ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទស្សនៈ​ចម្រុះ​លើ​ការ​សម្រេច​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ


សាលារាជធានីភ្នំពេញចាប់ផ្តើមសាងសង់ទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឬស្សីកែវ ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីលានប្រជាធិបតេយ្យចាស់។ ទីលានថ្មីនេះអាចនឹងបើកឲ្យប្រើប្រាស់នៅក្នុងរយៈពេល៣ខែទៀត។ (ស៊ុន ណារិន/VOA)

«បាទ​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ហើយ​សេរីភាព​នៃ​ការ​ជួប​ជុំ​អី​រឹត​ត្បិត​រឹត​តែ​ខ្លាំង​មែន​ទែន​ហើយ»។​ នេះបើយោង​ទៅ​តាម​សម្តី​ប្រជាពលរដ្ឋ​មួយរូប​មក​ពី​ខេត្ត​កណ្តាល។

ខែម ស្រីមុំ ដែល​ជា​អ្នក​រស់​នៅ​ក្រុង​ភ្នំពេញ តែង​តែ​ចេញ​មុខ​តវ៉ា​ជា​បន្ត​បន្ទាប់ បើ​ទោះ​ជា​នាង​មិន​មែន​ជា​ជន​រង​គ្រោះ​ក៏​ដោយ។

ស្រី​មុំ​ ដែល​មាន​អាយុ​៣៧​ឆ្នាំ​ បាន​រំឭក​ថា​នាង​បាន​មក​ទីលាន​ប្រជាធិបតេយ្យ​បច្ចុប្បន្ន ដែល​មាន​ទីតាំង​ក្បែរ​វត្ត​ភ្នំ ក្នុង​ខណ្ឌ​ដូន​ពេញ​ជា​ច្រើន​ដង ដើម្បី​ចូល​រួម​សម្ដែង​មតិ​លើ​បញ្ហា​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​រោងចក្រ​កាត់​ដេរ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។

«ខ្ញុំ​មិន​មែនជា​ជន​រង​គ្រោះ​អី​ តែ​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែរក្នុង​នាម​ខ្ញុំ​ជា​ម្ចាស់​ប្រទេស​ម្នាក់​ដែរ បញ្ហា​ដែល​កើត​ក្នុង​សង្គម ​បញ្ហា​ជាតិ បញ្ហា​រួម​ទាំង​អស់​គ្នា ​យើង​ត្រូវ​តែ​មក​ចូល​រួម​ទាំង​អស់​គ្នា»។

ស្រី​មុំ​បាន​មក​ទីលាន​ប្រជាធិបតេយ្យ​ដែល​ស្ថិត​នៅ​ក្បែរ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​នា​ពេល​ព្រឹក​មួយ ដើម្បី​មើល​ទិដ្ឋភាព​ទីលាន​ប្រជាធិបតេយ្យ​ជា​លើក​ចុង​ក្រោយ។

នាង​និយាយ​ថា៖

«តាម​ពិត​ទៅ​ ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពល​រដ្ឋ​ម្ចាស់​ប្រទេស ខ្ញុំ​អត់​ត្រូវការ​ដូរ​ទីលាន​នេះ​ទៅ​ក្រៅ​ក្រុង​ទេ។ ខ្ញុំ​ចង់​បាន​ទីលាន​នេះ​នៅ​កន្លែង​ដដែល​ នៅ​កណ្ដាល​ក្រុង​តែ​ម្ដង»។

នាង​ពន្យល់​ថា​ ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ​អាច​ងាយ​ស្រួល​ឮ​ដល់​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា។

«ធ្វើ​ម៉េច​ឲ្យ​នៅ​កៀក​រដ្ឋាភិបាល​តែ​ម្ដង​ យើង​មិន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ឆ្ងាយ ឲ្យ​គាត់​ពិបាក​ ក្នុង​ការ​ធ្វើ​ដំណើរ​ ឬ​ក៏​វា​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន ពី​រដ្ឋាភិបាល​ ពិបាក​សំឡេង​គាត់​ឲ្យ​រដ្ឋាភិបាល​ឮ»។

សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀប​ចំ​ទី​លាន​ប្រជាធិបតេយ្យ​ថ្មី​មួយ​ដែល​ស្ថិត​នៅ​ជាប់​នឹង​ដង​ទន្លេ​សាប​ក្នុង​ខណ្ឌ​ឫស្សីកែវ​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ទីលាន​ប្រជាធិបតេយ្យ​ចាស់។ ទីលាន​ថ្មី​នេះ​គ្រោង​នឹង​បើក​ឲ្យ​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​៣​ខែ​ទៀត។

ទីលាន​ប្រជាធិបតេយ្យ​ចាស់​ជា​កន្លែង​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា។

ទីលាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ទីលាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក ម៉ៅ ឆន អាយុ ៣៥​ឆ្នាំ​ ជា​ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ខេត្ត​កណ្ដាល​ មាន​ប្រសាសន៍​ថា ​លោក​ធ្លាប់​មក​តវ៉ា​ជា​ច្រើន​ដងនៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​នោះ​មាន​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ផង​ដែរ។

លោក​ក៏​បាន​លើក​ហេតុ​ផល​ថា​ ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ស្ថិត​នៅ​ឆ្ងាយ​ ​ពិបាក​ធ្វើ​ដំណើរ​ទៅ​សម្ដែង​មតិ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​គាំ​ទ្រ​និង​មិន​ពេញ​ចិត្ត​ទេ​ទៅ​លើ​ការ​ដូរ​ទីតាំង​នេះ»។

លោក​បាន​លើក​ជា​សំណួរ​ថា​ ពេល​ប្រជាពលរដ្ឋ​ត្រូវ​ការ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ តើ​ពួក​ត្រូវ​ធ្វើ​យ៉ាង​ណា។

លោក​មាន​ប្រសាសន៍​ថា៖ «បាទ​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ហើយ​សេរីភាព​នៃ​ការ​ជួប​ជុំ​អី​រឹត​ត្បិត​រឹត​តែ​ខ្លាំង​មែន​ទែន​ហើយ»។​

​ដោយ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទីលាន​ប្រជាធិបតេយ្យ​ចាស់​ស្ថិត​នៅ​ក្បែរ​អគារ​ខ្ពស់​ចំនួន​៣ ដែល​មាន​កម្ពស់​ចាប់​ពី​១០​ទៅ​៣០​ជាន់។ ទីលាន​បច្ចុប្បន្ន​នេះ ក្លាយ​ជា​កន្លែង​វាយ​បាល់​ទះ កន្លែង​ជន​អនាថា​អត់​ផ្ទះ​សម្បែង​ស្នាក់​នៅ​ កន្លែង​ចត​ម៉ូតូ​ រថយន្ត​និង​ជា​កន្លែង​លក់​រថយន្ត​ផង​ដែរ។​

ដោយ​សារ​ភាព​តាន​តឹង​កើត​ឡើង​ជា​បន្ត​បន្ទាប់ ​រដ្ឋាភិបាល​បាន​សម្រេច​បិទ​ទីលាន​ប្រជាធិបតេយ្យ​មិន​ឲ្យ​មាន​ការ​តវ៉ា​និង​ការ​ប្រមូល​ផ្ដុំ​នៅ​ទី​លាន​នេះ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។

ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៣។ (រូបថតពី Reuters)
ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៣។ (រូបថតពី Reuters)

កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៤ អំពើ​ហិង្សា​បាន​កើត​ឡើង​រវាង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​និង​ក្រុម​សន្តិសុខ​ខណ្ឌ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​មន្ត្រី​ តំណាងរាស្ត្រ​ និង ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។ អ្នក​ទាំង​នោះ​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​កុបកម្ម។

ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​សង្រ្គោះ​ជាតិ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ីទីលាន​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​រនាំង​ដែក​និង​លួស​បន្លា​អស់​រយៈពេល​ជា​ច្រើន​ខែ ​ត្រូវ​បាន​បើក​ឡើង​វិញ។ ប៉ុន្តែ ​ការ​ស្នើ​សុំ​សម្ដែង​មតិ​នៅ​ទី​នោះ​ត្រូវ​បាន​រឹត​បន្តឹង ជា​ពិសេស​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ។

លោក ​ម៉េត មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​VOA​ថា​ ទីលាន​ប្រជាធិបតេយ្យ​ថ្មី​នឹង​ត្រូវ​សាលាក្រុង​ដាក់​ឈ្មោះ​ថា«សួន​ប្រជាធិបតេយ្យ»។ សួន​នេះ​នឹង​ត្រូវ​បាន​រៀប​ចំ​ឲ្យ​មាន​កន្លែង​ចត​រថយន្ត​ សួន​ច្បារ​កម្សាន្ត​ បន្ទប់​ទឹក​និង​ឆាក​ជាដើម។

លោក​បញ្ជាក់​ថា​ទីតាំង​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​គោល​បំណង​ពីរ ​គឺ​ជា​កន្លែង​សម្ដែង​មតិ​ផង​និង​កន្លែង​ដើរ​លេង​តាម​សួន​ច្បារ​ផង។​

អ្នក​នាំ​ពាក្យ​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា​ទីតាំង​ថ្មី​នេះ​មាន​ទំហំ​ប្រមាណ​១,៣​ហិចតា ដែល​ធំជាង​ទីតាំង​ចាស់​ប្រមាណ​កន្លះ​ហិកតា។

លោក មាស​ ភក្តី​ បន្ថែម​ថា​ការ​ផ្លាស់​ប្ដូរ​ទីតាំង​គឺ​ដោយ​សារ​មាន​ការ​រអ៊ូរទាំ​ពី​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ។

«អញ្ចឹង​ហើយ​បាន​ជា​យើង​គិត​គូ​វិធាន​ការ​ធានាថា​អ្នក​សម្ដែង​មតិ​នៅ​តែ​អាចមាន​ទីកន្លែងសម្ដែង​មតិ​ហើយ​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ។ ហើយ​យើង​គិត​គូ​ហើយ​បាន​ជា​ចុង​ក្រោយ ​យើង​គិត​ថា​ទីតាំង​ហ្នឹង​ គឺ​ជា​ទីតាំង​ដែល​សមរម្យ​ជាង​គេ ក្នុង​ការ​ដែល​យើង​សម្រេច​ប្ដូរ​ពី​តាំង​ចាស់​មក»។

អ្នកនាំពាក្យ​រូប​នោះ​និយាយ​ថា លោក​សង្ឃឹម​ថា​ នឹង​មិន​មាន​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ ឬ​ការ​ដង្ហែ​ញត្តិ​ចេញ​ពី​ទីតាំង​ថ្មី​មក​ទីក្រុង​ភ្នំពេញ​នោះ​ទេ។

អ្នកនាំពាក្យ​សាលាក្រុង​បញ្ជាក់​បន្ថែម​ ថា​ទីតាំង​ចាស់​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទៅជា​សួន​ច្បារ​និង​កន្លែង​សម្ដែង​របស់​ជន​ពិការ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោកស្រី ចក់ សុភាព បាន​ចាត់​ទុក​ទីលាន​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​ជា«ទីតាំង​ល្អ​គួរ​សម» ព្រោះ​ទីតាំង​នេះ​ស្ថិត​នៅ​ទីប្រជុំ​ជន​និង​ចំ​កណ្ដាល​ក្រុង។ លោកស្រី​បន្ត​ថា​ការ​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​ចាស់ ​មិន​អំណោយ​ផល​ដល់​ការ​បញ្ចេញ​មតិ​នោះ​ទេ។​

លោកស្រី ចក់ សុភាព ​បន្ថែម​ទៀត​ថា​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ទីលាន​នេះ​ហាក់​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ដោយ​សារ​ការ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ជា​កាតព្វកិច្ច​របស់​រដ្ឋ។

លោក​ស្រី​ថ្លែង​ប្រាប់​VOAថា៖

«ការ​ដែល​យើង​រុះ​រើ​ហើយ​ទៅ​កែ​ប្រែ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​កន្លែង​ផ្សេង​ ហើយ​ដែល​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន ហើយ​បង្ក​នូវ​ការ​លំបាក ​ដល់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​បាន​នោះ ខ្ញុំ​មើល​ទៅ​ជា​ចេតនា​មួយ​ផ្ទុយពី​គោល​បំណង​ច្បាប់​នោះ»។

លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់ VOA ថា ក្រោយបញ្ចប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងសំឡេងយុវជនក្នុងនយោបាយកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់ VOA ថា ក្រោយបញ្ចប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងសំឡេងយុវជនក្នុងនយោបាយកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

មាត្រា​២៨​នៃ​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​បាន​ចែង​ថា​ រាជធានី​និង​ខេត្ត​នីមួយៗ​ត្រូវ​បង្កើត​កន្លែង​បញ្ចេញ​មតិ​ជា​សាធារណៈ ដោយ​ត្រូវ​ជ្រើស​រើស​ទី​ធ្លា​ឬ​មណ្ឌល​សមស្រប​មួយ​កន្លែង​ដែល​មនុស្ស​ទូទៅ​ងាយ​ស្ដាប់​ ឭ​និង​មើល​ឃើញ​នៅ​ក្នុង​ទឹក​ដី​នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន សម្រាប់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ឬ​បញ្ចេញ​មតិ​ជា​សាធារណៈ។

លោកស្រី​ ចក់ សុភាព បញ្ជាក់​ថា​លំហ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែ​រួម​តូច​ទៅៗ​ ដោយ​សារ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ។

លោកស្រី Wan-Hea Lee តំណាង​ការិយាល័យ​ឧត្ដម​ស្នង​ការ​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ប្រាប់VOAតាម​សារ​អេឡិចត្រូនិក​ថា​ការ​តវ៉ា​និង​សារ​របស់​អ្នក​តវ៉ា ​ត្រូវ​តែ​បាន​ឃើញ​និង​ឭ​ដោយ​ក្រុម​មនុស្ស​ដែល​ជាគោល​ដៅ​របស់​អ្នក​តវ៉ា​ហើយ​នេះ​ជា​ផ្នែក​មួយ​សំខាន់​នៃ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​ប្រមូល​ផ្ដុំ។

«ការ​ប្តូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ទៅ​កន្លែង​ឆ្ងាយ​ពី​ក្រុម​គោល​ដៅ​របស់​ពួក​គេ​ បណ្ដាល​ឲ្យ​បាត់បង់​តម្លៃ​នៃ​ការ​ប្រមូល​ផ្ដុំ​ ​ដូច្នេះ​ហើយ​ច្បាស់​ណាស់​នឹង​ជា​ឧបសគ្គ​នៃ​ការ​អនុវត្ត​សិទ្ធិ​សំខាន់ៗ»។

លោក​ស្រី​មាន​ប្រសាសន៍​បន្ថែម​ថា៖

«ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​ធានា​ថា​សិទ្ធិ​ទាំងនោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​សម្ដែង​មតិ​របស់​ពួកគេ​ តាម​រយៈ​ការ​ប្រមូល​ផ្ដុំ​នៅ​ទី​សាធារណៈ​ផ្សេងៗ​ តាម​ផ្លូវ ការ​ផ្លាស់​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ មិន​សូវ​ជា​បញ្ហា​នោះ​ទេ»។

កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា​ទី​តាំង​ចាស់​របស់​ទីលាន​ប្រជាធិបតេយ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ទេសចរណ៍​និង​បង្ក​ភាព​រញ៉េរញ៉ៃ។

លោក​បញ្ជាក់​នៅ​ពេល​នោះ​ថា៖ «តំបន់​នេះ​យើង​ធ្វើ​ខុស​ហើយ តំបន់​នេះ​វា​ទាក់​ទង​ទីតាំង​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ។ អញ្ចឹង​តែ​មាន​ស្អី​នៅ​កន្លែង​ហ្នឹង​នរណា​មក​ទេសចរណ៍​វត្ត​ភ្នំ? អញ្ចឹង​យក​ទៅ​ក្រៅ​ទៅ។ ហើយ​បើ​ថា​មិន​ពេញ​ចិត្ត លើក​ទៅ​ដាក់​មុខ​ស្ថាន​ទូត​អាមេរិក មាន​តែ​ប៉ុណ្ណឹង។ អា​ហ្នឹង​សិទ្ធិ​របស់​យើង​តើ»។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក ​ហ៊ុន​ ​សែន ​បាន​បញ្ជាក់​ទៅ​ក្រុម​អ្នក​រិះគន់​អំពី​ការ​ប្ដូរ​ទីតាំង​នេះ​ថា ​ក្រុម​អ្នក​តវ៉ា​នឹង​នៅ​តែ​អាច​បង្ហាញ​សាធារណជន​ឲ្យ​ដឹង​អំពី​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​ដដែល​ ទោះបីជា​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​នេះ​នៅ​ឆ្ងាយ​បន្តិច​ក្ដី។​

លោក​ថ្លែង​ថា​អ្នក​ដែល​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នៅតែ​អាច​មើល​ឃើញ​សកម្មភាព​សម្ដែង​មតិ​នៅ​ទី​តាំង​ថ្មី​នេះ​ដដែល។​

អ្នក​ទិតៀន លើកឡើង​ថា ការ​ប្ដូរ​ទីតាំង​នៃ​ទីលាន​ប្រជាធិបតេយ្យ​នេះ ទំនង​ជា​រដ្ឋាភិបាល​បញ្ចៀស​ការ​តវ៉ា​ទាំង​ឡាយ​ណា​របស់​បក្ស​ប្រឆាំង​ដែល​អាច​កើត​មាន​ នៅ​ពេល​មាន​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​នៅ​ខែ​មិថុនា​ ឆ្នាំ​២០១៧​និង​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា​គណបក្ស​ប្រឆាំង​មិន​គាំទ្រ​ឲ្យ​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ។

«ហើយ​ប៉ុណ្ណឹង​ផង នៅ​ស្ថាប័ន​រដ្ឋ​ខ្លះ ពេល​ដែល​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​ជួប​ជុំ​គ្នា​បញ្ចេញ​មតិ​ហ្នឹង​មិន​ទាំង​យក​ចិត្ត​ទុក​ដាក់​ផង។ ហើយ​ចុះ​ទម្រាំ​តែ​យក​ទៅ​ដាក់​នៅ​ឆ្ងាយ​ពី​ភ្នែក​ពី​ច្រមុះ​ផង ​តើ​ស្ថាប័ន​រដ្ឋ​ទាំង​អស់​ហ្នឹង​អើ​ពើ ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ទេ?»។

បើ​ទោះ​បី​ជា​មាន​ការ​យល់​ឃើញ​អវិជ្ជមាន​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ក៏​ដោយ​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ ក៏​បាន​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ទៅ​កន្លែង​ថ្មី។​

អ្នក​ស្រី សួន ចរិយា អាយុ​៣០​ឆ្នាំ ដែល​ជា​អ្នក​លក់​ចាប់​ហួយ​នៅ​ជាប់​ផ្លូវ​៥១​និង​ជា​ម្ចាស់​ហាង​លក់​ឡាន ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ​មាន​ប្រសាសន៍​ថា ​ការ​បង្ក្រាប​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​កាល​ពី​កន្លង​ទៅ​ បាន​ប៉ះពាល់​ដល់​ការ​រកស៊ី​លក់​រថយន្ត ដោយ​សារ​អ្នក​ស្រី បាន​បិទ​ហាង​ដល់​ទៅ​កន្លះ​ខែ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«បើ​ខ្ញុំ​ ខ្ញុំ​ចង់​ឲ្យ​ផ្លាស់​ប្ដូរ ពី​ព្រោះ​វា​នៅ​កណ្ដាល​ក្រុង។ ពិបាក​ ពេល​ដែល​មាន​ការ​អី​ពិបាក តិច​គេ​បិទ​ផ្លូវ​ កូន​ទៅ​រៀន​ក៏​អត់​កើត​ដែរ​ តែ​បើ​នៅ​កណ្ដាល ​ស្ទះ​ចង្អៀត​តែ​ម្ដង។ បើ​នៅ​ទី​ឆ្ងាយ​បន្តិច ​វា​ទូលាយ​ជាង​អី ​តែ​ប៉ុណ្ណឹង។ ពេល​ដែល​គេ​ចុះ​បង្ក្រាប​ ធម្មតា ប៉ះពាល់​ពួក​ខ្ញុំ​ហើយ ​ចេញ​ចូល​អត់​កើត លក់​ដូរ​ក៏​អត់​កើត លក់​ឡាន​ក៏​អត់​កើត​ដែរ»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី ហៅ ឆវី អាយុ​៦២ឆ្នាំ ជា​អ្នក​លក់​បបរ​គ្រឿង​នៅ​តាម​ផ្លូវ​លេខ​៥១​ដែរ​នោះ​ បាន​បារម្ភ​ពី​សុវត្ថិភាព​ក្រុម​គ្រួសារ​កាលពី​គណបក្ស​ប្រឆាំង​តវ៉ា​និង​មាន​ការ​បង្ក្រាប។

ទោះ​ជា​យ៉ាង​ណា លោកស្រី​ថា​ការ​ប្ដូរ​ឬ​មិន​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​មិន​មាន​បញ្ហា​អ្វី​ចោទ​ចំពោះ​លោកស្រី​នោះ​ទេ។​

«ខ្ញុំ​អត់​មាន​អី​ប្រឆាំង​ ស្រេច​តែ​រាជ​រដ្ឋាភិបាល។ …វា​ប៉ះពាល់​តិច​តួច​អញ្ចឹង​ដែរ តែ​ធ្វើ​ម៉េច​វា​ម្ដង​ម្កាល។ ចេះ​តែ​ទ្រាំ​ទៅ ​វា​មិន​ជា​អី​រាល់​ថ្ងៃ​ណា។ បើ​មាន​ក៏​មាន​ អត់​ក៏​ធម្មតា ​មាន​ជា​បញ្ហា​អី»។

ទោះ​ជា​មាន​ទី​លាន​ប្រជាធិបតេយ្យ​ថ្មី​ក៏​ដោយ ​នាង ខែមស្រីមុំ លើក​ឡើង​ថា​នាង​នឹង​មិន​ទៅ​សម្ដែង​មតិ​នៅ​ទីតាំង​ថ្មី​នោះ​ទេ។ នាង​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​គួរ​តែ​ទៅ​រដ្ឋសភា​តែ​ម្ដង​ទៅ ​ព្រោះ​អី​ជា​កន្លែង ស្ថាប័ន​របស់​ជាតិ​ របស់​រដ្ឋ បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។ ពេល​ណា​ប្រជាពលរដ្ឋ​មាន​កង្វល់​អី ​យើង​ទៅ​ស្ថាប័ន​របស់​រដ្ឋសភា​តែ​ម្ដង​ទៅ មិន​បាច់​ទៅ​ទីលាន​ថ្មី​ វា​ឆ្ងាយ​ពិបាក​ធ្វើ​ដំណើរ»៕

XS
SM
MD
LG