រដ្ឋាភិបាលប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទ ទី៣ ខែឧសភា បានប្រកាសសូមទោសជនជាតិដើមភាគតិចម៉ាយ៉ានជាផ្លូវការ ចំពោះការប្រព្រឹត្តទង្វើខុសឆ្គងនានាប្រឆាំងនឹងពួកគេ ចាប់តាំងពីយុទ្ធនាការគ្រប់គ្រងទ្វីបអាមេរិកដោយអេស៉្បាញ។
ការប្រកាសសូមទោសនេះ ត្រូវបានផ្តួចផ្តើមឡើងដោយប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andrés Manuel López Obrador និងសមភាគីក្វាតេម៉ាឡា គឺលោកប្រធានាធិបតី Alejandro Giammattei នៅក្នុងរដ្ឋធានី Felipe Carrillo Puerto បន្ទាប់ពីយុទ្ធនាការគ្រប់គ្រងទ្វីបអាមេរិករបស់ម៉ិកស៊ិកកាលពី៥០០ឆ្នាំមុន។ លោកប្រធានាធិបតីនៃប្រទេសម៉ិកស៊ិក បានថ្លែងដោយសំដៅជាពិសេសទៅលើសង្គ្រាមបែងចែកវណ្ណៈ Caste War នៅក្នុងសតវត្សរ៍ទី១៩។
ប្រធានាធិបតីប្រទេសម៉ិកសិករូបនេះបានថ្លែងដូច្នេះថា៖ «យើងសូមអភ័យទោសជនជាតិម៉ាយ៉ាន ចំពោះអំពើរំលោភបំពាននានាដែលបានធ្វើឡើងដោយប្រើអំណាចបុគ្គល អំណាចប្រទេស និងអំណាចបរទេសនៅក្នុងអំឡុងពេលយុទ្ធនាការគ្រប់គ្រងអស់រយៈពេល៣សតវត្សរ៍នៃការគ្រប់គ្រងក្រោមរបបអាណានិគម និង២សតវត្សរ៍នៃឯករាជ្យរបស់ម៉ិកស៊ិក»។
ជម្លោះនេះ គឺជាការឆ្លើយតបទៅនឹងការបះបោររបស់ជនជាតិម៉ាយ៉ានដែលត្រូវបានគេយកធ្វើជាទាសករនៅក្នុងរដ្ឋ Yucatan ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ១៨៤៧ និងបានបញ្ចប់នៅក្នុងឆ្នាំ១៩០១ ដែលពេលនោះជនជាតិដើមម៉ាយ៉ានបានក្រោកឡើងតវ៉ាប្រឆាំងនឹងពួកស្បែកស និងក្រុមចម្រុះជាតិសាសន៍។
នៅអំឡុងពិធីនោះ រដ្ឋាភិបាលម៉ិកស៊ិកបានទទួលស្គាល់ការរើសអើងពូជសាសន៍ និងការរើសអើងនានា ដែលក្រុមជនជាតិភាគតិចនេះនៅតែរងគ្រោះ បន្ទាប់ពីឯករាជ្យភាពរបស់ម៉ិកស៊ិក។
គម្រោងសាងសង់ផ្លូរថភ្លើងម៉ាយ៉ា ដែលជាគម្រោងសំខាន់របស់រដ្ឋាភិបាលម៉ិកស៊ិកបច្ចុប្បន្ន ត្រូវបានលើកឡើងនៅអំឡុងពិធីនោះ និងត្រូវបានរិះគន់ពីសំណាក់អ្នកស្រុក។
កាលពីខែមិថុនា លោក Lopez Obrador បានអនុញ្ញាតឲ្យសាងសង់ផ្លូវរថភ្លើងម៉ាយ៉ានប្រវែង១៥០០គីឡូម៉ែត្រ ឆ្លងកាត់តំបន់នានានៃឧបទ្វីប Yucatan ដែលរមណីយដ្ឋាន Cancun ស្ថិតនៅទីនោះ។
អង្គការជាច្រើនបានបដិសេធគម្រោងនេះ ដោយអះអាងថា គម្រោងនេះ នឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសហគមន៍ជនជាតិដើមជាច្រើនក្នុងតំបន់នេះ៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា