ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​​អាមេរិក​​នឹង​ខិត​ខំ​ដោះស្រាយ​ជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​ការ​ទូត​ឲ្យ​អស់​ពី​សមត្ថភាព​


រដ្ឋមន្រ្តី​ក្រសួងការ​បរទេស Jim Mattis ថ្លែង​នៅ​ក្នុង​សន្និសីទសាព័ត៌មាន​ជាមួយរដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​ក្នុង​ទីក្រុង​ Tokyo ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃទី​០៤ កុម្ភៈ ២០១៧។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​រដ្ឋបាល​គ្រប់​គ្រង​កោះ Senkaku របស់​ជប៉ុន ដែល​ភ្លាម​នោះ​ចិន​បាន​ធ្វើ​ការ​រិះគន់​ទៅ​លើ​ការ​អត្ថាធិប្បាយ​នេះ។​

លោក Jim Mattis នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង Tokyo ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​នឹង​សមភាគី​របស់​ខ្លួន​គឺ​លោក Tomomi Inada លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​គោល​នយោបាយ​ដ៏​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​លើ​នឹង​គោល​ជំហ​ទាក់​ទិន​នឹង​កោះ Senkaku នោះ។

ប្រជុំ​កោះ​ដែល​គ្មាន​មនុស្ស​រស់​នៅ​និង​មាន​ជម្លោះ​នោះ​នៅ​ជប៉ុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កោះ Senkaku ប៉ុន្តែ​ចិន​ហៅ​ប្រជុំ​កោះ​នោះ​ថា Diaoyu។ ប្រទេស​ទាំង​ពីរ​បាន​ទាមទារ​អធិបតេយ្យភាព​ ហើយ​ចិន​បាន​បង្កើត​ប្រជុំ​កោះ​សិប្បនិម្មិត​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ បន្ថែម​ពី​លើ​នេះ​ទៀត កោះ​តៃវ៉ាន់ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​ព្រុយណេ ក៏​បាន​ទាមទារ​ផ្នែក​ខ្លះ​នៃ​តំបន់​ដែន​ទឹក​ដែល​រួម​មាន​ច្រក​យុទ្ធសាស្ត្រ​នៅ​ក្នុង​សមុទ្រ​និង​សម្បូរ​ទៅ​ដោយ​មច្ឆជាតិ ក៏​ដូច​ជា​ប្រេង​និង​ឧស្ម័ន​ផង​ដែរ។

ផ្ទុយ​ទៅ​វិញ​លោក Mattis បាន​បញ្ឈប់​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​បម្លាស់​ទី​កង​យោធា​នៅ​ក្នុង​តំបន់​នោះ។ លោក​បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ត្រូវ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព ខិត​ខំ​ខាង​ផ្នែក​ការទូត​ ដើម្បី​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​សម​រម្យ ហើយ​និង​នៅ​តែ​រក្សា​ទំនាក់​ទំនង​ពី​បញ្ហា​នេះ​ដោយ​បើក​ចំហរ‍។ ហើយ​នៅ​ពេល​នេះ​ដែរ យើង​គិត​ថា​ យើង​មិន​ត្រូវ​ការ​បម្លាស់​ទី​កង​ទ័ព​អ្វី​នោះ​ទេ‍»។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​រិះគន់​ចិន​ចំពោះ​ការ​មិន​មាន​ទំនុក​ចិត្ត​និង​ភាព​រឹង​ទទឹង​របស់​ចិន​នៅ​ក្នុង​តំបន់​ដែន​ទឹក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ លោក Mattis បាន​ថ្លែង​ថា៖ «ចិន​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​នោះ​បាត់​បង់​ទំនុក​ចិត្ត​ ដោយ​សារ​ចិន​បាន​ព្យាយាម​ប្រើ​ប្រាស់​អំណាច​វ៉េតូ​តាម​រយៈ​ការទូត​ និង​ស្ថានភាព​សន្តិសុខ​និង​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ជិត​ខាង‍»។

នៅ​ក្នុង​ទីក្រុង ប៉េកាំង​វិញ អ្នក​នាំ​ពាក្យ​រដ្ឋ​មន្ត្រី​ការបរទេស​ចិន​មួយ​រូប​បាន​ធ្វើ​ការ​រិះគន់​ទៅ លើ​គោល​ជំហ​របស់​អាមេរិក​ទៅ​លើ​តំបន់​ជម្លោះ។ លោក Lu Kang បាន​អំពាវនាវ​ឲ្យ​អាមេរិក​ទទួល​ខុស​ត្រូវ​ចំពោះ​អាកប្បកិរិយា​របស់​ខ្លួន​ បញ្ឈប់​ការ​ផ្តល់​អត្ថាធិប្បាយ​ដែល​ខុស​ទាក់​ទិន​នឹង​ប្រជុំ​កោះ Diaoyu ទាក់​ទិន​នឹង​អធិបតេយ្យ​ភាព​ ហើយ​ត្រូវ​ជៀសវៀង​ការ​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ស្មុគស្មាញ​និង​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់‍»៕

XS
SM
MD
LG