ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះ​សង្ឃ​មួយ​អង្គ​នៅ​វត្ត​បទុម​វត្តី​​ត្រូវ​បណ្តេញ​ចេញ​ពី​វត្ត​​​ដោយសារ​បាន​ចូលរួម​សកម្មភាព​នយោបាយ​


កុដិ​ព្រះតេជព្រះគុណ​នន្ទ ង៉ែត វត្ត​បទុម​វត្តី។​
ព្រះ​សង្ឃ​មួយ​អង្គ​ត្រូវ​បាន​បណ្តេញ​ពី​វត្ត​បទុម​វតី្ត​ ក្រុងភ្នំពេញ​ទាំង​យប់ ​ដោយ​សារ​ការ​ចូលរួម​ពិធី​ជួប​ជុំ​ដ៏ធំ​មួយ​របស់​គណប​ក្ស​សង្គ្រោះ​ជាតិ​កាល​ពីថ្ងៃច័ន្ទ​ម្សិល​ម៉ិញ​នេះ។​ ប៉ុន្តែ​ក្រោយ​មកព្រះតេជ​ព្រះគុណ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​គង់​នៅ​ក្នុង​វត្ត​វិញ​ ដោយភ្ជាប់​ជាមួយ​លក្ខខណ្ឌមួយ​ចំនួន។​

គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា​បាន​ធ្វើ​ពិធី​ជួបជុំ​មហាជន​មួយ​កាលពី​រសៀល​ថ្ងៃច័ន្ទ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ដោយមាន​អ្នក​ចូល​រួម​យ៉ាងតិច​ជាង​១​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ជា​អ្នក​បោះ​ឆ្នោត​ ហើយ​ព្រះតេជ​ព្រះគុណ​វឿង សំណាង​ ដែល​ជា​និស្សិត​ផ្នែក​រដ្ឋបាល​នៃ​ពុទ្ធិកៈ​សកល​វិទ្យាល័យ​សីហនុរាជ្យ ​និង​ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ ​និង​សព្វ​ថ្ងៃ​គង់​នៅ​វត្ត​បទុមវត្តីក៏បាន​ចូល​រួម​ក្នុង​ពិធី​ជួបជុំ​នេះ​ដែរ។​

លុះ​ប៉ុន្មាន​ម៉ោងក្រោយ​ពី​ត្រឡប់​មក​ពី​ចូលរួម​ក្នុងពិធី​ជួប​ជុំនេះ​ ព្រះ​តេជ​ព្រះគុណ​ត្រូវ​បណ្តេញ​ចេញ​ពី​វត្ត​ដោយគ្រូ​សូត្រ​ស្តាំ​វត្តនៃ​វត្ត​នេះ​ព្រះនាម​ឃឹម សន ​ដែល​ជា​ព្រះ​មេ​គុណ​សង្ឃ​ រាជធានី​ភ្នំពេញ។​

ព្រះ​តេជ​ព្រះគុណវឿង សំណាង​មាន​សង្ឃដីកា​ថា ​ព្រះអង្គ​ត្រូវ​ភា្នក់ងារ​ក្នុង​វត្ត​តាមដាន​និង​បាន​ថតរូប​របស់​ព្រះ​អង្គ​ដែល​មាន​វត្តមាន​ក្នុង​ចំណោម​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​ព្រះអង្គ​ត្រូវ​បណ្តេញ​ចេញ​ដោយ​សំអាង​ថា​ ព្រះអង្គ​ចូលរួម​សកម្ម​ភាព​នយោបាយ។​

ប៉ុន្តែ​លុះ​ព្រឹកថ្ងៃ​អង្គារ​នេះ​ ព្រះ​តេជ​ព្រះគុណ​គ្រូសូត្រ​ស្តាំ​ឃឹម សន​បាន​អនុញ្ញាតឲ្យព្រះ​តេជ​ព្រះគុណវឿង សំណាង​បន្ត​គង់​នៅ​ក្នុង​វត្តបទុមវត្តី​ឡើងវិញ​ ប៉ុន្តែ​ព្រះ​តេជព្រះគុណ​មិន​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​នយោ​បាយណា​មួយ​ជា​មួយ​គណបក្ស​ប្រឆាំង​ត​ទៅ​ទៀត។ ​នេះ​បើតាម​សង្ឃដីកា​របស់ព្រះ​តេជ​ព្រះគុណវឿង សំណាង។​

«ព្រះ​មេគុណ​បាន​ហៅ​អាត្មា​ទៅ​ចរចា​ទាក់ទង​នឹង​អភិសម្មាចារ្យ ​ព្រះ​វិន័យ​ និង​ច្បាប់​វត្ត។ ​ដល់​ពេល​អញ្ចឹង​បាន​ឱ្យ​អាត្មា​ចុះ​លក្ខន្តិកៈ​សម្រប​សម្រួល​គ្នា​ ហាម​មិន​ឱ្យ​អាត្មា​ចូលរួម​ក្នុង​ទី​លាន​ប្រជា​ធិបតេយ្យ​ និង​បាតុកម្ម​ទៀត​ទេ។ ​បើ​សិន​ជា​នៅ​តែ​ចូលរួម​ក្នុង​ទីលាន​ប្រជា​ធិបតេយ្យ​ ឬ​សកម្មភាព​នយោបាយ​អ្វី​ផ្សេង ​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ​និង​ចេញ​ពី​វត្ត ​មិន​ចាំ​បាច់​អ្នក​ណា​ដេញ​ទេ។ ​នេះ​គឺ​ជា​លក្ខខណ្ឌ​ដែល​អាត្មា​ទទួល​យល់​ព្រម​ពី​វត្ត»។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ព្រះ​តេជ​ព្រះគុណឃឹម សន ​ដែល​ជាអ្នក​សម្រេច​បណ្តេញ​ព្រះ​សង្ឃ ​វឿង​ សំណាង​ចេញពី​វត្ត​ តែ​មិន​អាច​ធ្វើ​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ ​ដោយទូរស័ព្ទ​របស់​ព្រះអង្គបាន​បិទ​ភ្លាម ​បន្ទាប់​ពីអ្នក​យក​ព័ត៌មាន​វីអូអេ​ខេមរភាសា​បាន​ណែ​នាំ​ខ្លួន។

ទោះជា​បែបនេះ​ក្តី​ និស្សិត​ម្នាក់​ទៀត​ ដែល​ស្នាក់​នៅ​វត្ត​ជាមួយ​ព្រះ​តេជ​ព្រះគុណ ​វឿង សំណាង ​ហើយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ថា​ មុន​នេះ​ប្រហែល​២​សប្តាហ៍ ​ប្រធាន​កុដិ​នៅ​វត្តបទុម​វត្តីបាន​កោះ​ប្រជុំ​សង្ឃក្នុង​វត្ត​ហើយ​បាន​ដាក់​បម្រាមការ​ចូលរួម​បាតុកម្ម​ ឬ​សកម្មភាព​នយោបាយ​ណា​មួយ​ទេ​ ប៉ុន្តែ​បម្រាម​នេះ​មិន​បាន​បញ្ជាក់​ពី​ផល​វិបាក​នៃ​ការ​ចូលរួម​នោះ​ទេ។​ ​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ​គណបក្ស​សង្គ្រោះ​ជាតិ​បានថ្កោល​ទោស​ការ​បណ្តេញ​ព្រះ​សង្ឃ​ចេញ​ពី​វត្តនេះ​ថា​ ជា​ទង្វើ​ខុស​ច្បាប់​ និង​វិន័យ​ព្រះ​ពុទ្ធ​សាសនា ​និង​ជា​ទង្វើ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ។
លោក​ហូ វ៉ាន់ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ថ្លែង​ថា ការ​អនុញ្ញាតឲ្យ​ព្រះ​តេជ​ព្រះគុណ​វឿង សំណាង​គង់នៅ​វត្ត​បទុមវត្តីឡើងវិញ​នេះ​កើត​មាន​ឡើង​ក្រោយពីមាន​ការ​សម្រប​សម្រួល​ ​អន្តរាគមន៍​និង​ប្រតិកម្មពី​អង្គការ​សង្គម​ស៊ីវិល។​

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ចាត់ទុក​ការ​បណ្តេញ​ចេញ​និង​ដាក់​លក្ខខណ្ឌ​នេះ​ជា​អំពើ​ល្មើស​ច្បាប់។​

«បើ​ដាក់​លក្ខខណ្ឌ​អញ្ចឹង ​ទាល់​តែ​ដាក់​លក្ខខណ្ឌ​សម្តេច​ទេព វង្ស ​កុំ​ឱ្យ​គាត់​មាន​សង្ឃដីកា​តែ​ផ្តេស​តែផ្តាស ​គាំទ្រ​គណបក្ស​មួយ​ផ្កាប់​មុខ​អញ្ចឹង​ និង​ប្រើ​ពាក្យ​អសុរស​ផង។​ ទី​ពីរ​ បើ​គ្រាន់​តែ​រឿង​ចូលរួម​បាតុកម្ម​អហិង្សា​ និង​ស្រប​ច្បាប់​ប៉ុណ្ណឹង​គ្មាន​អ្វី​ខុស​ទេ។​ បុគ្គល​ណា​ក៏​មាន​សិទ្ធិ​ចូលរួម​ដែរ ​រួម​ទាំង​ព្រះ​សង្ឃ​ផង»។​

រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ចែង​ថា​ ពលរដ្ឋ​គ្រប់រូប ​រួម​ទាំង​ព្រះ​សង្ឃ​ផង​ មាន​សិទ្ធិ​សេរីភាព​លើ​ជំនឿ​សាសនា ​និង​សិទ្ធិ​នយោបាយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG