ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខេត្ត​តាម​ទន្លេ​មេគង្គ​ឈានដល់​ចំណុច​ប្រកាស​អាសន្ន


ទឹក​ជំនន់​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​កន្លង​មក។ មន្ត្រី​ខ្មែរ​​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​​ថា ​ទឹក​ទន្លេ​​មេគង្គ​នៅ​​ខេត្ត​ស្ទឹងត្រែង​និង​ខេត្ត​ក្រចេះ​នឹង​​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ក្នុង​២​ទៅ​៣​ថ្ងៃ​ទៀត។
ទឹក​ជំនន់​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​កន្លង​មក។ មន្ត្រី​ខ្មែរ​​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​​ថា ​ទឹក​ទន្លេ​​មេគង្គ​នៅ​​ខេត្ត​ស្ទឹងត្រែង​និង​ខេត្ត​ក្រចេះ​នឹង​​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ក្នុង​២​ទៅ​៣​ថ្ងៃ​ទៀត។

លោក​ ម៉ៅ​ ហាក់​ អគ្គនាយករងទទួល​បន្ទុក​កិច្ចការ​បច្ចេកទេស​ និងជា​ប្រធាន​នាយកដ្ឋាន​ជលសាស្រ្តរបស់​ក្រសួង​ធនធានទឹក​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃច័ន្ទនេះ​ថា​ ក្នុង​រយៈពេល២ទៅ៣​ថ្ងៃ​ខាង​មុខ​ទៀត​ ខេត្ត​ចំនួន​២​ ដែល​នៅ​ជាប់​ដង​ទន្លេ​មេគង្គ​ គឺ​ខេត្ត​ស្ទឹងត្រែង​ និងខេត្ត​ក្រចេះ​នឹង​ឈាន​ទៅ​ដល់​ចំណុច​ប្រកាស​អាសន្ន​ ដោយសារ​តែ​ទឹក​ជំនន់​កើន​ឡើង​ខ្ពស់​ខុស​ពី​ធម្មតា។

«បើ​យោង​តាម​ការព្យាករណ៍​របស់​យើង​ឃើញ​ថា​ ថ្ងៃ​ទី១២ សីហា​ ទឹក​ទន្លេ​មេគង្គនៅ​ស្ទឹងត្រែង​អាច​ឡើង​ដល់១១,៣០ម៉ែត្រ​ ហើយ​ថ្ងៃ​បន្ទាប់​មក​ទៀត​គឺ​ថ្ងៃ​ ១៣​ ហ្នឹង​ នៅ​ក្រចេះ​អាច​ឡើង​ដល់២១,៩០​ម៉ែត្រ​ អញ្ចឹងកម្រិត​ទឹក​ហ្នឹង​វា​ដល់​កម្រិត​មួយដែល​យើង​មាន​ត្រូវ​ប្រុង​ប្រយ័ត្ន»។

លោក​ ម៉ៅ​ ហាក់​ បាន​បញ្ជាក់​ទៀត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​កើន​ឡើង​នេះ​ ដោយសារ​តែ​កម្ពុជា​ទទួល​ឥទ្ធិពល​ព្យុះ​ ណុក​ ថិន​ ពី​ប្រទេស​វៀតណាម​ ថៃ​ និង​ប្រទេស​ឡាវ​ ដែល​បាន​បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

មក​ដល់​ថ្ងៃ​ច័ន្ទ​ នេះ​កម្ពស់​ទឹក​ក្នុង​ខេត្តស្ទឹងត្រែង​ មាន​កម្ពស់​ ១០​ម៉ែត្រ​គឺ​ទាប​ជាង​កម្រិត​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ 0,៧​ ម៉ែត្រ។​ ខេត្ក​ក្រចេះ​ កម្ពស់​ទឹក​ ២០,១៧ ​ម៉ែត្រ​ទាប​ជាង​កម្រិត​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ ១,៨៨​ ម៉ែត្រ។

លោក​ ម៉ៅ​ ហាក់​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ នៅ​ខេត្តស្ទឹងត្រែង​ កម្ពស់​ទឹក​អាច​កើន​ឡើង​ដល់​ ១១,៣០​ ម៉ែត្រ​ ហើយ​នៅ​ក្នុង​ខេត្តក្រចេះ​អាច​កើនឡើង​ដល់​ ២១,៩០​ ម៉ែត្រ។

«ក្រៅ​ពី​នេះ​ ខេត្ត​កំពង់ចាម​ និង​ខេត្ដ​ដទៃទៀត​ដែល​ស្ថិតនៅ​តាម​ដង​ទន្លេ​មេគង្គ​ហ្នឹង​ គឺ​ទឹក​វា​នៅ​បន្តឡើង​ ប៉ុន្តែ​មិន​មាន​ទាន់​ជា​អ្វី​ដែល​យើង​គួរ​ព្រួយបារម្ភ​ ហើយ​យើង​នឹង​តាម​ដាន​តទៅទៀត»។

លោក​ ឡូយ​ សុផាត​ អភិបាល​ខេត្ត​ស្ទឹងត្រែង​ បាន​មាន​ប្រសាសន៍​ថា​ កម្រិត​ទឹក​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​កើន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ ជា​ផ្លូវការ​ហើយ។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ស្រុក​ដែល​ប៉ះពាល់​មុន​គេ​ មាន​ស្រុក​ថៈឡាបរិវ៉ាត់​ ស្រុក​សៀមបូក​ ស្រុក​សេសាន​ និង​ក្រុង​ស្ទឹងត្រែង។

លោក​ឡូយ​ សុផាត​មាន​ប្រសាសន៍​ថា៖

«ទី​មួយ​គឺ​ឲ្យ​ប្រជាពលរដ្ឋ​ លោក​យល់​ ផ្សព្វផ្សាយ​ដើម្បី​ និង​កំណត់​គោលដៅ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ និង​ម្ចាស់ការ​បង្កា​រាល់​ការ​ធ្វើដំណើរ​ឆ្លងកាត់។​ ទី​ពីរ​ បាន​យើង​គិត​ដល់​កម្លាំង​ត្រៀម​អន្តរាគមន៍ ​ហើយ​ទី​បី​យើង​គិត​ដល់​គ្រប់​មធ្យោបាយ​ នៃ​បណ្តា​ស្ថាប័ន​ទាក់ទង​គ្រប់​ទាំង​អស់»។

លោក​ ខាំ​ ភឿន​ អភិបាល​ខេត្តក្រចេះ​បាន​មាន​ប្រសាសន៍ថា​ លោក​មិនទាន់​បាន​ទទួល​សេចក្តី​ជូនដំណឹង​ ពី​ក្រសួង​ធនធាន​ទឹក​ នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​តាម​ដាន​កម្រិត​ កម្ពស់​ទឹក​ជំនន់​ជាប់​ជា​ប្រចាំ។

លោក​បានបញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​ខេត្តក្រចេះ​នៅ​ក្នុង​តែ​រយៈពេល​ មួយ​យប់​ មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ទឹក​ឡើង​កម្ពស់​ពី​0,៤​ម៉ែត្រ​ ទៅ​0,៥​ម៉ែត្រ​ ហើយ​ឃុំ​ដែល​ទទួលរង​ប៉ះពាល់​មុន​គេ​ គឺ​ឃុំបុស្សលាវ​ និង​ព្រែកសាម៉ាន់។

«ជាពិសេស​ អ្នក​ដែល​រស់​នៅ​ផ្ទះ​ នៅ​លើ​ទឹក​ ប្រុងប្រយ័ត្ន​កូន​ ចៅ​ដែល​វា​ត្រូវ​ធ្វើ​អី​ចុះ​ឡើង​ ប្រុងប្រយ័ត្ន​ក្រែង​វា​មាន​បញ្ហា​ធ្វើ​អី​ធ្លាក់​ អញ្ចឹង​ ទុក​ដាក់​កូនចៅ​ឲ្យ​មាន​អ្នក​ថែ​ទាំ​ឲ្យ​បាន​ច្បាស់លាស់​ផង​ អញ្ចឹង​ទើប​កូន​ចៅ​វា​មាន​សុវត្ថិភាព»។

លោក​ ខាំ​ ភឿន​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ អ្នកនេសាទ​ត្រូវ​បាន​ហាមឃាត់​ ពីរ​ឬ​បី​ថ្ងៃ​ខាង​មុខ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដោយ​សារ​ទឹក​ជំនន់៕

XS
SM
MD
LG