ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់មតិ​ដោយ​ក្រុមអាមេរិកាំង​មួយ​ឃើញថា​ពលរដ្ឋ​កម្ពុជា​ពេញចិត្ត​នឹង​ទិសដៅ​របស់​កម្ពុជា


លោក​ ចន វីលីស​ (John Willis) ជា​នាយក​នៃ​វិទ្យាស្ថាន​ IRI ​នៅ​ប្រទេសកម្ពុជា។
លោក​ ចន វីលីស​ (John Willis) ជា​នាយក​នៃ​វិទ្យាស្ថាន​ IRI ​នៅ​ប្រទេសកម្ពុជា។

រាជធានីភ្នំពេញ៖ ការស្ទង់មតិ​ថ្មី​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ (International Republican Institute)​ ដែល​ជា​អង្គការ​អាមេរិកាំង​មួយ​នោះ​ ឲ្យ​ដឹង​ថា​ចំនួន​បី​ភាគ​បួន​ នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ មាន​ការពេញចិត្ត​ចំពោះ​គោលដៅ​ដឹកនាំ​ប្រទេស​របស់​ពួកគេ។​ ចំពោះ​អ្នកទាំងឡាយ​ដែល​មិន​យល់ស្រប​ និយាយ​ថា​ អំពើ​ពុករលួយ​ គឺ​ជា​បញ្ហា​ខ្លាំង​មួយ។

ការស្ទង់មតិ​ដែល​បាន​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ឬ​ហៅ​កាត់​ថា​ IRI ​បាន​រក​ឃើញ​ថា​ ៧៦​ភាគរយ​ នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ មាន​ការពេញចិត្ត​ចំពោះ​ការដឹកនាំ​ប្រទេស​ដែល​ពួកគេ​មាន​សព្វថ្ងៃ​នេះ។

ពួកគេ​បាន​លើកឡើង​ពី​ការរីកចម្រើន​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ មាន​ដូចជា​ ផ្លូវ​ថ្នល់​ សាលារៀន​ និង​គ្លីនិក​សុខភាព​ជាដើម។

វិទ្យាស្ថាន​IRI​ ដែល​ធ្វើការ​លើកកម្ពស់​លិទ្ធិ​ប្រជាធិបតេយ្យ​បាន​ចេញ​ផ្សាយ​លទ្ធផល​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃសុក្រ។

លោក​ ចន វីលីស​ (John Willis) ជា​នាយក​នៃ​វិទ្យាស្ថាន​ IRI​ ដែល​វិទ្យាស្ថាន​របស់​លោក​ទទួល​ការឧបត្ថម្ភ​ភាគ​ច្រើន​ដោយ​ជំនួយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«ការស្ទង់មតិ​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​ការធ្លាក់ចុះ​ពី​ចំនួន​៨២​ភាគរយ​ កាលពី​ពីរ​ឆ្នាំ​មុន​ ក៏ប៉ុន្តែ​ ចំនួន​នោះ​នៅតែ​ខ្ពស់​សម្រាប់​បទដ្ឋាន​នៅ​ទូទាំង​ពិភពលោក»។

លោក​ វីលីស​ កត់សម្គាល់​ថា​ ជិត​២៥​ភាគរយ​នៃ​អ្នក​ដែល​បាន​ឆ្លើយតប​នឹង​ការស្ទង់មតិ​នេះ​ គិត​ថា​ ប្រទេស​កម្ពុជា​ កំពុង​ត្រូវបាន​ដឹកនាំ​ទៅ​ផ្លូវខុស។

«ចំពោះ​ប្រជាពលរដ្ឋ​២៣​ភាគរយ​ ដែល​និយាយ​ថា​ ប្រទេស​របស់ខ្លួន​កំពុងតែ​ត្រូវបាន​ដឹកនាំ​ទៅ​ផ្លូវ ខុស​នោះ​ ពួកគេ​ភាគច្រើន​និយាយ​ថា​ អំពើ​ពុករលួយ​ គឺជា​បញ្ហា​ទីមួយ​ ហើយ​បន្ទាប់មក​គឺ​ភាពគ្មាន ការងារធ្វើ​ ភាពក្រីក្រ​ និង​បញ្ហា​អតិផរណា»។

វិទ្យាស្ថាន​ IRI​ បានចាប់ផ្តើម​ធ្វើការ​ស្ទង់មតិ​នេះ​នៅ​ពាក់កណ្តាល​ឆ្នាំ២០១០​ ដោយ​សួរ​សំណួរ​ទៅ​មនុស្ស​ពេញវ័យ​ចំនួន​២.០០០នាក់។

ការស្ទង់មតិ​នេះ​ ក៏បាន​រកឃើញ​ផងដែរ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​គិតថា​បញ្ហា​ធំ​បំផុត​ ដែល​ប្រទេស​នេះ​កំពុង​ប្រឈមមុខ​ គឺ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​រៀបចំ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម។

ប្រទេស​កម្ពុជា​កំពុងតែ​ធ្វើការ​ជាមួយ​ប្រទេស​ទាំងពីរ​ ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​អំពី​ព្រំដែន​ដែល​មាន​ប្រវែង​រាប់​ពាន់​គីឡូម៉ែត្រ។​ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ ភាពតានតឹង​ជាមួយ​ប្រទេសថៃ​លើ​បញ្ហា​ព្រំដែន​នេះ​ បាន​កើន​ឡើង​ ហើយ​ ទាហាន​របស់​ប្រទេស​ទាំងពីរ​ បាន​ស្លាប់​នៅក្នុង​ការប៉ះ ទង្គិច​គ្នា​អំពី​បញ្ហា​ព្រំដែន​នេះ។

កសិករ​ខ្លះ​ បាន​តវ៉ា​អំពី​ការបាត់បង់​ដី​របស់​ពួកគេ​ទៅ​វៀតណាម​ ដែល​នោះ​ជា​ការចោទប្រកាន់​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរិ៍្ត​ឈ្មោះ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដែល​មាន​ចំណង​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុងហាណូយ។

«វា​ជា​សំណួរ​បើក​ចំហរ​មួយ​ យើង​គ្រាន់តែ​ចោទ​សួរ​ថា​ តាម​ទស្សនៈ​របស់​អ្នក​ តើ​បញ្ហា​ធំ​បំផុត​ ដែល​ប្រទេស​នេះ​ កំពុង​ប្រឈម​ គឺ​ជា​បញ្ហា​អ្វី?​ យើង​មិន​បាន​ឲ្យ​ជា​តម្រុយ​សម្រាប់​ចម្លើយ​ណា​មួយ​ទេ។​ ដូច្នេះ​ ពួកគេ​អាច​ជ្រើសរើស​ចម្លើយ​ដោយ​សេរី។ យើង​ឃើញ​ថា​ជាង​មួយ​ភាគ​បី​នៃ​អ្នក​ដែល​បាន​ឆ្លើយ​និយាយ​ថា​គឺ​បញ្ហា​ព្រំដែន»។

ការស្ទង់មតិ​នេះ​ក៏​បាន​សួរ​សំណួរ​អំពី​កម្មសិទ្ធិ​ដី​ធ្លី​ផងដែរ​ ដែល​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ ក្នុង​ប្រទេស​ដែល​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​រស់នៅ​ក្នុង​តំបន់​ជនបទ​ដូចនេះ។

ពាក់​កណ្តាល​នៃ​អ្នក​ផ្តល់​ចម្លើយ​ដែល​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ជនបទ​និយាយ​ថា​ ពួកគេ​មាន​ដី​ជា​កម្មសិទ្ធ​ មិន​ដល់​មួយ​ហិកតា​ទេ ​ហើយ​ភាគច្រើន​ថា​ ពួកគេ​មាន​ការខ្វះខាត​ទឹក​យ៉ាងខ្លាំង​សម្រាប់​ដំណាំ​របស់​ពួកគេ។

៧​ភាគរយ​និយាយ​ថា​ មាន​គេ​ព្យាយាម​លួច​ដី​របស់​ពួកគេ​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​នេះ។​ ម្ចាស់ដី​ និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ភាគ​ច្រើន​និយាយ​ថា​ អ្នក​មាន​ទ្រព្យ​សម្បត្តិ​ និង​អ្នកមាន​អំណាច​ ជាញឹកញាប់​ បង្ខំ​កសិករ​ឲ្យ​ចេញ​ពី​ដី​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ មិន​អាច​ទាក់ទង​ដើម្បី​ធ្វើការ​អធិប្បាយ​អំពី​ការស្ទង់មតិ​នេះ​បាន​ទេ​ក៏ប៉ុន្តែ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ បានត្អូញត្អែរ​ជាប្រចាំ​ថា​ ប្រទេស​កម្ពុជា​ កំពុង​ត្រូវបាន​ដឹកនាំ​ទៅ​រក​ផ្លូវ​ខុស។

ពួកគេ​និយាយ​ថា​ រដ្ឋាភិបាល​គ្មាន​ភាពអត់ធ្មត់​ចំពោះ​ការរិះគន់​ ហើយ​ប្រើប្រាស់​តុលាការ​ និង​គំរាមកំហែង​ ដើម្បី​បំភ័យ​អ្នករិះគន់​ទាំងនោះ។

ការរកឃើញ​របស់​វិទ្យាស្ថាន​IRI​ បង្ហាញ​ថា​ សម្រាប់​ពេល​ឥឡូវ​នេះ​ ការព្រួយ​បារម្ភ​ទាំងនោះ​ មាន​ឮ​តិច​ជាង​នៅ​ក្នុងចំណោមប្រជាពលរដ្ឋ​កម្ពុជា​ដែល​ខំ​រក​ស៊ី​ចិញ្ចឹម​ជីវិត៕

ប្រែសម្រួល​ដោយ​ លី ម៉ូរីវ៉ាន់

XS
SM
MD
LG