ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សេដ្ឋកិច្ច​ស្នើ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សំច័យ​ការ​ចំណាយ​ថវិកា


រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ចូលរួមវេទិកា​ពិភាក្សាមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៤។ (Facebook / Ministry of Economy and Finance)
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ចូលរួមវេទិកា​ពិភាក្សាមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៤។ (Facebook / Ministry of Economy and Finance)

រដ្ឋាភិបាល​បាន​ចេញវិធានការ​ហិរញ្ញវត្ថុ​ដែល​នឹង​តម្រូវ​ឱ្យរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចាយ​វាយ​ថវិកា​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះកិច្ចការ​ណាដែល​ចាំបាច់​ ហើយ​ត្រូវ​ទុក​មួយ​អន្លើ​ចំពោះ​កិច្ចការណា​ដែល​មិន​ទាន់​ចំាបាច់។ នេះ​បើ​តាម​សារាចរ​ថ្មី​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

វិធាន​ការ​នេះ​ ជា​ផ្នែក​មួយ​នៃ​វិចារណកម្ម​ចំណាយ​ និងការ​គ្រប់​គ្រង​ថវិកា​ប្រកប​ដោយ​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ ដោយ​ផ្អែក​លើ​ស្ថានភាព​នៃ​ការ​អនុវត្ត​ចំណូល​ គិត​ត្រឹម​ដំណាច់​ខែ​មីនា​ ឆ្នាំ​ ២០២៤ ​និង​ស្ថានភាព​នៃ​តម្រូវការ​ផ្នែក​ចំណាយ​រហូត​ដល់​ដំណាច់​ឆ្នាំ​ ២០២៤។ វិចារណកម្ម​ចំណាយ​សម្តៅ​ដល់​ការ​វិភាគ​ និង​ពិចារណា​ដោយ​សម​ហេតុ ផល​ ក្នុង​ការ​សម្រេច​ចិត្ត​លើមុខ​ចំណាយ​ណាមួយ។

យោង​តាម​សារាចរ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លោក ​អូន ព័ន្ធមុនីរ័ត្ន​ ​ចុះនៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា​ ឆ្នាំ ​២០២៤​ រដ្ឋបាល​រាជធានី​ ខេត្ត​ចំនួន​ ៥ រួមមាន​ រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ ខេត្ត​កណ្តាល​ ខេត្តកំពង់​ស្ពឺ និង​ខេត្ត​បន្ទាយមានជ័យ​ នឹង​ប្រឈម​ការ​កាត់​ព្យួរ​ឥណទាន​នៃ​សៀវភៅ​ថវិកា​ឆ្នាំ ២០២៤។ ដោយឡែក​ រដ្ឋ​បាល​ខេត្ត​ដទៃ​ទៀត ក្រៅ​ពី​រដ្ឋបាល​រាជធានី​ ខេត្តទាំង​ ៥ ​ខាង​លើ​ ត្រូវ​តាម​ដាន​ដោយ​យក​ចិត្ត​ទុកដាក់​លើការ​អនុវត្ត​ចំណូល​របស់​ខ្លួន។

សារាចរលើក​ឡើង​ទៀត​ថា៖​ «ក្នុង​ករណី​ចាំបាច់ រដ្ឋបាល​ខេត្ត​ត្រូវ​តម្រឹម​ឬ​កាត់​បន្ថយ​ចំណាយ​ ជាពិសេស​ចំណាយ​ប្រតិបត្តិការ​រដ្ឋបាល​ដែល​មិន​ចាំបាច់​ ឬ​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ដែល​មិន​ទាន់​ចាំបាច់​ទៅ​តាម​ស្ថានភាព​ចំណូល​ជាក់​ស្តែង​របស់​រដ្ឋបាល​ខេត្ត​ ដើម្បី​រក្សា​តុល្យភាព​ថវិកា​ឡើងវិញ»។

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​លោក​ មាស​ សុខសេនសាន​ ប្រាប់​វីអូអេ​ថា​ បណ្តា​ប្រទេស​នានា​លើ​សាកលលោក អាច​ប្រើប្រាស់​វិធានការ​វិចារណកម្ម​ចំណាយ​នេះ ដើម្បី​បង្កើ​នប្រសិទ្ធ​ភាពលើ​ការ​ចាយ​វាយ ក៏ដូច​ជា​ទប់ទល់​កត្តា​ហានិភ័យ​ផ្សេង​ៗ។

លោក​ថ្លែងថា​៖ «ប្រទេស​នៅលើ​សាកល​លោក​ជា​ទូទៅ​គេ​ ច្បាប់គេ​អនុញ្ញាត គេ​ធ្វើ​ហើយ​ បើសិនជាយើង​ធ្វើ​ការ​ប្រុងប្រយ័ត្ន​ ចំណាយ​របស់​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន។ ហើយ​មិន​គេ​ហៅ​ថា ដើម្បី​ការពារ​នូវ​កត្តា​ផ្សេង​ៗ​ ដែល​វា​អាច​នឹង​កើត​មាន​ឡើង​យើងជា​ធម្មតា​តើ​ នៅ​ក្រសួងណា​ នៅប្រទេស​ណា ក៏ដូច​ប្រទេស​ណាដែរ។ អា​ហ្នឹង​ ដូច​អត់​មាន​អី​ដែល​ត្រូវ​ជ្រួល​ច្របល់​ផង​បាទ​!»។

លោក​បន្ថែមថា វិធាន​ការ​នេះ​ ក៏ជា​ចំណែក​មួយនៃការ​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​សន្សំ​សំច័យ​ថវិកា​ជាតិ​ សម្រាប់​ការ​ចាយ​វាយ​លើ​ខ្ទង់​ចំណាយ​ណាដែល​ចាំបាច់​ និង​បញ្ចៀស​មិន​ឱ្យ​មាន​ការ​កើត​ឡើង​នូវ​ឱនភាព​ថវិកា​ជាតិ។

លោក​លើក​ឡើង​ថា​៖ «​នៅ​ក្នុង​ច្បាប់​ថវិកា​របស់​យើង​ ច្បាប់ថ្មី​របស់​យើង​ ជាពិសេស​ច្បាប់​ប្រព័ន្ធ​ថវិកា​ថ្មី​របស់​យើង​ក៏​យើង​បាន​នេះ​ដែរ​ថា​ រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ត្រូវ​ធ្វើការ​សន្សំ​នូវ​ថវិកា​មួយ​ចំនួន​ដែរ​។ អីចឹង​ នេះ​ជា​កិច្ចការ​មួយ​ក្នុង​ចំណោម​កិច្ច​ការ​ទាំង​ឡាយដែល​យើង​គោរព​តាម​បទដ្ឋាន​គតិ​យុត្តិ​ជា​ធរមាន​»។

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ​មិន​អាច​ផ្តល់​សេចក្តី​លម្អិត​អំពី​កិច្ចការ​មិន​ចាំបាច់​ទាំង​ឡាយ​ណា​ដែល​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ គួរ​ទុក​មួយឡែក​សិន ហើយ​និង​កិច្ចការ​ណាដែលត្រូវ​ការ​ចំណាយ​ឱ្យ​មាន​ប្រសិទ្ធផល​និង​ចំគោល​ដៅ តួយ៉ាង​ដូច​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជាដើម ដោយ​សារ​មានតម្រូវការ​ឱ្យកំណត់​ឧបសម្ព័ន្ធ​ឡើង​វិញ ហើយ​ឈាន​ទៅ​ធ្វើ​វិចារណកម្ម​ចំណាយ។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​មន្ត្រី​មួយចំនួន​ ដូច​ជា​អភិបាល​រងរាជ​ធានីភ្នំពេញ លោក កើត ឆែ និង​អភិបាល​រងខេត្តព្រះសីហនុ​លោក ឡុង ឌីម៉ង់​ បាន​ទេ​នៅថ្ងៃ​អង្គារនេះ។

សារាចរ​ស្តីពី​ការ​ធ្វើ​វិចារណកម្ម​ និង​ការ​ពង្រឹង​ប្រសិទ្ធភាព​ចំណាយ​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ សម្រាប់​ឆ្នាំ ២០២៤ បានឱ្យដឹង​ទៀតថា ​រដ្ឋបាល​ក្រុង ស្រុក​ និង រដ្ឋបាល​ខណ្ឌ​ ក៏ត្រូវ​តាម​ដាន​ដោយ​យក​ចិត្ត​ទុកដាក់​លើ​ការ​អនុវត្ត​ចំណូល​របស់​ខ្លួន ហើយ​ក្នុង​ករណី​ចាំបាច់ ត្រូវ​មាន​វិធានការ​ចំណាយ​ស្រដៀងគ្នា​នឹង​រដ្ឋបាល​ថ្នាក់​ខេត្ត​ ទាក់​ទិន​ចំណាយ​ប្រតិបត្តិការ​រដ្ឋបាល​ដែល​មិន​ចាំបាច់​ ឬ​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ដែល​មិន​ទាន់​ចាំបាច់។

ចំណែក​រដ្ឋបាល​ឃុំ សង្កាត់​ ត្រូវ​តម្រឹម​ ឬ​កាត់​បន្ថយ​ចំណាយ​ ជាពិសេស​ចំណាយ​ប្រតិបត្តិការ​រដ្ឋបាល​ដែល​មិន​ចាំបាច់ និង​ត្រូវ​កែសម្រួល​គម្រោង​ថវិកា​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ ​២០២៤ ដោយ​បញ្ចូល​ និង​ប្រើប្រាស់​អតិ​រេក​ថវិកា​ឆ្នាំ​ ២០២៣​ ឱ្យ​អស់​លទ្ធភាព។ ការ​ធ្វើ​ដូច្នេះ គឺដើម្បី​អនុវត្តគម្រោង ឬផែន​ការ​សកម្មភាព​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​កាត់​ព្យួរ​ ឥណទាន​ដែល​ទទួលបាន​ពីការ​បែងចែក​ចំណូល​សារពើ​ពន្ធ​របស់​រដ្ឋបាល​រាជធានី​ខេត្ត។

សារាចរ​បន្ថែម​ថា​៖​ «ក្នុងករណី​ដែល​ចំណូល​មាន​កំណើន​ឡើង​វិញ​ ក្រសួង​សេដ្ឋ​កិច្ច​ និងហិរញ្ញវត្ថុ​ នឹង​ពិនិត្យ​លទ្ធភាព​បន្ថែម​ឥណទាន​ចំណាយ​ថវិកា​ ស្របតាម​លទ្ធភាព​ចំណូល​ដែល​ប្រមូល​បាន​ជាក់​ស្តែង​ ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន»។

រដ្ឋាភិបាល​បាន​គ្រោង​ចាយ​វាយ​សម្រាប់​ឆ្នាំ ២០២៤​ ក្នុងទឹក​ប្រាក់​ជាង​ ៣៧ ​ពាន់​ពាន់​លាន​រៀល ឬស្មើនឹង​ជាង​ ៩ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។​ នេះបើតាម​របាយការណ៍​ថវិកា​សង្ខេប​ឆ្នាំ​ ២០២៤ ចេញ​ផ្សាយ​ដោយ​អគ្គនាយក​ដ្ឋាន​ថវិកា​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

របាយការណ៍​សង្ខេបដដែល​នេះ​បាន​លើកឡើង​អំពី​ការ​ធ្វើ​ពិចារណកម្ម​លំដាប់​អាទិភាព​សំខាន់​ៗ​មួយចំនួន​ ដូចជាការ​បន្ត​ប្រកាន់​ខ្ជាប់​នូវការ​លើក​កម្ពស់​ប្រសិទ្ធ​ភាពនៃ​ការ​វិភាជថវិកា​ ដោយ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​អាទិភាព​ ជា​ពិសេស​តម្រង់​លើ​កម្មវិធី ឬសកម្មភាព​ចាំបាច់​ជាអាទិភាព​របស់​ក្រសួង​ស្ថាប័ន។

កាលពីខែកុម្ភៈ​ ឆ្នាំ ២០២៤ ​នេះ ធនាគារ​ពិភពលោក​បានលើកឡើង​នូវ​អនុសាសន៍​ខ្លះៗ​ក្នុង​របាយ​ការណ៍មួយ​ថា កម្ពុជា​អាច​ឈាន​ពីការ​ចំណាយ​កាន់​តែ​ច្រើន​ ទៅ​ការ​ចំណាយ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធផល​ល្អ​ជាង​មុន ដោយ​ប្រទេស​នេះ​ គួរខិតខំ​ប្រឹង​ប្រែង​បន្ថែមទៀត​ ក្នុងការ​ប្រែក្លាយ​ការ​ចំណាយ​សាធារណៈ​កាន់​តែ​ច្រើន​ទៅ​លើ​វិស័យ​សង្គម​កិច្ច ដើម្បី​ធ្វើ​ឱ្យ​ការ​ចំណាយ​នេះ​ ទទួល​បាន​គុណផល​ផ្នែក​សុខា​ភិបាល​ និង​ផ្នែក​អប់រំ​កាន់​តែ​ប្រសើរ​ឡើង។

របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ស្តីពីការ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​សាធារណៈ​ក្រោម​ចំណង​ជើង​ថា​៖ «ប្រទេស​កម្ពុជា​៖ ពីការ​ចាយច្រើន​ទៅការ​ចាយឱ្យមាន​ប្រសិទ្ធ​ផល​ជាង​មុន» បាន​រៀបរាប់​ថា​កន្លង​មក​ កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​បញ្ចៀស​ផលប៉ះ​ទង្គិច​អាក្រក់​ ពី​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ និង​ក្នុងការ​ចាយវាយ​បាន​កាន់​តែ​ច្រើន​ទៅលើ​ផ្នែកសង្គមកិច្ច​ ដោយសារ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បានហ្មត់​ចត់​ និង​ការ​កើ​ន​ឡើង​នៃ​ការ​ប្រមូល​ចំណូល​ ដែល​បាន​មក​ពី​កំណើន​ថេរនៃ​សេដ្ឋកិច្ច​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៩៥ និង ​២០១៩។ យ៉ាង​ណាក៏​ដោយ​ ការ​កើន​ឡើង​ខ្លាំង​នៃ​ចំណាយ​នេះ​ គឺមួយ​ផ្នែក​ធំ​កើត​ឡើង​ដោយសារ​ការ​ចំណាយ​លើ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ទូទៅ​របស់​បុគ្គលិក​ក្នុង​វិស័យ​សាធារណៈ​ ដោយ​មិនផ្សា​ភ្ជាប់​ទៅនឹង​សមិទ្ធ​កម្មការងារ។

របាយការណ៍​ដដែល​បាន​រកឃើញថាការ​ដំឡើង​ប្រាក់​បៀវត្សរ៍​មិន​ទាន់​បាន​ប្រែ​ក្លាយ​គុណផល​ការងារ​ ឱ្យ​មាន​ភាព​កាន់​តែ​ប្រសើរ​នៅឡើយ​ទេ ជាពិសេស​នៅ​ក្នុង​ផ្នែក​សង្គម​កិច្ច។ គុណផលក្នុង​វិស័យ​អប់​រំមាន​ភាព​ប្រសើរ​បន្តិច​បន្តួច​មែន ប៉ុន្តែ​នៅ​តែទាបបើ​ប្រៀបធៀប​ជា​មួយ​ប្រទេស​ឯទៀត​ក្នុង​តំបន់។

របាយ​ការណ៍​សង្កត់​ធ្ងន់​ថា៖ «ការ​ប្រើ​ប្រាស់​គ្រឹះស្ថាន​សេវា​ថែទាំ​សុខភាពសាធារណៈ​នៅ​មាន​កម្រិត​ទាប ហើយ​ពលរដ្ឋ​កម្ពុជា​ចាយ​លុយ​ហោប៉ៅ​ខ្លួន​ឯងទៅ​លើ​ការ​ព្យាបាល​ដោយ​ពេទ្យ ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​កម្រិត​មធ្យម​នៅ​ក្នុង​តំបន់ ខណៈ​ដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេវា​សាធារណៈ​គួរត្រូវ​បាន​កែលម្អ​ឱ្យមាន​ភាពប្រសើរ​ជាង​មុន»៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG