ឧបទ្ទវហេតុបាញ់លោកស្រីតំណាងរាស្រ្ត ហ្កាព្រៀល ឌ្យីហ្វ័រដស៍ (Gabrielle Giffords) នៅក្នុងរដ្ឋអារីហ្សូណា (Arizona) កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យក្រុមអ្នកតែងច្បាប់មានការរន្ធត់ចិត្ត និងប្តេជ្ញាថានឹងធ្វើការរួមគ្នា។
សមាជិកសភា ក្រុមគ្រួសារ និងនាយខុទ្ទកាល័យរបស់ខ្លួនជាង៨០០ នាក់បានចូលរួមនៅក្នុងសន្និសីទតាមអ៊ីនធ័រណិត (Internet) មួយដែលកម្រមានធ្វើ រវាងសមាជិកនៃគណបក្សទាំងពីរនៅក្រោយការបាញ់ប្រហារនេះ។ លោកស្រី ឌ្យីហ្វ័រដស៍ កំពុងមានសភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ និងមនុស្ស ៦ នាក់ទៀតបានបាត់បង់ជីវិត បន្ទាប់ពីជនប្រដាប់អាវុធម្នាក់បានបាញ់កាំភ្លើងនៅក្នុងកន្លែងចតរថយន្តមួយនៅទីក្រុង ធូសន (Tucson) ជាទីដែលលោកស្រីតំណាងរាស្រ្តកំពុងជួបជាមួយប្រជាពលរដ្ឋក្នុងមណ្ឌលរបស់លោកស្រី។
សភាតំណាងរាស្រ្តបានបញ្ឈប់កិច្ចការទាំងអស់ដែលគ្រោងបំពេញនៅក្នុងសប្តាហ៍នេះ ដោយរួមទាំងការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយដែលបម្រុងធ្វើនៅថ្ងៃពុធ ដើម្បីលុបចោលសមិទ្ធិក្នុងស្រុករបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា (Barack Obama) គឺកំណែទម្រង់របៀបថែទាំសុខភាព។ សភាតំណាងរាស្រ្តនឹងចូលប្រជុំគ្នានៅថ្ងៃអង្គារ ហើយសមាជិកនឹងសម្តែងគារវកិច្ចនៅលើវេទិកាសភាចំពោះជនដែលបានបាត់បង់ជីវិត និងរងរបួសនៅក្នុងការបាញ់យ៉ាងកំរោលនៅរដ្ឋអារីហ្សូណា។ នៅថ្ងៃពុធ សមាជិកសភានឹងដាក់ស្នើសេចក្តីសម្រេចចិត្តមួយដើម្បីជូនកិត្តិយសដល់ជនរងគ្រោះនៃការបាញ់ប្រហារនេះ។ ក្រោយមកនឹងមានការពន្យល់វិធីការពារសន្តិសុខជូនដល់សមាជិកសភាគ្រប់រូប។
នៅក្រោយសន្និសីទតាមអ៊ីធ័រណិត លោក ចន ឡាសិន (John Larson) នៃរដ្ឋ ខុនណិចទីខាត់ (Connecticutt) ប្រធានសមាជិកប្រជាធិបតេយ្យនៃសភាតំណាងរាស្រ្តបានថ្លែងប្រាប់អ្នកយកព័ត៌មានអំពីបរិយាកាសនៅវិមាន កាពីតូល (Capitol) ប្រៀបធៀបទៅនឹងមនោសញ្ចេតនាដែលក្រុមអ្នកតែងច្បាប់មាន នៅក្រោយការវាយប្រហារភេរវកម្មនៅថ្ងៃទី ១១ កញ្ញាឆ្នាំ ២០០១។ លោកថ្លែងថា៖
«នៅពេលដែលឧបទ្ទវហេតុបែបនេះកើតឡើង មិនខុសគ្នាពីអ្វីដែលបានកើតឡើងនៅពេលដែលមនុស្សនាំគ្នាចេញដោយឯកឯងទៅច្រៀងបទ God Bless America ឬ «ព្រះអាទិទេពប្រសិទ្ធពរដល់ប្រទេសអាមេរិក» នៅកាំជណ្តើរនៃវិមានកាពីតូល នៅក្រោយថ្ងៃទី១១ ខែកញ្ញានោះទេ គឺធ្វើដោយឯកឯង ដោយស្មោះស្ម័គ្រ។ ខ្ញុំគិតថាមនុស្ស គេយល់»។
លោក ចន បេន័រ (John Boehner) ប្រធានសភាតំណាងរាស្រ្តមានប្រសាសន៍ថា អ្នកតាក់តែងច្បាប់ត្រូវការចាប់ដៃគ្នាជាមួយសហការីរបួសរបស់ខ្លួននិងគ្រួសារអ្នកស្លាប់ ប្រជារាស្រ្តនៅមណ្ឌលលេខ ៨ ក្នុងរដ្ឋ អារីហ្សូណា ហើយរួបរួមគ្នាក្នុងចំណោមសមាជិកសភាផងដែរ។ លោក ឡាសិន និងសមាជិកគណបក្សប្រជាធិបតេយ្យដទៃទៀតបានថ្លែងសរសើរលោក បេន័រ និងក្រុមមេដឹកនាំគណបក្សសាធារណរដ្ឋនិយម ចំពោះការចាប់អារម្មណ៍របស់ខ្លួននៅក្នុងការផ្អាកការបោះឆ្នោតទាំងអស់នៅក្នុងសភាតំណាងរាស្រ្តក្នុងសប្តាហ៍នេះ។
នៅក្នុងសន្និសីទតាមអ៊ិនធ័រណិត សមាជិកសភា និងក្រុមគ្រួសារ និងក្រុមបុគ្គលិក បានទទួលព័ត៌មានអំពីស្ថានភាពរបស់លោកស្រី ហ្កាព្រៀល ឌ្យីហ្វ័រដស៍។ លោកស្រីនៅមានសភាពធ្ងន់ធ្ងរ នៅក្នុងបន្ទប់ពិនិត្យថែទាំល្អិតល្អន់ ហើយវេជ្ជបណ្ឌិតរបស់លោកស្រីបានសម្តែងសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន។ សមាជិកសភាក៏បានទទួលការណែនាំអំពីវិធីការពារសន្តិសុខ និងរបៀបវារៈថ្មីសម្រាប់សប្តាហ៍ក្រោយដែរ។ អ្នកតំណាងរាស្រ្ត ឡាសិន បានថ្លែងថា មានការសម្តែងការកោតសរសើរ និងសេចក្តីស្រឡាញ់ដ៏សម្បើមចំពោះលោកស្រី ហ្កាព្រៀល ឌ្យីហ្វ័រដស៍ ផងដែរ។ លោកមានប្រសាសន៍ថា៖
«លោកស្រី ហ្កាព្រៀល ឌ្យីហ្វ័រដស៍ ជាសមាជិកដ៏វិសាមញ្ញម្នាក់។ នៅពេលដែលសមាជិកម្នាក់បង្កើតឲ្យមានមនោសញ្ចេតនាបែបនេះក្នុងចំណោមសមាជិកដទៃទៀត ខ្ញុំគិតថា វាពិតជាធ្វើឲ្យមានគំនិតនៃសហប្រតិបត្តិការកាន់តែខ្លាំងបែបនេះជាមិនខាន»។
លោកស្រី ហ្កាព្រៀល ឌ្យីហ្វ័រដស៍ ជាសមាជិកនិយមកណ្តាលម្នាក់នៃគណបក្សប្រជាធិបតេយ្យ ក្នុងមណ្ឌលអភិរក្សនិយមមួយក្នុងរដ្ឋ អារីហ្សូណា។ លោកស្រីបានទទួលការរាប់អានស្និទស្នាលពីសមាជិកសភានៃគណបក្សទាំងពីរ។ លោកស្រីជាអ្នកគាំទ្រកំណែទម្រង់ច្បាប់អន្តោប្រវេសន៍យ៉ាងទូលំទូលាយ និងច្បាប់កំណែទម្រង់ខាងការថែទាំសុខភាពដែលសមាជិកគណបក្សប្រជាធិបតេយ្យបានអនុម័តកាលពីឆ្នាំមុន។ នៅក្នុងការពិភាក្សាដេញដោលគ្នាយ៉ាងខ្ទរខ្ទារ ស្តីអំពីការថែទាំសុខភាពនេះ ទ្វារមុខនៃការិយាល័យរបស់លោកស្រីនៅទីក្រុង ធូសន (Tucson) ត្រូវគេវាយបំបែកនៅក្នុងសកម្មភាពបំផ្លិចបំផ្លាញមួយ។
រដ្ឋអាជ្ញាបានប្តឹងចោទពីបទធ្វើឃាតថ្នាក់ទីមួយចំនួន២ប្រការ ការប៉ុនប៉ងធ្វើឃាតចំនួន២ប្រការ និងការប៉ុនប៉ងសម្លាប់សមាជិកម្នាក់របស់សភាចំនួន១ប្រការ ប្រឆាំងនឹង ដ្យារិដ លី លូន័រ (Jared Lee Loughner) អាយុ ២២ ឆ្នាំ។ លូន័របានចុះផ្សាយរូប វីដេអូវែង និងច្របូកច្របល់នៅក្នុង អ៊ីនធ័រណិត ដោយចោទថា រដ្ឋាភិបាលសរអាជាអ្នកត្រួតខួរក្បាលនិងបង្វិលខួរក្បាលមនុស្ស។ អាជ្ញាធរនិយាយថា គេមិនឃើញមានហេតុផលជាក់លាក់ណាមួយទេ។
ទោះបីជាក្រុមអ្នកតែងច្បាប់បានអំពាវនាវឲ្យមានការបញ្ចេញមតិ និងឯកភាពពីប្រជាពលរដ្ឋកាន់តែច្រើនក៏ដោយ ក៏សមាជិកគណបក្សប្រជាធិបតេយ្យខ្លះនៅតែចង្អុលទៅរកភាសាប្រឆាំងរដ្ឋាភិបាលរបស់ចលនា ធី ផាធី (Tea Party) និងទៅររកពាក្យសម្តីអុចអាលពីមេដឹកនាំអភិរក្សនិយម ដូចជាអតិតអភិបាលរដ្ឋ អាឡាស្កា (Alaska) លោកស្រី សារ៉ា ផេល្លីន (Sarah Pailin) ជាដើម ថា អាចជាកត្តាដែលធ្វើឲ្យមានអំពើហឹង្សា។
លោក ឌីក ឌូប៊ីន (Dick Durbin) សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យពីរដ្ឋ អ៊ីល្លីណ័យ (Illinois) បាននិយាយយោងទៅរកសម្តីតតាំងរបស់លោកស្រី ផេល្លីន ដែលថា «កុំដកថយ ចូរច្រកគ្រាប់» និងរូបរង្វង់មូលមានខ្វែងជើងក្អែកនៅកណ្តាល ដែលលោកស្រីប្រើជាសញ្ញាតំណាងឲ្យមណ្ឌលដែលលោកស្រីចង់ឲ្យសមាជិកគណបក្សសាធារណរដ្ឋនិយមទទួលជ័យជំនះ។ លោកឌុប៊ីន ពោលថា គឺ «វត្ថុទាំងនេះហើយដែលទាក់ទាញឲ្យមានពាក្យសម្តីបំពុលដែលអាចដឹកនាំមនុស្សដែលមានស្មារតីមិននឹងនឲ្យជឿថានេះជា«ចម្លើយមួយដែលគេអាចទទួលយកបាន»។
សមាជិកគណបក្សសាធារណរដ្ឋនិយមច្រានចោលយោបល់ដែលថា គណបក្សរបស់ខ្លួនជាអ្នកធ្វើឲ្យមានបរិយាកាសនយោបាយដ៏មានគ្រោះថ្នាក់ជាងមុនមួយ។ លោក ឡាម៉ារ អាឡិកសាឌ័រ (Lamar Alexander) សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋនិយមនៃរដ្ឋ ថេនណិស៊ី (Tennessee) បានកត់សម្គាល់កាលពីថ្ងៃអាទិត្យថា ជនជាប់ចោទដែលជាអ្នកបាញ់ បានចុះផ្សាយនៅក្នុងអ៊ីនធ័ណិតថា គេបានអានសៀវភៅអំពីលទ្ធិ ម៉ាក្ស (Marx) និយម និងណាហ្ស៊ី (Nazi) និយម ហើយថានេះមិនមែនជាលក្ខណៈសម្បត្តិរបស់សមាជិកសាមញ្ញម្នាក់របស់ចលនា ធី ផាធី ទេ។ ក្រុមអ្នកគាំទ្រចលនាធី ផាធី ទាមទារឲ្យមានពន្ធដារទាប និងចំនួនមន្រ្តីរដ្ឋាភិបាលតិច។ អ្នកសរសេរប្លូហ្គ (blog) និងអ្នករិះគន់ខ្លះនៃគណបក្សសាធារណរដ្ឋនិយមបានចោទសមាជិកបក្សប្រជាធិបតេយ្យថា កំពុងខំទាញយកចំណេញផ្នែកនយោបាយពីការបាញ់ប្រហារនេះ។
លោកប្រធានាធិបតីអូបាម៉ា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ អំពាវនាវឲ្យប្រជាពលរដ្ឋអាមេរិកាំងនៅពាសពេញប្រទេសធ្វើសេចក្តីស្មឹងស្មាធស្ងៀមស្ងាត់មួយរយៈនៅវេលាម៉ោង ១១ ព្រឹកថ្ងៃច័ន្ទ តាមម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជាកិត្តិយសដល់ជនរងគ្រោះស្លូតត្រង់នៃសោកនាកម្មនៅរដ្ឋ អារីហ្សូណា ដោយរួមទាំងអ្នកដែលកំពុងអ្នករងរបួសដ៏ធ្ងន់ធ្ងរដែលកំពុងតស៊ូដើម្បីរួចពីស្លាប់ផងដែរ។ លោក អូបាម៉ា ថ្លែងថា នេះជា«ពេលវេលាដែលប្រជាពលរដ្ឋអាមេរិកត្រូវរួបរួមគ្នាជាប្រទេសតែមួយ នៅក្នុងការបន់ស្រន់ឬការត្រិះរិះ ដោយទុកជនរងគ្រោះ និងក្រុមគ្រួសាររបស់គេឲ្យជាប់នឹងចិត្ត»៕
ប្រែសម្រួលដោយ កែរ យ៉ាន