ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិដាន​ការ​ប្រាក់​បង្ក​ផល​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​នៃ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា


តម្រូវការ​មូលធន​បាន​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា។ (រូបថតដោយ R. Carmichael/VOA)
តម្រូវការ​មូលធន​បាន​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា។ (រូបថតដោយ R. Carmichael/VOA)

សេចក្តី​សម្រេច​ឲ្យ​អនុវត្ត​ការ​ដាក់​ពិដាន​ការប្រាក់​នេះ ​ដែល​នឹង​កើត​ឡើង​មុន​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ឆ្នាំ​នេះ និង​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៨​ខាង​មុខ​នេះ បាន​ធ្វើឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ការ​ភ្ញាក់​ផ្អើល។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ រដ្ឋាភិបាល​កម្ពុជា​បាន​បង្គាប់​ឲ្យ​ស្ថានប័ន​មីក្រូ​ហិរញ្ញវត្ថុ​កំណត់​ការប្រាក់​លើ​កម្ចី​ថ្មី និង​កម្ចី​បន្ថែម​លើ​បំណុល​ចាស់​ ក្នុង​អត្រា​ខ្ពស់​បំផុត​ត្រឹម​១៨ភាគរយ​ក្នុង​មួយ​ឆ្នាំ ចាប់តាំង​ពី​ថ្ងៃទី១ ខែមេសា​នេះ​តទៅ។

បើសិន​ជា​មិន​ខ្ចី​ប្រាក់​បន្ថែម​លើ​បំណុល​ចាស់​ទេ នោះ​អ្នកស្រី អ៊ិន ​សុខៃ ដែល​មាន​មុខរបរ​ជា​កម្មករ​រោងចក្រ នឹង​មិន​ជួប​បញ្ហា​អ្វី​នោះទេ ដោយសារ​តែ​អ្នកស្រី​ទើបតែ​ទទួល​បាន​កម្ចី​ក្នុង​រយៈពេល​៤ឆ្នាំ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​បាន​ពីរបី​ខែ​ប៉ុណ្ណោះ។

ស្ត្រី​វ័យ​៣២ឆ្នាំ​រូប​នេះ បាន​ប្រាប់ VOA ឲ្យ​ដឹង​ថា៖ «‍ខ្ញុំ​ខ្ចី​លុយ​គេ​មក​៥០០០ដុល្លារ ហើយ​ខ្ញុំ​ទិញ​មាន់ ធ្វើ​ផ្ទះ ហើយ​ប្តី​ខ្ញុំ​ទិញ​ទូក​ទិញ​អី​អ៊ីចឹងទៅ រាយមង រាយអី»។​

សម្រាប់​កម្ចី​នេះ អ្នកស្រី​ត្រូវបង់​ការប្រាក់​ក្នុង​អត្រា​២២ភាគរយ​ក្នុង​មួយ​ឆ្នាំ។

បើ​តាម​បទដ្ឋាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កម្ចី​របស់​អ្នកស្រី សុខៃ គឺ​ស្ថិត​ក្នុង​បរិមាណ​ធំ។ ជាទូទៅ ៧០ភាគរយ​នៃ​អតិថិជន​យក​កម្ចី​ក្រោម​សាច់ប្រាក់​៥០០ដុល្លារ។ កម្ចី​ទាំងនេះ​ភាគច្រើន​មាន​រយៈពេល​ក្រោម​មួយ​ឆ្នាំ ហើយ​អតិថិជន​ត្រូវបង់​ការប្រាក់​ក្នុង​អត្រា​៣០ភាគរយ ឬ​ខ្ពស់​ជាង​នេះ ដោយសារតែ​កម្ចី​សាច់ប្រាក់​តិច​ត្រូវ​ចំណាយ​ច្រើន​ក្នុង​ការ​ចាត់ចែង។

យ៉ាងណាមិញ ការ​ចំណាយ​នេះ​មិន​បាន​កាត់បន្ថយ​តម្រូវការ​កម្ចី​នោះទេ ដែល​ការណ៍​នេះ​ជួយ​ដល់​កំណើន​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ប្រជា​ពលរដ្ឋ​ចំនួន​១៥លាន​នាក់។ គិត​មក​ត្រឹម​ឆ្នាំ​២០១៥ នៅកម្ពុជា​អ្នក​ដាក់​ប្រាក់​បញ្ញើរ​មាន​ចំនួន​១លាន​៥សែន​នាក់ ហើយ​អ្នក​ខ្ចី​ប្រាក់​មាន​ចំនួន​ជាង​២លាននាក់ ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​គ្រប់​ខេត្ត​ក្រុង។ កម្ចី​ស្ទើតែ​ទាំងអស់​គឺ​ប្រមូល​ផ្តុំ​ដោយ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្រៅ​ទីក្រុង​ភ្នំពេញ ហើយ​អ្នក​ខ្ចី​ប្រាក់​ភាគច្រើន​គឺជា​ស្ត្រី។

បើ​ទោះបី​ជា​អតិថិជន​ថ្មី​ត្រេកអរ​នឹង​សេចក្តីប្រកាស​របស់​រដ្ឋាភិបាល​ជុំវិញ​ការ​ដាក់​ពិដាន​ការប្រាក់​ថ្មី​នេះ​ក្តី ក៏​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ជាក់ស្តែង សេចក្តី​សម្រេច​ឲ្យ​អនុវត្ត​ការ​ដាក់​ពិដាន​ការប្រាក់​នេះ ​ដែល​នឹង​កើត​ឡើង​មុន​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ឆ្នាំ​នេះ និង​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៨​ខាង​មុខ​នេះ បាន​ធ្វើឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ការ​ភ្ញាក់​ផ្អើល។​

ក៏ប៉ុន្តែ ​ពេលវេលា​នៃ​សេចក្តី​សម្រេច​នេះ​មាន​មូលដ្ឋាន​នយោបាយ​ច្បាស់លាស់។ អ្នក​ខ្ចី​ប្រាក់​ដូចជា​អ្នកស្រី សុខៃ ភាគច្រើន​ដាក់​ប្លង់ដី ឬ​ប្លង់ផ្ទះ​ជា​វត្ថុបញ្ចាំ ដែល​នេះ​មាន​ន័យថា ពួកគេ​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​បាត់បង់​ផ្ទះ និង​ដី បើសិន​ជា​ពួកគេ​មិន​អាច​បង់​ការប្រាក់​បាន​ត្រឹមត្រូវ។ បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ជឿ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​គឺជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល មួយ​ផ្នែក​គឺ​ដោយសារ​តែ​មេភូមិ​ខ្លះ​នៃ​គណបក្ស​កាន់​អំណាច ដើរ​តួនាទី​ជា​ភ្នាក់ងារ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

ដោយសារ​តែ​បញ្ហា​រឹបអូស​ដីធ្លី​ដ៏​រស៊ើប និង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាន់តែ​ខិតជិត​មក​ដល់ រដ្ឋាភិបាល​ខំ​ប្រញាប់ប្រញាល់​ផ្លាស់ប្តូរ​ការ​យល់​ឃើញ​របស់​ប្រជាពលរដ្ឋ។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្លះ ត្រូវបាន​បង្គាប់​ឲ្យ​ផ្លាស់ប្តូរ​និមិត្ត​សញ្ញា​របស់​ខ្លួន ដើម្បី​ឲ្យ​ខុស​ពី​និមិត្ត​សញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ លើសពីនេះ ក៏​មាន​យុទ្ធនាការ​ទូទាំង​ប្រទេស​មួយ ដែល​តម្រូវ​ឲ្យ​គ្រប់​ការ​ហៅ​ទូរស័ព្ទ​ទាំងអស់​មាន​ការ​ផ្សាយ​ជា​សារ​សំឡេង​មួយ​ប្រាប់​ទៅ​កាន់​អ្នក​ហៅ​ទូរស័ព្ទ​ថា គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​នោះទេ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបាន​ថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចាំបាច់ត្រូវកាត់បន្ថយចំណាយ ហើយ​ពង្រឹងប្រសិទ្ធភាពសេវាកម្មរបស់ខ្លួន។ (រូបថតដោយ R. Carmichael/VOA)
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបាន​ថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចាំបាច់ត្រូវកាត់បន្ថយចំណាយ ហើយ​ពង្រឹងប្រសិទ្ធភាពសេវាកម្មរបស់ខ្លួន។ (រូបថតដោយ R. Carmichael/VOA)

បើសិន​ការ​ដាក់​ពិដាន​ការ​ប្រាក់​មាន​ដំណើរការ​ត្រឹមត្រូវ

ការ​ដាក់​ពិដាន​អត្រា​ការប្រាក់​មិន​មែន​ជា​បញ្ហា​ថ្មី​នោះ​ទេ។ ប្រទេស​ចំនួន​ជាង​៦០ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​នៃ​ធនាគារ​ពិភពលោក​សរុប​ចំនួន​១៥២ប្រទេស មាន​ការ​ដាក់​ពិដាន​ការប្រាក់​ដែរ ដោយសារ​តែ​តាម​ទ្រឹស្តី ការ​ដាក់​ពិដាន​ការប្រាក់​ជួយ​ការពារ​អតិថិជន​ពី​អត្រា​ការប្រាក់​ខ្ពស់ ធានា​ឲ្យ​មាន​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​បន្ថែម និង​ជួយ​ឲ្យ​កម្ចី​កាន់តែ​ងាយ​ស្រួល​ទទួល​បាន។

ក៏ប៉ុន្តែ ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ការ​ដាក់​ពិដាន​ការប្រាក់​នេះ​អាច​មាន​ផលប៉ះពាល់​ផ្សេង​ពី​នេះ។ នេះ​បើ​តាម​លោក Stephen Higgins នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Mekong Strategic Partners។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «‍បើ​យល់​ល្អ យើង​មិន​គួរ​មាន​ការ​ដាក់​ពិដាន​ការប្រាក់​នេះ​ទេ។ តាមពិត អត្រា​ការប្រាក់​នៅ​កម្ពុជា​សម្រាប់​កម្ចី​តូចៗ មាន​កម្រិត​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ពិភពលោក។ ហើយ​មនុស្ស​ភាគច្រើន​ភ្លេច​គិត​ពី​រឿង​នេះ»។

លោក Higgins បាន​បន្ថែម​ទៀត​ថា ការ​ចំណាយ​ច្រើន​មាន​ន័យ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចាំបាច់​ត្រូវ​កំណត់​អត្រា​ការប្រាក់​៣០ភាគរយ សម្រាប់​កម្ចី​ក្នុង​តម្លៃ​សាច់ប្រាក់​៥០០ដុល្លារ ដែល​អាច​បង់រំលោះ​បាន​ក្នុង​រយៈពេល​ជាង​ប្រាំបួន​ខែ។ អត្រា​ការប្រាក់នេះ​មើលទៅ​ហាក់ដូច​ជា​ខ្ពស់ ក៏ប៉ុន្តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បង់ថ្លៃ​មូលធន​ដែល​ត្រូវបាន​ប្រើប្រាស់ និង​ថ្លៃ​ទូទាត់​កម្ចី​ក្នុង​ទឹកប្រាក់​១២០ដុល្លារ។ នេះ​មាន​ន័យ​ថា អត្រា​ចំណេញ​ពី​ការប្រាក់​នេះ​ មាន​ចំនួន​ត្រឹម​តែ​៤ភាគរយ​ប៉ុណ្ណោះ។

ការ​កំណត់​ការប្រាក់​ខ្ពស់​បំផុត​ត្រឹម​១៨ភាគរយ​នេះ មាន​ន័យ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​ខាតបង់​ប្រាក់​ចំណេញ​ពី​កម្ចី​តូចៗ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​១ពាន់លាន​ដុល្លារ​នៃ​ចំនួន​ទឹកប្រាក់​កម្ចី​សរុប​៣ពាន់លាន​ដុល្លារ។ លោក Higgins បាន​ឲ្យ​ដឹង​ថា ជាលទ្ធផល ការ​ដាក់​ពិដាន​ការប្រាក់​នេះ​នឹង​បណ្តាល​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជា​ច្រើន​ឈប់​ផ្តល់​កម្ចី​តូចៗ ហើយ​តំបន់​ជនបទ​នឹង​បាត់បង់​កម្ចី​ដែល​មាន​ទឹកប្រាក់​ប្រមាណ​១ពាន់លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​នឹង​ត្រូវ​បង្ខំ​ចិត្ត​ខ្ចីលុយ​ពី​អ្នក​ចង​ការប្រាក់ ដែល​តែងតែ​យក​ការប្រាក់​ខ្ពស់​ជាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ។

លោក Higgins បាន​លើក​ឡើង​ថា៖ «‍កសិករ​នឹង​ពិបាក​ក្នុងការ​ស្វែងរក​មូលធន ដើម្បី​ទិញ​គ្រាប់ពូជ និង​ជី។ អាជីវកម្ម​ធុនតូច​នឹង​ពិបាក​ក្នុងការ​ស្វែងរក​មូលធន​ដើម្បី​ទិញ​ឥវ៉ាន់​លក់ បើ​សិន​ជា​ពួកគេ​មាន​អាជីវកម្ម​តូច។ ដូច្នេះ អ្នក​នឹង​ឃើញ​ការ​ថយចុះ​នៃ​អាជីវកម្ម​តូចៗ​បែប​នេះ​នៅ​តាម​សហគមន៍​ជនបទ»។

កាលៈទេសៈ​ដ៏​លំបាក

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រឈម​នឹង​ជម្រើស​ដ៏​លំបាក​មួយគឺ ​ត្រូវ​ស្វែងរក​មធ្យោបាយ​ទាញ​យក​ថ្លៃឈ្នួល​ខ្ពស់​ជាង​នេះ ឬ​ត្រូវបិទ​គ្រឹះស្ថាន​របស់​ខ្លួន។ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដ៏​ធំមួយ​ឈ្មោះ ប្រាសាក់ កំពុង​តែ​ព្យាយាម​ប្រែក្លាយ​គ្រឹះស្ថាន​របស់​ខ្លួន​ទៅជា​ធនាគារ​ពាណិជ្ជ។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​លើកឡើង​យ៉ាង​មុតមុំា​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ​នេះ​ថា សមាជិក​របស់​ខ្លួន​ចាំបាច់​ត្រូវ​កាត់​បន្ថយ​ថ្លៃចំណាយ ហើយ​ត្រូវ​ពង្រឹង​ផ្នែក​ប្រសិទ្ធភាព​ដើម្បី​បន្ត​សេវាកម្ម​របស់​ខ្លួន។

លោក ហួត អៀងតុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា ការចរចា​ដែល​កំពុង​ធ្វើ​ឡើង​នេះ មាន​ន័យ​ថា ធនាគារ​ជាតិ​កំពុង​តែ​ពិចារណា​កាត់​បន្ថយ​ថ្លៃឈ្នួល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហើយ​អាច​នឹង​ពន្យាពេល​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ក្នុងការ​បង់​ថ្លៃ​ប្រាក់​បំរុង និង​ក្នុងការ​បំពេញ​ទៅតាម​តម្រូវការ​មូលធន។ លោក​ក៏​បាន​ទទូច​ស្នើ​ឲ្យ​សមាជិក​មីក្រូហិរញ្ញ​វត្ថុ​ខ្លះ​បន្ត​ផ្តល់​កម្ចី​តូចៗ​ផង​ដែរ។

លោក ម៉ី កល្យាណ អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា មាន​ការ​ពិភាក្សា​អំពី​ការ​ដាក់​ពិដាន​ការប្រាក់​នេះ​ជា​យូរ​មក​ហើយ។ លោក ម៉ី កល្យាណ គាំទ្រ​សេក្តីសម្រេច​ឲ្យ​មាន​ការ​ដាក់​ពិដាន​ការ​ប្រាក់​នេះ​មួយ​ផ្នែក​ដោយសារ​តែ​វាជួយ​ការពារ​អ្នក​ខ្ចី​ប្រាក់​តិច​តួច​នៅ​តាម​តំបន់​ជនបទ កុំ​ឲ្យធ្លាក់​ក្នុង​បំណុល​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ដែល​វិស័យ​នេះ​មាន​អត្រា​ប្រាក់​ចំណេញ​១៥ភាគរយ​ ដែល​ត្រូវបាន​ចាត់ទុក​ថា​ខ្ពស់។ ការ​ខ្ចី​ប្រាក់​ក្នុង​អត្រា​ការប្រាក់​៣០ភាគរយ សម្រាប់​ប្រាក់​ចំណេញ​ក្នុង​អត្រា​១៥ភាគរយ​នេះ​ នឹង​នាំ​ឲ្យ​មាន​ការ​ខាតបង់​ប្រាក់​ចំណេញ​ក្រោយ​ពី​ទូទាត់​ពន្ធ និង​ចំណាយ​ផ្សេងៗ។ លោក ម៉ី កល្យាណ ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​គឺជា​ផ្នែក​តូច​មួយ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទាំង​មូល។

លោក​បាន​លើកឡើង​ថា៖ «‍ច្បាស់ណាស់ គ្រប់​គោល​នយោបាយ​ទាំងអស់ កាលណា​វា​ត្រូវបាន​យក​ទៅ​អនុវត្ត នោះ​វា​នឹង​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​មួយ​ចំនួន ដែល​អាច​នាំ​មក​នូវ​គុណវិបត្តិ និង​គុណ​សម្បត្តិ​ខ្លះ ក៏ប៉ុន្តែ​ជា​សរុប ខ្ញុំ​គិតថា ក្នុង​រយៈពេល​យូរ​អង្វែង ការ​ដាក់​ពិដាន​ការប្រាក់​នេះ​គឺ​ដើម្បី​ចិរភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដែល​មាន​សារៈសំខាន់​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​យើង​ដឹង​ច្បាស់​ណាស់​ថា កាលណា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រង​ផល​ប៉ះពាល់ នោះ​ប្រព័ន្ធ​សេដ្ឋកិច្ច​ក៏​រង​ផលប៉ះពាល់​ផងដែរ»។

ក៏ប៉ុន្តែ បញ្ហា​មួយ​ដែល​មិន​ទាន់​ដឹង​ច្បាស់​នោះ គឺ​ថា តើ​សេចក្តី​សម្រេច​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​ដក​ប្រាក់​តម្កល់​ទុក​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ឬ​ក៏​ច្រើន​ជាង​នេះ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​ប្រាំពីរ​នៅ​ប្រទេស​កម្ពុជា ដែល​ទទួល​ប្រាក់​បញ្ញើរ​ឬ​ក៏​យ៉ាង​ណា។ ប្រាក់​បញ្ញើរ​នេះ​មាន​អត្រា​៩០ភាគរយ​នៃ​ទីផ្សារ​មីក្រូហិរញ្ញវត្ថុ​សរុប។ សមាជិក​ក្រុម​ប្រឹក្សា​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ថា ពួកគេ​មិន​ព្រួយ​បារម្ភ​ពី​ការ​ដក​ប្រាក់​បញ្ញើរ​នេះ​ទេ។

លោក ម៉ី កល្យាណ បាន​យល់​ស្រប​ថា ហានិភ័យ​នៃ​ការ​ដក​ប្រាក់​បញ្ញើរ​នេះ​មាន​តិច ក៏ប៉ុន្តែ​សេចក្តី​សម្រេច​នេះ​ក៏​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​គម្រោង​ធានារ៉ាប់រង​លើ​ប្រាក់​បញ្ញើរ ដែល​ចាំបាច់​ត្រូវ​ពិភាក្សា ដើម្បី​ធានា​ប្រាក់​បញ្ញើរ​របស់​អ្នក​ផ្ញើប្រាក់។

បើ​យោង​តាម​ធនាគារ​ជាតិ អ្វី​ដែល​មិន​ទំនង​នៅ​ក្នុង​សេចក្តី​សម្រេច​មួយ​នេះ​របស់​រដ្ឋាភិបាល​គឺ​ថា អ្នក​ខ្ចី​ប្រាក់​ភាគច្រើន​ពេញចិត្ត​នឹង​ប្រព័ន្ធ​ការប្រាក់​ដែល​កំពុង​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ភាគច្រើន​ពួកគេ​ចំណេញ​ពី​កម្ចី​របស់​ពួកគេ ពីព្រោះ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​យក​ការប្រាក់​ទាប​ជាង​ការប្រាក់​របស់​អ្នក​ចងការ។

នាពេល​អនាគត ការ​រួមបញ្ចូល​គ្នា​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នឹង​កើត​មាន​ឡើង ក៏ប៉ុន្តែ​បញ្ហា​ដែល​មិន​ទាន់​ដឹង​ច្បាស់​នោះ​គឺ​ថា តើ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​តំបន់​ជនបទ​នឹង​អាច​ទទួល​បាន​កម្ចី​ខ្នាត​តូច​ដែល​មាន​ការប្រាក់​សមរម្យ​បាន​ទៀត​ដែរ​ឬ​ក៏​យ៉ាង​ណា៕

(កញ្ញា ខាន់ សុគុំមនោ រាយការណ៍​បន្ថែម)

វីដេអូថ្មីៗបំផុត

XS
SM
MD
LG