ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ច្រានចោល​សំណើ​សុំ​លុប​បទ​ចោទ​«ញុះញង់»ពី​ក្រម​ព្រហ្មទណ្ឌ


រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ផ្តល់​សម្ភាសន៍​ដល់​​ VOA ក្រោយ​​ចូល​រួម​​កម្មវិធី​​ផ្សាយ​ផ្ទាល់​ «តុមូល​វីអូឌី» អំពី​​​ប្រធានបទ​«​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​​ប្រព័ន្ធ​យុត្តិធម៌» នៅ​បន្ទប់​ផ្សាយ​វីអូឌី​​ភ្នំពេញ​ កាល​ពីឆ្នាំ២០១៩។
រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ផ្តល់​សម្ភាសន៍​ដល់​​ VOA ក្រោយ​​ចូល​រួម​​កម្មវិធី​​ផ្សាយ​ផ្ទាល់​ «តុមូល​វីអូឌី» អំពី​​​ប្រធានបទ​«​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​​ប្រព័ន្ធ​យុត្តិធម៌» នៅ​បន្ទប់​ផ្សាយ​វីអូឌី​​ភ្នំពេញ​ កាល​ពីឆ្នាំ២០១៩។

ដោយ​ប្រតិកម្ម​នឹង​ការ​រិះគន់​ដែល​ថា​បទ​ញុះញង់​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ បាន​ក្លាយ​ជា​ឧបករណ៍​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​ មន្ត្រីជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន​ បាន​បកស្រាយ​ថា​ បទ​ចោទ​ព្រហ្មទណ្ឌ​នេះ​ មិន​មាន​គោល​ដៅ​បិទ​សិទ្ធិ​ពលរដ្ឋ​ទេ​ តែ​ជា​ការ​ការពារ​សណ្តាប់​ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម។

​ការ​បកស្រាយ​របស់​មន្ត្រី​ក្រសួង​យុត្តិធម៌​រូបនេះ​ ធ្វើឡើង​ នៅ​ចំ​ពេល​កម្ពុជា​បាន​ទទួល​រង​ការ​រិះគន់​ពី​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ក្នុង និង​ក្រៅ​ប្រទេស​ ចំពោះ​ការ​មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ នៅ​ពេល​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​ច្បាប់​លើ​ក្រុម​អ្នករិះគន់ និង​ក្រុម​អតីត​សកម្មជន​គណបក្ស​ជំទាស់​នៅ​បន្ត។

លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ផង​នោះ​ បាន​ថ្លែង​ចំអក​ដល់​ក្រុម​សង្គម​ស៊ីវិល​មួយចំនួន​ ដែល​បាន​លើក​ជា​មតិ​ និង​យោបល់​ ​សុំ​ឲ្យ​មាន​ការ​លុបចោល​បទ​ញុះញង់​នេះ ដោយ​សរសេរ​ជា​សំណេរ​បង្ហោះ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖

«ម្យ៉ាង​ដែរ​ស្រុក​ខ្ញុំ ដល់​ពេល​ប្រព្រឹត្ត​បទល្មើស​ច្រើន​ពេក​ទៅ គេច​អត់​រួច​ពី​សំណាញ់​ច្បាប់​ បែ​ជា​នាំ​គ្នា​រិះគន់​និង​ទាមទារ​ឱ្យ​លុប​ច្បាប់​ចោល»។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​រូបនេះ​ ប្រាប់​វីអូអេ​បន្ថែម​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ក្រុម​សង្គម​ស៊ីវិល​ ដែល​ទាមទារ​ឲ្យ​លុប​បទ​ញុះញង់​យ៉ាង​ដូច្នេះ គឺ​ទំនង​ជាពួកគេ​ចង់​ការពារ​ក្រុម​អតីត​សកម្មជន​បក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​និង​ដែល​កំពុង​ជាប់​ក្នុង​ក្តីក្តាំ​ព្រហ្មទណ្ឌ​ជាច្រើន​ករណី​ក្នុង​នោះ​គឺ​មាន​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​។

«ជារួម​ការ​ស្នើ​សុំ​របស់​គាត់​ហ្នឹង​ គឺ​មិនមាន​មូលដ្ឋាន​បច្ចេកទេស​ច្បាប់​ទេ​ គ្រាន់​តែ​ជា​សារ​នយោបាយ​ ដើម្បី​កា​រពារ​ដល់​ក្រុម​សកម្មជន​អតីត​បក្ស​ប្រឆាំង​ហ្នឹង​ ដែល​តែងតែ​ប្រព្រឹត្ត​ខុស​ច្បាប់​ហើយ​រង​នូវ​បទ​ពាក់​ព័ន្ធនឹង​ការ​ញុះញង់​នេះ​ ដោយ​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​រឹង​មាំ និង​ច្បាស់​លាស់»។

លោក ជិន ម៉ាលីន ​លើកឡើង​បន្ថែម​ថា ទោះ​មិន​ព្រម​នឹង​សំណើ​សុំ​លុបចោល​ រដ្ឋាភិបាល​ស្វាគមន៍​ការ​ផ្តល់​យោបល់ដែល​មាន​លក្ខណៈ​ជា​បច្ចេកទេស​ច្បាប់​ដើម្បី​កែ​សម្រួល​បទបញ្ញត្តិ ទាក់ទង​នឹង​បទល្មើស«ញុះញង់»។​

«ក៏ប៉ុន្តែ​បើ​ពួក​គាត់​មាន​ជំនាញការ​បច្ចេកទេស​ខាង​ច្បាប់​នេះ​ ត្រឹមត្រូវ​ច្បាស់​លាស់​ យើង​រីករាយ​ស្វាគមន៍​នឹង​ជជែក​ ដើម្បី​ធ្វើ​ម៉េច​កែសម្រួល​វា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ ដោយ​សារ​បញ្ញត្តិ​នេះ​ គឺ​ដក​ចេញ​ទាំងស្រុង​ពី​ម៉ូដែល​[គំរូ]​របស់​ប្រទេស​បារាំង ហើយ​ត្រូវ​បាន​ជួយ​រៀបចំ​តាក់តែង​ដោយ​អ្នកជំនាញ​កា​រ​របស់​បារាំង។ អ៊ីចឹង​បើសិន​ជា​គាត់​ យល់​ថា​ច្បាប់​នេះ​មាន​បញ្ហា​ អាហ្នឹង​គឺ​ថា​ច្បាប់​បារាំង​ក៏​វា​មាន​បញ្ហា​អ៊ីចឹង​ដែរ»។

ការ​បង្ក្រាប​លើ​ក្រុម​សកម្មជន​វ័យ​ក្មេង​មួយ​ចំនួន​ បាន​កើតឡើង​ជា​បន្តបន្ទាប់ ​កាល​ពី​ខែ​សីហា​ ក្រោយ​សកម្មជន​ទាំង​នោះ​ បាន​នាំ​គ្នា​ចេញ​ដើរ​តាម​ដង​ផ្លូវ​ និង​ធ្វើ​ការ​ប្រមូលផ្តុំ​ក្នុង​ទី​តាំង​នានា​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហភាព​សហជីព​កម្ពុជា។

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។
រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

លោក រ៉ុង ឈុន​ ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​រាត្រី​កាល​ពី​ចុង​ខែ​កក្កដា​និង​ត្រូវ​បាន​ចោទ​ពី​បទ«ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ក្រោយ​លោក​និយាយ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​និង​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ។

ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​ចាប់ឃុំខ្លួន​លោក ​រ៉ុង ឈុន​ នោះ​ ព្រះ​សង្ឃ​មួយ​អង្គ​ ក៏​ត្រូវ​បាន​ចាប់ផ្សឹក​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ផង​ដែរ។ សកម្មជន​ភាគ​ច្រើន​ ដែល​ត្រូវ​ចាប់​ខ្លួន​ចំពោះ​ការ​ចូល​រួម​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​ ត្រូវ​បាន​ចោទ​ពី​បទ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ បទ​ចោទ​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​នេះ ត្រូវ​បាន​រិះគន់​ថា​ដើម្បី​បំបិទ​សំឡេង​តវ៉ា​របស់​ប្រជាពលរដ្ឋ។

ដំណាល​គ្នា​នោះ​ មាន​ក្រុម​ស្ត្រី​មួយ​ចំនួន​ទៀត​បាន​បន្ត​ចេញ​មក​តវ៉ា​ជា​ហូរហែ​រៀង​រាល់​ថ្ងៃ​សុក្រ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ស្វាមី និង​ឪពុក​របស់​ពួកគេ​ជាង​២០នាក់ ដែល​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ខេត្ត​រាជ​ធានី​ខាង​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ជាច្រើន​ករណី។

ក្រុម​អតីត​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ថ្នាក់​ក្រោម​ទាំង​នោះ​ ត្រូវ​ចាប់​យក​មក​ដាក់​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​ពួក​គេ​ផ្តល់​ការ​អធិប្បាយ​ ឬ​ចែក​រំលែក​ព័ត៌មាន​នានា​ពាក់​ព័ន្ធ​ផល​ប៉ះពាល់​របស់​ជំងឺ​កូវីដ​១៩​ មកលើ​សេដ្ឋកិច្ច​កម្ពុជា​ និង​ផែនការ​វិល​ត្រឡប់​របស់​មេដឹក​នាំ​បក្ស​ប្រឆាំងលោក សម រង្ស៊ី ​ចូល​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​៩​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៩។

ដោយ​ឡែក​ អតីត​មន្ត្រី សកម្មជន និង​អ្នកគាំទ្រ​បក្ស​ជំទាស់​ចំនួន​ជាង​១០០​នាក់​ផ្សេង​ទៀត​ កំពុងស្ថិត​ក្នុង​សំណុំ​រឿង«រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»។ បទ​ចោទ​ទាំង​នេះ ​ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​ផែន​ការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី​ ចូល​ប្រទេស​វិញ​ផងដែរ។ សកម្មជន​បរិស្ថាន​មួយ​ចំនួន​ទៀត​ ក៏​រង​កា​រចោទប្រកាន់​ពីពី​បទ«ញុះញង់»នេះ​ ចំពោះ​សកម្មភាព​ការ​ពារ​ធនធាន​ធម្មជាតិ និង​ប្រព័ន្ធ​បរិស្ថានក្នុង​ប្រទេស។

តួយ៉ាង​ សកម្មជន​បរិស្ថាន​៣​នាក់​ គឺ​លោក ​ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា​ និង​កញ្ញា ​ភួន កែវរស្មី ​នៃ​ចលនា​មាតា​ធម្មជាតិ​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​កញ្ញា​ចំពោះ​សកម្ម​ភាព​លើ​បណ្តាញ​សង្គម​ដែល​ផ្សព្វផ្សាយ​អំពី​គម្រោង​ដើរ​ថ្មើរ​ជើង​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ ដើម្បី​បង្ហាញ​ក្តី​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅ​តំបន់​បឹង​តាមោក។​ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី«បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»។

រូបឯកសារ៖ លោក ថុន រដ្ឋា សកម្មជន​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​រារាំង​ដោយ​កងសន្តិសុខ​មិន​ឲ្យ​ឈរ​នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេងសាំង​កាល់តិច នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ថុន រដ្ឋា សកម្មជន​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​រារាំង​ដោយ​កងសន្តិសុខ​មិន​ឲ្យ​ឈរ​នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេងសាំង​កាល់តិច នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

លោក ​សុក សំអឿន មេធាវី​ជើង​ចាស់​ដែល​តែង​ការពារ​សំណុំ​រឿង​សិទ្ធិ​មនុស្ស ​ប្រាប់​VOA​ថា ការ​បកស្រាយរបស់​តុលាការ​អំពីបទ​ចោទ​ញុះញង់​នេះ​ មាន​ភាព​ស្រពេចស្រពិល​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ភាន់ច្រឡំ​រវាង​ការ​និយាយ​ស្តី​និង​ការញុះញង់។ លោក​យល់ថាមាត្រា​នេះ​ គួរ​មាន​ការ​កែប្រែ ដើម្បី​ការពារ​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។

«ដូច្នេះ​វា​ចាំបាច់​ត្រូវ​ បើ​មិន​លុប​ក៏​ត្រូវតែកែ​លម្អ​ពាក្យ​ឲ្យ​វា​រៀង​ច្បាស់​ជាង​មុន​ ព្រោះ​ពាក្យ​ស្អី​ក៏​ញុះញង់​ដែរ ដល់​អ៊ីចឹង​វា​អត់​ត្រូវ​ ..បើៗ​ពាក្យ​បទ​ញុះញង់​ បទ​ឧក្រិដ្ឋ​ជាអាទិ៍​ហ្នឹង លុះត្រា​តែ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​អី​មួយ។ បើ​គ្រាន់​និយាយ​ទៅ​ហើយ​មិន​ដឹង​អា​អ្នក​អត់ចង់​បំណង ​អត់​ចង់​ឲ្យ​អ្នក​នោះ​ទៅ​ធ្វើ​អ៊ីចឹង​ផង​ ហើយក៏យើង​ថា​អាហ្នឹង​ជា​ញុះញង់​ដែរ​ អា​ហ្នឹង​វា​អត់​កើត»។

លោក​ សុក សំអឿន បាន​បង្ហាញ​ពី​ភាព​មិន​ដាច់​ស្រឡះ​មួយចំនួន​ពាក់ព័ន្ធ​នឹង​បទញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​កំពុង​ត្រូវ​បាន​តុលាការ​ប្រើ«មិន​ចំ»ជន​ដែល​ប្រព្រឹត្ត​បទល្មើស​នោះ​ពិតប្រាកដ។ លោក​ពន្យល់​ថា ពាក្យ​«សន្ដិសុខសង្គម»​ «សន្ដិសុខជាតិ»​ «សណ្ដាប់ធ្នាប់​សាធារណៈ» ​មាន​និយមន័យ​ដ៏ទូលំទូលាយ​និង​មិន​ច្បាស់​លាស់។

«ហើយ​ដល់​យើង​យក​អា​ពាក្យ​សន្តិសុខ​សង្គម​ទទេ​ យក​បកស្រាយ​ស្អី​ក៏​ប៉ះពាល់​សន្តិសុខ​សង្គម​ ស្អី​ក៏​ប៉ះពាល់​សន្តិសុខ​សាធារណៈ​ ដល់​ចឹង​ស្អីៗ​ក៏​ជា​ ក៏​ញុះញង់​ដែរ​អាហ្នឹង​បទល្មើស​ ឲ្យ​តែ​... យូរៗ​វា​ទៅ​ជា​ប៉ះ បាត់​អា​មតិ សេរីភាព​បញ្ចេញមតិ​វា​បាត់​អស់»។ ​

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើលនៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ឲ្យ​ដឹង​ថា​បទ​ចោទ​ញុះញង់​ដែល​មាន​នៅ​ត្រង់​មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​ កំពុង​ក្លាយ​ជា​បទ​ចោទ​ពេញនិយម​មួយ​ដែល​តុលាការ​ច្រើន​ប្រើ​មក​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​និង​បរិស្ថាន។ លោក​ក៏​គាំទ្រ​ឲ្យ​មាន​ការ​កែប្រែ​បទបញ្ញត្តិ​ស្តីពី​អំពើ​ញុះញង់​នេះ​ដែរ​ ទោះបី​មិន​មាន​ការ​លើក​សំណើ​ជា​លាយលក្ខណ៍​អក្សរ​ក៏ដោយ។

«យើង​សង្គម​ស៊ីវិល​ យើង​គ្រាន់តែ​ថា​ចង់​ធ្វើ​ម៉េច​ ធ្វើ​ឲ្យ​ក្នុង​គោល​បំណង​ច្បាប់​ហ្នឹង​ឲ្យ​អនុវត្តន៍​ទៅ​ត្រូវ​ក្នុង​លក្ខណៈ​ ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​សណ្តាប់​ធ្នាប់​សង្គម​ កុំ​ឲ្យ​ឆ្លៀត។ បាន​ន័យ​ថា​ កាលណា​វា​នៅ​ភាព​ស្រពេចស្រពិល​ វា​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ទៅ​ វា​អាច​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់ ហើយ​ជួនកាល​វា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ»។

យ៉ាង​ណាក៏ដោយ​ ដោយ​មិន​បាន​ថ្លែង​ចំ​ឈ្មោះ​ក្រុម​សង្គមស៊ីវិល​ណា​មួយ​នោះ​ លោក​ជិន ម៉ាលីន​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ការពារ​បទ​ចោទ​ញុះញង់​នេះ។ លោក​ថា ​ការរៀប​ចំឱ្យ​មាន​បញ្ញត្តិ​ប្រភេទ​បទល្មើស​ច្រើន​ក្នុង​ក្រម​ព្រហ្មទណ្ឌ​គឺ«ដើម្បី​ការពារ​ថែរក្សា​សិទ្ធិសេរីភាព​បុគ្គល និង​សណ្តាប់ធ្នាប់​សាធារណៈ ឆ្លើយតប​ទៅនឹង​ការ​វិវឌ្ឍ​លើ​គ្រប់​វិស័យ​និង​ទិដ្ឋភាព​សង្គម»។

លោក​ ជិន ម៉ាលីន សង្កត់​ធ្ងន់​ថា៖ «ការ​លុបចោល​បទល្មើស​ញុះញង់​នេះ នឹង​នាំ​មក​នូវ​ភាព​អនាធិបតេយ្យ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការបញ្ចេញ​មតិ​ដោយ​បំពាន និង​គ្មានការ​ទទួលខុសត្រូវ ប៉ះពាល់​ដល់​សន្តិ​សុខ​សង្គម សណ្តាប់​ធ្នាប់​សាធារណៈ និង​សិទ្ធិ​សេរីភាព​បុគ្គល»៕

XS
SM
MD
LG