ក្រសួងសុខាភិបាលបិទគ្លីនិកកែសម្ផស្ស និងថែរក្សាសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ចំនួន៦ទីតាំង ដោយសារគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងចែកចាយឱសថ និងផលិតផលគ្មានបញ្ជិកា។
នៅថ្ងៃទី១៩ ខែសីហានេះ ក្រសួងសុខាភិបាលបានចេញផ្សាយសេចក្តីសម្រេចចំនួន៦ផ្សេងគ្នា ដែលចេញដោយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តព្រះសីហនុ ស្តីពីការបិទទីតាំងគ្លីនិកកែសម្ផស្ស និងថែរក្សាសម្ផស្ស ឌីអ ប្រឺហ្វេសិនណល របស់លោក សែម រតនា។
លោក កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បដិសេធមិនផ្តល់ព័ត៌មានលម្អិតជុំវិញការបិទគ្លីនិកថែសម្ផស្សទាំង៦ទីតាំង ដោយលោកគ្រាន់តែប្រាប់ថា ក្រុមការងារក្រសួងសុខាភិបាលកំពុងធ្វើការងារបន្តលើករណីនេះ។
លោក សែម រតនា ម្ចាស់គ្លីនិកទាំង៦ទីតាំង ប្រាប់វីអូអេថា ក្រសួងបានសម្រេចបិទគ្លីនិកទាំង៦ទីតាំងនេះ ដោយសារលោកខ្វះឯកសារមួយចំនួនដាក់ទៅក្រសួង។
លោកថ្លែងថា៖ «ការណ៍ពិតទៅយើងបើកច្រើនសាខា ដល់ពេលអ៊ីចឹង ការធ្វេសប្រហែសរបស់បងទេដែលបងនៅខ្វះឯកសារមួយចំនួនតូចផ្ដល់ជូនខាងក្រសួង អ៊ីចឹងឯកសារច្រើនមែនទែនដែលយើងរត់ការត្រូវច្បាប់រួចអស់ហើយ»។
លោកបន្ថែមថា លោកនឹងអនុវត្តតាមគោលការណ៍របស់ក្រសួង ហើយនឹងដាក់ឯកសារបន្ថែមទៅក្រសួងឱ្យស្របតាមច្បាប់ដើម្បីអាចស្នើបើកដំណើរការវិញ៕
វេទិកាបញ្ចេញមតិ