ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​មហាផ្ទៃ​ព្រមាន​អង្គការ​ធំៗ​ពីរ​ដែល​ចូល​រួម​បង្កើត​ ​«បន្ទប់​ស្ថានការណ៍»​ ​រិះគន់​ការ​បោះឆ្នោត​ឃុំ-សង្កាត់


រូបឯកសារ៖ ប្រជាជន​កម្ពុជា​​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤ណនៅខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​លើ​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ជាង​៤០​ ​ដែល​បាន​បង្កើត​ជា​ ​«បន្ទប់​ស្ថានការណ៍»​ ​វាយ​តម្លៃ​ការ​បោះឆ្នោត​ថា​ មិន​ទាន់​មាន​ភាព​យុត្តិធម៌​ ក្រសួង​មហាផ្ទៃ​ក៏​បញ្ជា​ឲ្យ​បន្ទប់​ស្ថានការណ៍​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​របស់​ខ្លួន​ និង​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ ប្រសិន​បើ​មិន​អនុវត្ត​តាម។​ នេះ​បើ​យោង​តាម​លិខិត​ជូន​ដំណឹង​ និង​ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ។

ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​អង្គារ​ ​បាន​ចេញ​លិខិត​ជូន​ដំណឹង​ចំនួន​ពីរ​ផ្សេងគ្នា​ ​ពាក់ព័ន្ធ​នឹង​ ​«បន្ទប់​ស្ថានការណ៍»។​ ​លិខិតទី១​ ​គឺ​ ​ផ្ញើ​ចំពោះ​ ​លោក​ ​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​បោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា ​ខុមហ្វ្រែល​ ​និង​ អង្គការ​របស់​លោក។​ ​ឯ​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ​គឺ​ផ្ញើ​ចំពោះ​ ​លោក​ ​សំ គន្ធាមី​ ​នាយក​ប្រតិបត្តិ​អង្គការ​អព្យាក្រឹត​ ​និង​យុត្តិធម៌​ ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា និចហ្វិច។

អង្គការ​ខុមហ្វ្រែល​ និង​និចហ្វិច​ ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អង្គការ​បង្គោល​ដែល​បាន​រួម​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ជិត​ ​៤០​ផ្សេង​ទៀត​ ​ដើម្បី​បង្កើត​ឲ្យ​មាន​បន្ទប់​ស្ថាន​ការណ៍​ ​ឃ្លាំមើល​ស្ថាន​ការណ៍​ក្នុង​ពេល​ការ​បោះឆ្នោត​កន្លង​មក។

​ក្នុង​លិខិត​ទាំង​ពីរ​ ​ដែល​សរសេរ​ន័យ​ដូច​គ្នា​ឲ្យ​ដឹង​ថា​ ការ​បង្កើត​ ​«បន្ទប់​ស្ថានការណ៍»​ ​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ២០១៧​ ​ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​សមាគម​ប្រមាណ​ជា​៤០​ ​ជា​សមាជិក​ គឺ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​សមាគម​ ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ ​VOA​ នា​រសៀល​ថ្ងៃពុធ​នេះ​ថា​ ​ក្រុម​អង្គការ​ក្នុង​បន្ទប់​ស្ថានការណ៍​ទាំង​ជាង​៤០​ ​បាន​ធ្វើ​សកម្មភាព​ដែល​មិន​មាន​ភាព​អព្យាក្រឹត​សម្រាប់​គណបក្ស​នយោបាយ​នីមួយៗ​ ​ដែល​ខុស​ទៅ​នឹង​មាត្រា​២៤​ ​នៃ​ច្បាប់​ស្តី​ពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។​ លោក​ពន្យល់​ថា​ ​ភាព​មិន​អព្យាក្រឹត​របស់​បន្ទប់​ស្ថានការណ៍​ ​បង្ហាញ​ឡើង​តាមរយៈ​របាយការណ៍​របស់​ពួកគេ​ដែល​ចេញ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ​ដែល​បាន​លើក​ឡើង​ថា​ ​ការ​បោះឆ្នោត​នោះ​មាន​ការ​រឹតត្បិត​សេរីភាព​ ​និង​គ្មាន​ភាព​យុត្តិធម៌។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា​ ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ ​ប្រសិន​បើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ទាំង​នោះ​ ​នៅ​តែ​បន្ត​សកម្មភាព​ដដែល​នោះ។​ ទោះ​ជា​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​ថា​ ​វិធានការ​ផ្លូវ​ច្បាប់​ដែល​លោក​បាន​លើក​ឡើង​ ​គឺ​ជា​ចំណាត់ការ​បែប​ណា​នោះ​ទេ។

​នាយ​ឧត្ដមសេនីយ៍​ ខៀវ សុភ័គ​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

​«លើក​ទី១​ យើង​គ្រាន់​តែ​ជម្រាប​ជូន​គាត់​ឲ្យ​ឈប់។​ ការ​ខុស​ច្បាប់​លើក​ទី២​ ​អាច​មាន​វិធានការ​ធ្ងន់​ជាង​ហ្នឹង។ ​បើ​គាត់​បំពាន​នឹង​បម្រាម​ហ្នឹង​ទៀត​ ​វា​មាន​អី​ក្រៅ​ពី​វិធានការ​ផ្លូវ​ច្បាប់​ ​យើង​មាន​វិធានការ​អី​ផ្សេង?»។

​តាម​លិខិត​ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្រសួង​មហាផ្ទៃ​បាន​ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍​នា​ពេល​កន្លង​មក​ថា​ មិន​មាន​តម្លៃ​គតិយុត្តិ ​និង​មិន​ឆ្លុះ​បញ្ចាំង​ពី​អព្យាក្រឹតភាព​ ​ដូច​មាន​ចែង​ក្នុង​មាត្រា​២៤​ ​នៃ​ច្បាប់​ស្តី​ពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។​ ក្រសួង​ក៏​បាន​បញ្ជា​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ទាំង​អស់​ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថាន​ការណ៍​ ​ត្រូវ​បញ្ឈប់​សកម្មភាព​របស់​បន្ទប់​ស្ថានការណ៍​ ​និង​ត្រូវ​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ ​ស្របតាម​ច្បាប់​ស្តី​ពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា។

មាត្រា​២៤ នៃ​ច្បាប់​ស្តី​ពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចែង​ថា​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ ​ឬ​សមាគម​បរទេស​ ​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ ​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។​ ឯ​មាត្រា​២១​ ​នៃ​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដដែល​ ចែង​ថា​ អង្គការ​ស្រប​ច្បាប់​នានា​ ​អាច​មាន​សិទ្ធិ​ចុះ​កិច្ចសន្យា​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ក្នុង​ការ​អនុវត្ត​គម្រោង​សកម្មភាព​ ​ស្រប​តាម​ច្បាប់​ជា​ធរមាន​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

​VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​បោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល)​ ​និង​លោក​ ​សំ គន្ធាមី​ ​នាយក​ប្រតិបត្តិ​អង្គការ​អព្យាក្រឹត​ ​និង​យុត្តិធម៌​ ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ (និច​ហ្វិច) បាន​ទេ។

ទោះ​ជា​យ៉ាង​ណា​ លោក​ ​យឿង សុធារ៉ា​ មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ ​លើក​ឡើង​ថា បន្ទប់​ស្ថានការណ៍​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​បាន​ធ្វើ​ការ​ប្រកប​ដោយ​អព្យាក្រឹត​ ​ស្រប​តាម​ច្បាប់​ មិន​បម្រើ​ផល​ប្រយោជន៍​គណបក្ស​នយោបាយ​ណា​មួយ ដូច​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​នោះ​ទេ។​ លោក​បន្ត​ថា​ របាយ​ការណ៍​ដែល​រក​ឃើញ​ដោយ​បន្ទប់​ស្ថានការណ៍​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​ធ្វើ​ឡើង​តាម​វិធីសាស្រ្ត​របស់​ខ្លួន​ត្រឹមត្រូវ​ ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ដោយ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។

រូបឯកសារ៖ លោក យឿង សុធារ៉ា សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ចូលរួម​ជា​វាគ្មីន​ពិភាក្សា​អំពី​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។
រូបឯកសារ៖ លោក យឿង សុធារ៉ា សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ចូលរួម​ជា​វាគ្មីន​ពិភាក្សា​អំពី​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ​បន្ថែម​ថា ​ការ​ហាមឃាត់​របស់​ក្រសួង​មហាផ្ទៃ​ឲ្យ​បញ្ឈប់​សកម្មភាព​ការងាររបស់​បន្ទប់​ស្ថានការណ៍​ដែល​មាន​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ជាង​៤០​ ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​មាត្រា​២១ នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

​លោក ​យឿង សុធារ៉ា​ ​បញ្ជាក់​ថា៖

«បើ​សិន​ជា​មិន​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​គាត់​សហការ​គ្នា​ធ្វើការ​ដើម្បី​រួម​ចំណែក​ជាមួយ​នឹង​កិច្ចការ​បោះឆ្នោត​ ​ការ​ឃ្លាំមើល​ ​ការ​សង្កេត​ការណ៍​បោះឆ្នោត​ ​ដែល​ច្បាប់​ជាច្រើន​បើក​ផ្លូវ​អនុញ្ញាត​ផ្តល់​សិទ្ធិ​ឲ្យ​សង្គម​ស៊ីវិល​ ​នោះ​ខ្ញុំ​គិត​ថា ​វា​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ដំណើរការ​ប្រជាធិបតេយ្យ​ ​លំហ​ប្រជាធិបតេយ្យ​នៅ​ស្រុក​យើង​ ​កាន់​តែ​រឹត​ត្បិត​ទៅ។​ ​មាន​ន័យ​ថា​ ផ្លូវ​ ​ឬក៏​លំហ​ហ្នឹង​វា​កាន់​តែ​តូច​ចង្អៀត​ទៅ»។

​លិខិត​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ​ធ្វើ​ឡើង​ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​បញ្ជា​ជា​សាធារណៈ​ឲ្យ​លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ពិនិត្យ​ផ្លូវច្បាប់​ដើម្បី​ចាត់​វិធានការ​ជា​បន្ទាន់​ចំពោះ​បន្ទប់​ស្ថានការណ៍​ ​ដោយ​លោក​បាន​លើក​ឡើង​ថា ​«បន្ទប់​ស្ថានការណ៍»​ អាច​ជា​មូលដ្ឋាន​បញ្ជា​ឲ្យ​មាន​បដិវត្តន៍​ពណ៌។

​ការ​ខឹង​សម្បារ​របស់​លោក​ ហ៊ុន សែន​ ​កើត​មាន​បន្ទាប់​ពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់​បាន​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​បន្ទប់​ស្ថានការណ៍​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បង្ហាញ​ពី​បញ្ហា​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​មុន​ថ្ងៃ​បោះឆ្នោត​ ​ដូច​ជា​បរិយាកាស​ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ ​វិសមភាព​ហិរញ្ញវត្ថុ​ឃោសនា​បោះឆ្នោត​ ​និង​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ដែល​ខ្វះ​សមធម៌​ ​និង​តម្លាភាព​ ​ទីលាន​ប្រជែង​នយោបាយ​ខ្វះ​សមភាព​ ​និង​ភាព​ចម្រូងចម្រាស​នៃ​បទ​បញ្ញត្តិ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​បោះឆ្នោត​ ​និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ​ជា​ដើម៕

XS
SM
MD
LG