនប្រុស​២​នាក់​របស់​លោក​គឺ ​អាឡា (Alaa)​ និង​ កាម៉ាល់ (Gamal)​ ក៏​ត្រូវ​រងការ​ចោទ​ប្រកាន់​ពីអំពើ​ពុករលួយ​ដែរ។ អតីត​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​ហាប៊ីប អាល់ អាដលី (Habib​ al Adly) ​និង​អ្នក​នៅ​ក្រោម​បង្គាប់​៦​នាក់​ទៀត ត្រូវ​កាត់ទោស​ជាមួយ​អតីត​ប្រធានាធិបតី​លើ​ការទទួល​ខុសត្រូវ​ក្នុង​ការសម្លាប់​ពួកបាតុករ។ លោក ​Adly​ បានសុំ​ឲ្យ​ចៅ​ក្រម​ធ្វើ​កាត់ទោស​ដាច់​ពីគ្នា។

ប្រែ​សម្រួល​ដោយ​ជឹង​ ប៉ូជីន

XS
SM
MD
LG