ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តែង​តាំង​កូន​របស់​រដ្ឋមន្រ្តី​នៅ​តាម​ក្រសួង​នានា​បង្ក​ជា​ការ​ព្រួយ​បារម្ភ


រូបផ្គុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​ លោក ថោង ខុន និង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​លោក ជា សុផារ៉ា។
រូបផ្គុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​ លោក ថោង ខុន និង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​លោក ជា សុផារ៉ា។

នា​ពេល​ថ្មី​ៗ​នេះ ​កូន​របស់រដ្ឋ​មន្ត្រី​យ៉ាង​តិច​ចំនួន​២​នាក់​ត្រូវ​បាន​តែង​តាំង​ជារដ្ឋ​លេខាធិការ ​ស្ថិត​ក្រោម​ក្រសួង​ដែល​ឪពុករបស់​ពួកគេ​កំពុង​បំពេញ​តួនាទី​ជា​រដ្ឋមន្រ្តី។​ អ្នក​តាម​ដាន​យល់​ថា​ វា​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​មន្ត្រី​រាជ​ការ ​និង​ជំរុញ​ការ​តែង​តាំង​មន្រ្តី​ជាន់​ខ្ពស់​គួរ​ធ្វើ​ឡើង​ដោយ​ស្មើ​ភាព​គ្នា ​និង​ផ្អែក​លើ​ការ​វាយ​តម្លៃ​សមត្ថ​ភាព។​

បើ​តាម​ព្រះ​រាជ​ក្រឹត្យ ​ចុះ​ថ្ងៃ​ទី​២៨ ​ខែ​មីនា ​ឆ្នាំ​២០២៣ ព្រះ​មហា​ក្សត្រ​បានតែង​តាំងលោក ​ថោង រដ្ឋសក្តិ​ជា​កូនរបស់លោក ​ថោង ខុន ​ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ពី​តួនាទីអគ្គ​នាយក​អភិវឌ្ឍន៍​ទេស​ចរណ៍ និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ក្រសួង​ទេស​ចរណ៍ ទៅ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ទេស​ចរណ៍។ ​ការ​តែង​តាំង​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​

​ដោយ​ឡែកក្នុងព្រះ​រាជ​ក្រឹត្យ​មួយ​ផ្សេង​ទៀត​ ​ចុះ​ថ្ងៃទី​៣០ ​ខែ​មីនា​ ឆ្នាំ​២០២៣ ​ព្រះ​មហា​ក្សត្រ​បាន​ដំឡើង​ឋានៈ​លោក​ ​ផារ៉ា មង្គល កូន​ប្រុស​លោក ​ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី ​ពី​តួនាទី​ជានាយ​ខុទ្ទកាល័យ​នៃ​ក្រសួង​ដែនដី ​ឱ្យ​ទៅ​ជា​រដ្ឋ​លេខាធិការ​ក្រសួង។ ​ហើយ​ការ​តែង​តាំង​នេះ​ក៏​ធ្វើ​ឡើង​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ផង​ដែរ។​

លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ​ថ្លែង​ថា​ ការ​តែង​តាំង​មន្រ្តី​មិន​គួរ​គិត​គូរតែ​សែ​ស្រឡាយ​ទេ​ ហើយ​លោក​ជំរុញ​ដំណើរ​ការ​នេះ​គួរតែ​ធ្វើ​ឡើង​ដោយ​ស្មើ​ភាព​រវាង​មន្ត្រី​ទាំង​អស់ ​ជា​ពិសេស​ត្រូវ​គិត​គូរ​ពី​សមត្ថ​ភាព។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​ចង់​ឃើញ​ថា​ ការ​តែង​តាំង​ ការ​ផ្តល់​មុខ​តំណែង ​ផ្តល់​តួនាទី ​មិន​គួរ​គិត​តែ​កូន​មន្ត្រី​ធំៗ​ទេ គួរ​គិត​ដល់​អ្នក​ផ្សេងៗ​ទៀត ​ដែល​មាន​សមត្ថ​ភាព​ដែរ​ ឱ្យ​បម្រើ​ការងារ​រដ្ឋ ​ឱ្យ​គ្នា​មាន​លទ្ធភាព​ មាន​ឱកាស​ ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ​ក្នុង​ការ​ជួយ​ទៅ​ដល់​ស្រុក​ទេស​ឱ្យ​មាន​ការ​អភិវឌ្ឍ​លឿន​ ហើយ​អាច​ដោះ​ស្រាយ​បាន​នូវ​បញ្ហា​ប្រជា​ពលរដ្ឋ​អី​បាន»។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន​ លោក ​គឹមសួរ ភិរិទ្ធ ​យល់​ថា ​ការតែង​តាំងកូន​រដ្ឋ​មន្ត្រីបែប​នេះ​នឹង​ធ្វើ​ឱ្យប៉ះពាល់ដល់​អារម្មណ៍​របស់​មន្ត្រី​រាជ​ការ​ដែល​មាន​សមត្ថ​ភាព។​ ដូច្នេះ​លោក​ថា ​ការ​តែង​តាំងគួរ​តែ​ធ្វើ​ឡើង​តាម​ការ​ប្រកួត​ប្រជែង​ស្មើ​មុខ ​ស្មើ​មាត់​គ្នា ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ។​

​លោក​ថ្លែង​ថា៖ ​«ជា​ការណ៍​ពិត​អាហ្នឹង​ត្រូវ​តែ​មាន​ការ​ប្រកួត​ប្រជែង ​កូន​អ្នក​មាន​ក៏​ដោយ​ កូន​អ្នក​ក្រ​ក៏​ដោយ​ ក៏​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​បញ្ចេញ​ស្នា​ដៃ​ដែរ។​ ហើយ​ការ​ផ្តល់​តួនាទី​ឋានៈក៏​ត្រូវ​តែ​ផ្អែក​ទៅ​លើ​គុណ​សម្បត្តិ​ និង​សមត្ថភាព​របស់​បុគ្គល​ដែល​សម​នឹង​ទទួល​ការងារ ​និង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ»។​

លោក ​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​សម្រេចតែង​តាំងបុគ្គល​ណា​មួយ​ គឺអាស្រ័យ​លើ​ក្រសួង​ដែល​គិត​គូរ​ពី​សមត្ថភាព​របស់បេក្ខ​ជន​នោះ។ ​លោក​បន្ថែម​ថា ​ការ​តែង​តាំងនេះ​ក៏​ស្រប​តាម​គោល​ការណ៍ហ្វឹក​ហ្វឺន​អ្នក​បន្ត​វេន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«ទី១ ​ខ្ញុំមិន​ចង់​ឆ្លើយ​ជំនួសស្ថាប័ន​ទាំង​២​នោះ​ទេ ​ពីព្រោះ​មាន​តែ​ស្ថាប័ន​ហ្នឹង​ទេ ​អ្នក​ដឹង​ពិត​ប្រាកដ​នៃ​សមត្ថភាពបេក្ខជនដែល​លោក​តែង​តាំង។ ​ទី២ ​ជា​គោល​ការណ៍​នៃ​ការហ្វឹក​ហ្វឺន​អ្នក​បន្ត​វេន​ អាហ្នឹង​ជា​គោល​ការណ៍​របស់​គណ​បក្ស​ប្រជា​ជន​ គឺ​ហ្វឹកហ្វឺន​អ្នកបន្ត​វេន។ ហើយ​ទី៣ ​គឺ​ការ​ទទួល​ខុស​ត្រូវ​របស់​សាមី​ក្រសួង​ហ្នឹង​ គាត់​យក​ទៅ​ហ្វឹកហ្វឺន ​ហើយការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង»។​

លោក ​ផៃ ស៊ីផាន ​បន្ថែមថា ​ការ​រៀបចំ​អ្នក​បន្ត​វេន​ គឺជា​ការ​ការ​ទទួល​ខុស​ត្រូវ​របស់​នាយក​រដ្ឋ​មន្ត្រី ​ព្រោះ​បើជ្រើស​រើស​ និង​តែង​តាំង​ខុស ​នោះ​វា​នឹង​បាត់​បង់​ការគាំទ្រ​ពី​ប្រជា​ពលរដ្ឋ។​
​វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក ​តុប ​សុភ័ក​ អ្នក​នាំ​ពាក្យក្រសួង​ទេស​ចរណ៍​ និង​លោក​ សេង ឡូត ​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​បាន​នៅ​ឡើយ​ទេ។​

គួរ​បញ្ជាក់​ថា ​កាលពី​កន្លង​ទៅ ​ក៏​មាន​ការ​តែង​តាំង​កូន​រដ្ឋ​មន្ត្រី​ផ្សេងៗ​ទៀត​ផង​ដែរ ​ដូច​ជា​លោក ​អ៊ុក ពញ្ញា ​កូន​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​គឺ​លោក ​អ៊ុក រ៉ាប៊ុន​ ត្រូវ​បាន​ផ្តល់​ឋានៈ​ជារដ្ឋ​លេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជន​បទផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG