ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រដ្ឋHawaii ​ថា​​​អ្នក​ស្លាប់​ដោយ​​ភ្លើង​ឆេះព្រៃ​ឡើង​ដល់​​៩៩នាក់​​ ហើយ​អាច​កើន​​ទ្វេដង


ផ្ទះ​សម្បែង​និង​រថយន្ត​ដែល​ត្រូវ​បំផ្លាញ​​ដោយ​ភ្លើង​ឆេះព្រៃ​នៅ​ក្រុង Lahaina រដ្ឋ Hawaii សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។
ផ្ទះ​សម្បែង​និង​រថយន្ត​ដែល​ត្រូវ​បំផ្លាញ​​ដោយ​ភ្លើង​ឆេះព្រៃ​នៅ​ក្រុង Lahaina រដ្ឋ Hawaii សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។

ចំនួន​អ្នក​ស្លាប់​ដោយ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ ​Hawaii (ហាវ៉ៃ)រហូត​មកដល់​ពេល​នេះ​ បាន​កើន​ឡើង​ដល់​ចំនួន​៩៩​នាក់​ហើយ​ ​ ​ហើយ​អាច​កើន​ទ្វេដងទៀត​ក្នុង​រយៈពេល១០​ថ្ងៃ​ខាង​មុខ​នេះ។ ​នេះ​បើ​តាម​ការបញ្ជាក់នៅ​ថ្ងៃ​ចន្ទ​នេះ​របស់​អភិបាល​រដ្ឋ​នេះ ខណៈ​ពេលដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ កំពុង​ព្យាយាម​ស្វែង​រក​សព​មនុស្ស​បន្ថែម​ទៀត​ នៅ​លើ​ផ្ទៃដី​ដ៏​ល្វឹងល្វើយ​ ដែល​ត្រូវ​បានឆេះ​ក្លាយ​ជា​គំនរ​ផេះផង់។ ​នេះ​បើ​តាមការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។​

ការ​ឆេះព្រៃ​ដ៏​ខ្លាំង​កាល​ពី​សប្តាហ៍​មុននៅ​លើ​កោះ​ Maui ក្នុង​រដ្ឋ ​Hawaiiគឺ​ជា​ការ​ឆេះព្រៃ​ក្នុង​សហរដ្ឋ​អាមេរិក​ ​ដែល​ធ្វើឱ្យមានមនុស្ស​ស្លាប់​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​រយៈពេល១០០ ​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយតំបន់​ប្រជុំជន​ Lahaina នៅ​លើ​កោះ​នេះ ដែល​ទទួល​រងការ​ខូចខាត​ខ្លាំង​បំផុតចំនួន​តែ​១​ភាគ៤​ប៉ុណ្ណោះ​ ទើប​ត្រូវ​បាន​រុករក​ឃើញ​ជន​រងគ្រោះរហូត​មក​ដល់​ពេល​នេះ។ ​

អភិបាល​រដ្ឋ​ ​Hawaiiលោក Josh Green បាន​និយាយ​ថា​ ​ជា​ការ​ពិត​ណាស់​នៅ​មាន​អ្នក​ស្លាប់​ច្រើន​បន្ថែម​ទៀត​ ខណៈ​ពេល​ដែលក្រុម​អ្នក​ជួយ​សង្គ្រោះ​ដែល​មាន​ឆ្កែ​ហិតក្លិនផង​ដែរ​នោះ​ កំពុងរុករក​សាកសព​ជន​រងគ្រោះយ៉ាង​មមាញឹក​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះមួយ​ និង​កន្លែង​រថយន្ត​ដែល​បាន​ឆេះខ្ទេចខ្ទី។

ក្នុង​បទសម្ភាសន៍​ជា​មួយ​ទូរទស្សន៍CNN ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​អភិបាល​រដ្ឋ​ ​Hawaii​ លោក Green បាន​ព្រមាន​ថា​ «ក្នុង​រយៈ​១០​ថ្ងៃ​ខាង​មុខ​នេះ ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ទ្វេដង»។​ ​

ទី​ប្រជុំជន​ប្រវត្តិសាស្ត្រ​ Lahaina​ ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ដោយ​សារ​ភ្លើង​ឆេះព្រៃ​នេះ​ ​ដែល​បាន​រាលដាល​យ៉ាង​លឿន​កាល​ពី​សប្តាហ៍​មុន ដោយ​អ្នក​រួច​ផុត​ពី​ជីវិត​បាន​និយាយ​ថា​ ពុំ​មាន​ការ​ព្រមាន​ឱ្យ​ដឹង​ជា​មុន​នោះ​ឡើយ។

ដោយ​សារ​ការ​ឆេះព្រៃ​និង​ការ​ខូចខាតមាន​ទំហំ​ធំ​ខ្លាំង​ក្លា​ពេក​ បានធ្វើឱ្យ​ការ​កំណត់​ពី​សាកសព​មនុស្ស​មាន​ការ​លំបាក​ខ្លាំង​ ហើយ​សាកសព​ជន​រងគ្រោះ​ខ្លះនៅ​ពេល​រក​ឃើញ​ មាន​លក្ខណៈ​ខ្ទេចខ្ទី​និង​កា្លយ​ជា​បំណែក​តូចៗ​ផង​ដែរ។​ ​

ស្នងការ​ប៉ូលីស​កោះ Maui លោក John Pelletier ​និយាយ​ថា​ ​មាន​តែ​សាកសព​ជន​រងគ្រោះ៣​នាក់​ក្នុង​ចំណោម​សាកសព​ចំនួន​៩៩​នាក់​ប៉ុណ្ណោះ​ ​ដែល​រហូត​មក​ដល់​ពេល​នេះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណច្បាស់លាស់​ តាម​រយៈស្នាម​ក្រយៅដៃ​របស់​គេ។​

ប៉ូលិស​បានលើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រួសារ​ដែល​បាន​បាត់​បង់​សាច់ញាតិ ​អាច​ផ្តល់​សម្លាក​ DNA​ ដើម្បី​ជួយ​ពន្លឿនដល់​ដំណើរ​ការ​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ៕

XS
SM
MD
LG