ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​មនុស្ស​ដាក់​ញត្តិ​សុំ​ឲ្យ​មាន​អន្តរាគមន៍​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​


មេដឹកនាំអង្គការ​សង្គម​ស៊ីវិល​អ្នកស្រី​ ចក់ សុភាព និង​លោក​ អាត់ ធន់​ នាំ​យក​ញត្តិ​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត​ រិទ្ធ​ ស្នើសុំ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាលវើលដ៍​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២២។ ​ ​(ហ៊ុល រស្មី/វីអូអេ)

អង្គការ​សង្គម​ស៊ីវិល​ជាង​១៣០​ស្ថាប័ន​ដែល​ក្នុង​នោះ​មាន​ក្រុម​សកម្មជន​អ្នក​តាមដាន​ស្ថានការណ៍​សង្គម បាន​សរសេរ​ញត្តិ​មួយ​ថ្មី​ទៀត​ដាក់​ទៅ​ក្រសួង​ចំនួន​៣​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ដោះលែង​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​យ៉ាង​ហោច​ណាស់​៨​នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។​

ការ​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​សហជីព​ខាង​លើ​ធ្វើ​ឡើង​នៅ​ស្រប​ពេល​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​សកម្មជន​សហជីព​ចំនួន​៣​នាក់​ផ្សេង​ទៀត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ពី​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​បង្ការ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ស្រប​តាម​ច្បាប់​ស្ដីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អ្នកស្រី​ចក់ សុភាព​និង​មន្ត្រី​សង្គមស៊ីវិល​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​និង​ការងារ​មួយ​ចំនួន​ទៀត​បាន​នាំ​យក​ញត្តិ​ចំនួន​៣​ច្បាប់​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌​ក្រសួង​ការងារ ​និង​ក្រសួង​កិច្ចការ​នារី​ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​ជា​ដើម​ចម​នាំ​ដល់​ការ​ឃាត់​ខ្លួន​ថ្នាក់​ដឹកនាំ​សកម្មជន ​និងសមាជិក​សហជីព​ជា​បន្តបន្ទាប់​នោះ។​

អ្នកស្រី​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​មុខ​ក្រសួង​យុត្តិធម៌​ថា​ គន្លឹះ​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ស្ថិត​នៅ​លើ​សេរីភាព​របស់​អ្នក​សហជីព​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​និង​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។​

«ដូច​ខ្ញុំ​បាន​និយាយ​អ៊ីចឹង​ការ​ចរចា​មួយ​ដែល​មាន​យុត្តិធម៌​គឺ​ជា​ការ​ចរចា​មួយ​ដែល​មាន​អំណាច​ស្មើ​គ្នា​រវាង​ក្រុមហ៊ុន​ហើយ​និង​តំណាង​សហជីព។​បើ​សិន​ជា​តំណាង​សហជីព​របស់ពួក​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ ត្រូវ​បាន​ចោទ​ប្រកាន់​ហើយ​យើង​ប្រកូក​ប្រកាស​ត្រូវ​មាន​ការ​ចរចា​សួរ​ថា​ តើ​អ្វី​ទៅ​ជា​អំណាច​នៅ​ក្នុង​ការ​ចរចា​នៅ​ពេល​ហ្នឹង»។

អ្នកស្រី​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅមុខ​ក្រសួង​យុត្តិធម៌​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។ ​(ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅមុខ​ក្រសួង​យុត្តិធម៌​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។ ​(ហ៊ុល រស្មី/វីអូអេ)
រូប​ឯកសារ៖ កូដករ​កំពុង​ឈរ​ធ្វើ​កូដកម្ម​ លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ ទាមទារ​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨​រូប នាថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ កូដករ​កំពុង​ឈរ​ធ្វើ​កូដកម្ម​ លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ ទាមទារ​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨​រូប នាថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

មាន​វត្តមាន​ក្នុង​សន្និសីទ​នោះ​ដែរ​ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​ អាត់ ធន់ ​និយាយ​ថា​ ការ​ប្រើ​ប្រាស់​បទ​ល្មើស​ព្រហ្មទណ្ឌ​មក​ឆ្លើយ​តប​នឹង​ជម្លោះ​ការងារ​គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ​ ដូច្នេះ​លោក​ជឿ​ថា​ ក្រសួង​ពាក់​ព័ន្ធ​ទាំង​៣​ដែល​មាន​ក្រសួង​យុត្តិធម៌​ក្រសួង​ការងារ​ និង​ក្រសួង​កិច្ចការ​នារី​អាច​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ដើម្បី​សម្រួល​បញ្ចប់​វិវាទ​ការងារ​រ៉ាំ​រ៉ៃ​មួយ​នេះ។​

«អ៊ីចឹង​ខ្ញុំ​ចូល​រួម​នៅ​ក្នុង​ការ​ដាក់​ញត្តិ​នេះ​គឺ​ទទូច​ជា​ពិសេស​គឺ​ក្រសួង​យុត្តិធម៌​ហ្នឹង​តែ​ម្តង​ដែល​មាន​ទំនាក់ទំនង​ឬ​ក៏​មាន​ការងារ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ព្រះ​រាជអាជ្ញា​ឬ​ក៏​កង​កម្លាំង​ប៉ូលិស​ក្នុង​នាម​រដ្ឋាភិបាល។​ ខ្ញុំ​គិត​ថា​អាច​នឹង​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​ផ្តល់​យោបល់​និង​ដោះស្រាយ​រឿង​នេះ។ខ្ញុំ​សង្ឃឹម​ថា​រឿង​នេះ​នឹង​អាច​នឹង​បាន​ដោះស្រាយ​ដោយ​ប្រសើរ​និង​ឈ្នះៗ​ទាំង​អស់​គ្នា»។

VOA Khmerប្រធានសហភាពការងារ​កម្ពុជា​លោក​អាត់ ធន់​ មានវត្តមាននៅក្នុងសន្និសីទកាសែត​ នៅមុខ​ក្រសួង​យុត្តិធម៌​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)
VOA Khmerប្រធានសហភាពការងារ​កម្ពុជា​លោក​អាត់ ធន់​ មានវត្តមាននៅក្នុងសន្និសីទកាសែត​ នៅមុខ​ក្រសួង​យុត្តិធម៌​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)
មន្ត្រី​កម្ម​វិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​សង់​ត្រាល់ លោក​ឃុន ថារ៉ូ​ ថ្លែង​ក្នុងសន្និសីទ​ព័ត៌មាន​ ធ្វើឡើង​នៅមុខ​ក្រសួង​យុត្តិធម៌ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០ ខែកុម្ភៈ​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)
មន្ត្រី​កម្ម​វិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​សង់​ត្រាល់ លោក​ឃុន ថារ៉ូ​ ថ្លែង​ក្នុងសន្និសីទ​ព័ត៌មាន​ ធ្វើឡើង​នៅមុខ​ក្រសួង​យុត្តិធម៌ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០ ខែកុម្ភៈ​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

ដោយ​ឡែក​មន្ត្រី​កម្ម​វិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សង់ត្រាល់ ​លោក​ឃុន ថារ៉ូ​ លើក​ឡើង​ថា​សង្គម​ស៊ីវិល​ចាត់​ទុក​ថា​ការ​ប្រើប្រាស់​វិធាន​សុខាភិបាល​តឹង​រ៉ឹង​របស់​អាជ្ញាធរ​រដ្ឋ​អំឡុង​ពេល​កូដកម្ម​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​របស់​កូដករ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​វិវាទ​ការងារ​របស់​ពួក​គេ។​

លោក​ឃុន ថារ៉ូ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា៖​«ការ​វិវឌ្ឍ​ចុង​ក្រោយ​នៃ​ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​គឺ​ជា​ការ​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់​ធ្ងរ​ដោយ​អាជ្ញាធរ​រដ្ឋ»។​

ក្នុង​ញត្តិ​ដែល​បាន​ដាក់​ទៅ​កាន់​ក្រសួង​ទាំង​៣​នោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ដោះ​លែង​ជា​បន្ទាន់​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដោយ​ឥត​លក្ខខណ្ឌ​លើ​ថ្នាក់​ដឹក​នាំ​និង​សកម្ម​ជន​សហជីព​ដែល​តុលាការ​កំពុង​ឃុំ​ខ្លួន​និង​ជំរុញ​ឲ្យ​មាន​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជា​បន្ទាន់​ដើម្បី​បញ្ចប់​វិវាទ​ការងារ​រួម​មួយ​នេះ។ ញត្តិ​នោះ​និយាយ​តែ​អំពី​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​៨​នាក់​ដែល​កំពុង​ជាប់​ឃុំ​ ដោយ​មិន​បាន​រាប់​បញ្ចូល​សមាជិក​សហជីព​៣​រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ទេ។​

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ជិន ម៉ាលីន ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រសហ្បតិ៍​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ស្វះ​ស្វែង​រក​ការ​ដោះ​លែង​អ្នក​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នោះ​កំពុង​ធ្វើ​សកម្ម​ភាព​ដើម្បី​កេង​ចំណេញ​ផល​ប្រយោជន៍​ខាង​នយោបាយ។​លោក​បាន​មាន​ប្រសាសន៍​ថា៖​«នេះ​ជា​ទម្លាប់​អង្គការ​សង្គម​ស៊ីវិល​នៅ​យើង​ដែល​ដឹង​យល់​ពី​ច្បាប់​ដែរ​ ក៏ប៉ុន្តែ​ចូលចិត្ត​តែ​បំពាន​ច្បាប់​ ហើយ​មិន​ធ្វើ​ទៅ​តាម​ក្របខណ្ឌ​និង​នីតិវិធី​ច្បាប់​ទេ​ហើយ​តែង​តែ​ធ្វើ​បំពាន​គោលការណ៍​នីតិវិធី​ច្បាប់​ដើម្បី​គ្រាន់​តែ​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ»។​

យ៉ាង​ណា​ក៏ដោយ​នាយក​រង​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​លោក​អំ សំអាត​ ប្រាប់​វីអូអេ​ថា​តំណាង​កូដករ​ដែល​ជា​ថ្នាក់​ដឹកនាំ​និង​អ្នក​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គួរ​តែ​ត្រូវ​បាន​ដោះលែង​ដើម្បី​ឈាន​ទៅ​រក​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​នោះ​ស្រប​ទៅ​តាម​ច្បាប់​ស្តីពី​ការងារ​ដែល​ជា​ជម្រើស​សមស្រប​មួយ។​

បើ​តាម​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​សហជីព​ណាហ្គាវើលដ៍​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​តាំងពី​ខែ​ធ្នូ​ឆ្នាំ​២០២១​ដើម្បី​តវ៉ា​ទៅ​នឹង​ការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំនៅ​កាស៊ីណូ​ណាហ្គាវើលដ៍​ដែល​បាន​ដាក់​គោល​ដៅ​លើ​សហជីព​និង​មិន​បាន​អនុវត្ត​ពេញលេញ​នូវ​ច្បាប់​ស្ដីពី​ការងារ​របស់​ប្រទេស​កម្ពុជា។អាជ្ញាធរ​បាន​ចាត់​ទុក​កូដកម្ម​នោះ​ជា​កូដកម្ម​ធ្វើ​ឡើង​ដោយ​ខុសច្បាប់​និង​បាន​ចាប់​ខ្លួន​សកម្មជន​សហជីព​មួយ​ចំនួនរួម​មាន​កញ្ញា ​ឈឹម​ ​ស៊ីថរ​ដែល​ជា​ប្រធាន​សហជីព​ផង​ដែរ។​

បន្ទាប់​ពីការ​ចាប់​ខ្លួន​អ្នក​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជា​បន្ត​បន្ទាប់​ក្រោម​បទ​ចោទ​ថា​បាន​បំពាន​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នោះ​ ក្រុម​កូដករ​បាន​អនុលោម​ទៅ​តាម​អាជ្ញាធរ​ដោយ​ធ្វើ​ចត្តាឡីស័ក​ចំនួន​៧​ថ្ងៃ​ហើយ​ផ្អាក​កូដកម្ម​មួយ​រយៈ។​

នាយក​គ្រប់​គ្រង​ផ្នែក​ធនធាន​មនុស្ស​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក​ Hein Dames ​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ព្រសហ្បតិ៍​នេះ។​

បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ការ​ចាប់​ខ្លួន​អ្នក​សហជីព​៣​នាក់​ចុង​ក្រោយ​នាំ​ឱ្យ​ចំនួន​សកម្មជន​សហជីព​ណាហ្គាវើលដ៍​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​កើន​ឡើង​ដល់​១១​នាក់។​សមាជិក​សហជីព​ចំនួន​៤​នាក់​ទៀត​ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឲ្យ​ចូល​ខ្លួន​ទាក់​ទង​នឹង​សំណុំ​រឿង​បំពាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ដែរ។​

គួរ​រម្លឹក​ផង​ដែរ​ថា​កាល​ពី​ដើម​ខែ​កុម្ភៈ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​និង​ប្រធាន​រដ្ឋ​សភា​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​អូស​បន្លាយ​ពេល​មក​ជាង​៩​ខែ ហើយ​បុគ្គលិក​កម្មករ​បាន​ធ្វើ​កូដកម្ម​ជាង​មួយ​ខែ​មក​ហើយ៕

XS
SM
MD
LG