ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ឱ្យ​សមាគម​កសិករ​(CCFC)​ផ្អាក​សកម្មភាព ​ខណៈ​កសិករ​ខ្លះ​បង្ហាញ​ការ​សោក​ស្តាយ


រូប​ឯកសារ៖ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ស្ថិត​នៅក្នុង​អគារ​ផ្ទះ​សាមគ្គី​បន្ត​បិទ​ទ្វារ​នៅ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
រូប​ឯកសារ៖ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ស្ថិត​នៅក្នុង​អគារ​ផ្ទះ​សាមគ្គី​បន្ត​បិទ​ទ្វារ​នៅ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ក្រសួង​មហាផ្ទៃ​បាន​បញ្ជាឱ្យសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)​ ផ្អាក​សកម្មភាព រង់ចាំ​ការ​ដោះ​ស្រាយ​បញ្ចប់​សំណុំ​រឿង​របស់​មេ​ដឹកនាំ​និង​មន្ត្រី​របស់​សមាគម​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«ធ្វើ​បដិវត្តន៍​កសិករ»។ ​នេះបើ​តាម​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ​ប៉ះពាល់​ដល់​ការងារ​របស់​បុគ្គលិក​សមាគម​ និង​កសិករ​ដែល​ជា​បណ្តាញ​របស់​សមាគម។​

សមាគម​ CCFC ​មាន​សមាជិក​ប្រមាណ​២​ម៉ឺន​គ្រួសារ​ក្នុង​ខេត្ត​ចំនួន​១៤​ក្នុង​ប្រទេស​កម្ពុជា។ ​ភាគ​ច្រើន​នៃ​សមាជិក​ទាំង​នោះ​ គឺ​ជា​អ្នក​មាន​វិវាទ​ដីធ្លី។ ​សមាជិក​ខ្លះ​របស់​សមាគម​នេះ​បាន​បង្ហាញក្តី​បារម្ភ​ចំពោះ​ផល​វិបាក​ផ្សេងៗ​ដែល​អាច​កើត​មាន​ នៅ​ពេល​សកម្ម​ភាព​របស់​សមាគម​ត្រូវ​ផ្អាក ខណៈ​វិវាទ​ដីធ្លីខ្លះ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ។​

បើ​តាម​សេចក្តី​សេចក្តី​សម្រេច​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស​ ខេង កាល​ពីថ្ងៃ​ទី ​៧​ខែ​មិថុនា​ ឆ្នាំ​២០២៣​នេះ ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ដែល​មាន​អាសយដ្ឋាន​ទីស្នាក់​ការ​កណ្តាល​ក្នុង​ខណ្ឌ​សែនសុខ​ ក្រុង​ភ្នំពេញ​ ត្រូវ​ផ្អាក​សកម្មភាព​ ជា​បណ្តោះ​អាសន្ន​រហូត​ដល់​តុលាការ​បញ្ចប់​នីតិវិធី​នៅ​សាលាដំបូង​ខេត្តរតនគិរី។​

ប្រធាន​ស្តីទី​ លោក ​ម៉ឺន រតនា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​សម្រេច​របស់​ក្រសួង​មហា​ផ្ទៃ​ផ្អាក​សកម្ម​ភាព​សមាគម​អាច​បង្ក​ការ​លំបាក​ដល់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​នៅ​ត្រូវ​ការ​សេវា​ផ្នែក​ច្បាប់​សម្រាប់​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​នៅ​ជាប់​គាំង ព្រោះ​វិវាទ​មួយ​ចំនួនពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច។​

លោក​ថ្លែង​ថា៖​ «រឿង​ដីធ្លី​ គឺ​យើង​និយាយ​ទៅ​ថា​ យើង​មាន​ពីរ​បី​អង្គការ​ដែរ។ ​ប៉ុន្តែ​គ្រាន់​ថា សមាគម​ CCFC ​គឺ​យើង​ធ្វើ​ការ​ជាមួយ​ប្រជា​ពលរដ្ឋ​ គឺ​យើង​ធ្វើការ​ចុះ​មូលដ្ឋាន​ផ្ទាល់​ជាមួយ​ពួក​គាត់។​ យើង​ធ្វើការ​អ៊ីចឹង​ អ៊ីចឹង​បើសិន​បើ​បាត់​ សមាគម​ CCFC ​យើង​គិត​ថា​ វា​ជា​ការ​លំបាក​សម្រាប់​ពួក​គាត់​ដែល​ជា​ប្រជា​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ដីធ្លី»។​

លោក​បន្ថែម​ថា៖​ «អ្នក​ដែល​រំលោភ​ដី​ប្រជា​ពលរដ្ឋ​ហ្នុង​គឺ​សុទ្ធ​តែ​ជា​អ្នក​នៅ​ជួរ​មន្ត្រី​រាជការ។​ អ៊ីចឹង​បើអត់​ សមាគម​ CCFC​ ទៅ​ យើង​គិត​ថា​ ប្រជា​ពលរដ្ឋ​ប្រហែល​ជា​ពិបាក​បន្តិច​នៅ​ក្នុង​ការ​ទាមទារ​ ឬ​ក៏​តវ៉ា​អ្វី​ដែល​ជា​សកម្ម​សិទ្ធិ​របស់​ពួក​គាត់»។​

បើ​តាម​លោក​ម៉ឺន រតនា ​បុគ្គលិក​របស់​សមាគម​ប្រមាណ​២១​នាក់​អាច​ប្រឈម​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​ក្នុង​គ្រួសារ ​និង​ជាមួយ​ធនាគារ​ ដោយ​សារ​ពួកគេ​សង្ឃឹម​តែ​លើ​ប្រាក់​ខែ​ ហើយ​ការ​រក​ការងារ​ធ្វើ​ថ្មី​ក៏ជា​រឿង​ពិបាក​សម្រាប់​ពួកគេ​នៅ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង​ខ្លាំង​នោះ។ ​យ៉ាងណា​ក៏​ដោយ​ លោក​ថា​ ការ​តស៊ូ​មតិ​របស់​សមាគម​នឹង​បន្ត​មាន​ទៅ​មុខ​ទៀត​ ដើម្បី​សមាគម​ អាច​ដំណើរ​ការ​ឡើង​វិញ។​

តុលាការ​ខេត្ត​រតនគិរី​បាន​ចោទ​ប្រកាន់​លោក​ ថេង សាវឿន ​ប្រធាន​សមាគម ​CCFC ​និង​សហការី​លោក​២​នាក់​ទៀត​ពី​បទ​ «រួម​គំនិត​ក្បត់​ និង​ញុះញង់» ​ដែល​អាច​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ។​ តែ​ក្រោយ​មក​ តុលាការ​បាន​ដោះ​លែង​ឱ្យ​អ្នក​ទាំង​៣​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ​ក្រោយ​លោក​ ថេង សាវឿន ​បាន​ចេញ​សារ​ជា​លិខិត ​និង​វីដេអូ ​ដោយ​ប្រកាស​ទទួល​ស្គាល់​កំហុស​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ​«បដិវត្តន៍​កសិករ»។

អ្នកស្រី ​ផាវ ញឿង ​អាយុ​៤៧​ឆ្នាំ​ ជា​ពលរដ្ឋ​នៅ​ឃុំ​ជីខ​លើ​ មិន​ជឿ​ថា​ ការ​សារ​ភាព​របស់​លោក​ ថេង សាវឿន​ ជារឿង​ពិត​នោះ​ ទេ​ ដោយ​ថា​ គាត់​ និង​សហការី​គាត់​ផ្សេង​ទៀត​មិន​ដែល​ប្រើ​ពាក្យ​ឃោសនា​ឱ្យ​ពលរដ្ឋ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ឬ​បោះឆ្នោត​ឱ្យ​គណបក្ស​នយោ​បាយ​ណា​មួយ​នោះ​ទេ។​

អ្នកស្រី​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​ផ្អាក​សមាគម​ ហើយ​កំពុង​បារម្ភ​អំពី​ការ​បែក​បាក់​បណ្តាញ​របស់​សមាជិក​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ផ្សេងៗ ​ពាក់​ព័ន្ធ​នឹង​កិច្ចការ​កសិកម្ម ​និង​ការ​ចូលរួម​របស់​ថ្នាក់​ដឹកនាំ​សមាគម​ដើម្បី​តស៊ូ​មតិ ​ក្នុង​បញ្ហា​ដីធ្លី។ ​អ្នកស្រី​ស្នើ​ដោយ​ទទូច​ឱ្យ​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​ពាក់ព័ន្ធ​ផ្តល់​អន្តរាគមន៍​ឱ្យ​តុលាការ​ខេត្ត​រតនគិរី​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​សមាគម​ ដើម្បី​បើក​ផ្លូវ​ឱ្យ​ សមាគម​បាន​ដំណើរ​ការ​ជា​ប្រក្រតី​ឡើង​វិញ។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«សុំ​យ៉ាង​ទទូច​ទៅ​ក្រសួង​មហាផ្ទៃ ​ក៏ដូច​ជា​ក្រសួង​យុត្តិធម៌​ សូម​មេត្តា​ធ្វើ​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​រតនគិរី​ហ្នឹង​ដើម្បី​ដោះលែង​ពួក​គាត់​ដោយ​ឥត​លក្ខខណ្ឌ។​ ពួក​យើង​នៅ​តែ​ធ្វើ​អា​ហ្នឹង​ ហើយ​ពួក​យើង​នៅ​តែ​បន្ត​ការ​ធ្វើ​ការ​ជាមួយ​កសិករ​គ្នា​យើង​ដដែល​ ទោះបី​ជា​អត់​ពួក​គាត់​ហ្នឹង​ក៏​ដោយ​ ដោយ​សារ​តែ​ពួក​យើង​អត់​បាន​ប្រព្រឹត្ត​បទល្មើស​អី​ខុស»។​

អ្នកស្រី​បន្ថែម​ថា​ បើសិន​សមាគម​នៅ​បន្ត​ផ្អាក​ ឬ​ក៏​បិទ​ដោយ​ប្រការ​ណា​មួយ​នោះ ​បញ្ហា​ក៏​អាច​ឡើង​ចំពោះ​ប្រាក់​សន្សំ​ដែល​រៀបចំ​ឡើង​តាម​គំនិត​ផ្តួច​ផ្តើម​របស់​ សមាគម​ CCFC នៅ​សហគមន៍​របស់​អ្នកស្រី ​ក្នុង​ឃុំ​ជីខ​ក្រោម​ ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង ​និង​សហគមន៍​ដទៃ​ទៀត។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក ​អំ សំអាត ​បង្ហាញ​ការ​សោកស្តាយ​ផង​ដែរ​ចំពោះ​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ដែល​ផ្អាក​ សមាគម​ CCFC ​ព្រោះ​សមាគម​នេះ​បាន​រួម​ចំណែក​ជួយ​ស្តារ​ជីវភាព​កសិករ​បាន​ច្រើន​តាម​រយៈ​ការ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​ ទាក់ទង​ការងារ​កសិកម្ម។

លោក​ថ្លែង​ថា៖ ​«សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​នេះ​បាន​ជួយ​ច្រើន​ណាស់​ សម្រាប់​សហគមន៍​ កសិករ​ដូច​ជា​ទាក់​ទង​នឹង​ការ​បណ្តុះ​បណ្តាល​ទៅ​លើការ​បង្កើត​ផលិត​ផល​ដាំដុះ​ស្រែ​ចម្ការ​ ឬ​ក៏​ពូជ​ដំណាំ​ ការ​ចិញ្ចឹម​មាន់ ​បន្លែ​ធម្មជាតិ​អីជា​ដើម​ ដែល​ផ្តល់​នូវ​បច្ចេក​ទេស​ច្រើន ​និង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​សម្រាប់​កសិករ​ក្នុង​ការ​អភិវឌ្ឍ​ជីវភាព​រស់​នៅ​សម្រាប់​ពួក​គាត់»។​

រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ​ខៀវ សុភ័គ ​បញ្ជាក់​ប្រាប់​វីអូអេ​ឱ្យ​ដឹង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ WhatsApp ​ថា​ក្រសួង​នឹង​ពិចារណា​ជាថ្មី​លើ​រឿង​ផ្អាក​ សមាគម​ CCFC ​នៅ​ពេល​តុលាការ​ខេត្ត​រតនគិរី​បញ្ចប់​សំណុំ​រឿង​របស់​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​របស់​សមាគម​នេះ។​

លោក​ថ្លែង​ថា៖​ «រឿង​នេះ​ អ៊ី​ចេះ​ទេ​ យើង​រង់​ចាំ​នីតិវិធី​របស់​តុលាការ​សិន។ ​ចាំ​តុលាការ​បញ្ចប់​នីតិវិធី​របស់​លោក​សិន។​ ហើយ​ក្រោយ​ពី​នីតិវិធី​ចប់​ យើង​នឹង​ពិចារណា​ចំពោះ​ជោគ​វាសនា​នៃ​សមាគម​ហ្នឹង»។​

អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី​លោក កែវ ពិសុទ្ធ ​មិន​ទាន់​ទាន់​បញ្ជាក់​បាន​ថា​តើ​តុលាការ​នឹង​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​ថ្នាក់​ដឹកនាំ ​និង​មន្ត្រី​ សមាគម​ CCFC​ ពេល​ណា​នោះ​ទេ​ ព្រោះ​តុលាការ​ត្រូវការ​ពេល​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។​

តុលាការ​ខេត្ត​រតនគិរី​បាន​ដាក់​លោក​ថេង សាវឿន ​និង​សហការី​២​នាក់​ ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ ​តុលាការ​ហាម​ពួកគេ​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។​ ការិយាល័យ​របស់​សមាគម ​CCFC ​បាន​បិទទ្វារ​ ចាប់​តាំង​ពីពេល​មាន​ការ​ចាប់​ខ្លួន ​ថ្នាក់​ដឹក​នាំ ​និង​មន្ត្រី​សមាគម​មួយ​នេះ។​

គួរ​បញ្ជាក់​ថា ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ដែល​លោក ​ថេង សាវឿន ​បង្កើត​ឡើង ​ជា​ស្ថាប័ន​សមាជិក​ភាព​សហគមន៍​កសិករ​មូលដ្ឋាន​រង​គ្រោះ ​ដោយ​ធ្វើ​ការ​រួម​គ្នា ក្នុង​គោល​បំណង​ដោះស្រាយ​បញ្ហា​ដីធ្លី ​ធនធាន​ធម្មជាតិ ​និង​ការ​បណ្តេញ​ដោយ​បង្ខំ ​ដែល​កើត​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​នានា។ ​នេះ​បើ​តាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​សមាគម។ ​សមាគម​ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ កាល​ពី​ឆ្នាំ​ ២០១៥​ នេះ​មាន​ទស្សន​វិស័យ​ចង់​ឃើញ​ប្រជា​កសិករ​រស់​នៅ​សមរម្យ ​ថ្លៃថ្នូរ​ មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ក្នុង​ការ​ចូលរួម​កែ​លម្អ​ឲ្យ​មាន​អភិបាល​កិច្ច​មូលដ្ឋាន៕

XS
SM
MD
LG