ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ខកចិត្ត ​ដែល​អាមេរិក​នៅ​បន្ត​ដាក់​បម្រាម​ទិដ្ឋាការ


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន

ក្រសួង​ការបរទេស​កម្ពុជា​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​សហរដ្ឋ​អាមេរិក ​ដែល​នៅ​មិន​ទាន់​លើកលែង​ការ​ហាមឃាត់​ទិដ្ឋាការ​លើ​មន្ត្រីជាន់​ខ្ពស់​របស់​ក្រសួង​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ដែល​បាន​ដាក់​កាលពី​ពីរ​ខែ​មុន។

ក្រសួង​ការបរទេស​បញ្ជាក់​ថា​ ខ្លួន​បាន​លើកឡើង​ដូចនេះ​នៅក្នុង​ជំនួប​មួយ​រវាងលោក​ប្រាក់​សុខុន ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ជាមួយ​នឹង​លោក​Matthew Pottinger ជំនួយការ​រង​ប្រធានាធិបតី​ដូណាល់​ត្រាំ​ និង​លោក​Patrick Murphy ​ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ីអាគ្នេយ៍​នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​កាលពីថ្ងៃ​អង្គារ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ​លោក​ប្រាក់សុខុន «បាន​សម្តែង​នូវ​ការ​ខកចិត្ត​សារ​ជា​ថ្មី​ចំពោះ​ការ​រិតត្បិត​ផ្នែក​ទិដ្ឋាការ​ ទោះបី​ជាការពិត​កម្ពុជា​បាន​ជូនដំណឹង​ជា​ផ្លូវ​ការ​រួច​ទៅ​ហើយ ​ទៅសហរដ្ឋ​អាមេរិក​អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ ក្នុង​ការ​បន្ត​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ ដែល​ត្រូវ​បណ្តេញ​ចេញ‍»។

បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ស្ថានបេសក​កម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អាស៊ាន​គ្រាន់តែ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​ «សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ក៏បាន​ពិភាក្សា​ពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​កម្ពុជា​ ដែល​បាន​ប្រព្រឹត្ត​ខុស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ‍»។ ប៉ុន្តែ​យោង​តាម​ភាគី​កម្ពុជា​គឺ​ សហរដ្ឋ​អាមេរិក​ស្នើ​ឱ្យ​កម្ពុជា​ធ្វើការ​ជាមួយ​នឹង​ក្រសួង​សន្តិសុខ​មាតុភូមិ​ ដើម្បី​បង្ហាញ​ពី​សុឆន្ទៈ​របស់​កម្ពុជា។

រដ្ឋាភិបាលសហរដ្ឋអាមេរិក​បាន​ប្រកាស​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ​មិន​មែន​អន្តោ​ប្រវេសន៍​ ឲ្យ​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ទណ្ឌកម្ម​ ដែល​ឆ្លើយ​តប​នឹង​ក្រុម​ប្រទេស​ ដែល​មាន​ការ​យឺតយ៉ាវ​ ​ឬ​មិន​ព្រម​ទទួល​ជនជាតិ​របស់​ខ្លួន​ពី​សហរដ្ឋ​អាមេរិក​វិញ ​ក្រោយ​ពី​ពួកគេ​បាន​ប្រព្រឹត្ត​កំហុស។​ ​

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ជួប​ប្រជុំ​ផ្ទៃក្នុង​កាលពី​ថ្ងៃអង្គារ​ផង​ដែរ ​ដើម្បី​ពិនិត្យ​មើល​លើ​ការ​អនុវត្ត​អនុស្សរណៈ​ស្តី​ពី​ការយោគយល់​ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​កម្ពុជា​ ដែល​បាន​ប្រព្រឹត្ត​ខុស​។ នេះ​បើ​តាម​ការ​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ​កម្ពុជា។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​បន្ថែម​ថា​ បន្ទាប់ពី​បាន​ពិនិត្យ​មើល ​និង​ពិភាក្សា​លើ​បញ្ជី​ឈ្មោះ ​និង​សំណុំ​ឯកសារ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​រួច​មក​អង្គ​ប្រជុំ ​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​ការបរទេស​ ដើម្បី​«បន្ត​ជួប​ពិភាក្សា​ជាមួយ​ភាគី​សហរដ្ឋ​អាមេរិក​លើ​ការងារ​ចាំបាច់​មួយ​ចំនួន​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​អនុវត្ត​ MoU ឆ្នាំ​២០០២ ឱ្យ​បាន​ល្អ​ប្រសើរ​ក៏ដូចជា ​រួមចំណែក​ដល់​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​ឱ្យ​កាន់​តែ​រីកចម្រើន​ថែមទៀត​ បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​ប្រទេស​ទាំង​ពីរ‍»។

ចាប់​តាំង​ពីប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពីការយោគយល់​ទទួល​យក​ជនភៀសខ្លួន ដែល​បាន​ប្រព្រឹត្ត​ខុស​នៅសហរដ្ឋ​អាមេរិក​មក​គឺ​ កម្ពុជា​បាន​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ជិត​ ៦០០នាក់​ហើយ។ ជា​មធ្យមគឺ​ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ ៣៥នាក់​ក្នុង​មួយ​ឆ្នាំ​ ត្រូវ​បាន​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​នៅ​ខែ​តុលា ​ឆ្នាំ​២០១៦​ រដ្ឋាភិបាល​កម្ពុជា​បាន​ជូនដំណឹង​ដល់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ ខ្លួន​ឈប់​ទទួល​យក​បន្ថែម​ទៀត​ ហើយ​ដោយ​ស្នើ​សុំ​ឱ្យ​ធ្វើ​វិសោធនកម្ម​លើ​អនុស្សរណៈ​នេះ​ឡើងវិញ។

កម្ពុជា​ពន្យល់​ថា​ ការ​ផ្អាក​នេះ​ដោយ​ហេតុផល​ «មនុស្ស​ធម៌​ មេត្តា​ធម៌‍»៕

XS
SM
MD
LG