ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រើន​រំឭក​ឲ្យ​សមាជិក​ខ្លួន​​ប្រុងប្រយ័ត្ន​ក្នុង​ការ​ចេញ​ឥណទាន​កម្ចី


រូប​ថតពីគេហទំព័រសមាគម​​មីក្រូហិរញ្ញវត្ថុកម្ពុជា។ (រូប Screenshot)
រូប​ថតពីគេហទំព័រសមាគម​​មីក្រូហិរញ្ញវត្ថុកម្ពុជា។ (រូប Screenshot)

នៅពេល​​ប្រទេសកម្ពុជា​កំពុងគ្រោងរៀបចំការ​បោះឆ្នោត​ចម្រូង​ចម្រាស​ដែល​មាន​ការឃោសនា​នយោបាយ​លុប​បំណុល​ដែល​ពលរដ្ឋ​កំពុង​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ​ សមាគម​​ហិរញ្ញវត្ថុ​ក្រើន​រំឭក​ឲ្យ​សមាជិក​ខ្លួន​​ប្រុងប្រយ័ត្ន​ក្នុង​ការ​ចេញ​ឥណទាន​កម្ចី។

សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជាបាន​ចេញ​ការ​ព្រមាន​ដល់​សមាជិក​របស់​ខ្លួន​ម្តង​ទៀតឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ឃោសនា​ដែល​ថា​ នឹង​មានការ​លុប​ចោល​បំណុលដែល​ពលរដ្ឋ​បាន​ជំពាក់​រដ្ឋ។​ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​របស់​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​សប្តាហ៍​នេះ។​

យោង​តាម​សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៨​ ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ ដែល​តំណាង​ឲ្យ​គ្រឹះស្ថាន​ជាង​១០០​ បាន​បញ្ជាក់​ឲ្យ​ដឹង​សារ​ជាថ្មី​តាម​អត្ថន័យ​ដើម​ថា៖«គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ជា​គ្រឹះស្ថាន​ឯកជន​សុទ្ធ​សាធ​ និង​ធ្វើប្រតិបត្តិការ​សំដៅ​ទទួល​បាន​ប្រាក់​ចំណេញ​ ហើយ​អតិថិជន​ដែល​ទទួល​ប្រាក់​កម្ចី​ត្រូវ​មាន​កាតព្វ​កិច្ច​សង​ត្រឡប់​តាម​កិច្ច​សន្យា​កំណត់»។​

សមាគម​មីក្រូ​ហិរញ្ញវត្ថ​បាន​ថ្លែង​សង្កត់​ធ្ងន់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា​ គ្រឹះស្ថាន​ជា​សមាជិក​ និង​មន្ត្រី​ឥណទាន​ទាំង​អស់ត្រូវ​ធ្វើការ​បញ្ជាក់​ឲ្យ​ច្បាស់​ប្រាប់​ប្រជា​ពលរដ្ឋ​ថា​ លុយ​ដែល​ពលរដ្ឋ​ខ្ចី​ជា​របស់​ឯកជន​ មិនមែន​ជា​របស់​រដ្ឋ​នោះ​ឡើយ។​

សេចក្តី​ប្រកាស​របស់​សមាគម​ដដែល​បាន​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​ថា៖​«សមាគម​សូម​បញ្ជាក់​បន្ថែម​ថា​ ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​លុប​បំណុល​ ឬការ​ផ្សព្វ​ផ្សាយ​ស្រដៀង​គ្នា​គឺ​ជា​សកម្មភាព​ប្រជាភិថុតិ​ ដែល​ជំរុញ​ឲ្យប្រជា​ពលរដ្ឋខ្ចី​ប្រាក់​ហួស​ពី​តម្រូវការ​ បង្ក​ជា​បញ្ហា​លំបាក​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​និង​សង្គម»។​

លោក ​យុន សុវណ្ណា​ នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ប្រតិបតិ្តករ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ដែល​ជា​សមាជិក​របស់​សមាគម​ បាន​ធ្វើ​កិច្ច​ការងារ​ច្រើន​រួច​ទៅ​ហើយ​ដើម្បី​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់​ពី​ការ​ប្រើ​សេវា​ឥណទាន ​ហើយ​ពលរដ្ឋ​ខ្លួន​ឯងក៏បាន​ដឹង​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ ចំពោះ​ការ​ប្រើ​ឥណទាន​នោះ។ ​តែ​ដើម្បីរក្សា​បាន​ការ​យល់​ដឹង​នេះ​ សមាគម​បាន​ខិត​ខំបន្ត​ក្រើន​រំឭក​ទាំង​ប្រតិបត្តិ​ករ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ និងអ្នក​ប្រើ​ប្រាស់​ឥណទាន អំពី​ការ​ភាន់​ច្រឡំ ​ដែល​ថា​ លុយ​ដែល​ពលរដ្ឋ​បាន​ខ្ចី​នោះ​ជាលុយ​របស់​រដ្ឋ។​

«ទីមួយ​គឺយើង​ចង់​ក្រើន​រំឭកដល់​ប្រតិបត្តិករ​ ជាពិសេស​ទៅ​ដល់​សមាជិក​របស់​សមាគម​ ឲ្យ​ធ្វើ​ម៉េច​ ផ្តល់​សេវា​ដែល​យក​អតិថិជន​ជា​មូលដ្ឋាន​ គាំពារ​ការពារ​ផល​ប្រយោជន៍ និង​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ឲ្យ​យល់​ពី​ផលិត​ផល​សេវា​កម្ម។​ ទីពីរ​យើង​ចង់​បញ្ជ្រាប​ចំណេះ​ដឹង​ហ្នឹង​ទៅ​ដល់បង​ប្អូន​ប្រជា​ពលរដ្ឋ​ផ្ទាល់​ ហាក់​ដូច​ជា​បង្កើន​នូវ​ការ​ក្រើន​រំឭក​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ថា​ កម្ចី​នេះ​នៅពេល​ដែល​យើង​ទទួល​សេវា​ ជា​ពិសេស​សេវា​កម្ចី​ហ្នឹង​ យើង​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ ​ក្នុង​នាម​យើង​ជា​អតិថិជន​ ហើយ​ត្រូវតែ​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា​ នេះ​ជា​កម្ចីពីគ្រឹះស្ថាន​ឯកជន​ ដែល​ជា​គ្រឹះស្ថាន​ស្វែងរក​ប្រាក់​ចំណេញ»។​

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១៧​ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​របស់​ធនាគារ​ជាតិ​កម្ពុជាបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅតែ​បន្ត​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការពង្រីក​វិសាល​ភាព​ និង​ទំហំ​ប្រ​តិបត្តិការ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ ដោយ​បាន​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​កម្រិត​ជីវភាព​រស់​នៅ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។​

ក្រៅពី​នេះ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​ធ្វើ​ពិពិធកម្ម​សេវា​ហិរញ្ញវ​ត្ថុ​ រួមមាន​សេវា​ផ្ទេរ​ប្រាក់​ សេវា​ធនាគារ​ចល័ត​ ​សេវា​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ​ (ATM) និង​សេវា​ណែនាំ​ធានា​រ៉ាប់​រង​ខ្នាត​តូច​ជាដើម។​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​ធ្វើ​ប្រតិបត្តិ​ការ​គ្រប​ដណ្តប់​ទូទាំង​២៥​រាជធានី-ខេត្ត​ ដោយ​មាន​ការិយាល័យ​នៅ​រាជ​ធានី​ភ្នំពេញ​ចំនួន​៧៦ ​ខេត្ត​ចំនួន​២៦២ ​ក្រុង​ចំនួន​២០០​ និង​ស្រុក​ចំនួន​៧៦៨​ ព្រម​ទាំង​បាន​ផ្តល់​ការងារ​ដល់​បុគ្គលិក​ចំនួន​២៩.១១១។​

របាយ​ការណ៍​បន្ត​ទៀត​ថា​ វិស័យ​មីក្រូហិរ​ញ្ញ​វត្ថុ​បាន​កេណ្ឌ​ ប្រ​មូល​ប្រាក់​បញ្ញើ​សរុប​ចំនួន​ប្រមាណ​៨,១​ទ្រីលាន​រៀល​ គឺ​កើន​ឡើង​ចំនួន​៣៥,៦​ភាគរយ​ (ឆ្នាំ​លើ​ឆ្នាំ) និង​ទទួល​បាន​ពីអ្នក​ផ្ញើ​ប្រាក់​ជាង​១,៧​លាន​នាក់​ និង​បាន​ផ្តល់​កំណើន​ឥណទាន​ចំនួន​២៥,៥​ភាគរយ​គឺ​មាន​ចំនួន​សរុបប្រមាណ​១៥,៩​ទ្រីលាន​រៀល ដល់​អតិថិជន​ចំនួន​១,៧៥​លាន​នាក់​ ក្នុង​នោះអតិថិជន​ជាស្រ្តី​មាន​ចំនួន​៧៧,៤​ភាគ​រយ។ ​ឥណទាន​ត្រូវ​បាន​បែង​ចែក​ទៅ​វិស័យ​កសិកម្ម​២៦,៩​ភាគរយ ពាណិជ្ជ​កម្ម​១៨,៦​ភាគរយ​ ក្រុម​គ្រួសារ​៣៣,២​ភាគ​រយ​ សេវា​កម្ម​១០,៣​ភាគរយ​ ដឹក​ជញ្ជូន​៤,៥​ភាគរយ​ សំណង់​៣,៣​ភាគរយ​ ស្ថាប័នហិរញ្ញ​វត្ថុ​០,១​ភាគរយ​ និង​ផ្សេងៗ​ទៀត​២,២​ភាគ​រយ។​

លោក​ ​យុន សុវណ្ណា​ នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា ​បាន​បញ្ជាក់​ ប្រាប់​ VOA ​ថា​ ទំហំ​ឥណទាន​សរុប​ដែល​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​គិត​ត្រឹម​ដំណាច់​ខែ​មីនា​ឆ្នាំមាន​ចំនួន​ប្រមាណ៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក​ និង​មាន​អ្នក​ខ្ចី​ចំនួន១,៨​លាន​នាក់។ ​អ្នក​ជំនាញ​ខាង​មីក្រូហិរញ្ញ​វត្ថុ​រូប​នេះ​អះអាង​ថា​ រហូត​មក​ដល់​ពេល​នេះ​ការ​ខូចខាត​កម្ចី​ឥណទាន​គឺនៅ​មាន​តិច​នៅ​ឡើយ ​ទោះបី​មាន​ការឃោសនា​ថា​ នឹងមាន​ការ​លុប​បំណុល​ដែល​ពលរដ្ឋ​ជំពាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ក្តី។​

«ប្រទេស​កម្ពុជា​យើង​ គុណភាព​នៃ​កម្ចី គុណភាព​ឥណទាន​នៅ​ប្រទេស​កម្ពុជា​ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ក្នុង​សាកល​លោក​នេះ​ យើង​មាន​ភាព​ល្អ​ប្រសើរ​មែន​ទែន។ ​យើង​ កម្ចី​របស់​យើង​មាន​គុណ​ភាព​រហូត​ទៅ​ដល់​៩០​ ជិត​៩៩​ភាគ​រយ​ បាន​ន័យ​ថា​ ក្នុង​ចំណោម១០០​ឥណទាន​ ១០០​កម្ចី​ហ្នឹង​មាន​តែមួយ​កម្ចី​ទេ​ ដែល​មាន​បញ្ហា។ ​ហើយ​មែន​បាន​ន័យ​ថា​ បញ្ហា​ហ្នឹង​ ដោយសារ​តែ​បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង​គាត់​អាច​បង់​យឺត​ ខ្វះខាត​ មាន​បញ្ហា​ផ្លាស់​ប្តូរ​ក្នុង​គ្រួសារ​ ឬ​មួយ​ក៏​មាន​បញ្ហា​អាជីវ​កម្ម​អី​ហ្នឹង​ ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា​ ខូច​ ហើយ​មិន​អាច​យក​មក​វិញ​បាន​ទេ។ អីចឹង​បាន​ន័យ​ថា​ គុណភាព​កម្ចី​ឥណទាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សម្រា​ប់​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នេះ​ មាន​ភាព​ល្អ​ប្រសើរ​មែន​ទែន»។​

លោក​ យុន សុវណ្ណា ​មាន​ប្រសាសន៍​បន្ត​ថា​ ទាក់​ទិន​ការ​ឃោសនា​ ដែល​ថា​ នឹង​មាន​ការ​លុប​បំណុល​នោះ ​អាជ្ញាធរ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​មាន​វិធាន​ការ​ទៅ​តាម​សកម្ម​ភាព​ល្មើស​ដែល​បុគ្គល ​ឬ​ក្រុម​ណា​មួយ​បាន​ប្រព្រឹត្ត។ ​លោក​ថា​ ​សមាគម​នឹង​បន្ត​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់​ឥណទាន​ ដែល​មាន​បុព្វហេតុ​ចម្បង​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​ការ​បង្កើន​ការ​គោរព​ច្បាប់​ ដែល​មាន​ចែង​ឲ្យ​ប្រើ​ក្នុង​វិស័យ​នេះ។ ​ជាមួយ​នឹង​ការ​បោះឆ្នោត​ជាតិ​ ដែល​កំពុង​ខិតជិត​មក​ដល់​នោះ​ ប្រធាន​សមាគម​មីក្រូហិរ​ញ្ញវត្ថុរូប​នេះ​ជឿ​ថា​ ស្ថិរភាព​ក្នុង​មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​កំពុង​លូត​លាស់​នេះ​ នឹង​បន្តកើត​មាន​ ហើយក៏​មិន​មាន​សញ្ញា​ណា​មួយ​ ដែល​អាច​បញ្ជាក់​ថា​ វិស័យ​នេះ​នឹង​អាចជួប​ហានិភ័យ​នោះ​ឡើយ។​

«យើង​ជឿថា​ ទៅថ្ងៃ​មុខ​ រួមទាំង​ឆ្នាំ​២០១៨​នេះ​ផង​ វិស័យនេះ​នឹង​បន្ត​មាន​និរន្តរ​ភាព​ ហើយបងប្អូន​ប្រជា​ពលរដ្ឋ​កាន់​តែ​យល់​ច្បាស់​អំពី​កាតព្វកិច្ច​ និង​សិទ្ធិ​របស់​ខ្លួន​ជា​អតិថិជន​ ហើយ​ប្រ​តិបត្តិករ​ត្រូវតែ​ប្រកួត​ប្រជែង​ឲ្យ​ស្មើភាព​ មាន​តម្លាភាព​ ហើយ​នឹង​យក​អតិថិជន​ជាមូលដ្ឋាន​ ក្នុង​ការ​ផ្តល់​សេវា។ ​អីចឹង យើង​ត្រូវ​តែ​បន្ត​លើក​កម្ពស់​ ហើយ​ជំរុញឲ្យ​ជីវភាព​បង​ប្អូន​ប្រជា​ពលរដ្ឋ​ មាន​ភាព​ល្អ​ប្រសើរ ព្រោះកា​រផ្តល់​សេវា​នេះគឺ​គោល​បំណង​ដ៏ធំ​ចម្បង​នោះ​ គឺ​កាត់​បន្ថយ​ភាព​ក្រីក្រ​ លើក​កម្ពស់​ជីវភាព​ និង​ជំរុញ​កំណើន​អាជីវកម្ម​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ជា​អតិថិ​ជន។​ ហើយ​យើងគិត​ថា​ ក្នុង​ឆ្នាំហ្នឹ​ង​ក៏ដូច​ជា​ឆ្នាំ​បន្ទាប់​ យើង​នៅតែ​ល្អប្រសើរ​គុណភាព​របស់​កម្ចី​ឥណទាន​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​យើង។ ​ហើយ​ជាពិសេស​ បើទោះ​បី​ឆ្នាំ​នេះ​ជា​ឆ្នាំ​បោះឆ្នោត​មែន​ ​ប៉ុន្តែបើ​យើង​សង្កេត​មើល​ពី​សង្គម​ពី​សេដ្ឋកិច្ច​ហាក់​ដូច​ជា​ល្អ​ប្រសើរ​ ហើយ​យើង​អាច​ព្យាករណ៍​បាន​ពី​ស្ថិរ​ភាព​ ហើយ​និង​កំណើន​ដែល​នឹង​បន្ត​ទទួល​បាន​ពីឆ្នាំ​នេះ​ទៅឆ្នាំ​ក្រោយ បាទ​»។

នៅ​ប្រទេស​កម្ពុជា​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បាន​ឆ្លៀត​ប្រើ​ប្រាស់​សេវា​ឥណទាន​ ក្រៅផ្លូវ​ការ ​ដែល​មិន​មាន​ការ​ដឹង​ឮ​តាម​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ស្រប​ច្បាប់​កម្ពុជា។ ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ក៏ធ្លាប់​បានចេញ​ការ​ព្រមាន​ថា​ ការ​ខ្ចី​ប្រាក់​ក្រៅ​សេវា​ស្រប​ច្បាប់​ពិតជា​មាន​ភាព​ងាយ​ស្រួល​ តែ​គ្រោះថ្នាក់​ខាង​ហិរញ្ញ​វត្ថុ​ និង​សង្គម​ក៏​មាន​ច្រើន​ដែរ​ តួយ៉ាង​ អ្នក​ខ្ចីអាច​ប្រឈម​គុណ​វិបត្តិ​ជាច្រើន​ រួម​មាន គេ​អាច​បោក​បញ្ឆោត​ អូសទាញ​ឲ្យ​អ្នក​លង់​ជឿ​ព្រម​តាម​គេ​ គិត​បញ្ចូល​ការ​ប្រាក់ដោយ​គា្មន​បាន​ចរចាគា្ន​ មិន​កំណត់​ថៃ្ល​ដើម​ចុង​ច្បាស់លាស់​ កាល​កំណត់​សង​ប្រាក់​មាន​រយៈ​ពេល​ខី្ល-ខី្ច​ថៃ្ង​នេះ ​អាច​នឹង​ត្រូវ​បង់​សង​វិញ​ថៃ្ង​សែ្អក​ក៏​មាន​ ប្រឈម​នឹង​ការ​ជំរិត​ទារប្រាក់​ ឬ​ការ​រឹបអូស​ដែល​នាំឲ្យ​គេ​ដឹង​ឮ​ជា​សារធារណៈ ហើយ​អ្នក​ត្រូវ​ខ្មាស​គេ ​មិន​សូវមាន​ការ​គោរព ឬ​គា្មន​ការ​គោរព​ចំពោះ​អតិថិជន។​

ក្នុង​ស្ថានភាព​នយោបាយ​វិញ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ត្រូវ​អង្គភាព​ព័ត៌មានក្នុងស្រុក Freshnews ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​រាយ​ការណ៍ម​ក​ថា​ លោក​បានប្រតិ​កម្ម​ខ្លាំងៗ​ទៅ​នឹង​ការ​ឃោសនា​របស់​អ្នក​នយោបាយ​មួយរូប​ដែល​លោក​នាយក​រដ្ឋមន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ តែ​គេ​ស្គាល់​ថា​ជា​ព្រះ​អង្គ​មា្ចស់​នរោត្តម​រណ​ឫទ្ធិ​នោះ ​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ប្រជា​ពលរដ្ឋ​នៅ​ឯ​ខេត្ត​តាកែវ​កាល​ពីពេល​ថ្មីៗ​នេះ​ថា ​«នៅ​ពេល​ព្រះ​អង្គ​ឈ្នះ​ឆ្នោត​ដឹក​នាំ​រាជ​រដ្ឋាភិបាល​ ព្រះអង្គ​នឹង​ដោះស្រាយ​បំណុល​ជូន​ប្រជា​ពល​រដ្ឋ»។​

អង្គភាព​ព័ត៌មាន​នេះ​បាន​ស្រង់​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​ន័យ​ដើម​ថា៖​«មាន​អ្នក​ខ្លះ​ថា ​បើគេ​ឈ្នះ​ឆ្នោត​ គេ​នឹង​សង​បំណុល​ជួស​ប្រជាជន​ទាំង​អស់។ ​នេះ​ជា​អំពើ​បោកប្រាស់​មួយ ​ដែល​គួរ​ឲ្យ​ខ្មាស់​អៀនខ្លាំង​ណាស់។​ ប៉ុន្មាន​អាទិត្យ​មុន​សរសេរ​សំបុត្រ​មក​សុំខ្ចី​លុយ​ខ្ញុំ​សោះ ​ស្រាប់​តែ​ឥឡូវ​បែរ​ជា​សន្យា​សង​លុយ​ជំនួស​ប្រជាជន​ទាំងអស់​ទូទាំង​ប្រទេស​ចំពោះ​ធនាគារ។​ តើ​ប្រទេស​ណា​ដែលគេអាច​ធ្វើ​អីចឹង​ទៅរួច។​ ​បើធ្វើ​អីចឹង​ទៅបាន​ចាំបាច់​អី ​ខ្ចី​លុយ​ពី​បរទេស​មក​កសាង​ផ្លូវ​ មក​កសាង​ប្រឡាយ​ទឹក​ មក​កសាង​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​របស់​យើង។​ យើង​មិន​យក​លុយ​ទាំង​នោះ​មក​កសាង​តែ​ម្តង​ទៅ ប៉ុន្តែ​ដោយ​សារ​យើង​ក្រ​ អត់​លុយ​នោះ​ហើយ​ទើប​យើង​ខ្ចី​លុយ​បរទេស»។​

​ជាផ្នែក​មួយ​នៃ​ការ​រក្សា​លំនឹង​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ខែមីនា​ ឆ្នាំ​២០១៧ ​បាន​សម្រេច​ចិត្ត​ដ៏ភ្ញាក់​ផ្អើល​មួយ​ ដោយ​បាន​បង្កើត​ពិដាន​អត្រា​ការប្រាក់​ត្រឹម​១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ​ពិដាន​អត្រា​ការ​ប្រាក់​នេះ​បាន​ទទួល​រង​ការ​រិះគន់​ពី​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ ដោយ​ហេតុ​ថា​ វានឹង​មិន​អាច​រក្សា​និរន្តភាព​របស់​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នោះ​ទេ​ តែនឹង​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ខ្នាត​តូចៗ​ប្រឈម​ហានិភ័យ​ខ្ពស់​ខាង​ហិរញ្ញ​វត្ថុ ​ឬ​ត្រូវ​ប្រឈម​នឹង​ការបិទ​ទ្វារ៕​

XS
SM
MD
LG