ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ណែនាំ​ឱ្យ​ប្រុង​ប្រយ័ត្ន​ក្រោយ​បុរស​ពីរ​នាក់​ស្លាប់​ដោយ​សារ​បរិភោគ​ត្រី​ក្រពត


រូបភាពចេញផ្សាយដោយក្រសួងសុខាភិបាលបង្ហាញត្រី ៥ ប្រភេទ ដែល​មានជាតិពុល។ (Facebook / ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា)
រូបភាពចេញផ្សាយដោយក្រសួងសុខាភិបាលបង្ហាញត្រី ៥ ប្រភេទ ដែល​មានជាតិពុល។ (Facebook / ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា)

ក្រសួង​សុខាភិបាល​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋបង្កើន​ការ​ប្រុង​ប្រយ័ត្ន បន្ទាប់ពី​បុរស​ពីរ​នាក់ស្លាប់​ដោយសារ​បរិភោគ​ត្រី​ក្រពត​នៅ​ក្នុង​សប្តាហ៍នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញផ្សាយ​កាលពីថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ​ ២០២៤ ​បញ្ជាក់​ថា បុរស ​២ នាក់ ​បាន​ស្លាប់​ ក្រោយ​ពី​បរិភោគ​ត្រីក្រពត​ ដោយ​ម្នាក់​រស់នៅ​ខេត្ត​ឧត្តរ​មានជ័យស្លាប់​ កាល​ពីថ្ងៃ​ទី ៧​ ខែកក្កដា​ ម្នាក់ទៀតនៅ​ខេត្ត​កំពង់ឆ្នាំង ស្លាប់​កាល​ពីថ្ងៃ​ទី ៨ ខែ​កក្កដា​។

​ក្រសួង​សុខាភិបាល​បាន​រំឮក​ដល់​ពល​រដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្នខ្ពស់ ​ចៀសវាង​ការពុល​ត្រី​ក្រពត​ដែល​មាន​ជាតិ​ពុល អាច​បណ្ដាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ឬស្លាប់​បាន បើទោះបី​ជា​បាន​ចម្អិន​ឆ្អិន​ ឬ​ដាក់​ឱ្យ​កក​ក៏​ដោយ។

​ក្រសួង​សុខា​ភិបាលបាន​បង្ហាញ​អំពី​រោគ​សញ្ញា​នៃ​ការពុល​ត្រី​ក្រពត​មាន​ដូចជា ក្នុង​រយៈពេលពី ២០ ​នាទី ទៅ​ ២ ម៉ោង មាន​រមាស់​ចាក់ៗ​នៅ​បបូរ​មាត់ ឈឺក្បាល​ វិលមុខ​ រមាស់ចាក់ៗ​ក្នុង​អវៈយវៈ ​ពិបាក​និយាយ​ បាត់​លំនឹង​ដងខ្លួន​ ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុងដៃ​ចុងជើង ក្អួត​ រាក ​ល្ហិតល្ហៃ ​រឹងថ្គាម ឬ​អាច​បណ្ដាល​ឱ្យ​ស្លាប់។

សម្រាប់​វិធី​សង្គ្រោះ​បឋម ត្រូវ​ឱ្យ​អ្នកពុល​ក្អួត​ចេញ​ឱ្យ​បាន​ និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​បំផុត និង​តម្រូវ​ពិនិត្យ​ជា​ចាំបាច់​ដោយ​គ្រូពេទ្យ។

បើតាម​ក្រសួង​សុខាភិបាល​ នៅ​កម្ពុជា​មាន​ត្រីក្រពត​ចំនួន​ ៩ ​ប្រភេទ ក្នុងនោះ​ ៥ ប្រភេ​ទមាន​ជាតិ​ពុល រួមមាន ត្រីក្រពត​ភ្នែក​ក្រហម​ ត្រីក្រពត​អុចធំ ​ត្រីក្រពត​កូសាំងស៊ីន​ ត្រីក្រពត​អុចបៃតង​ និង​ត្រី​ក្រពត​ហ្លូវៀធីលីស។ ជាតិ​ពុល​របស់​ត្រីក្រពត​ទាំង ៥ ​ប្រភេទ​នេះ មាន​កម្រិត​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​ត្រី​ខ្ពស់​បំផុត​នៅ​ក្នុង​រដូវ​ត្រីពង​កូន​បន្តពូជ ដែល​ធម្មតា​កើត​ឡើង​នៅ​ខែកុម្ភៈ មីនា និង​ចន្លោះ​ពីខែ​កក្កដា​ ទៅ​ខែកញ្ញា។​

កាលពី​ថ្ងៃទី ៥ ខែ​កក្កដា​ មនុស្ស​ចំនួន ​៧ ​នាក់ រស់នៅ​ខេត្តកំពង់​ឆ្នាំង បាន​ពុល​ត្រីក្រពត ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ទាន់​ពេល​វេលា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG