ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Moderna ប្រកាស​ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​កូវីដ១៩ លើ​កុមារ


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​កាន់​ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន Moderna នៅ​តំបន់​ West Bank ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​កាន់​ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន Moderna នៅ​តំបន់​ West Bank ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមហ៊ុន Moderna របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ខ្លួន​បាន​ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ លើ​កុមារ ដែល​មាន​អាយុ​ចាប់ពី ៦ ខែ រហូត​ដល់ ១២ ឆ្នាំ ដោយ​មាន​គម្រោង​សាកល្បង​លើ​កុមារ​ប្រហែល ៦.៧៥០ នាក់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Stephane Bancel នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Moderna បាន​និយាយ​ថា៖ «យើង​មាន​សេចក្តី​រីករាយ​ដែល​បាន​ចាប់ផ្តើម​ដំណាក់កាល​ទី ២ នៃ​ការ​សាកល្បង ៣ ដំណាក់កាល​របស់​វ៉ាក់សាំង​កូវីដ១៩ លើ​កុមារ​ដែល​មាន​សុខភាព​ល្អ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា»។

លោក​បាន​បន្ថែម​ថា៖ «ការ​សាកល្បង​វ៉ាក់សាំង​នេះ​លើ​កុមារ​នឹង​ជួយ​ឲ្យ​យើង​អាច​វាយតម្លៃ​លើ​សុវត្ថិភាព​និង​ភាព​ស៊ាំ​នៃ​វ៉ាក់សាំង​កូវីដ១៩ របស់​យើង​លើ​កុមារ​បាន»។

អាជ្ញាធរ​សុខាភិបាល​របស់​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា កន្លង​មក មាន​កុមារ​តិចតួច​ប៉ុណ្ណោះ​ដែល​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​កូវីដ១៩ បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ពេញ​វ័យ ប៉ុន្តែ​ក្រុម​កុមារ​អាច​ឆ្លង​និង​ចម្លង​ជំងឺ​នេះ​ទៅ​អ្នក​ដទៃ​បាន។

កន្លង​មក កុមារ​ភាគ​ច្រើន​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ មាន​រោគ​សញ្ញា​តិចតួច ឬ​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់។

មន្ត្រី​អប់រំ​និង​គ្រូ​បង្រៀន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​កំពុង​រង​សម្ពាធ​ឲ្យ​បើក​សាលារៀន​ពេញលេញ​ឡើង​វិញ​ឲ្យ​បាន​កាន់តែ​ឆាប់ ប៉ុន្តែ​ពួកគេ​ជា​ច្រើន​និយាយ​ថា ពួកគេ​ត្រូវការ​ថ្នាក់​រៀន​ដែល​អាច​គ្រប់គ្រង​បាន ឬ​ការ​សិក្សា​ផ្ទាល់​ក្នុង​ថ្នាក់​ដែល​មាន​រយៈពេល​ខ្លី ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​គោលការណ៍​រក្សា​គម្លាត​ពី​គ្នា​ក្នុង​គោល​បំណង​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG