ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃចន្ទ បានរៀបចំកិច្ចប្រជុំត្រីភាគីជាលើកដំបូងក្នុងការឈ្វេងយល់ និងសិក្សាពីបញ្ហាប្រឈមរួម ដើម្បីពិភាក្សារកដំណោះស្រាយជូនប្រជាពលរដ្ឋនៅតាមជនបទ និងបញ្ហាកសិកម្មក្នុងប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងទាំងបី ចេញផ្សាយនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។
ក្រសួងទាំងបីនឹងចាប់ផ្តើមបង្កើនកិច្ចសហការរវាងគា្នឱ្យកាន់តែរលូន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានបាន ផ្តល់ផលចំណេញដល់កសិករ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចដល់ទីជនបទ។ សេចក្តីប្រកាសព័ត៌មានដដែលបន្តថាក្រសួងធនធានទឹក និងឧតុនិយមនឹងសហការជាមួយក្រសួងកសិកម្ម ក្នុងការដោះស្រាយបញ្ហាទឹកជូនដល់ប្រជាកសិករតាមរយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅតាមភូមិសាស្ត្រដែលប្រឈមនឹងការខ្វះទឹក ឬរងគ្រោះដោយទឹកជំនន់ជាប់ជាប្រចាំ។ ចំណែកក្រសួងអភិវឌ្ឍន៍ជនបទក៏ត្រៀមខ្លួនសហការជាមួយក្រសួងទាំងពីរ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធចាំបាច់នានាផងដែរ។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាកិច្ចប្រជុំត្រីភាគីរវាងក្រសួងទាំងបី គឺជាកិច្ចប្រជុំរួមគ្នាលើកដំបូង ប៉ុន្តែកន្លងមកក្រសួងទាំងបីនេះតែងតែមានកិច្ចសហការគ្នា និងធ្វើការរួមគ្នាយ៉ាងជាប់លាប់ទៅលើការងារដែលផ្សាភា្ជប់ក្រសួងទាំងបី។ កញ្ញាបន្ថែមថាក្រសួងទាំងបីមានដែនសមត្ថកិច្ចរៀងៗខ្លួន ប៉ុន្តែនៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ថ្នាក់ដឹកនាំនៃក្រសួងទាំងអស់បានរៀបចំនូវផែនការផ្សេងៗ ដើម្បីតម្រង់ទិសឱ្យមន្ត្រីជំនាញរបស់ក្រសួងអាចធ្វើការរួមគ្នាបានក្នុងការផ្តល់ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
កញ្ញាថ្លែងថា៖ «ហើយថែមទាំងបានរៀបចំនូវយន្តការ សហការធ្វើការងាររួមគ្នាជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាផ្សាភ្ជាប់នូវគម្រោងទាំងឡាយដែលលក្ខណៈប្រហាក់ប្រហែលគ្នា ឬអាចច្របាច់បញ្ចូលគ្នាបាន ដើម្បីធ្វើយ៉ាងណាជំរុញឱ្យគម្រោងទាំងនោះវាមានសក្តានុពល ហើយអាចបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានពេញលេញ និងជាអតិបរមា»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទបញ្ជាក់ទៀតថា ក្រសួងទាំងបីនឹងផ្សាភា្ជប់គម្រោង និងកម្មវិធីគោលនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍ ដូចជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និងគម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា។
លោក ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា កិច្ចប្រជុំរវាងក្រសួងទាំងបីនាពេលនេះ សំដៅលើការជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទឱ្យមានជីវភាពកាន់តែខ្ពស់ឡើងថែមទៀត និងដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាយល់ថាការសហការគ្នារបស់ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកក្នុងការពិនិត្យមើលលើបញ្ហាកសិកម្ម គឺជារឿងល្អប្រសើរដែលគួរតែកើតមានយូរមកហើយ។ លោកបន្តថាការសហការគ្នានេះគឺជាចំណែកមួយក្នុងការដោះស្រាយបញ្ហារបស់កសិករ។
លោក ថេង សាវឿន ថ្លែងថា៖ «ប្រសិនបើក្រសួងទាំងបីនេះធ្វើការរួមគ្នាវាជំរុញឱ្យដំណោះស្រាយ ក៏ដូចជាការឆ្លើយតបពលរដ្ឋដែលមានប្រឈមបញ្ហាទាក់ទងទៅនឹងបញ្ហាទាំងបីនៃក្រសួង cover(គ្រប់គ្រង)វាលឿនហើយធ្វើឱ្យកំណើនសេដ្ឋកិច្ច ការដាំដុះក៏ដូចជាការប្រមូលផលហ្នឹងមានភាពល្អ។ ហើយអាហ្នឹងជាចំណុចដែលគួរថាត្រូវបានធ្វើបែបនេះយូរមកហើយមិនមែនទើបតែនេះ ពីព្រោះថាដោយសារនៅដាច់ៗពីគ្នាហ្នឹងហើយបង្កើតឱ្យមានបញ្ហាដោះស្រាយមិនចេះឈប់»។
លោកបណ្ឌិត មាស នី អ្នកតាមដានសង្គម និងអ្នកវិភាគនយោបាយ លើកឡើងថាកិច្ចប្រជុំរវាងក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកក្នុងការកំណត់គោលដៅការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹករួមគ្នា គឺជារឿងល្អប្រសើរ។ យ៉ាងណាមិញលោកយល់ថាកិច្ចការងាររបស់ក្រសួងទាំងបីគួរតែស្ថិតនៅរួមគ្នា និងមានក្រសួងតែមួយសម្រាប់ធ្វើការងារនេះ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំមើលឃើញតាំងពីដើមថាកម្ពុជាមិនបាច់មានក្រសួងបីផ្សេងគ្នាទេ មានក្រសួងតែមួយគឺស្ថិតនៅក្រោមក្រសួងកសិកម្ម ព្រោះយើងដឹងហើយថាក្រសួងកសិកម្មនៅក្នុងទីតំបន់ជនបទហើយ គេមិនដែលមើលធ្វើកសិកម្មនៅកណ្ដាលក្រុងភ្នំពេញទេ។ ហើយទីពីរទៀតក្រសួងធនធានទឹកក៏ជាផ្នែកមួយបើគ្មានទឹកក៏មិនអាចធ្វើកសិកម្មបានដែរ ហើយបើយើងឱ្យខាងគ្រប់គ្រងកសិកម្មផ្សេង គ្រប់គ្រងធនធានទឹកផ្សេង វាក្លាយទៅជាការិយាធិបតេយ្យមួយដែលត្រូវការប្រើពេលវេលាច្រើនណាស់ ដើម្បីដោះស្រាយទៅលើបញ្ហាមួយ»។
លោក មាស នី បន្តថារដ្ឋាភិបាលគួរតែកាត់បន្ថយការិយាធិបតេយ្យ និងផ្ដល់សិទ្ធិទៅមន្រ្ដីថ្នាក់ក្រោមក្នុងការសម្រេចចិត្តដោះស្រាយបញ្ហាដែលកសិករជួបប្រទះឱ្យបានទាន់ពេលវេលា៕
វេទិកាបញ្ចេញមតិ