ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថា កុមារ​ភៀស​ខ្លួន​រាប់​លាន​នាក់​មិន​បាន​ចូល​សាលា​រៀន


កុមារជនភៀសខ្លួន​កំពុង​ផ្ទៀង​ស្តាប់​គ្រូ​ខណ​ដែល​ពួកគេ​កំពុង​រៀននៅ​ក្នុង​ជំរំ​ជនភៀស​ខ្លួន Balukhali ទីក្រុង​Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី​១០ ខែ មេសា ឆ្នាំ ២០១៧។

ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ UNHCRបាន​រាយការណ៍​ថា កុមារ​ភៀស​ខ្លួន​ចំនួន ៤ លាន​នាក់ មិន​បាន​ចូល​សាលារៀន ដែល​នេះ​ជា​ស្ថានការណ៍​មួយ​ដែល​ផ្ដល់​សញ្ញា​មិន​ល្អ​សម្រាប់​អនាគត​របស់​ពួកគេ ក៏​ដូចជា​សម្រាប់​សុខុមាលភាព​សហគមន៍​ដែល​ពួកគេ​រស់នៅ​ផង​ដែរ។

ទីភ្នាក់ងារ UNHCR បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា៖ «Turn the Tide: Refugee Education in Crisis»។

ទីភ្នាក់ងារ UNHCR នេះ បាន​បញ្ជាក់​ថា កុមារ​ភៀស​ខ្លួន​ដែល​ចុះ​ឈ្មោះ​ចូល​រៀន​មិន​មាន​សមាមាត្រ​ជាមួយ​នឹង​កំណើន​ជន​ភៀស​ខ្លួន​នោះ​ទេ ដែល​កំណើន​នេះ​បាន​ឈាន​ដល់​កម្រិត​មួយ​មិន​ដែល​មាន​ពី​មុន​មក។ នៅ​ទូទាំង​ពិភពលោក អង្គការ UNHCR បាន​ជួយ​ជន​ភៀស​ខ្លួន​ជិត ២០ លាន​នាក់ ដែល​ក្នុង​នោះ​កុមារ​មាន​ចំនួន​ជាង​ពាក់​កណ្ដាល។

ករណី​នេះ​មាន​ន័យ​ថា ចំនួន​កុមារ​ភៀស​ខ្លួន​ដែល​ត្រូវការ​ចូល​រៀន​ក៏​បាន​កើន​ឡើង​ផង​ដែរ។ ប៉ុន្តែ កុមារ​ទាំង​នោះ​មិន​សុទ្ធតែ​ទទួល​បាន​ការ​អប់រំ​នោះ​ទេ។

អ្នកស្រី Ita Sheehy ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​អប់រំ​នៃ​អង្គការ UNHCR បាន​និយាយ​ថា កុមារ​ភៀស​ខ្លួន ៦១ ភាគរយ បាន​ចូល​រៀន​នៅ​ថ្នាក់​បឋម​សិក្សា ចំណែក​ឯ​ថ្នាក់​មធ្យម​សិក្សា​វិញ មានតែ​ចំនួន ២៣ ភាគរយ​ប៉ុណ្ណោះ។ អ្នកស្រី​បាន​សង្កត់​ធ្ងន់​ថា ចំនួន​នេះ​គឺ​ទាប​បើ​ប្រៀបធៀប​ជាមួយ​នឹង​កុមារ​ចំនួន ៨៤ ភាគរយ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ទូទាំង​ពិភពលោក។

អ្នកស្រី Sheehy បាន​ថ្លែង​ថា៖ «ប្រសិនបើ​យើង​បូក​តួលេខ​ទាំង​នេះ​បញ្ចូល​គ្នា យើង​ដឹង​ថា កុមារ​ភៀស​ខ្លួន​ម្នាក់​ទំនងជា​មាន​ឱកាស​ចូល​រៀន​តិច​ជាង​កុមារ​ផ្សេង​ទៀត​ដល់​ទៅ ៥ ដង​ឯណោះ។ ករណី​នេះ​គឺ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ប្រសិនបើ​យើង​និយាយ​ពី​ការ​អប់រំ​កម្រិត​ឧត្ដមសិក្សា។ ហើយ​ជា​ថ្មី​ម្ដង​ទៀត យើង​ឃើញ​ថា ជន​ភៀស​ខ្លួន​ចំនួន​មួយ​ភាគរយ​ដែល​បាន​ចូល​រៀន​សាកលវិទ្យាល័យ​មិន​បាន​កើន​ឡើង​នោះ​ទេ​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ទោះបីជា​មាន​ការ​ប្រឹងប្រែង​ជា​ច្រើន​កន្លង​មក​ក៏​ដោយ»។

របាយការណ៍​របស់​អង្គការ UNHCR បាន​កត់​សម្គាល់​ថា ជន​ភៀស​ខ្លួន​ចំនួន ៩២ ភាគរយ កំពុង​រស់នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា ករណី​នេះ​គឺ​បង្ក​ជា​បញ្ហា ដោយសារតែ​ប្រទេស​ក្រីក្រ​ទាំង​នោះ​មាន​ថវិកា​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ផ្ដល់​ការ​អប់រំ​មាន​គុណភាព​ដល់​កុមារ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ផ្ទាល់ នេះ​មិន​ចាំបាច់​និយាយ​ដល់​កុមារ​ភៀស​ខ្លួន​ផង។

អង្គការ UNHCR កំពុង​ជំរុញ​បណ្ដា​ប្រទេស​ដែល​ទទួល​យក​ជន​ភៀស​ខ្លួន ឲ្យ​ចុះ​ឈ្មោះ​កុមារ​ភៀស​ខ្លួន​ក្នុង​ប្រព័ន្ធ​សាលារៀន​រដ្ឋ​របស់​ខ្លួន។ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា ប្រសិនបើ​ដាក់​ក្រុម​កុមារ​ទាំង​ពីរ​នេះ​ឲ្យ​រៀន​ជាមួយ​គ្នា​ជាជាង​ដាក់​ក្រុម​ទាំង​ពីរ​នេះ​ផ្ដាច់​ពី​គ្នា នោះ​យើង​នឹង​ទទួល​បាន​លទ្ធផល​អប់រំ​មួយ​ដ៏​ប្រសើរ​ជាង​នេះ។

អង្គការ UNHCR បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​វិនិយោគ​លើ​ការ​អប់រំ​របស់​កុមារ​ភៀស​ខ្លួន។ នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ អង្គការ​នេះ​បាន​ជំរុញ​ឲ្យ​អ្នក​ផ្ដល់​ជំនួយ​នានា​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ជា​បន្ត​រហូត​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ​មាន​ភាព​ប្រសើរ​ឡើង៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG